អ្នករងគ្រោះដោយអំពើហិង្សានៅបុរីកីឡា ទាមទាររកយុត្តិធម៌និងជំរុញឲ្យក្រុមហ៊ុនផានអ៊ីម៉ិច សង់អគារឲ្យគ្រប់ ១០អគារតាមកិច្ចសន្យា ដើម្បីបញ្ចប់វិវាទដ៏រ៉ាំរ៉ៃអស់រយៈពេលជាង ២ឆ្នាំទៅហើយនោះ។
ស្ត្រីមានផ្ទៃពោះនិងស្ត្រីសរសៃខ្ចីនៅសហគមន៍បុរីកីឡា ដែលអាជ្ញាធរខណ្ឌ៧មករា រាជធានីភ្នំពេញ បានប្រើកងកម្លាំងវាយឲ្យរបួសកាលពីថ្ងៃទី១៤ ខែកុម្ភៈ បានទាមទារឲ្យរដ្ឋាភិបាលរកយុត្តិធម៌ឲ្យពួកគាត់ និងចាត់វិធានការចំពោះក្រុមហ៊ុនផានអ៊ីម៉ិច (Phan Imex) ដែលមិនគោរពកិច្ចសន្យាក្នុងការវិនិយោគ។
តំណាងសហគមន៍បុរីកីឡា អ្នកស្រី ឆាយ គឹមហ៊ុន ដែលទើបតែសម្រាលកូនបាន ៥ខែ ហើយដែលកំពុងសម្រាកព្យាបាលរបួសនៅក្នុងមន្ទីរព្យាបាលមួយថ្លែងថា អ្វីដែលពួកគាត់រង់ចាំគឺមិនមែនជម្រកបណ្ដោះអាសន្នដែលសាលារាជធានីភ្នំពេញ គ្រោងនឹងសង់ឲ្យពួកគាត់នោះទេ៖ «បើសិនជាគាត់មិនធ្វើ ២អាគារហ្នឹងទេ គឺនៅតែមានការទាមទារតវ៉ារហូតទាល់តែគាត់ធ្វើ ២អាគារហ្នឹង គោរពនូវកិច្ចសន្យារបស់គាត់»។

ដូចគ្នានេះដែរ សកម្មជនដីធ្លីនៃសហគមន៍បុរីកីឡាម្នាក់ដែលមានផ្ទៃពោះ ៨ខែ ហើយកំពុងសម្រាកនៅលើគ្រែពេទ្យ អ្នកស្រី ហាស់ សុខចិន្ដា មានប្រសាសន៍ថា គ្រូពេទ្យកំពុងតាមដានសុខភាពរបស់អ្នកស្រីនិងកូនក្នុងផ្ទៃយ៉ាងយកចិត្តទុកដាក់៖ «ពីយប់មិញគឺកូនខ្ញុំវាអត់បម្រះ ហើយខ្ញុំមានអាការៈចេញឈាមតាមច្រមុះ។ ឥឡូវនេះវាចាប់ផ្ដើមកម្រើកដែរ ប៉ុន្តែវាដូចថា យូរបានវាកម្រើកម្ដងហើយវាមានភាពខ្សោយ ប៉ុន្តែលោកគ្រូពេទ្យគាត់ថា គាត់នឹងព្យាយាមជួយទាំងម្ដាយទាំងកូន។ ប្រសិនបើអស់លទ្ធភាព អាហ្នឹងគាត់ជួយតែជីវិតម្ដាយ»។
ទោះបីនៅមានការឈឺចាប់ដោយការវាយដំ អ្នកស្រី ហាស់ សុខចិន្ដា បានឆ្លៀតប្រាប់ឲ្យដឹងថា គន្លឹះនៃការបញ្ចប់បញ្ហានៅបុរីកីឡា គឺមានតែការជំរុញឲ្យក្រុមហ៊ុនផានអ៊ីម៉ិច គោរពកិច្ចសន្យាមួយមុខគត់៖ «ពួកខ្ញុំនឹងទាមទារនូវអ្វីជាចុងក្រោយបំផុតគឺបញ្ហាផ្ទះ ពីព្រោះវាជាជម្រករបស់ខ្ញុំ។ មនុស្សម្នាក់ៗគឺត្រូវការផ្ទះ តែបើសិនជាអត់ផ្ទះតើពួកខ្ញុំមានអីទៀត?»។
កាលពីថ្ងៃទី១៤ ខែកុម្ភៈ ចំថ្ងៃមាឃបូជា និងជាទិវានៃសេចក្ដីស្រឡាញ់ផងនោះ អ្នកបុរីកីឡា ៧នាក់ក្នុងចំណោមអ្នកបុរីកីឡាជាង ១០០គ្រួសារ បានរងរបួសខណៈកងកម្លាំងអាជ្ញាធរបណ្ដេញពួកគាត់ចេញពីអគារទី៩ របស់ក្រុមហ៊ុនផានអ៊ីម៉ិច ក្នុងនោះស្ត្រីមានផ្ទៃពោះម្នាក់ ស្ត្រីទើបសម្រាលកូន ២នាក់ និងកុមារាម្នាក់របួសធ្ងន់។
ទាក់ទិននឹងបញ្ហានេះ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) បានថ្កោលទោស នៅថ្ងៃទី១៥ ខែកុម្ភៈ ចំពោះអាជ្ញាធររដ្ឋាភិបាលកម្ពុជា ដែលបានប្រើប្រាស់កងកម្លាំងលើសលប់ វាយបង្ក្រាបប្រជាពលរដ្ឋ និងក្រុមអ្នកតវ៉ាសិទ្ធិលំនៅឋាននៅសហគមន៍បុរីកីឡា កាលពីថ្ងៃទី១៤ កុម្ភៈ។ ស្ថាប័នសិទ្ធិមនុស្សអន្តរជាតិមួយនេះ ក៏បានជំរុញឲ្យប្រទេសផ្តល់ជំនួយ ពិចារណាឡើងវិញនូវការផ្តល់ជំនួយដល់រដ្ឋាភិបាលកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។