ពលរដ្ឋដែលចាញ់បោកក្រុមហ៊ុនវិនិយោគអចលនទ្រព្យរបស់ លោក ជា សារ៉ន រំពឹងតិចតួចថាអភិបាលខេត្តកំពតអាចជួយពួកគាត់ឱ្យទទួលបានដំណោះស្រាយ ខណៈដែលពួកគាត់ត្អូញត្អែរថាការអន្តរាគមន៍របស់រដ្ឋាភិបាលក្នុងរយៈពេលពីរឆ្នាំមកនេះមានភាពយឺតយ៉ាវ។
ការអំពាវនាវ និងក្ដីបារម្ភរបស់ពលរដ្ឋដែលចាញ់បោកក្រុមហ៊ុន លោក ជា សារ៉ន នេះ ធ្វើឡើងក្រោយអភិបាលខេត្តកំពត លោក ម៉ៅ ធនិន នៅថ្ងៃទី១០ ខែកុម្ភៈ ជួបជាមួយប្រជាពលរដ្ឋដែលមកយកពាក្យទទួលយកដំណោះស្រាយ នៅជំហានទី១។
នៅចំពោះមុខការចូលរួមពីប្រជាពលរដ្ឋជាង ២ពាន់នាក់ លោក ម៉ៅ ធនិន ថា សម្រាប់ប្រជាពលរដ្ឋដែលបានទិញដីបង់លុយរួច និងទិញតូបលក់ដូរដែលបង់លុយរួច ត្រូវធ្វើសំណើ និងសុំកាត់ប្លង់កម្មសិទ្ធិជូន។ ដោយឡែក ចំពោះពលរដ្ឋមិនទាន់បង់គ្រប់ ត្រូវបន្តការបង់លុយចូលគណនីសាលាដំបូងខេត្តកំពត។
ពលរដ្ឋរងគ្រោះចាញ់បោកក្រុមហ៊ុនអតីតឧកញ៉ា ជា សារ៉ន នៅខេត្តកំពត លោក ខែម ឈន់ លើកឡើងថា លោកបានចាញ់បោកទៅក្នុងការវិនិយោគនេះប្រមាណជិត១០ម៉ឺនដុល្លារ ដោយក្នុងនោះលោកបានខ្ចីលុយធនាគារមកចូលរួមការវិនិយោគ។ លោកថា រហូតមកទល់ពេលនេះជីវភាពគ្រួសាររបស់លោកកាន់តែលំបាកដោយសារតែទឹកប្រាក់ប្រមាណពាក់កណ្ដាលទៀតក្រុមហ៊ុនលែងសងត្រឡប់មកវិញ។
លោក ខែម ឈន់ ថា លោកក៏ទទួលបានព័ត៌មានថាអភិបាលខេត្តកំពតបានឱ្យពលរដ្ឋដែលចាញ់បោកក្រុមហ៊ុន ជា សារ៉ន ដាក់ពាក្យស្វែងរកដំណោះស្រាយ។ ទោះជាយ៉ាងណា លោកមិនទាន់សម្រេចចិត្តថា នឹងចូលរួមដាក់ពាក្យស្នើសុំឬយ៉ាងណានោះទេ ព្រោះលោកយល់ថាដំណោះស្រាយរបស់រដ្ឋាភិបាលនាពេលកន្លងមកនេះមានភាពយឺតយ៉ាវ។
លោក ខែម ឈន់៖ «បានរង់ចាំហ្នឹងវាជិតពីរឆ្នាំមកហើយដំណឹងការដោះស្រាយហ្នឹង តែបើបានគាត់ប្រកាសដោះស្រាយអ៊ីចឹងក៏ជារឿងមួយវិជ្ជមានមួយដែរ អាចចេះតែទៅមុខៗហើយ ទោះយ៉ាងណាក៏ចេះតែទៅមុខដែរ មិនកប់នៅហ្នឹងទេ តែគ្រាន់តែថាល្អមិនល្អខ្ញុំមិនហ៊ានថាទេចំណុចហ្នឹងភាគច្រើនចាំស្ដាប់មើលតិចទៀតសិន»។
ដោយឡែកពលរដ្ឋរងគ្រោះចាញ់បោកក្រុមហ៊ុនអតីតឧកញ៉ា ជា សារ៉ន គឺ លោក ជា ម៉ាត់ ឱ្យដឹងថាលោកបានចូលរួមវិនិយោគ និងទិញដីពីក្រុមហ៊ុន លោក ជា សារ៉ន គិតជាទឹកប្រាក់ជាង៤ម៉ឺនដុល្លារ។ លោកថា ខាងក្រុមហ៊ុនបានឱ្យលុយថ្លៃចំណេញមកលោកក្នុងចំនួន២ម៉ឺនដុល្លារ ហើយប៉ុន្តែទឹកប្រាក់ពាក់កណ្ដាលទៀតក្រុមហ៊ុនមិនបាននោះទេ។ លោក ជា ម៉ាត់ ទទូចដល់អភិបាលខេត្តកំពតពន្លឿនការដោះស្រាយបញ្ហាដីធ្លីដល់ប្រជាពលរដ្ឋ ខណៈដែលលោក និងពលរដ្ឋផ្សេងទៀតកំពុងជួបការលំបាកផ្នែកជីវភាព និងធ្លាក់ក្នុងបំណុលវ័ណ្ឌក។
លោក ជា ម៉ាត់៖ «វាពិបាកណាស់ ឥឡូវវាសេដ្ឋកិច្ចឥឡូវដឹងស្រាប់ហើយរកអត់សូវបាន ហើយឥឡូវ មិនដូចមុនវាទូលំទូលាយចេះរករកនោះបាន តែឥឡូវរកអត់សូវបាន មានជំពាក់គេអ៊ីចឹងបារម្ភរឿងជំពាក់គេខ្លាចតែថ្ងៃក្រោយអត់មានលុយសងគេ និយាយទៅពិបាកដែរកូនរៀនផងអីផងអ៊ីចឹង»។
ជុំវិញករណីនេះ អ្នកនាំពាក្យសាលាខេត្តកំពត លោក អ៊ឹង ឆាយ បដិសេធការឆ្លើយតបដោយលោកថា កំពុងជាប់រវល់។
សាលាដំបូងខេត្តកំពត កាលថ្ងៃទី២៥ ខែមេសា ឆ្នាំមុន បានបង្កកគណនីធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ជា សារ៉ន ចំនួន ៩៥គណនី រួមនឹងបង្កកអចលនវត្ថុប្រភេទដីធ្លីចំនួនជិត២ពាន់ (១.៧៩១)ក្បាលដី។ សមត្ថកិច្ចខេត្តកំពតបានចាប់ខ្លួនឧកញ៉ា ជា សារ៉ន ប្រធានក្រុមហ៊ុនជា សារ៉ន និងបក្ខពួកមួយចំនួនទៀត កាលខែមេសា ដាក់ពន្ធនាគាររហូតដល់ពេលបច្ចុប្បន្ន។
អ្នកសម្របសម្រួលគម្រោងធុរកិច្ច និងសិទ្ធិមនុស្សរបស់មជ្ឈមណ្ឌល សិទ្ធិមនុស្សកម្ពុជា (CCHR) លោក វណ្ណ សុផាត មានប្រសាសន៍ថា កន្លងមករដ្ឋាភិបាលបានចាត់វិធានការច្បាប់ទៅលើក្រុមហ៊ុន និង លោក ជា សារ៉ន ដែរ។ ទោះជាយ៉ាងណា លោកថា វិធានការរបស់រដ្ឋាភិបាលនេះនៅមិនទាន់ជួយពលរដ្ឋដែលជាជនរងគ្រោះទាំងនេះទទួលបានដំណោះស្រាយបាននៅឡើយទេ ដូច្នេះរដ្ឋាភិបាលគេតែពន្លឿនការដោះស្រាយតាមការស្នើសុំរបស់ពលរដ្ឋ។
លោក វណ្ណ សុផាត៖ «ប៉ុន្តែប្រសិនបើមានការធ្វើអន្តរាគមន៍ពីអាជ្ញាធរមានសមត្ថកិច្ច ក៏ដូចជាខាងប្រមុខរាជរដ្ឋាភិបាលអ៊ីចឹងទៅវាអាចជាសញ្ញាមួយ អាចនឹងភាគីទាំងសងខាងអាចចរចាគ្នាក្នុងការដោះស្រាយដែលអាចទទួលយកបានទាំងអស់គ្នា ហើយមិនអ៊ីចឹងទេយើងឃើញការអនុវត្ត និងការអនុវត្តកិច្ចសន្យាហ្នឹងពិបាកក្នុងការដាក់សម្ពាធឱ្យគាត់ទទួលក្នុងការដោះស្រាយកាតព្វកិច្ច»។
របាយការណ៍របស់អាជ្ញាធរខេត្តកំពតឱ្យដឹងថា ពលរដ្ឋជាង២ពាន់នាក់ប្ដឹងក្រុមហ៊ុន ជា សារ៉ន ទាមទារប្រាក់សរុបប្រមាណ ៤០លានដុល្លារ។ កន្លងមកពលរដ្ឋតែងប្រមូលម្ដុំគ្នាដើរដាក់ញត្តិ និងទាមទារដល់ក្រសួងស្ថាប័នរដ្ឋជួយពន្លឿនផ្ដល់ដំណោះស្រាយ ខណៈដែលពួកគាត់ជួបបញ្ហាជីវភាព និងមិនមានលុយសងត្រឡប់ទៅគ្រឹះស្ថានធនាគារវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។