ពលរដ្ឋទាំងនោះចាប់ផ្ដើមតវ៉ានៅថ្ងៃទី២៣ ខែធ្នូ និងបន្តតវ៉ានៅព្រឹកថ្ងៃទី២៤ ខែធ្នូ ដោយមានការចូលរួមជួយតវ៉ាពីសំណាក់ព្រះសង្ឃមួយក្រុមដែលគាំទ្របាតុកម្មបក្សសង្គ្រោះជាតិ។
នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ព្រះសង្ឃបួនអង្គដែលចូលរួមធ្វើបាតុកម្មបិទផ្លូវនៅមុខសាលារាជធានី ត្រូវបានក្រុមសន្តិសុខខណ្ឌដូនពេញវាយ។ បន្ទាប់មកនៅម៉ោងជាង ១រសៀល ក្រុមព្រះសង្ឃរាប់សិបអង្គបានចេញមកបិទផ្លូវមុខសាលារាជធានី និងមានថេរដីកាទាមទារឲ្យអាជ្ញាធរសូមខមាទោសចំពោះទង្វើហិង្សាលើព្រះសង្ឃ ប៉ុន្តែក្រុមអាជ្ញាធរមិនបានចេញតាមការទាមទារឡើយ។
ក្រុមពលរដ្ឋនិងព្រះសង្ឃខ្លះបានអន់ព្រះទ័យ និងខឹងសម្បាចំពោះការត្រៀមកម្លាំងបង្ក្រាបរបស់សមត្ថកិច្ច ហើយក៏ឈានដល់ការគប់បំបែកកញ្ចក់ផ្ទាំងក្ដារខៀនព័ត៌មាន និងពិព័រណ៍រូបថត បែកអស់គ្មានសល់។
អំពើហិង្សាត្រូវបានស្ងប់ទៅវិញ បន្ទាប់ពីមេដឹកនាំព្រះសង្ឃធ្វើបាតុកម្ម ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ប្រកាសរំសាយការតវ៉ា ដោយសារបារម្ភពីអំពើហិង្សារវាងក្រុមពលរដ្ឋដែលឈរមើលការតវ៉ា និងក្រុមអាជ្ញាធរប៉េអឹម។ ប៉ុន្តែក្រុមព្រះសង្ឃទាំងនោះមានថេរដីកាថា នឹងបន្តការតវ៉ាជាថ្មីទៀត រហូតដល់អាជ្ញាធរថ្វាយបង្គំសូមខមាទោសចំពោះការប្រើប្រាស់អំពើហិង្សាវាយលើព្រះសង្ឃ។
ទាក់ទងនឹងបញ្ហានេះ មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោក រ័ត្ន ស្រ៊ាង ដែលដឹកនាំកម្លាំងអាវុធហត្ថការពារសាលារាជធានី បានចេញមុខមកជួបពលរដ្ឋ និងសម្រួលការកកស្ទះចរាចរណ៍។ ប៉ុន្តែលោកបដិសេធមិនឆ្លើយឡើយថា អាជ្ញាធរនឹងចាត់ការបែបណាចំពោះការវាយបំបែកកញ្ចក់ផ្ទាំងក្ដារខៀនព័ត៌មានរបស់សាលារាជធានីភ្នំពេញនោះ។
នៅថ្ងៃទី២៤ ខែធ្នូ សាលារាជធានីភ្នំពេញ បានបិទទ្វារមិនទទួលប្រជាពលរដ្ឋដែលមកស្វែងរកសេវាបញ្ជាក់លិខិតស្នាមផ្សេងៗនោះឡើយ ដោយមន្ត្រីសាលារាជធានីឲ្យពលរដ្ឋទាំងនោះត្រឡប់ទៅផ្ទះវិញ រង់ចាំសភាពការណ៍ស្ងប់ស្ងាត់សិន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ៕