អតីត​អ្នក​បឹងកក់​ចូល​ជួប​អភិបាល​រាជធានី

អតីត​អ្នក​បឹង​កក់​ដែល​កង​សន្តិសុខ​ចាប់​ខ្លួន ព្រោះ​តែ​ព្យាយាម​ជួប​អភិបាល​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​៥ មីនា ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូល​ជួប​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​ហើយ នៅ​ព្រឹក​ថ្ងៃ​ទី​៦ មីនា។

ក្រុម​អតីត​អ្នក​នៅ​បឹង​កក់ ១៤​នាក់ ត្រូវ​បាន​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ អនុញ្ញាត​ឱ្យ​ចូល​ជួប​ពិភាក្សា​អំពី​ដំណោះស្រាយ​សំណង​បន្ថែម លើ​ការ​ផ្លាស់ប្ដូរ​លំនៅ​ចេញ​ពី​តំបន់​បឹង​កក់​របស់​ពួក​គាត់។

តំណាង​អ្នក​បឹងកក់​ម្នាក់ ដែល​បាន​ចូល​ជួប​មន្ត្រី​សាលា​រាជ​ធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​៦ មីនា​ គឺ​អ្នកស្រី ស៊ា ណារ៉េត ឱ្យ​ដឹង​ថា ក្រុម​របស់​អ្នកស្រី​បាន​ជួប​នាយក​រដ្ឋបាល​សាលា​រាជ​ធានី​ភ្នំពេញ លោក កើត ឆែ និង​មន្ត្រី​ពីរ​រូប​ផ្សេង​ទៀត។

​អ្នកស្រី ស៊ា ណារ៉េត ថ្លែង​ថា មាន​លទ្ធផល​ខ្លះ​ពី​កិច្ចប្រជុំ​រយៈ​មួយ​ម៉ោង​នោះ៖ «យើង​មាន​លទ្ធផល​បន្តិច​ដែរ ត្រង់​ថា សាលាក្រុង​គាត់​ចាប់​ដៃ​ធ្វើ​ការ​ជាមួយ​ធនាគារ​ពិភព​លោក​ហើយ សិក្សា​ពី​ការ​ហ្នឹង។ នៅ​ថ្ងៃ​ដប់​ជាង​នេះ គាត់​ចូល​សិក្ខាសាលា​ធនាគារ​ពិភពលោក NGO និង​អង្គការ​សង្គម​ស៊ីវិល ម្ចាស់​ជំនួយ ហើយនិង​ក្រុមហ៊ុន​ធំៗ នៅ​ទី​នេះ ដែល​ស្វែង​រក​ថវិកា​ជួយ​ពួក​ខ្ញុំ។ គាត់​ថា អាច​ពន្យារ​ពេល​រហូត​ដល់​ខែ ៤ ឯ​ណោះ ព្រោះ​គាត់​នៅ​សិក្ខាសាលា​មិន​ដឹង​ថ្ងៃ​ណា​ចប់​ទេ។ គាត់​មិន​ហ៊ាន​កំណត់​ជាមួយ​យើង​ក្នុង​ពេល​សិក្ខាសាលា​ហ្នឹង​ទេ។ ប៉ុន្តែ​ពួក​ខ្ញុំ​យ៉ាង​យូរ​ដើម​ខែ ៤ ត្រូវ​មក​ទៀត​ហើយ។ ខ្ញុំ​ទុក​ពេល​វេលា​ឱ្យ​គាត់​សិន ព្រោះ​គាត់​ត្រូវ​ការ​សិក្ខាសាលា ត្រូវ​រក​ជំនួយ​ធំៗ មក​ជួយ»

ក្រុម​អ្នក​ស្រី​ចង់​ឱ្យ​មាន​ដំណោះស្រាយ​ជា​ថវិកា​ឱ្យ​មាន​ជម្រក​ក្នុង​ក្រុង ក្នុង​ចម្ងាយ ៣​គីឡូម៉ែត្រ​ពី​ទី​នោះ ដែល​មាន​ហេដ្ឋារចនាសម្ព័ន្ធ ហើយ​មាន​ការ​ឆ្លើយតប​ជា​លាយលក្ខណ៍អក្សរ​ផង។ អ្នកស្រី​ថា ​អ្នកស្រី​ចាក​ចេញ​ពី​តំបន់​បឹង​កក់​ទាំង​បង្ខំ​ចិត្ត ព្រោះ​តែ​ផ្ទះ​របស់​ពួក​គាត់ ត្រូវ​ក្រុមហ៊ុន​ស៊ូកាគូ បូម​ខ្សាច់​ពន្លិច​មិន​អាច​រស់​នៅ​បាន។

មន្ត្រី​ឃ្លាំមើល​បញ្ហា​ដីធ្លី នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស អាដហុក លោក ណៃ វ៉ង់ដា សាទរ​ចំពោះ​លទ្ធផល​ពី​ជំនួប​គ្នា រវាង​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ និង​អ្នក​បឹង​កក់។ ប៉ុន្តែ​លោក​សង្កេត​ឃើញ​ថា ការ​សន្យា​ដោះស្រាយ​កន្លង​មក ចេះ​តែ​មាន​ការ​ពន្យារ​ពី​កិច្ច​ប្រជុំ​មួយ ទៅ​កិច្ច​ប្រជុំ​មួយ​ទៀត។

ការ​តវ៉ា​របស់​អតីត​អ្នក​បឹង​កក់​នៅ​ថ្ងៃ​ទី​៦ មីនា មិន​មាន​ហិង្សា​កើត​ឡើង​ទេ ហើយ​រំសាយ​វិញ​បន្ទាប់​ជំនួប​ជា​មួយ​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។