ជន​ជាតិ​ដើម​ភាគតិច​កួយរាប់​រយគ្រួសារនៅ​​ខេត្ត​ព្រះវិហារ​​ត្អូញគ្មាន​ដីដាំដុះ​ចិញ្ចឹមជីវិត​ដោយ​សារ​ក្រុមហ៊ុន​រ៉ែមាស​រំលោភ​យក

ដោយ ម៉ៅ សុធានី
2021-07-07
Share

ពលរដ្ឋ​ជាង ​១រយ​គ្រួសារ​ រស់​នៅក្នុង​ចំនួន ​៤ភូមិ ​ក្នុងឃុំរមទម ​ស្រុករវៀង​ នៅតែ​បន្ត​ទាមទារ​ឱ្យ​អាជ្ញាធរ​ខេត្តព្រះវិហារផ្តល់យុត្តិធម៌ ​ករណី​ក្រុមហ៊ុនឌែលខម​ ខេមបូឌា​ (Delcom Cambodia) ​និងក្រុមហ៊ុន ​ស៊ឺន សាន ​នៅតែបន្ត​រំលោភ​បំពាន​ដី​ស្រែ​ចម្ការ​ ដីព្រៃ​អាស្រ័យផល ​និង​ដីសមូហភាពរបស់​អ្នកភូមិ​អស់​រាប់​រយ​ហិក​តារ​​ជា​ថ្មី​ទៀត​។ អ្នកភូមិថា  នៅ​រយៈពេល ​២ ​ខែ​ចុងក្រោយ​នេះ ​ក្រុមហ៊ុន​ទាំងនេះបាន​ប្រើ​គ្រឿង​ចក្រ​ ឈូស​ឆាយ​ផលដំណាំ ព្រៃឈើ ហ៊ុមព័ទ្ធ​រំលោភ​យក​ដី​ស្រែ​ចម្ការ ​​របស់ពួកគាត់ដើម្បី​ពង្រីក​អាជីវកម្ម​រ៉ែមាស​ នៅក្បែរតំបន់ភ្នំលុង។ 

​តំណាង​ពលរដ្ឋ​លោក ​ពុយ ឆេង ​ប្រាប់​អាស៊ីសេរីនៅ​ថ្ងៃ​ទី៦ ​ខែកក្កដា​ថា  កន្លង​ទៅ​អ្នកភូមិ​​ជាង ​២រយ​គ្រួសារ​ចោទ​ក្រុមហ៊ុន​ទាំង​នេះ ​រំលោភ​ដី​ស្រែ​ចម្ការ​របស់​ពួកគាត់ ​ ដោយអាជ្ញាធរ​មិនទាន់​ដោះស្រាយ​ឱ្យជ្រះស្រឡះផង ​ស្រាប់តែ​ក្រុមហ៊ុន​ ​បន្ត​​រំលោភ​បំពាន​​ដី​​របស់​ជន​ជាតិ​ដើម​ភាគ​តិច​អស់​ជាង​ ១រយ​គ្រួសារ​បន្ថែម​ទៀត​។ ​លោក​ថា ​អ្នកភូមិ​ផ្ទុះការ​តវ៉ា​ជា​បន្ត​បន្ទាប់ ដើម្បី​ទាមទារ​ដី​ស្រែ​ចម្ការ​របស់​ពួកគាត់ ​ប៉ុន្តែ​គ្មាន​ដំណោះ​ស្រាយ​នៅឡើយទេ ដែលជាហេតុធ្វើឱ្យជន​ជាតិ​ដើម​ភាគ​តិចជាច្រើនគ្រួសារ ​ប្រឈម​បាត់បង់​ដីធ្វើ​កសិកម្ម​៖ «និយាយពី​អាជ្ញាធរ​វិញ ​គេ​អត់​យកចិត្ត​ទុកដាក់​ជាមួយ​ពលរដ្ឋទេ​ គេ​កំពុងតែ​រួមគំនិត​ជាមួយ​ អភិបាលស្រុក​និង​អភិបាលរងខេត្ត​។ រឿងចាស់ក៏មិនទាន់ដោះស្រាយចេញ​ ចូលថ្មី​មកទៀត​ បើគិតទៅ​វា៣ជាន់​។ ដីហ្នឹង​វាជាដី​តំបន់​ជនជាតិ​កួយ​ គ្នាមានបានអីធ្វើ​ បើ​គេគំរាម​​សុទ្ធយក​ព្រះ​រាជ​អាជ្ញា​មកគំរាម​ពលរដ្ឋ​ពេញ​ទឹក​ពេញទឹក​ពេញដី​»។

​តំណាង​ពលរដ្ឋរូបនេះ​បន្ថែមថា  ពលរដ្ឋ​រងគ្រោះ​ជម្លោះ​ដីធ្លី​នេះ​ មិនដឹងថា ទៅ​ពឹង​ស្ថាប័ន​ណាមួយ ​ឱ្យ​ជួយ​រក​យុត្តិធម៌​នោះទេ​ ព្រោះ​អាជ្ញាធរ ​និង​ក្រុមហ៊ុន​ តែង​តែ​​គំរាម​កំហែង​ពលរដ្ឋ​ណា​ដែល​ចេញ​មុខ​តវ៉ា​។ រីឯអាជ្ញាធរស្រុក និងខេត្ត ​លម្អៀង​ទៅ​រក​ភាគី​ក្រុមហ៊ុន ​ធ្វើឱ្យ​អ្នកភូមិ​ពិបាកចិត្ត​។ ​លោក​បន្ថែម​ថា ក្រុមហ៊ុន​​ទាំងនេះ ​បាន​ហ៊ុមព័ទ្ធ​រំលោភ​យក​ដី​នៅ​តំបន់​នោះ ​ចាប់​ពី​ចំណុច​ការដ្ឋាន​រ៉ែ​មាស​ រហូត​ទល់​នឹង​ភូមិ​ស្វាយ​ដំណាក់ ​និង​ភូមិ​ត្រពាំង​ទន្ទឹម​ទំហំ ​៤​គីឡូម៉ែត្រ​បួនជ្រុង ​ហើយ​មក​ទល់​ពេល​នេះ ​ក្រុមហ៊ុន​ដាក់​សន្តិសុខ​ និង​មន្ត្រី​យោធា ​មិនអនុញ្ញាត​ឱ្យ​ពលរដ្ឋ​ចូល​តំបន់​នោះ​ទេ។

តំណាង​ពលរដ្ឋ​ម្នាក់​ទៀត ​ជា​ជន​ជាតិ​ដើម​ភាគ​តិចកួយ​លោកស្រី ​យឹម ផាត ​បារម្ភថា ជន​ជាតិ​ដើម​ភាគ​តិច​កួយ ​រាប់​រយ​គ្រួសារ ​កំពុង​ប្រឈម​គ្មាន​ដី​ធ្វើ​ស្រែ​ចម្ការ​ដាំដុះ​ចិញ្ចឹម​ជីវិត​ ដោយសារ​ក្រុមហ៊ុនទាំង​នោះ ​រំលោភ​យកដីរបស់​ពួកគាត់។ លោក​ស្រី​ថា ​អាជ្ញាធរ​ស្រុកនិងខេត្ត​មិន​យក​ចិត្ត​ទុក​ដាក់​ ដោះស្រាយ​ក្តី​កង្វល់​របស់​ពលរដ្ឋ​នោះទេ ​បើ​ទោះ​បី​ជា ​ពួកគាត់​បាន​ស្រែក​តវ៉ា​ជាង ​៣សប្តាហ៍​មក​ហើយ​ក្តី៖ «មិន​ដឹង​មានអីហូប និង​មិនដឹង​មានអី​ចុកទេ​ វាអត់មានដីធ្វើស្រែចម្ការ​ទទេ​សោះ​ ​ហើយបាន​មួយហិកតារ​ក៏​គេ​យក ​អាកន្លះហិកតារក៏គេយក។ ដី​ខ្លួន​ឯង​ទៅ​ធ្វើស្រែ​ចម្ការ​មិន​បាន​វា​មិន​ស្លាប់​ពលរដ្ឋ​។ ​ទៅ​ពឹង​អី​ទៀត​ បើ​អាជ្ញាធរ​ស្រុក ​និង​ខេត្ត​មិន​ដោះស្រាយ​ឱ្យ​ផង​។ ​នេះ​ដាក់​ពាក្យ​បណ្តឹង​ មិន​ដឹង​យ៉ាង​ណា ទទេ​សោះ»។ 

អាស៊ីសេរី ​មិន​ទាន់​អាច​ទាក់ទង ​សុំ​ការ​បំភ្លឺ​រឿង​នេះពី​អភិបាល​ខេត្ត​ព្រះវិហារ​លោក ​ប្រាក់ ​សុវណ្ណ ​និង​ អភិបាល​ស្រុក​រវៀង​លោក ​ហោ​ ប៊ុនហួ ​បាន​នៅ​ឡើយ​ទេ ​នៅ​ថ្ងៃ​ទី​៦ ខែកក្កដា ​ ដោយ​ទូរសព្ទ​ហៅ​ចូល​តែ​គ្មាន​អ្នក​លើក​។ ​ចំណែក​តំណាង​ក្រុមហ៊ុន ឌែលខម ​ខែមបូឌា (Delcom Cambodia) និង​ក្រុមហ៊ុន ​ស៊ឺន សាន ​វិញអាស៊ី​សេរី ក៏​មិន​ទាន់​អាច​ទាក់ទង​បាន​ដែរ នៅ​ថ្ងៃ​ដដែល​នេះ។

​ប៉ុន្តែ​មេឃុំ​រមទម ​លោក ​សោម មុត ​មាន​ប្រសាសន៍​ថា ​អាជ្ញាធរស្រុក ​និង​ខេត្ត​ តែងតែង​ចុះ​ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ​ដល់​មូលដ្ឋាន​ ប៉ុន្តែ​លោក​មិន​បញ្ជាក់​លម្អិត​​ថា​ នឹង​ដោះស្រាយ​បែប​ណា​នោះទេ​។ ​លោក​ទទួល​ស្គាល់​ថា ​មាន​ពលរដ្ឋ​ជាច្រើន​គ្រួសារ​តវ៉ា​ ទាមទារ​ដី​ស្រែចម្ការ​ ប៉ុន្តែ​ភារកិច្ច​ដោះស្រាយ​រឿង​នេះ ​គឺ​អាជ្ញាធរ​ស្រុក​ និង​ខេត្ត​។ ​លោក​បដិសេធ​ថា មាន​ពលរដ្ឋ​ប៉ុន្មាន​គ្រួសារ​នោះទេ​ ដែល​រងគ្រោះ​ដោយសារ​បាត់បង់​ដីធ្លី៖ ​«តវ៉ា​ប៉ុន្មាន​នាក់?​ ខ្ញុំ​ឱ្យ​ជំទប់​ទី១ ​ទៅ ​ស្រុកគេ​ចុះ​ទៅ​ហើយ ​និង​ខេត្ត​គេ​ទៅ​ផ្ទាល់ ​ចុះ​ទៅ​អស់​ហើយ​ គេ​ដោះស្រាយ​អី​ ខ្ញុំ​អត់​ដឹង​ដែរ​»

​មន្ត្រី​សង្គម​ស៊ីវិល​ ចាត់​ទុកការ​មិន​អើពើ​ដោះស្រាយ​បញ្ហា​ប្រឈម​ជូន​ពលរដ្ឋ​ របស់​អាជ្ញាធរ​ខេត្ត​ព្រះវិហារ ​ផ្ទុយ​នឹង​អ្វី​ដែល​បាន​សរសេរ ​ក្នុង​រដ្ឋធម្មនុញ្ញ ​និង​ បទ​បញ្ជា​របស់​រដ្ឋាភិបាល​ធ្វើ​ឱ្យ​ពលរដ្ឋ​កាន់​តែ​ក្រីក្រ​ និងវេទនា ហើយ​ក្រុមហ៊ុន​ឯកជន​បែរ​ជាទទួល​ផល​ប្រយោជន៍​ទៅ​វិញ។

មន្ត្រី​សម្រប​សម្រួល​សមាគម​អាដហុក ​ខេត្តព្រះវិហារលោក ​ឡោ ចាន់​ អំពាវនាវ​ឱ្យ​អាជ្ញាធរជាតិ ​ចុះ​ដោះស្រាយ​រឿង​នេះជូន​ពលរដ្ឋ​ ដើម្បី​ឱ្យ​ជន​ជាតិ​ដើម​ភាគ​តិច​ទទួល​បាន​សំណង​សមរម្យ ​និងបាន​ដី​ធ្វើកសិកម្ម​ចិញ្ចឹម​ជីវិត​។ ​លោក​ថា​ ទង្វើ​របស់​ក្រុមហ៊ុន​ទាំង​នេះ ​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស និងរំលោភសិទ្ធិកាន់កាប់ដីធ្លីរបស់ពលរដ្ឋ។

បច្ចុប្បន្ននេះ ​មាន​ក្រុម​ហ៊ុន​រុក​រក​រ៉ែ​មាស​ចំនួន​ ៣​ គឺ​ក្រុមហ៊ុន​ឌែលខម​ ខេមបូឌា ​(Delcom Cambodia) ​​ក្រុមហ៊ុន ​គីម ​ជាធួន ​គ្រុប (Kim Gia Thuan Group Co., Ltd) និង​ក្រុមហ៊ុន​​សឺន​​សាន​កំពុង​ធ្វើ​អាជីវកម្ម​រុក​រក​រ៉ែ​មាស​នៅ​ក្នុង​ស្រុក​រវៀង​ ហើយ​កំពុង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រាប់​រយ​គ្រួសារ​បាត់បង់​ដី​ធ្លី​ស្រែ​ចំការ​ដោយ​គ្មាន​ដំណោះ ​ស្រាយ​សមរម្យ​នោះ​ទេ​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល