ជនជាតិ​ដើម​កួយ​ជាង​២០០​គ្រួសារ​ស្នើ​អភិបាល​ខេត្ត​ព្រះវិហារ​ទប់​ស្កាត់​ការ​ដកហូត​ដី​ពួកគាត់​ពី​អាជ្ញាធរ​ស្រុក​ឆែប

ដោយ ម៉ៅ សុធានី
2023.08.17
ជនជាតិ​ដើម​កួយ​ជាង​២០០​គ្រួសារ​ស្នើ​អភិបាល​ខេត្ត​ព្រះវិហារ​ទប់​ស្កាត់​ការ​ដកហូត​ដី​ពួកគាត់​ពី​អាជ្ញាធរ​ស្រុក​ឆែប ទិដ្ឋភាព​ជនជាតិ​ដើម​ភាគតិច​កួយ​ជាច្រើន​នាក់ រស់នៅ​ខេត្តព្រះវិហារ បាន​លើកគ្នា​ពិនិត្យ​ទីតាំង​ដី ដែល​អាជ្ញាធរ​ហាមឃាត់​ពួកគាត់ មិន​ឱ្យ​ដាំ​ដុះ កាល​ពី​ថ្ងៃទី១២ សីហា ២០២៣។
រូប៖ ពលរដ្ឋ​ផ្តល់​ឱ្យ

ជនជាតិ​ដើម​ភាគតិច​កួយ​ជាង ២០០​គ្រួសារ (២១៣) បាន​ផ្តិត​មេដៃ​រួមគ្នា ស្នើ​ឱ្យ​អភិបាលខេត្ត​ព្រះវិហារ លោក គីម រិទ្ធី ផ្តល់​ដំណោះស្រាយ​វិវាទ​ដីធ្លី ក្នុង​ករណី​ដែល​អាជ្ញាធរ​ស្រុក​ឆែប និង​មន្ត្រី​បរិស្ថាន​បាន​ប្រើ​កម្លាំង ហាមឃាត់​អ្នកភូមិ​មិន​ឱ្យ​ដាំ​ដុះ​លើ​ដី​ស្រែចម្ការ ដែល​ពួកគាត់ បង្ក​បង្កើនផល​ជា​យូរ​ឆ្នាំ​មក​ហើយ។

ជនជាតិ​ដើម​ភាគតិច​កួយ​ទាំងនោះ រស់នៅ​ក្នុង​ភូមិ​ដង​ផ្លិត និង​ភូមិ​ណារ៉ុង ឃុំ​ឆែបពីរ ស្រុក​ឆែប កំពុង​ពិបាក​ចិត្ត​ខ្លាច​ក្រែង​បាត់បង់​ដីស្រែ​ចម្ការ​ចិញ្ចឹម​ក្រពះ ក្រោយ​ពី​អាជ្ញាធរ​ស្រុក បាន​បញ្ជូន​កម្លាំង​ហាម​ឃាត់​ពួកគាត់ មិន​ឱ្យ​ដាំ​ដុះ កាល​ពី​ពេល​ថ្មីៗ​នេះ។

អ្នកភូមិ​ថា បំណង​របស់​អាជ្ញាធរ​ចង់​ដកហូត​ដីស្រែ​ចម្ការ របស់​ពួកគាត់​ទំហំ​ជាង ២០០ ហិកតារ ជា​សម្បត្តិ​រដ្ឋ ឋិត​នៅ​ចំណុច​វាល​ក្បាលដំរី កៀក​នឹង​ភូមិ​ណារ៉ុង ដែល​ពួកគាត់​បាន​ដាំ​ដុះ និង​កាប់ឆ្ការ​សំអាត​ដី ជា​បន្តបន្ទាប់​ជាង ១០​ឆ្នាំ​មក​ហើយ។

តំណាង​ពលរដ្ឋ លោក ឃីន សាខន ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី១៦ សីហា ថា ពួក​លោក​បាន​ដាក់​លិខិត​ជូន​អភិបាល​ខេត្ត​ព្រះវិហារ​រួច​ហើយ ដោយ​មាន​ពលរដ្ឋ​ជាង ២០០​គ្រួសារ​ផ្តិត​មេដៃ​គាំទ្រ ក៏ប៉ុន្តែ​អាជ្ញាធរ​មិន​ទាន់​ឆ្លើយ​តប​នៅ​ឡើយ​ទេ។ លោក​ថា ដី​ដែល​អាជ្ញាធរ​ស្រុក​ហាម​មិន​ឱ្យ​ពួក​លោក​ដាំ​ដុះ មាន​ពលរដ្ឋ ៤០​គ្រួសារ បាន​អាស្រ័យ​ផល​ជាក់ស្តែង ដោយ​ក្នុង​មួយ​គ្រួសារ​មាន​ដី​ចន្លោះ​ពី ៣ ហិកតារ ដល់ ៥ ហិកតារ មាន​ដំណាំ ដំឡូង​មី ពោត សណ្តែក និង​ស្រូវ ជាដើម។

លោក ឃីន សាខន៖ «តំបន់​នេះ​បើ​មិនបាន​ធ្វើស្រែ​ចម្ការ​បាន​អី​រស់ បើ​ម្នាក់ៗ​ជំពាក់​លុយ​ធនាគារ​រាប់ពាន់​ដុល្លារ យក​មក​ធ្វើ​ដំឡូង បើ​គេ​ដកហូត​ដីធ្លី បិទ​មិន​ឱ្យ​ប្រជាជន​ចូល​ធ្វើ ប៉ះពាល់​ប្រជាកសិករ​នៅ​តំបន់​នេះ ដង្ហើមធំ​ស្រែចម្ការ​។ បើ​មាន​ស្រែចម្ការ​បាន​រស់​បាន បើ​អត់​ស្រែចម្ការ ស្មើនឹង​ខ្លួន​ស្លាប់។

លិខិត​ដែល​វិទ្យុ​អាស៊ីសេរី​ទទួល​បាន មាន​ស្នាម​មេដៃ​ពលរដ្ឋ ២១៣​គ្រួសារ ផ្ញើ​ជូន​អភិបាលខេត្ត​ព្រះវិហារ​លោក គីម រិទ្ធី កាល​ពី​ថ្ងៃទី​១៥ សីហា ដោយ​សរសេរ​ថា អភិបាល​រង​ស្រុក​ឆែប លោក អ៊ុំ សុភឿន បាន​ដឹកនាំ​កម្លាំង​ហាមឃាត់​ពលរដ្ឋ​មិន​ឱ្យ​ស្ទូងស្រូវ និង​ដាំ​ដុះ ហើយ​កាល​ពី​ខែ​មុន សមត្ថកិច្ច​បាន​ទៅ​បោះបង្គោល​របង ចំក្បាល​ដី​ដែល​ពលរដ្ឋ​អាស្រ័យ​ផល និង​មាន​ផ្នែក​ខ្លះ អាជ្ញាធរ​បាន​សង់​រោង​គោ ដោយ​មិន​បាន​ជូន​ដំណឹង។

វិទ្យុ​អាស៊ីសេរី​មិន​ទាន់​អាច​ទាក់ទង សុំ​ការ​បំភ្លឺ​រឿង​នេះ ពី​អភិបាល​ខេត្ត​ព្រះវិហារ លោក គីម រិទ្ធី និង អ្នកនាំពាក្យ​សាលាខេត្ត លោក យ៉ុង គឹមហឿង បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃទី​១៦ សីហា ដោយ​ទូរសព្ទ​ហៅ​ចូល តែ​គ្មាន​អ្នក​លើក។

ចំណែក​អភិបាលស្រុក​ឆែប លោក ឡង់ សុបិន ក៏​មិនអាច​សុំ​ការ​អធិប្បាយ​បាន​ដែរ ព្រោះ​នៅពេល​ទូរសព្ទ​ហៅ​ចូល អ្នក​លើក​ទូរស័ព្ទ​និយាយ​ថា ច្រឡំ​លេខ។

ក៏ប៉ុន្តែ​អភិបាលរង​ស្រុក​ឆែប លោក អ៊ុំ សុភឿន បាន​ថ្លែង​ក្នុង​កិច្ចប្រជុំ​ជាមួយ​ពលរដ្ឋ​កាលពី​ថ្ងៃទី​១៤ សីហា​ថា ដី​ដែល​ពលរដ្ឋ​៤០​គ្រួសារ អាស្រ័យ​ផល គឺ​គ្មាន​ប្លង់​កម្មសិទ្ធិ​នោះ​ទេ គឺជា​កម្មសិទ្ធិ​របស់​រដ្ឋ។

កិច្ចប្រជុំ​កាលពី​ថ្ងៃទី១៤ សីហា​នោះ ពលរដ្ឋ​ជាង ២០០​រយ​នាក់ បាន​ជួបជុំគ្នា​ស្តាប់​ការ​លើកឡើង​របស់​អាជ្ញាធរ​ស្រុក​ឆែប និង​មន្ត្រី​បរិស្ថាន ដើម្បី​សម្របសម្រួល​ដោះស្រាយ​រឿង​នេះ ក៏ប៉ុន្តែ​អាជ្ញាធរ​មិន​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​និយាយ​ពី​បញ្ហា​ដីធ្លី​នោះ​ឡើយ​។ កិច្ចប្រជុំ​នេះ ពុំ​មាន​ការ​សម្របសម្រួល​ដោះស្រាយ​ដោយ​សន្តិវិធី​នោះ​ទេ ផ្ទុយទៅវិញ​មាន​ការ​ប្រកែក​គ្នា​រវាង​អាជ្ញាធរ និង​ពលរដ្ឋ។

តំណាង​ពលរដ្ឋ លោក ឃីន សាខន បន្ថែម​ថា អាជ្ញាធរ​ស្រុក​បាន​ហៅ​ពលរដ្ឋ​មក​គំរាម និង​បិទ​សិទ្ធិ​ពលរដ្ឋ​មិន​ឱ្យ​និយាយ​ក្នុង​កិច្ចប្រជុំ។

លោក ឃីន សាខន៖ «គេ​ប្រាប់​ថា បើ​អត់​មាន​ប្លង់​កាន់កាប់​ទេ គឺជា​កម្មសិទ្ធិ​របស់​រដ្ឋ បើ​យើង​លើកដៃ​គេ​មិន​ឱ្យ​និយាយ មិនមែន​មក​ប្រជុំ​ទេ គឺ​គំរាម​តែម្តង»

ជុំវិញ​រឿង​នេះ ប្រធាន​អង្គការ​ពន្លក​ខ្មែរ លោក ប៉ឹក សោភ័ណ ស្នើ​ឱ្យ​អភិបាលខេត្ត លោក គីម រិទ្ធិ អន្តរាគមន៍​ពន្លឿន​ដោះស្រាយ​រឿង​នេះ ដើម្បី​ឱ្យ​ពលរដ្ឋ​មាន​ដីធ្លី ប្រើប្រាស់​ដោយ​សុវត្ថិភាព និង​មាន​ទំនុកចិត្ត​លើ​អាជ្ញាធរ។

លោក ប៉ឹក សោភ័ណ៖ «គាត់​ជា​ជនជាតិ​ដើម​ភាគតិច រស់នៅ​ក្នុង​ភូមិកំណើត​ពួកគាត់​រួចហើយ មិនមែន​អ្នក​ចំណូលស្រុក​ទៅ​ពី​ខាង​ឆ្ងាយ​ទេ​។ អ្វី​ដែល​គួរ​ឱ្យ​លទ្ធភាព​ឱ្យ​ពួកគាត់ ពិនិត្យ​មើល គឺ​ប្រកាស​ជា​សាធារណៈ ឱ្យ​គាត់​ប្រើប្រាស់​ដីធ្លី​ដោយ​សុវត្ថិភាព និង​ទំនុកចិត្ត»

តំណាង​ពលរដ្ឋ​បន្ថែម​ថា អ្នកភូមិ​ភាគច្រើន​ជំពាក់​បំណុល​ធនាគារ និង​ពឹង​ផ្អែកលើ​ប្រាក់ចំណូល ទទួល​បាន​ពី​ធ្វើ​កសិកម្ម​រួមមាន ដាំដំឡូង​មី ពោត សណ្ដែក ស្រូវ និង ស្វាយចន្ទី​ជាដើម​។ ពលរដ្ឋ​ថា ប្រសិនបើ​អាជ្ញាធរ​ដកហូត​ដី​ពួកគាត់​អស់ ពួកគាត់​នឹង​លំបាក​ខ្លាំង ហើយ​អាច​ធ្វើ​ចំណាកស្រុក ហើយ​កូនៗ​នឹង​បោះបង់​ការសិក្សា​កាន់តែ​ច្រើន​។ អ្នកភូមិ​ព្រមាន​ថា នឹង​លើកគ្នា​តវ៉ា​ទៀត ប្រសិនបើ​អាជ្ញាធរ​ខេត្ត​មិន​ដោះស្រាយ​រឿង​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។