ជនជាតិ​ដើម​ភាគ​តិច ៤ ភូមិ​នៅ​ខេត្ត​មណ្ឌលគិរី​តវ៉ា​ទាមទារ​ដី​ព្រៃ​កប់​សព​ ដែល​ឈ្មួញ​រំលោភ​យក

ដោយ ហ៊ុំ ចំរើន
2024.10.08
ជនជាតិ​ដើម​ភាគ​តិច ៤ ភូមិ​នៅ​ខេត្ត​មណ្ឌលគិរី​តវ៉ា​ទាមទារ​ដី​ព្រៃ​កប់​សព​ ដែល​ឈ្មួញ​រំលោភ​យក ជនជាតិដើម​ភាគតិច​៤​ភូមិ​ក្នុង​ឃុំ​ប៊ូ​ស្រា ខេត្តមណ្ឌលគិរី លើកគ្នា​តវ៉ា ៤ ថ្ងៃ​ជាប់​គ្នា នៅ​ដើមខែ​តុលា ២០២៤។
ប្រជា​សហគមន៍​ផ្តល់ឱ្យ

ជនជាតិ​ដើម​ភាគ​តិច​ព្នង​ចំនួន ៤​​ភូមិ នៅ​ខេត្ត​មណ្ឌលគិរី បាន​លើក​គ្នា​តវ៉ា ៤​ថ្ងៃ​ជាប់​គ្នា​ នៅ​ដើម​ខែ​តុលា​នេះ ដើម្បី​ទាមទារ​ដី​ព្រៃ​កប់​សព​ដែល​ជា​តំបន់​គោរព​បូជា​របស់​សហគមន៍​ ត្រូវ​បាន​ក្រុម​ឈ្មួញ​ឃុបឃិត​ជាមួយ​អាជ្ញាធរ​ខិលខូច ធ្វើ​ប្លង់​រឹង (ប្លង់​កម្មសិទ្ធិ) រំលោភ​យក​ដោយ​ស្ងាត់ៗ។

ជនជាតិ​ដើម​ភាគតិច​ព្នង​ជាង ៤រយគ្រួសារ រស់​នៅ​ក្នុង​ភូមិពូលុ ភូមិឡាំមេះ ភូមិពូចា និងភូមិពូទិល ក្នុង​ឃុំ​ប៊ូស្រា ស្រុក​ពេជ្រាដា កំពុង​តស៊ូ​មតិ​ទាមទារ​ដី​ព្រៃ​កប់​សព ដែល​ពួកគាត់​ចាត់​ទុក​ថា ជា​ទ្រព្យ​សម្បត្តិ​រួម​របស់​អ្នកភូមិ សម្រាប់​អភិរក្ស​ត​ជំនាន់ និង​ជា​កន្លែង​រំលឹក​ដឹង​គុណ ព្រលឹង​ដូនតា។

អ្នកភូមិ​ថា ឈ្មួញឃុបឃិតគ្នាជាមួយអាជ្ញាធរ លួច​ធ្វើ​ប្លង់​រឹង រំលោភ​យក​ដី​ព្រៃ​កប់​សព​របស់​សហគមន៍ គឺ​ជា​ការ​ប្រមាថ​មើល​ងាយ​ព្រលឹង​ដូនតាជនជាតិ​ដើម​ភាគ​តិច និង​បំពាន​តំបន់​សក្ការ​បូជា របស់​សហគមន៍។

តំណាង​សហគមន៍​រស់​នៅ​ភូមិពូចា លោក ប្រុប ទុយ ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី៧ តុលា ថា ​ដី​ព្រៃ​កប់​សព​នៅ​តំបន់​នោះ​ពលរដ្ឋ​តែងតែយក​សាកសព​សាច់​ញាតិ មក​បូជា​ជា​បន្ត​បន្ទាប់​ តាំង​ពី​មុន​សម័យ​សង្គម​រាស្ត្រ​និយម។

លោក​ថា តំបន់​ដែល​ឈ្មួញ​ធ្វើ​ប្លង់​រឹង​រំលោភ​យក មាន​ផ្នូរ​កប់​សព​រាប់​ពាន់​ផ្នូរ ដែល​អ្នកស្រុក​មាន​ទម្លាប់​ធ្វើ​ពិធី​សែន​ព្រេន និង​គោរព​បូជា​តាម​ប្រពៃណីជនជាតិដើមភាគតិច​ជា​យូរ​យារ​ណាស់​មក​ហើយ

លោក ប្រុប ទុញ៖ «ឈូសៗ​ដី​ព្រៃ​កប់​សព​ អ៊ីចឹង​ខ្ញុំ​យល់​ថា​ខ្ញុំ​អត់​យល់​ដី​កប់​សព​យើង​អត់​ឱ្យ​គេ​ប៉ះពាល់​ទេ ហើយ​ប្រាប់​មេឃុំ​មេភូមិ​ទៅ​ទៀត ឱ្យ​លុប​ប្លង់​រឹង»

ចាប់​តាំង​ពី​ថ្ងៃ​ទី៣ ខែ​តុលា អ្នកភូមិ​ជាង ១០០នាក់ បាន​លើក​គ្នា​តវ៉ា​នៅ​សាលា​ឃុំ​ប៊ូស្រា និង​ជួប​ជុំ​គ្នា ក្នុង​តំបន់​ព្រៃ​កប់​សព ​ដើម្បី​ទាមទារ​ឱ្យ​អាជ្ញាធរ​ដោះស្រាយ​ករណី​នេះ។ ពួកគាត់​ភ្ញាក់​ផ្អើល​ពេល​ទទួល​ដំណឹង​ថា ដី​ព្រៃ​កប់​សព​ឋិត​នៅ​ចំណុច ទូលណូល ក្នុង​ភូមិ​ពូលុ មាន​ផ្ទៃ​ដី​ជិត ២​ហិកតារ (១៨.៤៤៥ ម៉ែត្រការ៉េ បែរ​ជា​មាន​ប្លង់​រឹង ហើយ​ផ្នែក​ខ្លះ ត្រូវ​ឈ្មួញ​ត្រួសត្រាយ​ព្រៃ​ដើម្បី​ហ៊ុមព័ទ្ធ​ធ្វើ​ជា​កម្មសិទ្ធិ​បុគ្គល។

ប៊ូស្រា.jpg
ជនជាតិ​ដើម​ភាគតិច​៤​ភូមិ​ក្នុង​ឃុំ​ប៊ូស្រា ខេត្ត​មណ្ឌលគិរី លើកគ្នា​តវ៉ា ៤​ថ្ងៃ​ជាប់​គ្នា នៅ​សាលា​ឃុំ​ប៊ូស្រា កាល​ពី​ដើមខែ​តុលា ២០២៤។ រូប៖ ប្រជា​សហគមន៍​ផ្តល់ឱ្យ

សមាជិក​សហគមន៍ លោក ប្លង់ លេស និយាយ​ថា ដី​ព្រៃ​កប់​សព​ដែល​ឈ្មួញ​ធ្វើ​ប្លង់​រឹង​រំលោភ​យក​សំបូរ​ដោយ​ព្រៃស្រោង​មាន​ដើម​ឈើ​ធំៗ ដែលអ្នកភូមិ​ខិត​ខំ​អភិរក្ស មិន​អនុញ្ញាត​ឱ្យ​កាប់​បំផ្លាញ​នោះ​ឡើយ។

លោក​បញ្ជាក់​ថា តំបន់​នោះ​ត្រូវ​បាន​គេ​លក់​តៗ​គ្នា ដោយ​ស្ងាត់ៗ​ជា​ច្រើន​ម្ចាស់​មក​ហើយ ហើយ​សហគមន៍​នៅ​មិន​ទាន់​កំណត់​អត្ត​សញ្ញាណ​ឈ្មួញ ដែល​លួច​ធ្វើ​ប្លង់​រឹង​ រំលោភ​យក​ដី​ក្នុង​តំបន់​នោះ​ដែរ។

លោក ប្លង់ លេស៖ «អ្នក​ដែល​ចង់​បាន​ដី​ព្រៃ​កប់​សព​ដូច​ជា​ហួស​ហេតុ​ពេក​ មិន​ដឹង​ដី​គេ​កប់​សព​សុទ្ធ​តែ​ព្រៃ​ស្រោង​ដើម​ឈើ​ធំៗ ហើយ​មាន​សុទ្ធ​តែ​ផ្នូរ​ខ្មោច​ពី​ដូនតា​ តែ​បែរ​ជា​ទៅ​រំលោភ​បំពាន​វប្បធម៌​របស់​យើង​ដែល​តែង​តែ​គោរព​បូជា»

វិទ្យុ​អាស៊ី​សេរី​មិន​ទាន់​អាច​ទាក់ទង សុំ​ការ​បំភ្លឺ​រឿង​នេះ ពី​អភិបាល​ខេត្ត​មណ្ឌលគិរី លោក ថង សាវុន បាន​នៅ​ឡើយ​ទេ នៅថ្ងៃទី៧ តុលា។

ឆ្លើយ​តប​រឿង​នេះ​មេឃុំ​ប៊ូស្រា លោក យ៉ើត សារីន មានប្រសាសន៍​ថា ​ការ​ទាមទារ​របស់​ពលរដ្ឋ លោក​បាន​ប្រជុំ​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​រួច​ហើយ ដោយ​ ស្នើ​ទៅ​មន្ត្រី​​ជំនាញ​សុរិយោដី​ចុះ​ផ្ទៀង​ផ្ទាត់ ​ប្លង់​រឹង​ឬ​ប្លង់​កម្ម​សិទ្ធិ តើ​ប៉ះ​ចំ​ដី​ព្រៃ​កប់​សព ឬ​យ៉ាង​ណា

លោក​បញ្ជាក់​ថា​ ការ​ដោះស្រាយ​បែប​ណា​នោះ អាស្រ័យ​លើ​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​ជាក់​ស្តែង ដើម្បី​បញ្ជូន​របាយការណ៍​ទៅ​ថ្នាក់​លើ​ពិនិត្យ​សម្រេច ៖

លោក យឺត សារៀន៖ «គាត់​កុហក​ម៉េច​បើ​រឿង​នឹង​ខ្ញុំ​មិន​ទាន់​ចូល​ដោះស្រាយ​ផង​ ជួន​កាល​ប្រជា​ពលរដ្ឋ​គាត់​អត់​ដឹង តែ​ឥឡូវ​រង​ស្រុក​ខេត្ត​គេ​ចុះ​ទៅ​តំបន់​នោះ​ហើយ»

ជុំវិញ​រឿង​នេះ មន្ត្រី​សម្រប​សម្រួល​សមាគម​អាដហុក (Adhoc) ប្រចាំ​ខេត្ត​មណ្ឌលគិរី លោក ប៊ី វ៉ាន់នី ស្នើ​ឱ្យ​អភិបាល​ខេត្ត​មណ្ឌលគិរី លោក ថង សាវុន សើរើ​ឡើង​វិញ​ពី​ការ​ចុះហត្ថលេខា​ធ្វើ​ប្លង់​កម្ម​​សិទ្ធិ ឬ​ប្លង់​រឹង លើ​ដី​ព្រៃ​កប់​សព​របស់​សហគមន៍។

លោក​ថា ប្រសិន​បើ​រក​ឃើញ​ថា ការ​ធ្វើ​ប្លង់​រឹង​មាន​ភាព​មិន​ប្រក្រតី មន្ត្រី​ជំនាញ​សុរិយោដី ត្រូវ​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ច្បាប់។

លោក ប៊ី វ៉ាន់នី៖ «ដី​ដែល​ចុះ​សមូហភាព​ហើយ​ទៅ​ចុច​ប្លង់​រឹង គឺ​វា​ផ្ទុយ​ពី​ច្បាប់​​ភូមិបាល​ ដោយ​ពលរដ្ឋ​មាន​សិទ្ធិ​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​បាន នោះ​គេ​នឹង​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​ចំពោះ​មន្ត្រី​សុរិយោដី​ អ្នក​ចេញ​ប្លង់ និង​អ្នក​ចុះ​ហត្ថលេខា​ប្លង់​រឹង ស្រប​តាម​នីតិវិធី​ច្បាប់»

ប្រជាសហគមន៍ថា មិន​ត្រឹម​តែ​ដី​ព្រៃ​​កប់​សព​នោះទេ ដែល​ទទួល​រង​ការ​រំលោភបំពាន ដីព្រៃនៅតំបន់​ភ្នំ ព្រៃ​ជំនឿ​ស្ទើរ​តែគ្រប់​តំបន់​ក្នុង​ខេត្ត​មណ្ឌលគិរី ត្រូវ​​បាន​អាជ្ញាធរ​ឃុបឃិត​​ជាមួយ​ក្រុម​ឈ្មួញ​ ​ចេញ​បណ្ណ​កម្មសិទ្ធិ​ជា​ដី​ឯកជន​រំលោភ​យក​ជា​បន្ត​បន្ទាប់ បង្កើត​ជា​ជម្លោះ​រ៉ាំ​រ៉ៃ​ និង​វិបត្តិ​សង្គម​ជាច្រើន ប៉ះពាល់​ជីវភាព​រស់នៅ​របស់​ជនជាតិ​ដើម​ភាគ​តិច​ព្នង។

អ្នកភូមិ​ព្រមាន​ថា ​នឹង​លើក​គ្នា​តវ៉ា​ទ្រង់ទ្រាយ​ធំ​នៅ​សាលាខេត្ត​មណ្ឌលគិរី និង​ដាក់​ញត្តិ​នៅ​ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី​ ហ៊ុន ម៉ាណែត ប្រសិនបើ​អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី មិន​ដោះស្រាយ​ករណី​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
អ្នក​វិភាគ និង​មន្ត្រី​បក្ស​ប្រឆាំង ថា លោក ហ៊ុន ម៉ាណែត កំពុង​បោកពលរដ្ឋ និង​អន្តរជាតិ អំពី​ការ​ប្ដេជ្ញា​ចិត្ត​អនុវត្ត​គោលដៅ​អភិវឌ្ឍន៍​ SDGs របស់​ អ.ស.ប
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។