អាជ្ញាធរ​ចាប់ខ្លួន​ប្រជា​ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​៣​រូប​នៅ​ខេត្ត​កណ្តាល

ដោយ ខែ សុណង
2021-07-04
Share

អាជ្ញាធរ​ចាប់ខ្លួន​ប្រជា​ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​៣​រូប​នៅ​ស្រុក​ស្អាង ខេត្ត​កណ្តាល ក្នុង​គ្រា​ដែល ពួកគាត់​ចេញ​តវ៉ា​រឿង​ដីធ្លី ស្វែងរក​ដំណោះស្រាយ ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច​។ មន្ត្រី​សង្គម​ស៊ីវិល​យល់​ថា ការ​ចាប់ខ្លួន​ពលរដ្ឋ​មិនមែន​ដំណោះស្រាយ​ដើម្បី​បញ្ចប់​ជម្លោះដីធ្លី​នោះ​ទេ។

សមត្ថកិច្ច​ខេត្ត​កណ្តាល​ចាប់​ខ្លួន​ប្រជា​ពលរដ្ឋ​៣​នាក់ តំណាង​ឱ្យ​ពលរដ្ឋ​ជាង ១០០​នាក់ កាលពី​ថ្ងៃទី​០២ កក្កដា ពាក់ព័ន្ធ​នឹង​បញ្ហា​ដីធ្លី​នៅ​ស្រុក​ស្អាង។

តំណាង​ពលរដ្ឋ​ដែល​ត្រូវ​បាន​ចាប់ខ្លួន​ទាំង ៣​នាក់​នោះ រួមមាន​លោក ផៃ ថី អាយុ​៥៤​ឆ្នាំ លោក ប៊ុន ចាន់សិត អាយុ​៣៦​ឆ្នាំ និង​លោក គឹម បូរិន អាយុ​៣៤​ឆ្នាំ​។ ការ​ចាប់ខ្លួន​តំណាង​ពលរដ្ឋ​នេះ បន្ទាប់​ពី​ពួកគាត់​ចេញ​មុខ​ការពារ​ដីស្រែ​ពលរដ្ឋ ទំហំ​១៧៥​ហិកតារ ស្ថិតនៅ​ឃុំ​ប្រាសាទ ស្រុក​ស្អាង ខេត្ត​កណ្តាល កាល​ពី​ចុង​ខែ​មិថុនា។

ប្រពន្ធ​ពលរដ្ឋ​ដែល​អាជ្ញាធរ​ចាប់ខ្លួន លោក គឹម បូរិន គឺ​លោកស្រី ទ្រី ស្រីមុំ រៀបរាប់​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ជន​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់ បាន​អះអាង​ថា ជា​ឈ្មួញ​ទិញ​ដី បាន​ទំនាក់ទំនង​តាម​លេខ​ទូរស័ព្ទ មន្ត្រី​ប៉ុស្តិ៍​នគរបាល​ឃុំ​ខ្ពប ដោយ​ហៅ​តំណាង​ប្រជាពលរដ្ឋ ៥​នាក់​ទៅ​ជួប​នៅ​សាលាឃុំ ដើម្បី​សម្របសម្រួល​ដោះស្រាយ​បញ្ហា​វិវាទ​ធី​ធ្លី​កន្លងមក​។ លោកស្រី​បន្ត​ថា ពេល​ទៅ​ដល់​សាលាឃុំ​ខ្ពប ស្រាប់តែ​សមត្ថកិច្ច​ជាច្រើន​នាក់​បាន​ចាប់​គ្រៀក​ប្តី​លោកស្រី​និង​វ៉ៃ​ខ្នោះ​ពលរដ្ឋ ២​នាក់​ទៀត រុញ​បញ្ចូល​ឡាន ហើយ ដឹក​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល។

លោកស្រី ទ្រី ស្រីមុំ ខកចិត្ត​ជា​ខ្លាំង​ចំពោះ​អាជ្ញាធរ​ដែល​ចាប់​ប្តី​លោកស្រី ដោយ​ពុំ​បាន​បញ្ជាក់​មូលហេតុ ឬ​បង្ហាញ​ដីកា។ លោកស្រី​ចាត់ទុក​ការ​ចាប់ខ្លួន​នេះ​ជា រឿង​អយុត្តិធម៌ ធ្វើ​បាប​ពលរដ្ឋ​ស្លូតត្រង់​ដែល​ចេញមុខ​ការពារ​ដីស្រែ​របស់​ខ្លួន​ដើម្បី​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​៖ «អ៊ីចឹង​ខ្ញុំ​គិតថា​អយុត្តិធម៌​ណាស់​ហើយ​មក​ចាប់​ប្តី​ខ្ញុំ​ទៀត បើ​ចាប់​មាន​ដីកា​ត្រឹមត្រូវ​ខ្ញុំ​ក៏​អស់ចិត្ត​ដែរ តែ​មិន​មាន​ដីកា​ចុះ​មក​ចាប់​ប្តី​ខ្ញុំ​យក​តែម្ដង​ដូច​ប្តី​ខ្ញុំ​ធ្វើ​ខុស​អី​បាន​គេ​យក​ប៉ូលិស​មក​ព័ទ្ធ​ចាប់​ប្តី​ខ្ញុំ​ញាត់​ចូល​ឡាន​​ហ្នឹង​ខ្ញុំ​ព្រួយ​បារម្ភ​ពី​គាត់​ណាស់ កម្លាំង​ប៉ូលិស​ដែល​ចាប់ខ្លួន​ប្តី​ខ្ញុំ​សុំ​ដោះលែង​គាត់​ទៅ»

ជុំវិញ​រឿង​នេះ មេ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ខ្ពប លោក ប៉ែន វុត្ថា បដិសេធ​ថា លោក​មិន​ដឹង​ពី​ករណី​ចាប់ខ្លួន​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​លោក​ទេ។ ចំណែក​អធិការ​នគរបាល​ស្រុក​ស្អាង លោក រស់ ចន្ថា វិញ លោក​ក៏​មិន​បកស្រាយ​រឿង​នេះ​ដែរ ដោយ​លោក​រុញ​ឱ្យទៅ​សួរ​អាជ្ញាធរ​ខេត្ត​កណ្តាល​វិញ។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល លោក ឈឿន សុចិត្រ ដើម្បី​ឆ្លើយ​តប​ជុំវិញ​ការ​ចាប់​ខ្លួន ប្រជាពលរដ្ឋ​នេះ​បាន​ទេ នៅ​ថ្ងៃទី៣ កក្កដា។

រីឯ​អភិបាល​ខេត្តកណ្តាល លោក គង់ សោភ័ណ្ឌ ប្រាប់​ថា លោក​កំពុង​ជាប់រវល់​ប្រជុំ ហើយ​ចុច​ផ្តាច់​ទូរស័ព្ទ​។ ដោយឡែក​អ្នកនាំពាក្យ​តុលាការ​ខេត្តកណ្តាល សូ សារិន វិញ ថ្លែង​ថា លោក​មិន​អាច​បញ្ជាក់​ករណី​ចាប់​ពលរដ្ឋ​នៅ​ស្រុក​ស្អាង​បាន​ទេ នៅ​ថ្ងៃទី​០៣ កក្កដា ក្រោម​ហេតុផល​ថា ជា​ថ្ងៃ​ឈប់​សម្រាក។

ទោះជា​យ៉ាងណា លោកស្រី ទ្រី ស្រីមុំ បញ្ជាក់​ថា សមត្ថកិច្ច​កំពុង​សាកសួរ​ប្តី​លោកស្រី​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល​។ លោកស្រី​ស្នើ​ឱ្យ​សមត្ថកិច្ច​ដោះលែង​ប្តី​លោកស្រី និង​ពលរដ្ឋ​ផ្សេងទៀត​ឱ្យ​មាន​សេរីភាព​វិញ ព្រោះ​ពួកគាត់​មិន​មាន​កំហុស​នោះ​ទេ។

ជុំវិញ​រឿង​នេះ ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) លោក នី សុខា ចាត់ទុក​ការ​ចាប់ខ្លួន​ពលរដ្ឋ​នេះ គឺជា​ការ​គំរាមកំហែង​ដល់​សិទ្ធិ និង​យុត្តិធម៌​សម្រាប់​ប្រជាពលរដ្ឋ​ដែល​ចេញ​តវ៉ា​រឿង​ដីធ្លី​។ លោក​ថា ការ​ចាប់ខ្លួន​ពលរដ្ឋ​បែប​នេះ មិនមែន​ជា​ដំណោះស្រាយ​ដើម្បី​បញ្ចប់​វិវាទ​នោះ​ឡើយ​។ លោក​ស្នើ​ឱ្យ​អាជ្ញាធរ​អាជ្ញាធរ​ដោះលែង​ក្រុម​ពលរដ្ឋ​វិញ និង​ដោះស្រាយ​វិវាទ​ដីធ្លី​នេះ​ដោយ​ត្រឹមត្រូវ​តាម​គោលការណ៍​ច្បាប់​៖ «ដូច្នេះ​រូបភាព​នៃ​ការ​ធ្វើ​នេះ​គឺ​យើង​សបញ្ជាក់​អំពី​បញ្ហា​នៃ​ការ​ចាប់ខ្លួន​ដើម្បី​គំរាមកំហែង​ទៅដល់​ស្មារតី​ប្រជាពលរដ្ឋ​គ្មានអ្វី​ក្រៅពី​ចង់ឱ្យ​ប្រជាពលរដ្ឋ​ហ្នឹង​បញ្ឈប់​ការ​តវ៉ា​ទាំងអស់​ហ្នឹង​ទេ ក្នុងនាម​សង្គម​ស៊ីវិល​ខ្ញុំ​យល់ថា​ជា​បទពិសោធន៍​រដ្ឋាភិបាល​ឬក៏​អាជ្ញាធរ​ដែល​មាន​សមត្ថកិច្ច​ក្នុង​ការ​ដោះស្រាយ​វិវាទ​ដីធ្លី​គួរតែ​បង្កើត​គណៈកម្មការ​មួយ​ដើម្បី​ធ្វើការ​ស្រាវជ្រាវ​ឱ្យ​បាន​ច្បាស់ ដូច្នេះ​ខ្ញុំ​គិតថា​ការស្រាវជ្រាវ​ប្រភេទ​ដីធ្លី​ប្រភេទ​ហ្នឹង​មិនមែន​ជា​បញ្ហា​អី​លំបាក​សម្រាប់​អាជ្ញាធរ​ក្នុង​ការ​ស្រាវជ្រាវ ប៉ុន្តែ​សំខាន់​ការស្រាវជ្រាវ​ត្រូវតែ​ឈរ​សុចរិតយុត្តិធម៌​ទៅ​ដល់​គូភាគី​ឱ្យ​បាន​ត្រឹមត្រូវ»

ប្រជាពលរដ្ឋ​អះអាង​ថា ពួកគាត់​បាន​ចូល​ធ្វើស្រែ​លើ​ដី​នោះ​តាំងពី​ឆ្នាំ​១៩៨០ និង​បន្ត​រហូតដល់​កូន​ចៅ ហើយ​ពួកគាត់​ក៏​មាន​ឯកសារ​ទទួលស្គាល់​ដោយ​មេឃុំ​ប្រាសាទ​ផង​ដែរ​។ ប៉ុន្តែ ថ្មីៗ​នេះ​អាជ្ញាធរ​ស្រុក​ស្អាង​បែរជា​អះអាង​ថា ដីស្រែ​ដែល​ពួកគាត់​ធ្លាប់ធ្វើ​នោះ ត្រូវ​បាន​ពលរដ្ឋ​ផ្សេង​លក់​ទៅ​ឱ្យ​ឈ្មួញ​ហើយ ហើយ​សព្វថ្ងៃ​កំពុង​កាន់​កាប់​ដោយ​ឈ្មួញ ដែល​មាន​ប្លង់​រឹង។

ទោះជា​យ៉ាងណា ក្រុម​ពលរដ្ឋ​ចំនួន​១៥៤​គ្រួសារ​ដែល​អាស្រ័យ​ផល​លើ​ដី​នោះ ទាមទារ​ឱ្យ​អាជ្ញាធរ​​ផ្តល់​យុត្តិធម៌​ដោយ​បង្ហាញ​ឈ្មួញ​ទិញ​ដី ប៉ុន្តែ​ជារឿយៗ​អាជ្ញាធរ​តែ​តែ​បដិសេធ​សំណើ​ពួកគាត់ ហើយ​ថែមទាំង​ដាក់​គ្រឿងចក្រ​ឈូស​ឆាយ និង​កម្លាំង​សមត្ថកិច្ច​រារាំង​ពលរដ្ឋ​មិន​ឱ្យ​ចូល​ទៅ​ធ្វើ​ស្រែ​លើ​ដី​នោះ​ទៀត​ផង។

ក្រុម​ប្រជាពលរដ្ឋ​ស្នើ​ឱ្យ​អាជ្ញាធរ​ខេត្ត​កណ្តាល​ដោះលែង​តំណាង​ពួកគាត់​ត្រឡប់​មក​ផ្ទះ​វិញ និង​ទទូច​ដល់​អាជ្ញាធរ​ខេត្ត​នេះ​ឱ្យ​ជួយ​រក​ដំណោះស្រាយ ទំនាស់​ដីធ្លី​នេះ​ដោយ​សន្តិវិធី​តាមច្បាប់​ផង​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល