តុលាការ​ខេត្ត​កណ្ដាល​សម្រេច​​ឃុំ​ខ្លួន​​តំណាង​​ពលរដ្ឋ​មាន​​ជម្លោះ​ដី​ធ្លី​៣​​នាក់ ដាក់​​ពន្ធនាគារ​​បណ្ដោះ​អាសន្ន

ដោយ ឡេង ម៉ាលី
2021-07-06
Share
តុលាការ​ខេត្ត​កណ្ដាល​សម្រេច​​ឃុំ​ខ្លួន​​តំណាង​​ពលរដ្ឋ​មាន​​ជម្លោះ​ដី​ធ្លី​៣​​នាក់ ដាក់​​ពន្ធនាគារ​​បណ្ដោះ​អាសន្ន តំណាងពលរដ្ឋ៣នាក់ត្រូវបានតុលាការសម្រេចឃុំខ្លួនជាបណ្តោះអាសន្នក្រោមបទចោទញុះញង់នៅក្នុងជម្លោះដីធ្លីនៅស្រុកស្អាង ខេត្តកណ្តាល។
រូប៖ ហ្វេសប៊ុកស្នងការដ្ឋាននគរបាលខេត្តកណ្ដាល

ចៅក្រម​ស៊ើប​សួរ​នៃ​សាលា​ដំបូង​ខេត្ត​កណ្ដាលលោក ជា​ សុខ​ហៀង សម្រេច​ឃុំ​ខ្លួន​ដាក់​ពន្ធនាគារ ​ពលរដ្ឋ​ ៣ ​នាក់ គឺ​មាន​លោក ផៃ​ ថី វ័យ​ ៥៥ឆ្នាំ លោក គឹម បូរិន វ័យ​ ៣៤ឆ្នាំ និង​លោក ប៊ុន ចាន់​សិដ្ឋ វ័យ​៣៤​ឆ្នាំ ក្រោម​បទ​ចោទ​តាម​ក្រម​​ព្រហ្មទណ្ឌ​តែ​មួយ គឺ​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម ដែល​ប្រព្រឹត្ត​នៅ​ចំណុច​អូរ​សន្ធៃ ភូមិ​លេខ​៤ ឃុំ​ប្រាសាទ ស្រុក​ស្អាង ខេត្ត​កណ្ដាល ​កាល​ពី​ដើម​ខែ​កក្កដា។

ក្នុង​ដីកា​បង្គាប់​ឲ្យ​ឃុំ​ខ្លួន​របស់​តុលាការ​ ដែល​បង្ហោះ​ក្នុង​គេហទំព័រ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្ដាល កាល​ពី​យប់​ថ្ងៃ​ទី​៤ ខែកក្កដា​ បាន​បង្គាប់​ឲ្យ​ប្រធាន​ពន្ធនាគារ​ខេត្ត​កណ្ដាល​ទទួល​ជន​ទាំង​បី​នាក់ និង​ឃុំ​ខ្លួន​ពួក​គាត់​រហូត​ដល់​មាន​បទ​បញ្ជា​សម្រេច​ផ្សង​ពី​នេះ។

អាស៊ី​សេរី​មិន​អាច​សុំ​ការ​បញ្ជាក់​បន្ថែម​រឿង​នេះ ពី​អ្នកនាំពាក្យ​សាលា​ដំបូង​ខេត្ត​កណ្ដាលលោក សូ សារិន នៅ​ថ្ងៃ​ទី​៥ ខែកក្កដា បាន​នៅ​ឡើយ​ទេ ដោយ​ហៅ​ទូរស័ព្ទ​ចូល តែ​ពុំ​មាន​អ្នក​ទទួល។

ក្រុម​សាច់​ញាតិ​ជន​រងគ្រោះ​ថា ​ការ​ចោទ​ប្រកាន់​របស់​តុលាការ​នេះ ជា​រឿង​ពិត​នោះ​ទេ ព្រោះ​ការ​ចេញ​តវ៉ា​រក​ដំណោះស្រាយ​រឿង​ដីធ្លី​ជាមួយ​ឈ្មួញ​មិន​ស្គាល់​មុខ​ឈ្មោះជាង ​២​-៣​ឆ្នាំ​មក​នេះ​ គឺ​ពលរដ្ឋ​ជាង​ ១៥០​គ្រួសារ​ ចេញ​ទាមទារ​ដោយ​ខ្លួន​ឯង មិន​មាន​អ្នក​ណា​ញុះញង់​អ្នក​ណា​ឡើយ។

ប្រពន្ធ​លោក ផៃ ថី គឺ​លោកស្រី ហុក គន្ធា ថ្លែង​ថា ការ​ចោទ​ប្រកាន់​របស់​តុលាការ​នេះ គឺ​ជា​រឿង​អយុត្តិធម៌​សម្រាប់​គ្រួសារ​លោក​ស្រី និង​ពលរដ្ឋ​ ២គ្រួសារ​ទៀត​ ដែល​​គ្រាន់​តែ​ទៅ​ស្វែង​រក​ដំណោះស្រាយ​ដីធ្លី​ ពី​អាជ្ញាធរ​ដោយ​សន្តិវិធី​៖ «ខ្ញុំ​សូម​សំណូមពរ​ទៅ​តុលាការ​ សុំ​ឲ្យ​តុលាការ​ជួយ​ដោះលែង​ប្ដី​ខ្ញុំ​មក​វិញ ព្រោះ​ពាក្យ​ចោទ​ប្រកាន់​នេះ វា​អត់​ការ​ពិត​ រង​នូវ​អយុត្តិធម៌​ខ្លាំង​ណាស់។ ប្ដី​ខ្ញុំ​អត់​បាន​ប្រព្រឹត្ត​អំពើ​ហ្នឹង​ផង។ ម្ចាស់​ដី​ៗ​នាំ​គ្នា​ចុះ​ទៅ​ខ្លួន​ឯង។ ដី​របស់​ប្រជាពលរដ្ឋ​រៀង​ខ្លួន។ ប្ដី​ខ្ញុំ​អត់​បាន​ទៅ​បង្ក​វឹក​វរ​អ្វី​ ដឹកនាំ​អ្វី​មេ​កើយ​អ្វី​ អត់​ទេ។ បើ​លោក​ពូ​មិន​ជឿ​ចុះ​មក​ស្រាវជ្រាវ​តាម​ភូមិ​ឃុំ សួរ​ពលរដ្ឋ​ដែល​ជា​ម្ចាស់​ដី​រៀង​ៗ​ខ្លួន​ គាត់​នឹង​ឆ្លើយ​បំភ្លឺ​ឲ្យ»។

ដូច​គ្នា​នេះ ប្រពន្ធ​លោក គឹម បូរិន គឺ​លោកស្រី ទ្រី ស្រីមុំ ដែល​កំពុង​មាន​ជំងឺ​ និយាយ​ថា ប្ដី​លោកស្រី មិន​បាន​ប្រព្រឹត្ត​កំហុស​ដូច​ការ​ចោទ​របស់​តុលាការ​នោះ​ទេ។ ស្ត្រី​វ័យ​ ៣១​ឆ្នាំ​ ដែល​មាន​កូន​តូច​ ៣​នាក់ ក្នុង​បន្ទុក​គ្រួសារ ​ស្នើ​សុំ​តុលាការ​ឱ្យ​ទម្លាក់​ចោល​បទ​ចោទ​នេះ​វិញ ហើយ​ដោះ​លែង​លោក គឹម បូរិន និង​ពលរដ្ឋ​ ២​នាក់​ទៀត ឲ្យ​បាន​មក​ជួប​ជុំ​គ្រួសារ​វិញ ព្រោះ​គ្រួសារ​កំពុង​ជួប​បញ្ហា​ជីវភាព​ខ្វះខាត​ខ្លាំង​៖ «ខ្ញុំ​សូម​ឲ្យ​តុលាការ​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​ហ្នឹង ហើយ​ដោះលែង​ប្ដី​ខ្ញុំ​មក​វិញ​មក​។ រឿង​ដីធ្លី​អី គាត់​នឹង​បោះចោល​ ឈប់​តវ៉ា ឈប់​អី​ហើយ។ ស្អី​ក៏​ខ្ញុំ​អត់​ចង់​បាន​ដែរ ឲ្យ​តែ​ប្ដី​ខ្ញុំ​មក​ជួប​ជុំ​កូន​ខ្ញុំ​វិញ​មក។ សូម​សម្ដេច​ជួយ​ផង!»

សមត្ថ​កិច្ច​ខេត្ត​កណ្តាល​ ចាប់​ខ្លួន​ពល​រដ្ឋ​ ៣​នាក់​ តំណាង​​ឱ្យ​​ពលរដ្ឋ​ជាង​ ១៥០​គ្រួសារ​ (១៥៤) កាល​ពីថ្ងៃទី២ ខែកក្កដា ពាក់​ព័ន្ធ​​នឹង​​បញ្ហា​​ដី​ធ្លី​មួយ​កន្លែង​ នៅ​ស្រុក​ស្អាង។ ការ​ចាប់​ខ្លួន​តំណាង​ពល​រដ្ឋ​នេះ គឺ​បន្ទាប់​ពី​ពួក​គាត់​ចេញ​មុខ​ការ​ពារ​ដី​ស្រែ​ពល​រដ្ឋ​សរុប​ទំហំ​ ១៧៥​ហិតារ ស្ថិត​នៅ​ឃុំ​ប្រាសាទ ស្រុក​ស្អាង ខេត្ត​កណ្តាល កាល​ពី​ចុង​ខែ​មិថុនា​កន្លង​ទៅ។

ទាក់​ទង​នឹង​រឿង​នេះ នាយក​រង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត មាន​ប្រសាសន៍​ថា ការ​ប្រើ​ប្រាស់​កម្លាំង​សមត្ថកិច្ច និង​ប្រព័ន្ធ​តុលាការ​ចាប់​ឃុំ​ពលរដ្ឋ​ដាក់​ពន្ធនាគារ​បែប​នេះ មិន​មែន​ជា​ដំណោះស្រាយ​ល្អ​ប្រសើរ​ ដែល​អាច​ឈាន​រក​ទៅ​ការ​បញ្ចប់​វិវាទ​ដីធ្លី​នេះ​បាន​ឡើយ។

លោក​យល់​ថា តុលាការ​គួរ​ទម្លាប់​ចោល​បទ​ចោទ​ប្រកាន់​នេះ ហើយ​ទុក​ឲ្យ​ខាង​អាជ្ញាធរ​ខេត្ត សហការ​ជាមួយ​ក្រសួង​ពាក់​ព័ន្ធ​ចុះ​ស៊ើប​អង្កេត​ករណី​នេះ​ឲ្យ​ដឹង​ច្បាស់​​លាស់ និង​ព្យាយាម​ផ្ដល់​ដំណោះស្រាយ​សមរម្យ​ណាមួយ​ជូន​ពលរដ្ឋ​ ដោយ​សន្តិវិធី នោះ​ទើប​ជា​ការ​ល្អ​៖ «ខ្ញុំ​មើល​ទៅ​ឃើញ​ថា​ នេះ​មិន​មែន​ជា​វិធី និង​យន្ត​ការ​ដំណោះស្រាយ​ល្អ​ទេ ព្រោះ​បទពិសោធន៍​កន្លង​មក​ហើយ ការ​ប្រើ​យន្តការ​តុលាការ​ចោទ​ប្រកាន់ ហើយ​នឹង​ការ​ឃុំ​ខ្លួន​ វា​អត់​អាច​បញ្ចប់​អា​វិបត្តិ​ដីធ្លី​ហ្នឹង​បាន​ទេ។ វា​កាន់​តែ​មាន​បញ្ហា​កក្រើក​ឡើង​ត​ទៅ​ទៀត។ អ៊ីចឹង​ហើយ​! យើង​អង្គការ​សង្គម​ស៊ីវិល​ សូម​ទទូច​ថា បញ្ហា​ដីធ្លី​ឲ្យ​ដោះស្រាយ​គ្នា តា​សន្តិវិធី ជាជាង​ប្រើប្រាស់​តាម​ប្រព័ន្ធ​តុលាការ​ ក្នុង​ការ​ចាប់​ ក្នុង​ការ​គំរាមកំហែង បំភិត​បំភ័យ​អី​ជា​ដើម​ហ្នឹង។ យើង​ត្រូវ​សិក្សា​ឫសគល់​នៃ​បញ្ហា​ដីធ្លី​ហ្នឹងបាន​ជា​បញ្ហា​ល្អ »

ពលរដ្ឋ​អះអាង​​ថា ពួក​គាត់​​បាន​​ចូល​​ធ្វើ​​ស្រែ​​លើ​​ដី​នោះ​​តាំង​ពី​ឆ្នាំ​១៩៨០ និង​​បន្ត​​រហូត​​ដល់​​កូន​​ចៅ ហើយ​ពួក​គាត់​ក៏​មាន​ឯក​សារ​ទទួល​ស្គាល់​ដោយ​មេឃុំ​ប្រាសាទ​ផង​ដែរ។ ប៉ុន្តែ​​ថ្មីៗ​ នេះ​អាជ្ញាធរ​ស្រុក​ស្អាង​បែរ​ជា​​អះ​អាង​ថា ដីស្រែ​ដែល​​​ពួក​គាត់​ធ្លាប់​​ធ្វើ​នោះ ត្រូវ​បាន​ពលរដ្ឋ​ផ្សេង​លក់​ទៅ​ឱ្យ​ឈ្មួញ​ហើយ ហើយ​សព្វ​ថ្ងៃ​កំពុង​កាន់​កាប់​ដោយ​​ឈ្មួញ ដែល​​មាន​​ប្លង់​រឹង។

ទោះ​ជា​យ៉ាងណា ក្រុម​ពល​រដ្ឋ​ ១៥៤​គ្រួសារ​ ដែល​កំពុង​រស់​នៅ​អាស្រ័យ​ផល​លើ​ដី​នោះ ទាម​ទារ​ឱ្យ​អាជ្ញាធរ​ផ្តល់​យុត្តិ​ធម៌​ដោយ​បង្ហាញ​ឈ្មួញ​ទិញ​ដី ប៉ុន្តែ​អាជ្ញាធរ​បែរ​ជា​បដិសេធ​សំណើ​ពួក​គាត់ ហើយ​ថែម​ទាំង​ដាក់​គ្រឿង​ចក្រ​ឈូស​ឆាយ និង​មាន​កម្លាំង​សមត្ថ​កិច្ច​រារាំង​ពលរដ្ឋ​មិន​ឱ្យ​ចូល​ទៅ​ធ្វើ​​ស្រែ​លើ​​ដី​នោះ​ទៀត​ផង​។

ក្រុម​​ប្រជា​ពលរដ្ឋ​ស្នើ​ឱ្យ​តុលាការ​ខេត្ត​កណ្ដាល​ដោះ​លែង​តំណាង​ពួក​គាត់​ឲ្យ​មាន​សេរីភាព​វិញ និង​​ទទូច​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​ឱ្យ​ផ្ដល់​ដំណោះ​ស្រាយ​​បញ្ចប់​ទំនាស់​ដី​ធ្លី​នេះ​ ដោយ​សន្តិ​វិធី​ និង​អាច​ទទួល​យក​បាន​ពី​គ្រប់​ភាគី​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល