ពលរដ្ឋ​នៅ​ក្រចេះ​រារាំង​ក្រុមហ៊ុន​កូរ៉េ​មិន​ឲ្យ​ឈូស​ឆាយ​ដី

ប្រជាពលរដ្ឋ​នៅ​ខែត្រ​ក្រចេះ ជាង ២០០​គ្រួសារ កំពុង​តែ​ប្រឈម​នឹង​បញ្ហា​បាត់បង់​ដី​ស្រែ និង​ចម្ការ​របស់​ពួកគាត់ ដោយសារ​តែ​ក្រុមហ៊ុន​កូរ៉េ​មួយ​កំពុង​ឈូស​ឆាយ​យក​ដី​របស់​ពួកគាត់។

0:00 / 0:00

ប្រជាពលរដ្ឋ​នៅ​ក្នុង​ឃុំ​កំពង់ចាម ស្រុក​សំបូរ ខែត្រ​ក្រចេះ ជាង ១០០​នាក់ បាន​នាំ​គ្នា​សម្រុក​ចូល​ទៅ​តំបន់​ការដ្ឋាន​ក្រុមហ៊ុន​កូរ៉េ ឈ្មោះ ស៊ីង ដាយអូទិច (Think Biotic) ក្នុង​គោលបំណង​ដើម្បី​ទប់ស្កាត់​មិន​ឲ្យ​គ្រឿងចក្រ​របស់​ក្រុមហ៊ុន​បញ្ឈប់​ឈូស​ឆាយ​នៅ​លើ​ដី​ចម្ការ​របស់​ពួក​គាត់​នៅ​ថ្ងៃ​ទី​២៦ ឧសភា។

ប្រជាពលរដ្ឋ​ឈ្មោះ សំ ណូ បាន​អះអាង​ថា មូលហេតុ​ដែល​ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​សម្រុក​ចូល​ទៅ​ការដ្ឋាន​ក្រុមហ៊ុន​នេះ ដោយសារ​តែ​កន្លង​មក​ខាង​អាជ្ញាធរ​ឃុំ ស្រុក និង​ខែត្រ សន្យា​ថា ដោះស្រាយ​ជូន​មិន​ឲ្យ​ក្រុមហ៊ុន​ចូល​ឈូស​ឆាយ​ដី​ចម្ការ​វិល​ជុំ និង​ដី​ស្រែ​របស់​ពួកគាត់ តែ​មក​ទល់​ពេល​នេះ គ្មាន​លទ្ធផល​នោះ​ឡើយ ហើយ​ក្រុមហ៊ុន​នៅ​តែ​ធ្វើ​សកម្មភាព​ឈូស​ឆាយ​ដី​របស់​ពួក​គាត់​ជា​រៀង​រាល់​ថ្ងៃ។

ប្រភព​បាន​អះអាង​ថា ក្រុមហ៊ុន កូរ៉េ ស៊ីង ដាយអូទិច បាន​ចុះ​ទៅ​ធ្វើ​សកម្មភាព​ឈូស​ឆាយ​ដី​ព្រៃ​នៅ​ខែត្រ​ក្រចេះ នៅ​ចុង​ឆ្នាំ​២០១២ ដែល​ក្រុមហ៊ុន​នេះ​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល​ជាង ២​ម៉ឺន​ហិកតារ ដើម្បី​ដាំ​ដើម​អាកាស្យា។

មេ​ឃុំ​កំពង់ចាម លោក ឈិត ណន ដែល​លោក​បាន​ចុះ​ទៅ​ជួប​ប្រជាពលរដ្ឋ​ក្នុង​គោល​បំណង​ឲ្យ​ប្រជាពលរដ្ឋ​វិល​ទៅ​ផ្ទះ​វិញ​នោះ លោក​មាន​ប្រសាសន៍​ថា ដី​នៅ​ក្នុង​ឃុំ​របស់​លោក​ដែល​ត្រូវ​ក្រុមហ៊ុន​​ឈូស​ឆាយ​នោះ ប្រមាណ​ជា ៥​ពាន់​ហិកតារ។ ដោយ​ឡែក​ដី​ជាង​មួយ​ម៉ឺន​ហិកតារ​ទៀត គឺ​ស្ថិត​នៅ​ក្នុង​ឃុំ​ផ្សេង​ទៀត។ លោក​មេ​ឃុំ​បញ្ជាក់​ថា ក្រុមហ៊ុន​ឈូស​ឆាយ​ប៉ះពាល់​ដី​អ្នក​ភូមិ​នោះ គឺ​ក្រុមហ៊ុន​ឈូស​ធ្វើ​ផ្លូវ​សម្រាប់​ធ្វើ​ដំណើរ​ទេ។ ទោះ​បី​ជា​យ៉ាង​ណា លោក​មេ​ឃុំ​ក៏​បាន​ទទួល​ស្គាល់​ដែរ​ថា ក្រុមហ៊ុន​បាន​ឈូស​ឆាយ​ដី​ប៉ះពាល់​លើ​ដី​ប្រជាពលរដ្ឋ​នោះ​ជាង ១០០​គ្រួសារ។

យ៉ាង​នេះ​ក្ដី ក្រុម​ប្រជាពលរដ្ឋ​ចូល​មិន​ដល់​ការដ្ឋាន​ក្រុមហ៊ុន​ដែល​រក្សា​ទុក​គ្រឿងចក្រ​ជា​ច្រើន​គ្រឿង​នោះ​ទេ ដោយ​កម្មករ​ក្រុមហ៊ុន​បាន​យក​រថយន្ត​ដាក់​បាំង​បិទ​ផ្លូវ មិន​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​ចូល​ទៅ​បាន និង​មាន​កម្លាំង​សមត្ថកិច្ច​ទៅ​ទប់​ស្កាត់​ផង។ ទោះ​ជា​យ៉ាង​នេះ​ក្ដី ក្រុម​ប្រជាពលរដ្ឋ​បាន​អះអាង​ថា ពួកគាត់​មិន​ដក​ថយ​ទេ ពួកគាត់​នឹង​បោះ​តង់​ស្នាក់​នៅ​ក្បែរ​ការដ្ឋាន​ក្រុមហ៊ុន​រហូត​ដល់​មាន​ដំណោះ​ស្រាយ។

ការ​តវ៉ា​របស់​អ្នក​ភូមិ​នេះ ក៏​មាន​ការ​ចូល​រួម​ពី​បណ្ដាញ​ការពារ​ព្រៃ​ឡង់​មក​ពី​ខែត្រ​កំពង់ធំ ដែរ។ លោក ម៉ិញ នី ជា​បណ្ដាញ​ការពារ​ព្រៃឡង់ នៅ​ខែត្រ​កំពង់ធំ។ លោក​បាន​បញ្ជាក់​ថា ក្រៅ​ពី​ក្រុមហ៊ុន​ឈូស​ឆាយ​ដី​ប៉ះ​លើ​ដី​អ្នក​ភូមិ​នោះ គឺ​ក្រុមហ៊ុន​បាន​ឈូស​ឆាយ​ដី​នៅ​តំបន់​ព្រៃឡង់​ដែរ ដែល​ក្រុមហ៊ុន​នេះ​ឈូស​ឆាយ​ដី​ព្រៃ​មួយ​ចំនួន​ជាប់​ខែត្រ​ស្ទឹងត្រែង ភ្ជាប់​មក​ខែត្រ​ក្រចេះ។

អនុ​ប្រធាន​ក្រុម​ស៊ើប​អង្កេត​នៃ​សមាគម​សិទ្ធិ​មនុស្ស​អាដហុក លោក ចាន់ សុវ៉េត មាន​ប្រសាសន៍​ថា ប្រជាពលរដ្ឋ​ធ្លាប់​បាន​នាំ​គ្នា​មក​ដាក់​ញត្តិ​ដល់​ទីក្រុង​ភ្នំពេញ ដែរ​កន្លង​មក ដើម្បី​រក​ដំណោះស្រាយ​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។ ម្យ៉ាង​ទៀត នៅ​ពេល​ក្រុម​និស្សិត​ចុះ​ទៅ​វាស់វែង​ដី​នោះ អាជ្ញាធរ​មូលដ្ឋាន​បាន​រារាំង ដោយ​គេ​ចាត់​ទុក​ថា ប្រជាពលរដ្ឋ​រស់​នៅ​លើ​ដី​រដ្ឋ​ខុស​ច្បាប់។

លោក ចាន់ សុវ៉េត បាន​សង្កត់​ធ្ងន់​ថា បញ្ហា​ជម្លោះ​ដីធ្លី​នៅ​ឆ្នាំ​២០១៣ នេះ មាន​ប្រមាណ​ជាង ៥០​ករណី សុទ្ធ​តែ​ជា​រឿង​ចាស់ ដែល​ក្រុម​និស្សិត​របស់​រដ្ឋាភិបាល​មិន​វាស់​វែង​ឲ្យ​ពួកគាត់ ហើយ​ជម្លោះ​បន្ត​មក​ដល់​បច្ចុប្បន្ន។

របាយការណ៍​របស់​សមាគម​សិទ្ធិ​មនុស្ស​អាដហុក ចេញ​ផ្សាយ​នៅ​ដើម​ឆ្នាំ​២០១៣ បាន​សរសេរ​ថា នៅ​ក្នុង​ឆ្នាំ​២០១២ រាជ​រដ្ឋាភិបាល​បាន​ផ្ដល់ ឬ​បម្រុង​ដី​យ៉ាង​តិច​ជាង ២,៦​លាន​ហិកតារ (២.៦៥៧.៤៧០​ហិកតារ) ឲ្យ​ក្រុមហ៊ុន​ឯកជន ក្រោម​គម្រោង​សម្បទាន​ដី​សេដ្ឋកិច្ច។ ចំនួន​នេះ​កើន ១៦,៧​ភាគរយ ច្រើន​ជាង​កាល​ពី​ឆ្នាំ​២០១១ ដែល​មាន​ជាង ២,២​លាន​ហិកតារ (២.២៧៦.៣៤៩​ហិកតារ)។

គោល​នយោបាយ​របស់​រដ្ឋាភិបាល​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ឲ្យ​ទៅ​ក្រុមហ៊ុន​ឯកជន​នេះ ត្រូវ​បាន​អង្គការ​សង្គម​ស៊ីវិល​រក​ឃើញ​ថា មិន​មែន​ជា​កត្តា​រុញ​ច្រាន​ឲ្យ​មាន​កំណើន​សេដ្ឋកិច្ច​នោះ​ទេ តែ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​ប្រជាពលរដ្ឋ​នៅ​តំបន់​មួយ​ចំនួន​ទៅ​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។