អ្នក​ភូមិ​ក្បាល​​រមាស​​ចោទ​​អាជ្ញាធរ​​ខេត្ត​ស្ទឹង​ត្រែង​​ថា ​​​រំលោភ​​យក​ដី​ព្រៃ​សហគមន៍​​វិនិយោគ​​ឱ្យ​​ក្រុមហ៊ុន​​

ដោយ ហេង រស្មី
2021-03-30
Share
អ្នក​ភូមិ​ក្បាល​​រមាស​​ចោទ​​អាជ្ញាធរ​​ខេត្ត​ស្ទឹង​ត្រែង​​ថា ​​​រំលោភ​​យក​ដី​ព្រៃ​សហគមន៍​​វិនិយោគ​​ឱ្យ​​ក្រុមហ៊ុន​​ ព្រៃសហគមន៍ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង កាលពីឆ្នាំ ២០១៧។
រូប៖ គេ​ផ្ដល់​ឱ្យ

ជនជាតិ​ដើម​ភាគតិច​ព្នង​ ​៥​៣ ​គ្រួសារ​ ​រស់នៅ​ឃុំ​ក្បាល​រមាស​ ​ស្រុក​សេសា​ន​ ​ដែល​បដិសេធ​មិន​ទទួល​សំណង​ពី​ក្រុមហ៊ុន​ទំនប់​វា​រី​អគ្គិសនី​សេសា​ន​ក្រោម​ពីរ​ ​ចាត់​ទុក​ដី​ព្រៃ​សហគមន៍​ភូមិ​ក្បាល​រមាស​ជា​អាយុជីវិត​របស់​អ្នកភូមិ​។​ ​ពួកគេ​ថា​ ​ប្រសិនបើ​អាជ្ញាធរ​វិនិយោគ​ឱ្យ​ក្រុមហ៊ុន​ឯកជន​ ​ការ​បំផ្លិចបំផ្លាញ​ព្រៃឈើ​ ​ជម្រក​សត្វព្រៃ​ ​និង​ការ​សម្លាប់​ប្រភព​សេដ្ឋកិច្ច​របស់​ពលរដ្ឋ​​ពិតជា​កើតមាន។

តំណាង​សហគមន៍​ភូមិ​ក្បាល​រមាស​លោកស្រី​ ​ស្រាំង​ ​ឡាញ់​ ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​៣​០​ ខែ​មីនា​ថា​  ​អាជ្ញាធរ​បាន​បោះបង្គោល​ព្រំ​ដី​ ​២​ កន្លែង​ ​បំពាន​ចូល​ភូមិ​ចាស់​របស់​ពលរដ្ឋ​ ​រំលោភ​យក​ព្រៃ​សហគមន៍​ភូមិ​ក្បាល​រមាស​ស្ទើរ​ទាំងស្រុង​ ​និង​ប៉ះពាល់​ដីស្រែ​កេរ​ដូនតា​របស់​អ្នកភូមិ​ជាង​ ​១​០ ​គ្រួសារ​។​ ​លោកស្រី​ថា​ ​អាជ្ញាធរ​មិនបាន​ពិភាក្សា​ជាមួយ​តំណាង​សហគមន៍​នោះ​ទេ​។​ ​លោកស្រី​បញ្ជាក់​ថា​ ​ជីវភាព​អ្នកភូមិ​ពឹងផ្អែក​ទាំងស្រុងលើ​ដី​ព្រៃ​សហគមន៍​នេះ​ ​ប្រសិនបើ​បាត់បង់​ ​ពួកគេ​នឹង​គ្មាន​ទីកន្លែង​អាស្រ័យផល​ចិញ្ចឹមជីវិត​ទេ​៖​ ​«ព្រៃ​សហគមន៍​ទាំងមូល​តែម្តង​ទាំង​អស់ហ្នឹង​តែម្តង​គាត់​ថា​ ​មើល​ក្នុង​ផែនទី​របស់​ក្រុមហ៊ុន​ហ្នឹង​រំលោភ​យក​ទាំងអស់​។​ ​តើ​ទុក​ឱ្យ​សហគមន៍​រស់នៅ​ ​ប្រើប្រាស់​លើ​ដី​ណា​ខ្លះទៀត​ ​បើ​យក​ទាំងអស់​អ៊ីចឹង​? ​ឆ្វៀល​ដី​ស្បែក​ខ្លា​តើ​ឱ្យ​ពលរដ្ឋ​រស់នៅ​បែប​ណា​ទៀត»។​

តំណាង​សហគមន៍​រូប​នេះ​បន្ថែម​ថា​ ជំហរ​របស់​អ្នកភូមិ​ចង់​រក្សា​ព្រៃ​សហគមន៍​ឱ្យ​គង់វង្ស​ ​ដើម្បី​ផ្តល់​ជម្រក​សត្វព្រៃ​ក​ម្រ​រស់នៅ​រួម​មាន​ ​សត្វ​ខ្ទីង​  ក្កោ​ក​ ​ប្រើស​ ​ឈ្លូស​ ​ស្វា​ព្រៃ​ ​និង​ជ្រូ​ក​ព្រៃ​ជាដើម​ ​ក្នុង​បំណង​រកចំណូល​តាមរយៈ​វិ​ស័យ​ទេសចរណ៍​ធម្មជាតិ​ ​និង​ប្រមូល​អនុផល​ព្រៃឈើ​ ​ប្រសើរ​ជាង​វិនិយោគ​ឱ្យ​ក្រុមហ៊ុន​ឯកជន​ ​កាប់​បំផ្លាញ​ព្រៃឈើ​ ​និង​ក​ម្ទេ​ច​ជម្រក​សត្វព្រៃ​​បន្សល់​ចុងក្រោយ​៖​ ​«​ទឹកដី​ហ្នឹង​សម្រាប់​ពលរដ្ឋ​ខំ​ការពារ​តាំងពី​មុន​ ​រហូតដល់​ឥលូវ​ ​ទឹកដី​ព្រៃឈើ​ ​ព្រៃ​អភិ​រក្ស​ ​ព្រៃ​ជំនឿ​ ​ជម្រក​គោក្របី​ ​ដល់​ក្រុមហ៊ុន​ដាក់​បង្គោល​ព្រំ​ ​ប្រុងនឹង​ឈូស​ឆាយ​ប្រៀប​ដូចជា​គាត់​សម្លាប់​សហគមន៍​ភូមិ​ក្បាល​រមាស​ចាស់​ហ្នឹង​ទាំងស្រុង​ហ្មង​»។

ឆ្លើយតប​រឿង​នេះ​ ​អ្នកនាំពាក្យ​សាលាខេត្ត​ស្ទឹង​ត្រែង​លោក​ ​ម៉ែន​ គុ​ង​ ​បកស្រាយ​ថា​ ​ការ​បោះបង្គោល​ព្រំ​ដី​នេះ​ផ្អែក​តាម​ផែនទីវិនិយោគ​ដីសម្បទាន​សេដ្ឋ​កិដ្ឋ​ដែល​បាន​អនុញ្ញាត​ដោយ​អាជ្ញាធរ​ខេត្ត​ជំនាញ​។​ ​លោក​ថា​ ​ព្រៃ​សហគមន៍​ភូមិ​ក្បាល​រមាស​ពុំទាន់​ចុះបញ្ជី​ជា​ដី​សមូហភាព​នៅឡើយ​ទេ​ ​គ្រាន់តែ​ពលរដ្ឋ​គូសវាស​ផែនទី​ ​កំណត់​ដោយខ្លួនឯង​ ​តាម​របៀបរស់នៅ​របស់​ជនជាតិ​ដើម​ភាគតិច​។​ ​លោក​បញ្ជាក់​ថា​ ​កន្លងទៅ​អភិបាល​ខេត្ត​បាន​ចុះទៅ​តំបន់​នោះ​ ​ដើម្បី​ពិភាក្សា​ជាមួយ​តំណាង​ជនជាតិ​ដើម​ភាគតិច​ ​បំណង​ចុះបញ្ជី​ដី​សមូហភាព​ ​ក៏ប៉ុន្តែ​ពលរដ្ឋ​បាន​បដិសេធ​៖​ ​«​ករណី​នេះ​សំណើ​របស់​ក្រុមហ៊ុន​ពុំ​មាន​អ្វី​ខុស​ទេ​។​ ​អ៊ីចឹង​យើង​មានការ​សម្របសម្រួល​សមត្ថកិច្ច​ជំនាញ​ ​ជួយ​ចុះទៅ​ពិនិត្យមើល​ទីតាំង​ជាក់ស្តែង​ថា​តើ​ ​ត្រូវ​ទៅតាម​ផែនទី​ដែល​បាន​កំណត់​ហើយ​ឬនៅ​? ​តែ​ប៉ុណ្ណឹង​ទេ​។​ ​គាត់​បោះ​តាម​ផែនទី​កំណត់​ ​ពុំ​មាន​ការរំលោភ​ដី​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ទេ​ ​គ្រាន់តែ​អាច​ប្រហែលជា​ប្រ​ទា​ញ់​ប្រទង់​គ្នា​ ​ដោយសារ​សហគមន៍​ជនជាតិ​ដើម​ភាគតិច​គាត់​កំណត់​ទីតាំង​ពុំ​មានការ​ព្រមព្រៀង​ពី​អ្នក​នៅ​ជុំវិញ​ហ្នឹង​នៅឡើយ​»​។​ 

អាស៊ី​សេរី​នៅ​មិនទាន់​សុំ​ការ​បំភ្លឺ​រឿង​នេះ​ពី​តំណាង​ក្រុមហ៊ុន​ ​ស៊ីង​ហ្គេ​ច​ ​បាន​នៅឡើយ​ទេ​ ​នៅ​ថ្ងៃ​ទី​៣​០​ ​ខែមីនា​។​

8a8e8829-28e3-4a85-8043-47459becf2bf.jpeg
អាជ្ញាធរ​មូលដ្ឋាន​ខេត្ត​ស្ទឹងត្រែង​ហាមមិន​ឲ្យ​សហគមន៍​គូរ​រូប​លើជញ្ជាំង​ផ្ទះរបស់អតីតអ្នកភូមិក្បាលរមាស ​ដែល​លិចលង់ដោយសារទំនប់វារីអគ្គិសនីសេសានក្រោម២។​ (រូបថត​ពី​ហ្វេសប៊ុក N1M)

ព្រៃ​សហគមន៍​ភូមិ​ក្បាល​រមាស​មានផ្ទៃ​ដី​​ ៧​.​៨​៣​៦​ហិកតារ ​ហើយ​សហគមន៍​បាន​ស្នើសុំ​ចុះបញ្ជី​ជា​ព្រៃ​អភិ​រក្ស​តាំងពី​ឆ្នាំ​២​០​១​២​ ​តែ​អាជ្ញាធរ​ខេត្ត​ស្ទឹង​ត្រែង​បាន​បដិសេធ​។​ ​រីឯ​ក្រសួងមហាផ្ទៃ​បាន​សម្រេច​ចុះបញ្ជី​ជនជាតិ​ដើម​ភាគតិច​រស់នៅ​តំបន់​នោះ​ជា​ស្វ័យ​អត្តសញ្ញាណ​ ​កាលពី​ឆ្នាំ​២​០​១​៨​។​ ​ព្រៃ​សហគមន៍​នេះ​ក្រុម​ជនជាតិ​ដើម​ភាគតិច​បាន​កំណត់​លក្ខ​ន្តិកៈ​ផែនទី​បទបញ្ជាផ្ទៃក្នុង​ ​និង​ ​G​P​S ​កំណត់​ព្រំប្រទល់​ ​ដែល​មានការ​ជួយជ្រោមជ្រែង​ពី​អង្គការសង្គម​ស៊ីវិល​ ​និង​មន្ទីរ​អភិវឌ្ឍន៍​ជនបទ​។​

មន្ត្រី​សម្របសម្រួល​សមាគម​អា​ដ​ហុ​ក​លោក​ ប៊ី ​វ៉ាន់​នី​ ​ចាត់​ទុក​ទង្វើ​របស់​អាជ្ញាធរ​ថា​ ​រំលោភ​សិទ្ធិ​រស់នៅ​របស់​ជនជាតិ​ដើម​ភាគតិច​ព្នង​ ​ដែល​រងគ្រោះ​ម្តង​ហើយ​ម្តងទៀត​ ​ពី​គម្រោង​អភិវឌ្ឍន៍​គ្មាន​ទី​បញ្ចប់​។​ ​លោក​ថា​ ​ការ​កាត់​ឆ្វៀល​ដី​ព្រៃ​សហគមន៍​​ដ៏​ធំសម្បើម​នេះ​ ​វិនិយោគ​ឱ្យ​ក្រុមហ៊ុន​បង្ក​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ជីវភាពរស់នៅ​ ​និង​សម្លាប់​ប្រភព​ចំណូល​សេដ្ឋ​កិដ្ឋ​របស់​ជនជាតិ​ដើម​ភាគតិច​៖​ ​«​គាត់​ជា​ជនរងគ្រោះ​ ​មានន័យ​ថា​ ​គាត់​ជា​ជនរងគ្រោះ​ជាមួយ​ក្រុមហ៊ុន​ច្រើន​ណាស់​ ​គឺ​ក្រុមហ៊ុន​វា​រី​អគ្គិសនី​ផង​ ​និង​សម្បទាន​សេដ្ឋ​កិដ្ឋ​ផង​ ​ហើយ​ដីសម្បទាន​សេដ្ឋ​កិដ្ឋ ​គឺ​គាត់​ទៅ​ជួល​ដី​ពី​រដ្ឋ​តើ​ហេតុអ្វីបានជា​រដ្ឋ​មិន​អាច​កាត់​ដី​ហ្នឹង​ឱ្យ​ពលរដ្ឋ​បាន​? ​ខ្ញុំ​ឆ្ងល់​ថា​ ​ហ្នឹង​ជា​ដី​របស់​រដ្ឋ​»។

អ្នកភូមិ​ថា​ ​កាលពីដើម​ខែកញ្ញា​ ​ឆ្នាំ​២​០​២​០​ ​កន្លងទៅ​ ​អាជ្ញាធរ​ខេត្ត​ស្ទឹង​ត្រែង​ ​បាន​គំរាម​បង្ខំ​ឱ្យ​អ្នកភូមិ​ឯកភាព​គម្រោង​កាត់​ឆ្វៀល​ដី​សហគមន៍​វិនិយោគ​ឱ្យ​ក្រុមហ៊ុន​ ​ហើយ​អាជ្ញាធរ​នឹង​ទុក​ដី​ ​៤​០០​ហិកតារ ឱ្យ​ពលរដ្ឋ​អាស្រ័យផល​។​  ​លើស​ពី​នេះ​ ​អាជ្ញាធរ​ខេត្ត​ស្ទឹង​ត្រែង​ ​បាន​បដិសេធ​ចុះបញ្ជី​ដី​សមូហភាព​ភូមិ​ក្បាល​រមាស​មាន​ទំហំ​ ​៧.៨​៣៩​ហិកតារ ​ដោយ​លើក​ហេតុផល​ថា​ ​ជាន់​ចំ​ដី​ក្រុមហ៊ុន​ ​ស៊ី​វ​ហ្គេ​ច​ ​និង​ក្រុមហ៊ុន​ទំនប់​វា​រី​អគ្គិសនី​សេសា​ន​ក្រោម​ពីរ​។​ ​តែ​ទោះ​យ៉ាងណា​ ​អាជ្ញាធរ​បាន​ត្រៀម​ចុះបញ្ជី​ដី​សមូហភាព​ជូន​សហគមន៍​ទំហំ​​ ​៩៤១​ហិកតារ

មកទល់​ពេលនេះ​ពលរដ្ឋ​រស់នៅ​ឃុំ​ក្បាល​រមាស​ ​៥​៣​គ្រួសារ​ បូករួម​ទាំង​ពលរដ្ឋ​បំបែក​គ្រួសារ​បាន​បដិសេធ​មិនព្រម​ទទួលយក​គោល​នយោបាយ​សំណង​ពី​ក្រុមហ៊ុន​ ​ហើយ​បច្ចុប្បន្ន​ពួកគេ​បន្ត​រស់នៅ​លើ​ទី​ទួល​ខ្ពស់​ ​ត្រង់​ចំណុច​ស្រែ​វាល​ ​ឆ្ងាយ​ពី​ភូមិ​ចាស់​ ​៤​គីឡូម៉ែត្រ​។​ ​ក្រុម​ពលរដ្ឋ​ទាំងនោះ​រស់​ពឹងផ្អែក​លើ​ព្រៃ​សហគមន៍​ដែល​ជា​ប្រភព​ចំណូល​សេដ្ឋកិច្ច​របស់​ពួកគេ​ ​ដូចជា​ ​ឃ្វាលគោ​ក្របី ធ្វើ​ចម្ការ​វិល​ជុំ​ រក​អនុផល​ព្រៃឈើ​ ​បេះបន្លែ​ ​និង​ដង​ជ័រទឹក​ ​ជាដើម​៕​

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល