អាជ្ញាធរ​ខណ្ឌ​ចម្ការមន​ប្រើ​ហិង្សា​ដាក់​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ខេត្ត​កោះកុង ខណៈ​ក្រសួង​ដែន​​ដី​មិន​ដោះស្រាយ​ឲ្យ​ពលរដ្ឋ

ដោយ វ៉ែន សុមេធ
2019-08-19
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ពលរដ្ឋ​ប្រមាណ ១០០នាក់ ដែល​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន ហេង ហ៊ុយ អភិវឌ្ឍន៍​ នៅ​ស្រុក​ស្រែ​អំបិល ខេត្ត​កោះកុង មក​ឈរ​តវ៉ា​រក​ដំណោះ​ស្រាយ​បញ្ហា​ដីធ្លី នៅ​មុខ​ក្រសួង​ដែន​ដី នៅ​ព្រឹក​ថ្ងៃ​ទី១៩ ខែ​សីហា ឆ្នាំ២០១៩។
ពលរដ្ឋ​ប្រមាណ ១០០នាក់ ដែល​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន ហេង ហ៊ុយ អភិវឌ្ឍន៍​ នៅ​ស្រុក​ស្រែ​អំបិល ខេត្ត​កោះកុង មក​ឈរ​តវ៉ា​រក​ដំណោះ​ស្រាយ​បញ្ហា​ដីធ្លី នៅ​មុខ​ក្រសួង​ដែន​ដី នៅ​ព្រឹក​ថ្ងៃ​ទី១៩ ខែ​សីហា ឆ្នាំ២០១៩។
រូប៖ សហគមន៍

ក្រុម​សន្តិ​សុខ​ខណ្ឌ​ចម្ការ​មន ប្រើ​អំពើ​ហិង្សា​ដោយ​រុញ​ច្រាន និង​វាយ​ទាត់​ធាក់​ក្រុម​ប្រជា​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ខេត្ត​កោះកុង​ នៅ​មុខ​ក្រសួង​ដែនដី ក្រុងភ្នំពេញ ខណៈ​ដែល​ពួកគាត់​នាំគ្នា​ឡើង​មក​រក​ដំណោះ​ស្រាយ​ជា​ច្រើន​លើក​មក​ហើយ តែ​ក្រសួង​នៅ​តែ​មិន​ព្រម​ទទួល​ដោះស្រាយ​ឲ្យ។ អ្នក​ឃ្លាំ​មើល​ផ្នែក​សិទ្ធិមនុស្ស ស្នើ​ដល់​ក្រសួង​បង្កើត​ក្រុម​ការងារ​មួយ​ចុះ​សិក្សា​ស្រាវជ្រាវ​វិវាទ​ឲ្យ​ដឹង​ថាច្បាស់ ដើម្បី​ផ្ដល់​ដំណោះស្រាយ​សមរម្យ​ដល់​ពលរដ្ឋ។

ក្រុម​ប្រជាពលរដ្ឋ​ប្រមាណ ១០០នាក់​ តំណាង​ឲ្យ​ជិត​ ២០០​គ្រួសារ​ ដែល​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន ហេង​ ហ៊ុយ អភិវឌ្ឍន៍​ នៅ​ស្រុក​ស្រែ​អំបិល ខេត្ត​កោះកុង រង​ការ​ប្រើ​ហិង្សា​ពី​សំណាក់​អាជ្ញាធរ​ក្រុង​ភ្នំពេញ នៅ​ពេល​ពេល​ពួក​គាត់​ឈរ​តវ៉ា​រក​ដំណោះ​ស្រាយ​រឿង​ដីធ្លី​ នៅ​មុខ​ក្រសួង​ដែន​ដី។

តំណាង​ពលរដ្ឋ លោកស្រី អិន ធូ ដែល​ជាប់​បណ្ដឹង​នៅ​តុលាការ​ខេត្ត​កោះកុង ឲ្យ​ដឹង​ថា ក្នុង​ពេល​ប៉ះ​ទង្គិច​គ្នា នៅ​ព្រឹក​ថ្ងៃ​ទី១៩ សីហា មាន​ស្ត្រី​ម្នាក់​រង​បួស​ដាច់​សាច់​ក្រោម​ភ្នែក​ខាង​ស្ដាំ ដោយ​សារ​តែ​​កង​សន្តិសុខ​ប្រតាយ​ប្រតប់​រុញ​ច្រាន​ពលរដ្ឋ​ឲ្យ​ចេញ​ឆ្ងាយ​ពី​មុខ​ក្រសួង​ដែន​ដី។ ថ្វី​បើ​ពួកគាត់​រង​ការ​ធ្វើ​បាប​យ៉ាង​នេះ​ក្ដី លោក​ស្រី អិន ធូ​ ថ្លែង​ថា ពួកគាត់​នៅ​តែ​បន្ត​ការ​តស៊ូ​ ស្វែង​រក​ដំណោះ​ស្រាយ​រឿង​ដីធ្លី​នេះ លុះ​ត្រាតែ​មាន​ដំណោះស្រាយ​ពី​ខាង​ក្រសួង​ដែនដី។

តំណាង​ពលរដ្ឋ​រូប​នេះ លើក​ឡើង​ថា ការ​ដែល​ពួកគាត់​នាំ​ឡើង​មក​រក​ដំណោះស្រាយ​ជា​ច្រើន​លើក​ច្រើន​សារ​ ដោយ​ត្រូវ​ចំណាយ​ថវិកា​និង​ពេលវេលា​ គឺ​ស្នើ​ដល់​រដ្ឋ​ក្រសួង​ដែនដី លោក ជា សុផារ៉ា ដោះស្រាយ​បញ្ចប់​ជម្លោះ​ដីធ្លី​ឲ្យ​ពួក​គាត់​ឲ្យ​បាន​ឆាប់៖ «ដី​២​ហិកតារ​ក្នុង ​១​គ្រួសារ និង​ប្រាក់​សំណង​ចំពោះ​ការ​ខូចខាត​ដំណាំ​របស់​ពួក​យើង​ខ្ញុំ​ទាំង​អស់​៧​ពាន់​ដុល្លារ។ ខ្ញុំ​ចង់​បាន​តែ​ប៉ុណ្ណឹង​ទេ។ ដី​ពួក​ខ្ញុំ​បាត់​ដល់​ទៅ​ ៨​ហិកតារ​ឯណោះ។ តែ​នាង​ខ្ញុំ​សុំ​តែ​ ២​ហិកតារ​ និង​លុយ​ ៧​ពាន់​ដុល្លារ​ទេ គ្រប់​គ្រួសារ​ទាំងអស់។ ខ្ញុំ​ចង់​ឲ្យ​ឯកឧត្ដម​ ជា សុផារ៉ា ហ្នឹង និង​សម្ដេច​អគ្គ​នាយករដ្ឋមន្ត្រី​ជួយ​មើល​កូន​ចៅ​ផង និង​ជួយ​អន្តរាគមន៍​ដល់​ទីតាំង​ផង។ ពួក​ខ្ញុំ​សំណូមពរ​តែ​ប៉ុណ្ណឹង​ទេ ព្រោះ​កូន​ចៅ​ល្ងង់​ ហើយ​បាត់​បង់​ដី​មែន បាន​កូន​ចៅ​មក បើ​អត់​បាត់​បង់ ពួក​ខ្ញុំ​អត់​មក​ទេ»

លោកស្រី អិន ធូ​ ប្រាប់​ថា ពលរដ្ឋ​ឈរ​រង់ចាំ​ជួប​មន្ត្រី​ក្រសួង​ដែនដី ចាប់​តាំង​ពី​ម៉ោង​៣ទាបភ្លឺ​រហូត​មក​ដល់​រសៀល​ នៅ​តែ​មិន​ឃើញ​មាន​មន្ត្រី​ណា​ម្នាក់​ចេញ​មក​ជួប​ពួកគាត់ ឬ​ហៅ​តំណាង​ពលរដ្ឋ​ឲ្យ​ចូល​ជួប​ពិភាក្សា​គ្នា​នៅ​ឡើយ​ទេ។

អាស៊ី​សេរី​មិន​អាច​សុំ​ការ​បំភ្លឺ​ដោះស្រាយ​រឿង​នេះ ពី​អនុ​រដ្ឋលេខាធិការ​ក្រសួង​ដែនដី លោក ទេព ធន បាន​ទេ ដោយ​ហៅ​ទូរស័ព្ទ​ចូល​តែ​លោក​ចុច​បិទ​ទូរស័ព្ទ។

កាល​ពី​ថ្ងៃ​ទី១ ខែ​កក្កដា​កន្លង​ទៅ ក្រសួង​រៀប​ចំ​ដែន​ដី សម្រេច​ច្រាល​ចោល​សំណើ​ពលរដ្ឋ​ភ្លាម​ៗ​ ដោយ​មិន​ទទួល​ដោះស្រាយ បន្ទាប់​ពី​ក្រសួង​ទទួល​ញត្តិ​ពី​ពលរដ្ឋ​ហើយ។ ក្រសួង​រៀបចំ​ដែន​ដី ​អះអាង​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ថា ពលរដ្ឋ​១៩៧គ្រួសារ មិន​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​វិវាទ​ដី​សម្បទាន​ដាំ​ដំណាំ​អំពៅ​ផលិត​ស្ករ​ស​នាំចេញ ក្នុង​ភូមិ​សាស្ត្រ​ខេត្ត​កោះកុង​ទេ។

ក្រសួង​បញ្ជាក់​ថា មាន​ពលរដ្ឋ​តែ​ ៩៨៧​គ្រួសារ​ ដែល​មាន​វិវាទ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ស្ករ​អំពៅ នៅ​ក្នុង​ខេត្ត​កោះកុង ហើយ​ពួកគេ​ក៏​ទទួល​បាន​ដំណោះស្រាយ​អស់​ហើយ​ដែរ។ ក្រសួង​រៀបចំ​ដែនដី ក៏​ព្រមាន​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់ ចំពោះ​ក្រុម​ប្រជា​ពលរដ្ឋ​ជិត ២០០​រយ​គ្រួសារ ​ដែល​នាំ​គ្នា​ឈរ​ប្រមូល​ផ្ដុំ​គ្នា​តវ៉ា​រក​ដំណោះ​ស្រាយ​មុខ​ក្រសួង។

ចំណែក​អាជ្ញាធរ​ខេត្ត​កោះកុង​វិញ ក៏​បាន​បដិសេធ​សំណើ​ពលរដ្ឋ​ដែល​សុំ​កាត់​ឆ្វៀល​ដី​ទំហំ ៤២១​ហិកតារ ចេញ​ពី​គម្រោង​របស់​ក្រុមហ៊ុន ហេង ហ៊ុយ អឹហ្គ្រីខ័លឆើរ គ្រុប (Heng Huy Agriculture Group) ស្ថិត​នៅ​ក្នុង​ឃុំ​ជី​ខ​លើ​ ស្រុក​ស្រែ​អំបិល។ អាជ្ញាធរ​ខេត្ត​កោះកុង អះអាង​ថា ទី​តាំង​ដែល​ពលរដ្ឋ​ស្នើ​សុំ​កាត់​ឆ្វៀល​នោះ គឺ​ស្ថិត​លើ​ដី​ដែល​មាន​ប័ណ្ណ​កម្មសិទ្ធិ​រួច​ហើយ​ របស់​ក្រុមហ៊ុន ហេង ហ៊ុយ។ អាជ្ញាធរ​បញ្ជាក់​ថា ការ​ដោះស្រាយ​គឺ​សមត្ថកិច្ច​របស់​ស្ថាប័ន​តុលាការ។

នាយក​រង​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ លីកាដូ លោក អំ សំអាត លើក​ឡើង​ថា ក្រសួង​មិន​គួរ​ប្រញាប់​ច្រាល​សំណើ​ពលរដ្ឋ​ ដោយ​មិន​បាន​ស៊ើប​អង្កេត​រឿង​នេះ​ឲ្យ​ច្បាស់​ជាមុន។ លោក អំ សំអាត យល់​ថា ក្រសួង​ដែនដី​ពិត​ជា​អាច​ដោះ​ស្រាយ​វិវាទ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​មួយ​នេះ​បាន ដោយ​បង្កើត​ក្រុមការងារ​មួយ​ចុះ​ស្រាវជ្រាវ​ស្វែង​រក​ការពិត។

មន្ត្រី​សិទ្ធិ​មនុស្ស​រូប​នេះ ស្នើ​ដល់​ក្រសួង​ដែនដី​ពិនិត្យ​មើល​ និង​ដោះស្រាយ​ករណី​ដីធ្លី​នេះ ឡើង​វិញ ដើម្បី​បញ្ឈប់​ការ​តវ៉ា​របស់​ពលរដ្ឋ​ ហើយ​ផ្ដល់​​ឱកាស​ឲ្យ​ពួកគាត់​ប្រកប​របរ​ចិញ្ចឹម​ជីវិត​ដូច​ពលរដ្ឋ​ផ្សេង​ទៀត៖ «ប្រសិន​ជា​យើង​បង្កើត​គណៈកម្មការ​សិក្សា និង​ស្រាវជ្រាវ​ទៅ នឹង​អាច​ស្វែង​រក​ដំណោះ​ស្រាយ​មួយ​ឃើញ​ហើយ។ តែ​បើ​សិន​ជា​បដិសេធ​មិន​ដោះស្រាយ​ និង​រិះរក​ដំណោះ​ស្រាយ​ណាមួយ​សម្រាប់​ពួក​គាត់​ទេ។ ខ្ញុំ​គិត​ថា​បញ្ហា​ហ្នឹង​វា​មិន​អាច​បញ្ចប់​ទេ។ បញ្ហា​ហ្នឹង​វា​នឹង​អាច​រីក​ទៅៗ វា​ធ្វើ​ឲ្យ​ប៉ះ​ពាល់។ ដូច​ថា​ក្រសួង​ខិត​ខំ​ដោះ​ស្រាយ​ជា​ច្រើន​មក​ហើយ​ ប៉ុន្តែ​បញ្ហា​មួយ​ពីរ​​ហ្នឹង មិន​ទាន់​បាន​ដោះ​ស្រាយ ហើយ​ប្រជា​ពលរដ្ឋ​នៅ​តែ​តវ៉ា ហ្នឹង​វា​ធ្វើ​ឲ្យ​មើល​ឃើញ​បញ្ហា​ហ្នឹង មិន​ទាន់​ដោះ​ស្រាយ​ទេ​ឡើង​វិញ​ទេ។ អ៊ីចឹង! សំខាន់​ មុន​នឹង​សម្រេច​យ៉ាង​មិច​ វា​ទាល់​តែ​មាន​ការ​សិក្សា​ស្រាវជ្រាវ ស៊ើប​អង្កេត​មួយ​ឲ្យ​បាន​ជាក់​លាក់​ ដើម្បី​រក​ដំណោះ​ស្រាយ​ពិត​ប្រាកដ»

របប​ក្រុង​ភ្នំពេញ​បាន​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ទៅ​ឲ្យ​ក្រុមហ៊ុន​ ហេង ហ៊ុយ​ អភិវឌ្ឍន៍ ជាង ៤ពាន់​ហិកតារ ដើម្បី​វិនិយោគ​ដំណាំ​ស្ករ​អំពៅ​ កាល​ពី​ឆ្នាំ២០០៧។ ក្នុង​រយៈពេល ៣ឆ្នាំ​ចុង​ក្រោយ​នេះ ពលរដ្ឋ​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​ស្ករ​អំពៅ​មួយ​នេះ មិន​មាន​សកម្មភាព​ដាំ​អំពៅ និង​ផលិត​ស្ករ​ស​នាំ​ចេញ​ទៀត​ទេ។

ក្នុង​ជម្លោះ​ដីធ្លី​មួយ​នេះ ឧកញ៉ា ហេង ហ៊ុយ​ ប្ដឹង​ពលរដ្ឋ ១០នាក់​ទៅ​តុលាការ​ខេត្ត​កោះកុង ពី​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ បទ​បរិហារ​បង្កាត់​កេរ្តិ៍​ និង​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជាអាទិ៍។

ទោះ​បី​ជា​យ៉ាង​ណា ពលរដ្ឋ​បញ្ជាក់​ថា ពួកគាត់​នឹង​នាំ​គ្នា​មក​ឈរ​នៅ​មុខ​ក្រសួង​ដែនដី​នៅ​ថ្ងៃ​ស្អែក​ទៀត​ ដោយ​មិន​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ​ទេ បើ​មិន​ទទួល​បាន​ដំណោះ​ស្រាយ​សមរម្យ​ណា​មួយ ​ពី​លោក ជា សុផារ៉ា៕


កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល