តុលាការខេត្តកោះកុងសម្រេចឱ្យសកម្មជនដីធ្លី ១០នាក់ជាប់ពន្ធនាគារ ១ឆ្នាំ និងពិន័យ ៤០លានរៀល
2023.08.15

តំណាងសហគមន៍ដីធ្លី១៩៧ ដែលមានជម្លោះដីធ្លីជាមួយឧកញ៉ា ហេង ហ៊ុយ ចាត់ទុកការសម្រេចរបស់ចៅក្រមសាលាដំបូងខេត្តកោះកុង ដោយឱ្យតំណាងពលរដ្ឋ ១០នាក់ជាប់ពន្ធនាគាររយៈពេល ១ឆ្នាំ និងពិន័យជាប្រាក់ ៤០លានរៀល គឺជារឿងអយុត្តិធម៌ និងមិនអាចទទួលយកបាន។ មន្ត្រីសង្គមស៊ីវិលទទូចឱ្យអាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធស្វែងរកយុត្តិធម៌ដល់ពលរដ្ឋ ដែលមានជម្លោះដីធ្លី និងទម្លាក់រាល់ការចោទប្រកាន់លើពួកគាត់។
សាលាដំបូងខេត្តកោះកុង នៅថ្ងៃទី១៥ ខែសីហា ប្រកាសសាលក្រមលើសំណុំរឿងរបស់តំណាងសហគមន៍ដីធ្លី១៩៧ ដោយសម្រេចឱ្យតំណាងសហគមន៍ចំនួន ១០នាក់ជាប់ពន្ធនាគារ ១ឆ្នាំពីបទញុះញង់ឱ្យប្រព្រឹត្តអំពើបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងបទបរិហារបង្កាច់កេរ្តិ៍ និងសម្រេចឱ្តំណាងពលរដ្ឋសងសំណង ៤០លានរៀលទៅកាន់លោក ហេង ហ៊ុយ ដែលពលរដ្ឋអះអាងថា ជាអ្នកយកដីពួកគាត់។ ទោះជាយ៉ាងណាសាលក្រមដដែលឱ្យតំណាងពលរដ្ឋ៧នាក់ នៅក្រៅឃុំបណ្ដោះអាសន្ន និងទុករយៈពេលមួយខែដើម្បីដាក់ពាក្យប្ដឹងជំទាស់ទៅសាលាឧទ្ធរណ៍។
តំណាងសហគមន៍ដីធ្លី១៩៧ លោកស្រី កើត នៅ លើកឡើងក្រោយចេញពីសវនាការថា ការសម្រេចរបស់ចៅក្រមដោយឱ្យលោកស្រី និងតំណាងសហគមន៍ ៩នាក់ទៀតជាប់ពន្ធនាគារដោយសារតែពួកគាត់តវ៉ាការពារដីខ្លួនឯង គឺជារឿងអយុត្តិធម៌ និងមិនអាចទទួលយកបាន ហើយថែមទាំងតម្រូវឱ្យបង់លុយទៅអ្នកដែលដណ្ដើមដីពួកគាត់ទៅវិញ។ លោកស្រី កើត នៅ បន្ថែមថាប្រសិនបើលោកស្រីជាប់ពន្ធនាគារ ជីវភាពគ្រួសារនឹងកាន់តែលំបាក ហើយប្ដីលោកស្រីមិនអាចផ្គត់ផ្គង់ជីវភាពគ្រួសារ និងការសិក្សារបស់កូនៗ បាននោះទេ។
លោកស្រី កើត នៅ៖ «ការដាក់ទោសមួយឆ្នាំនេះ ចំពោះរូបខ្ញុំ ខ្ញុំអត់សុខចិត្តទេ ខ្ញុំអត់ទទួលទោសទេ ព្រោះខ្ញុំអត់មានកំហុស អ៊ីចឹងខ្ញុំប្ដឹងទៅឧទ្ធរណ៍ទៀត ខ្ញុំអត់បានធ្វើអីខុសផង ខ្ញុំធ្វើតែរឿងដីធ្លីរបស់ខ្ញុំ ហើយតុលាការចោទខ្ញុំអ៊ីចឹង វាអត់ពិតប្រាកដ។ ជាជនរងគ្រោះដីធ្លីពិតប្រាកដ ហេតុអ្វីបានជាតុលាការចោទប្រកាន់អ៊ីចឹង ខ្ញុំអត់សុខចិត្តទេ ខ្ញុំប្ដឹងទៅឧទ្ធរណ៍ទៀត ខ្ញុំសង្ឃឹមថាតុលាការឧទ្ធរណ៍ខេត្តកំពង់សោម សង្ឃឹមថាតុលាការនឹងឯករាជ្យរកយុត្តិធម៌ជូនប្រជាពលរដ្ឋ»។
លោកស្រី កើត នៅ បន្តថា លោកស្រីមិនសុខចិត្តចំពោះការកាត់ក្ដីពីសំណាកចៅក្រមខេត្តកោះកុង ហើយលោកស្រីនឹងប្ដឹងជំទាស់ទៅសាលាឧទ្ធរណ៍ឱ្យរកយុត្តិធម៌ដល់រូបលោកស្រី និងពលរដ្ឋផ្សេងទៀត។
លោកស្រី កើត នៅ៖ «អត់មានបរិហារកេរ្តិ៍ជាសាធារណៈទេ ខ្ញុំនិយាយតែរឿងពិត ព្រោះខ្ញុំបាត់បង់ដីពិតប្រាកដ ខ្វះអីឧកញ៉ាគេមួយចំនួនមួយគំនរស្រុកខ្មែរនេះ ប៉ុន្តែគេអត់យកដីខ្ញុំ ខ្ញុំអត់បរិហារកេរ្តិ៍គេទេ គឺលោក ហេង ហ៊ុយ យកដីខ្ញុំពិតប្រាកដគឺខ្ញុំខ្លាចអីនិយាយ ខ្ញុំនិយាយតែរឿងពិត ខ្ញុំអត់មាននិយាយរឿងអីខុសពីការបាត់បង់ដីខ្ញុំទេ ឥឡូវខ្ញុំឈឺចាប់ណាស់ ខ្ញុំជាប្រជាពលរដ្ឋខ្មែរបាត់បង់ដីពិតប្រាកដ ហេតុអ្វី?»។
ចំណែកតំណាងសហគមន៍ដីធ្លី១៩៧ ម្នាក់ទៀត លោកស្រី អិន ធូ ថា ពលរដ្ឋដែលបាត់បង់ដីធ្លីអស់រយៈពេលជិត ២០ឆ្នាំមកនេះ មានជីវភាពក្រលំបាកដោយសារមិនមានដីដើម្បីប្រកបមុខរបរចិញ្ចឹមជីវិត។ លោកស្រី អិន ធូ ចាត់ទុកថាការសម្រេចរបស់ចៅក្រមនេះថា មានភាពលំអៀងទៅកាន់ឧកញ៉ា ដែលជាអ្នកប្លន់ដីធ្លីរបស់ពលរដ្ឋ។
លោកស្រី អិន ធូ៖ «ខ្ញុំថា លោក ហេង ហ៊ុយ នេះមិនធម្មតាទេ គាត់កៀបសង្កត់រាស្ត្រ កៀបសង្កត់ប្រជាពលរដ្ឋឱ្យប្រជាពលរដ្ឋគ្មានជម្រកជ្រកកោន អ៊ីចឹងបានខ្ញុំថា លោកចៅក្រមនេះមិនអយុត្តិធម៌ទេ បើគាត់យុត្តិធម៌ គាត់នឹងចុះដល់ទីតាំង ដល់ជម្រកជ្រកកោនរបស់ប្រជាពលរដ្ឋ តើប្រជាពលរដ្ឋមានដីសង់ទីលំនៅឋានត្រឹមត្រូវតាមគោលការណ៍រដ្ឋាភិបាលអត់»។
ក្នុងចំណោមតំណាងសហគមន៍ដីធ្លី ១៩៧គ្រួសារ ទាំង ១០នាក់ មាន ៧នាក់ បានចូលរួមសវនាការនៅថ្ងៃនេះ រួមមាន លោកស្រី កើត នៅ លោកស្រី អិប តឹង លោកស្រី អិន ធូ លោក ឆាន់ ឈឿន លោក គង់ ម៉ែន លោកស្រី អើប វី និងលោក ពួ ហួន។
ចំណែកតំណាងសហគមន៍ ៣នាក់ រួមមាន លោកស្រី ដេត ហួរ លោក សុខ ជៃ និងលោក ហេង ជៃ និងសកម្មជនដីធ្លី ៩នាក់ផ្សេងទៀត ត្រូវបានអាជ្ញាធរខេត្តកោះកុង បានចាប់ខ្លួន នៅពេលពលរដ្ឋសហគមន៍ធ្វើដំណើរទៅដាក់ញត្តិនៅភ្នំពេញ កាលពីថ្ងៃទី២៩ ខែមិថុនា។ បន្ទាប់មកតុលាការខេត្តកោះកុងសម្រេចឃុំខ្លួនសកម្មជនដីធ្លី ៩នាក់ រួមទាំងទារកអាយុ ១ឆ្នាំ ៣ខែម្នាក់ផង នៅពន្ធនាគារ ក្រោមបទចោទប្រកាន់ ញុះញង់ឱ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍។
នៅមុខសាលាដំបូងខេត្តកោះកុង នៅថ្ងៃទី១៥ សីហា មានសហគមន៍មានជម្លោះដីធ្លីនានា នៅខេត្តកោះកុងរួមមានសហគមន៍១៩៧ សហគមន៍១៩៥ និងសហគមន៍ផ្សេងទៀតជាង ១០០នាក់ មកលើកទឹកចិត្តតំណាងសហគមន៍ក្រុម១៩៧ ទាំង ៧នាក់ ដែលចូលតុលាការ។
វិទ្យុអាស៊ីសេរីមិនទាន់អាចសុំការឆ្លើយតបរឿងនេះពីអ្នកនាំពាក្យសាលាដំបូងខេត្តកោះកុង លោក ស៊ូ សុវណ្ណារ៉ា និងអភិបាលខេត្តកោះកុង អ្នកស្រី មិថុនា ភូថង បានទេ នៅថ្ងៃទី១៥ ខែសីហា។
ជុំវិញរឿងនេះដែរនាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត លើកឡើងថា អាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធមិនគួរបណ្ដោយឱ្យជម្លោះដីធ្លីនេះអូសបន្លាយរយៈពេលជិត ២០ឆ្នាំ និងបង្កើតជាជំងឺរ៉ាំរ៉ៃ ហើយលោកចាត់ទុកថាអាជ្ញាធរ និងតុលាការកំពុងតែធ្វើទុក្ខបុកម្នេញ គំរាមកំហែងមកលើពលរដ្ឋដែលបាត់បង់ដីធ្លីទៅវិញ។
លោក អំ សំអាត៖ «អ៊ីចឹងប្រសិនបើមានការដាក់ឃុំ ឬសម្រេចឃុំខ្លួនគាត់ ដាក់ទោសគាត់បន្តទៅទៀត គឺកាន់តែធ្វើទុក្ខបុកម្នេញ ធ្វើឱ្យពួកគាត់ជួបនូវផលលំបាក ជាពិសេស គឺជីវភាពគ្រួសារគាត់ ដែលរងគ្រោះដោយសាររឿងដីធ្លី ហើយត្រូវជាប់ពន្ធនាគារបន្ថែមទៀត។ អាហ្នឹងយើងមើលទៅ គឺជាការដាក់បន្ទុកទៅលើពលរដ្ឋបន្ថែម»។
ក្រុមប្រជាសហគមន៍ចំនួន ១០០នាក់ បានសម្រេចចិត្តមិនត្រឡប់ទៅផ្ទះវិញ និងបោះស្តង់ដេកនៅមុខសាលាដំបូងខេត្តកោះកុង ដើម្បីទាមទារឱ្យតុលាការទម្លាក់ការចោទប្រកាន់លើតំណាងពួកគាត់ និងទាមទារឱ្យទម្លាក់បទចោទលើតំណាងចំនួន ៩នាក់ ដែលកំពុងជាប់ឃុំនៅពន្ធនាការខេត្តកោះកុង។
ពលរដ្ឋចំនួន ១៩៧គ្រួសារ មកពីឃុំជីខលើ និងជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង តែងតែមកតវ៉ានៅរាជធានីភ្នំពេញជាបន្តបន្ទាប់ ដើម្បីរកអន្តរាគមន៍ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងស្ថាប័នរដ្ឋផ្សេងទៀត ឱ្យជួយដោះស្រាយវិវាទដីធ្លីរបស់ពួកគាត់ ដោយចោទថា ក្រុមហ៊ុន ហេង ហ៊ុយ បានរំលោភយកដីធ្លីពួកគាត់តាំងពីឆ្នាំ២០០៧៕
សម្រាប់អ្នកចង់អានរឿងនេះជាភាសាអង់គ្លេស សូមចុចតំណភ្ជាប់ (Link) នេះ៖ Court sentences Cambodian land activists who tried to travel to capital for protest
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។