ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចិន​នៅ​ខេត្ត​កោះកុង តវ៉ា​រក​​ដំណោះ​ស្រាយ​​ពី​​ស្ថាន​ទូត​​ចិន

ដោយ សន ចាន់រដ្ឋា
2019-08-13
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
តំណាង​​អ្នក​​​កោះកុង​ ២៦​គ្រួសារ​ នាំ​គ្នា​លើក​បដា​ស្រែក​តវ៉ា​​នៅ​មុខ​​​ក្រសួង​រៀបចំដែន​ដី និង​នៅ​មុខ​ស្ថានទូត​​ចិន រក​​អន្តរាគមន៍​ក្នុង​វិវាទ​ដីធ្លី​​ជាមួយ​ក្រុមហ៊ុន​ចិន​ឈ្មោះ យ៉ូញៀន ឌឹវិឡុបមិន​ គ្រុប (Union Development Group) កាល​ពី​ថ្ងៃ​ទី១២ និង​ ១៣ ខែ​សីហា ឆ្នាំ២០១៩។
តំណាង​​អ្នក​​​កោះកុង​ ២៦​គ្រួសារ​ នាំ​គ្នា​លើក​បដា​ស្រែក​តវ៉ា​​នៅ​មុខ​​​ក្រសួង​រៀបចំដែន​ដី និង​នៅ​មុខ​ស្ថានទូត​​ចិន រក​​អន្តរាគមន៍​ក្នុង​វិវាទ​ដីធ្លី​​ជាមួយ​ក្រុមហ៊ុន​ចិន​ឈ្មោះ យ៉ូញៀន ឌឹវិឡុបមិន​ គ្រុប (Union Development Group) កាល​ពី​ថ្ងៃ​ទី១២ និង​ ១៣ ខែ​សីហា ឆ្នាំ២០១៩។
រូប៖ សហគមន៍​ដីធ្លី

អ្នក​កោះកុង​១៨​នាក់​តំណាង​ឲ្យ​២៦​គ្រួសារ​ នាំ​គ្នា​លើក​បដា ស្រែក​តវ៉ា​មុខ​ស្ថានទូត​ចិន ឲ្យ​ជួយ​អន្តរាគមន៍​អំពី​សំណង​ដល់​ពួកគាត់ ក្នុង​វិវាទ​ដីធ្លី​ក្រុមហ៊ុន​ចិន យ៉ូញៀន ឌឹវិឡុបមិន​គ្រុប (Union Development Group)។ នេះ​ជា​លើក​ទី​៤​ហើយ​ ដែល​ពលរដ្ឋ​​មាន​ជម្លោះដីធ្លី​តវ៉ា​រក​ដំណោះស្រាយ​ពី​ស្ថានទូត​ចិន​ប្រចាំ​ក្រុង​ភ្នំពេញ ប៉ុន្តែ​ពួកគាត់​នៅ​តែ​មិន​ទាន់​ទទួល​ដំណោះស្រាយ​ណា​មួយ​ទេ ក្នុង​រយៈពេល​ជាង​ ១០​ឆ្នាំ​មក​នេះ។

ក្រោយ​ពី​ចូល​ជួប​តំណាង​មន្ត្រី​ស្ថាន​ទូត​ចិន លោកស្រី សាំង ពុយ ប្រាប់​អាស៊ី​សេរី​ នៅ​ថ្ងៃ​ទី​១៣ សីហា​ថា ​ស្ថាន​ទូត​ចិន​ គ្មាន​សមត្ថកិច្ច​បង្គាប់​ឲ្យ​ក្រុមហ៊ុន​ចិន​ផ្ដល់​សំណង​ឲ្យ​ពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ពី​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​រដ្ឋ​ ទៅ​ឲ្យ​ក្រុមហ៊ុន​ចិន​នោះ​ទេ។ លោក ស្រី សាំង​ ពុយ ឲ្យដឹង​ថា មន្ត្រី​ទូត​ចិន ឈ្មោះ​លោក លី ស្នើ​ឲ្យ​ពួកគាត់​ទៅ​រក​ដំណោះស្រាយ​ពី​ក្រសួង​ដែនដី​វិញ។ ទោះ​បី​ជា​យ៉ាង​ណា តំណាង​ពលរដ្ឋ​រូប​នេះ ទទូច​ស្នើ​សុំ​ដល់​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា និង​ក្រសួង​ដែនដី ជួយ​ពួក​គាត់៖ «ខាង​អគ្គរាជទូត​ចិន​ គួរ​តែ​ទទួល​ខុសត្រូវ ដើម្បី​ជៀសវាង​កុំ​ឲ្យ​ ក្រុមហ៊ុន​ចិន​ចូល​មក​អភិវឌ្ឍន៍​ សិទ្ធិមនុស្ស​រំលោភ​បំពាន សិទ្ធិ​របស់​ខ្មែរ​យើង។ បង​បាន​សំណូមពរ​ទៅ​ចឹង។ ហើយ​ខាង​ក្រសួង​ដែល​ពាក់ព័ន្ធ ជួយ​ពន្លឿន​ដំណោះស្រាយ​ឲ្យ​បាន​ឆាប់ ព្រោះ​ពន្យារពេល​យូរ​ៗ​ទៅ ខាង​ក្រុមហ៊ុន​មិន​មែន​ខាតបង់​ទេ គឺ​ប្រជាពលរដ្ឋ​របស់​យើង​ជា​អ្នក​ខាត​បង់»

កាលពី​ម្សិល​មិញ​ថ្ងៃ​ទី​១២ សីហា ក្រុម​ស្រ្តី​មាន​ជម្លោះដីធ្លី​មក​ពី​ខេត្ត​កោះកុង បាន​ទៅ​ដាក់​សលាកបត្រ​ដីធ្លី នៅ​ក្រសួង​ដែនដី ទៅ​តាម​តម្រូវ​ការ​របស់​ក្រសួង។ ​ពលរដ្ឋ​ ថា មន្ត្រី​តំណាង​ក្រសួង លោក អេ ប៊ុនធឿន មិន​បាន​ប្រាប់​ អំពី​ពេល​វេលា​ជាក់​លាក់​ដែល​ក្រសួង​ដែនដី​ ចុះ​ទៅ​ដោះស្រាយ​ឲ្យ​ពួក​គាត់​នោះ​ទេ ។

ពលរដ្ឋ ស្នើ​ដល់​លោក ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​ដែនដី​ ជួយ​ពន្លឿន​ដំណោះស្រាយ​ឲ្យ​ពួកគាត់​បាន​ឆាប់​។ ពួកគាត់​បញ្ជាក់​ថា នឹង​បន្ត​ការ​តវ៉ា​ត​ទៅ​ទៀត លុះ​ត្រាតែ​មាន​ដំណោះស្រាយ​សមរម្យ​ណាមួយ​ដែល​អាច​ទទួល​បាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

គេហទំព័រ​ទាំងមូល