ប្រជាពលរដ្ឋប្រមាណ ៧០០នាក់ តំណាងឲ្យជាង ១ពាន់គ្រួសារ នៅខេត្តកោះកុង ប្រមូលផ្ដុំគ្នាស្នើសុំដំណោះស្រាយពីក្រសួងដែនដី នៅថ្ងៃទី៥ ខែសីហា ទាក់ទងនឹងជម្លោះដីធ្លីជាមួយក្រុមហ៊ុនស៊ូហ្គើររបស់សមាជិកព្រឹទ្ធសភានៃបក្សកាន់អំណាច លោក លី យ៉ុងផាត់។ ដើម្បីបញ្ចប់វិវាទដីធ្លីដ៏រ៉ាំរ៉ៃមួយនេះ សង្គមស៊ីវិល យល់ថា ក្រសួងដែនដីនិងរដ្ឋបាលខេត្តកោះកុង គួរគិតគូរផ្ដល់សំណងសមរម្យណាមួយដល់ពលរដ្ឋដែលតវ៉ានេះ ឲ្យដូចទៅនឹងពលរដ្ឋផ្សេងទៀតដែលទួលបានសំណងហើយ។
តំណាងពលរដ្ឋមកពីស្រុកចំនួនបីនៃខេត្តកោះកុង មានស្រុកថ្មបាំង ស្រុកបុទុមសាគរ និងស្រុកស្រែអំបិល លោកស្រី ផុន សាវិន ថ្លែងថា ពលរដ្ឋភាគច្រើនរស់នៅស្រុកបុទុមសាគរ និងស្រុកថ្មបាំង នៅមិនទាន់ទទួលបានសំណងពីអាជ្ញាធរខេត្ត និងភាគីក្រុមហ៊ុននៅឡើយ ចាប់តាំងពីឆ្នាំ២០០៦ មក។
លោកស្រី ផុន សាវិន ឲ្យដឹងថា មន្ត្រីក្រសួងដែនដី តម្រូវឲ្យពលរដ្ឋដែលអះអាងថា ខ្លួនមិនទាន់ទទួលបានសំណង ត្រូវរៀបចំឯកសារថ្មីដាក់ជូនក្រសួង រួមមានសលាកប័ត្រ អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ និងរូបថតសមាជិកគ្រួសារ។ លោកស្រី ផុន សាវិន ថា ពួកគាត់យល់ព្រមធ្វើតាមការណែនាំរបស់ក្រសួង ប៉ុន្តែស្នើឲ្យក្រសួងកំណត់ពេលវេលាឲ្យច្បាស់ ដើម្បីដោះស្រាយបញ្ចប់ទំនាស់ដីធ្លីមួយនេះ។
តំណាងពលរដ្ឋរូបនេះ លើកឡើងថា សំណងដែលពួកគាត់ចង់បាននោះ គឺដីធ្លី១ហិកតារកន្លះ និងប្រាក់សំណងមួយចំនួន សម្រាប់គ្រួសារនីមួយៗ ដើម្បីប្រកបរបរចិញ្ចឹមជីវិត៖ «ខ្ញុំសូមសំណូមពរឲ្យឯកឧត្ដមជួយចុះដោះស្រាយជូនប្រជាពលរដ្ឋ ៨៤៣ និង៣៩១ ដែលគាត់មិនដែលទទួលបានដំណោះស្រាយពីមុនមក។ គាត់មិនដែលបានចុះឈ្មោះ ហើយគាត់ក៏មិនបានដឹង។ ខាងឯកឧត្ដម គាត់មានប្រសាសន៍ថា កាលពីឆ្នាំ២០១៦ ២០១៧ គាត់ចុះទៅដោះស្រាយតាមភូមិឃុំតាមស្រុកនីមួយៗ នៅខាងខេត្តកោះកុង គឺពួកខ្ញុំអត់ដែលបានដឹងទេ។ នៅខាងស្រុកបុទុមសាគរ គឺអត់បានដឹងទេ។ បើសិនណា ជាពួកខ្ញុំបានដឹង ខ្ញុំទាមទារតាំងពីឆ្នាំ២០១៦ ២០១៧នោះមកហើយ មិនចាំបាច់មកដល់ពេលនេះទេ»។
នេះជាលើកទី៥ហើយ ដែលអ្នកកោះកុង នាំគ្នាជាច្រើនរយនាក់ មកក្រសួងដែនដី សួរនាំអំពីដំណោះស្រាយសម្រាប់ពួកគាត់ ប៉ុន្តែនៅមិនទទួលបានការកំណត់ពេលវេលាជាក់លាក់ណាមួយពីខាងក្រសួង ថានឹងចុះទៅដោះស្រាយឲ្យពលរដ្ឋ នៅពេលណានោះទេ។
អាស៊ីសេរីមិនអាចសុំការបកស្រាយពីរដ្ឋលេខាធិការក្រសួងដែនដី លោក ទេព ធន បានទេ ដោយហៅទូរស័ព្ទចូលតែគ្មានអ្នកទទួល។ ប៉ុន្តែ សារព័ត៌មានក្នុងស្រុកចុះផ្សាយថា ក្រសួងដែនដី សន្យានឹងតំណាងពលរដ្ឋ ក្នុងកិច្ចប្រជុំនៅថ្ងៃទី៥ សីហា ថានឹងពិនិត្យផ្ទៀងផ្ទាត់ព័ត៌មានដែលពលរដ្ឋផ្ដល់ឲ្យ មានសលាកបត្រជាដើម ដើម្បីរកឲ្យឃើញពីផលប៉ះពាល់ និងដោះស្រាយតាមភាពជាក់ស្ដែង ជូនប្រជាពលរដ្ឋ។
កាលពីពេលកន្លងមក មានពលរដ្ឋ ៣ក្រុមហើយ ដែលទទួលបានសំណងពីអាជ្ញាធរនិងក្រុមហ៊ុន។ ក្នុងនោះ ពលរដ្ឋដែលស្ថិតក្នុងក្រុមជាង១រយគ្រួសារ ទទួលបានដី ២ហិកតារ និងប្រាក់ ៣ពាន់ដុល្លារ ក្នុង ១គ្រួសារ ក្រុមពលរដ្ឋ ២រយគ្រួសារ ទទួលបានដី ១ហិកតារក្នុង ១គ្រួសារ និងក្រុមពលរដ្ឋជាង ៥រយគ្រួសារ ទទួលបានប្រាក់ ៣ពាន់ដុល្លារក្នុង ១គ្រួសារ ហើយដីធ្លីស្ថិតក្នុងការវាស់វែង។
ចំណែកពលរដ្ឋ២ក្រុមផ្សងទៀត សរុបជាង ១ពាន់ ២រយគ្រួសារ ដែលទើបចេញតវ៉ារកដំណោះស្រាយនៅឆ្នាំ២០១៩ នៅមិនទាន់ទទួលបានដំណោះស្រាយពីអាជ្ញាធរនៅឡើយ។
កាលពីថ្ងៃទី២១ កក្កដា រដ្ឋបាលខេត្តកោះកុង បានច្រាលចោលសំណើក្រុមពលរដ្ឋជិត ៤រយគ្រួសារ ដែលស្នើសុំដំណោះស្រាយជម្លោះដីធ្លីជាមួយក្រុមហ៊ុនស្ករអំពៅរបស់លោក លី យ៉ុងផាត់។ អាជ្ញាធរខេត្ត ក៏បានព្រមានចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកទាំងឡាយណាដែលបង្កបញ្ហា។
អ្នកសម្របសម្រួលសមាគម អាដហុក ប្រចាំខេត្តកោះកុង លោក មាន ព្រហ្មមុនី ឲ្យដឹងថា ពលរដ្ឋដែលនៅសេលសល់ជាង ១ពាន់គ្រួសារនេះ គឺជាអ្នករងផលប៉ះពាល់ពិតប្រាកដ ពីដីសម្បទានសេដ្ឋកិច្ចដែលរដ្ឋផ្ដល់ទៅឲ្យក្រុមហ៊ុនស្ករអំពៅ។ លោក មាន ព្រហ្មមុនី សង្កេតឃើញថា អាជ្ញាធរនិងក្រុមហ៊ុន បានដោះស្រាយឲ្យពលរដ្ឋអស់ជាច្រើនគ្រួសារមកហើយ ជាពិសេសអ្នកស្រុកស្រែអំបិល។ លោក មាន ព្រហ្មមុនី យល់ថា ក្រសួងដែនដី និងអាជ្ញាធរ គួរបន្តអនុវត្តយន្តការដោះស្រាយវិវាទដីធ្លីនេះ ចំពោះពលរដ្ឋនៅស្រុកបុទុមសាគរ ស្រុកថ្មបាំង និងនៅសេសសល់គ្រួសារមួយចំនួនក្នុងស្រុកស្រែអំបិល៖ «យើងសូមដោះស្រាយឲ្យបានសមរម្យ និងយុត្តិធម៌ដែលប្រជាពលរដ្ឋអាចទទួលយកបាន។ ហើយសង្ឃឹមថាការដោះស្រាយនឹងមានតម្លាភាព ហើយមានភាពសុក្រឹត បន្ទាប់មកប្រជាពលរដ្ឋ គាត់ព្រមព្រៀងហើយគាត់ស្ម័គ្រចិត្តដោយមិនមានការគំរាមកំហែង ឬបង្ខិតបង្ខំណាមួយ»។
ក្រោយពីបញ្ចប់ការតវ៉ានៅមុខក្រសួងដែនដី អ្នកកោះកុង មួយចំនួនសម្រេចវិលត្រឡប់ទៅផ្ទះវិញ ហើយមួយចំនួនទៀត ទៅសុំវត្តសាមគ្គីរង្សីស្នាក់នៅបានមួយយប់ លុះព្រឹកស្អែកទើបពួកគាត់ត្រឡប់ទៅស្រុកវិញ។ អ្នកកោះកុងឲ្យដឹងថា ២សប្ដាហ៍ទៀត ពួកគាត់នឹងឡើងមកទីក្រុងភ្នំពេញម្ដងទៀត ដើម្បីដាក់ឯកសារជូនក្រសួងដែនដី និងសាកសួរអំពីពេលវេលាឲ្យដឹងច្បាស់ ជុំវិញដំណោះស្រាយសម្រាប់ពួកគាត់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
