អាជ្ញាធរ​ខេត្ត​កោះកុង​បណ្ដេញ​ពលរដ្ឋ​៤០​គ្រួសារ​ចេញ​ពី​ឧទ្យាន​ជាតិ​បុទុមសាគរ

ដោយ ស្ងួន អមរា
2018-01-12
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ផ្ទះ​ពលរដ្ឋ​ដែល​រស់​នៅ​ក្នុង​តំបន់​ឧទ្យាន​ជាតិ​បុទុមសាគរ ឃុំ​អណ្ដូងទឹក ស្រុក​បុទុមសាគរ ខេត្ត​កោះកុង ដែល​ត្រូវ​បាន​អាជ្ញាធរ​រុះរើ​ចោល នៅ​ថ្ងៃ​ទី​១២ មករា ឆ្នាំ​២០១៨។
ផ្ទះ​ពលរដ្ឋ​ដែល​រស់​នៅ​ក្នុង​តំបន់​ឧទ្យាន​ជាតិ​បុទុមសាគរ ឃុំ​អណ្ដូងទឹក ស្រុក​បុទុមសាគរ ខេត្ត​កោះកុង ដែល​ត្រូវ​បាន​អាជ្ញាធរ​រុះរើ​ចោល នៅ​ថ្ងៃ​ទី​១២ មករា ឆ្នាំ​២០១៨។
Photo: LICADHO

អាជ្ញាធរ​ពាក់ព័ន្ធ​ក្នុង​ស្រុក​បុទុមសាគរ ខេត្ត​កោះកុង បាន​ចុះ​ទៅ​បណ្ដេញ​ប្រជាពលរដ្ឋ ៤០​គ្រួសារ និង​បាន​យក​ម៉ាស៊ីន​ត្រង់ស៊ីន័រ​កាត់​រំលំ​ផ្ទះ​ប្រជាពលរដ្ឋ​ដែល​បាន​សង់​រស់​នៅ​ក្នុង​ឧទ្យាន​ជាតិ​បុទុមសាគរ ស្ថិត​ក្នុង​ឃុំ​អណ្ដូងទឹក ស្រុក​បុទុមសាគរ។ មន្ត្រី​សិទ្ធិមនុស្ស​ចាត់​ទុក​ចំណាត់​ការ​របស់​អាជ្ញាធរ​ថា ជា​ការ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ និង​ស្នើ​សុំ​ឲ្យ​រដ្ឋាភិបាល​កាត់​ឆ្វៀល​ដី​តំបន់​នោះ​សម្រាប់​ ​ពលរដ្ឋ​រស់​នៅ និង​អាស្រ័យ​ផល​ត​ទៅ​ទៀត។

​អាជ្ញាធរ​ស្រុក​បុទុមសាគរ ខេត្ត​កោះកុង ​កាល​ពី​ថ្ងៃ​សុក្រ ទី​១២ ខែ​មករា បាន​ប្រើ​កម្លាំង​ប្រឆាំង​នឹង​ប្រជាពលរដ្ឋ​រដ្ឋ​ប្រមាណ ៤០​គ្រួសារ​ដែល​មិន​ព្រម​ចាក​ចេញ​ពី​ចំណុច​កំពង់ភ្លូ ភូមិ​ជីត្រេះ ឃុំ​អណ្ដូងទឹក ដែល​អាជ្ញាធរ​អះអាង​ថា ជា​តំបន់​ស្នូល​នៃ​ឧទ្យានជាតិ​បុទុមសាគរ និង​ជា​តំបន់​ហាម​ឃាត​មិន​ឲ្យ​មាន​មនុស្ស​រស់​នៅ។

​តំណាង​ប្រជាពលរដ្ឋ​លោក មាស សេម រៀបរាប់​ថា អភិបាល​រង​ស្រុក​បុទុមសាគរ លោក សួន ស៊ីថា និង​នាយក​ឧទ្យាន​ជាតិ​បុទុមសាគរ លោក អឹង វុន្នី បាន​ដឹកនាំ​កម្លាំង​ចម្រុះ​រួម​មាន មន្ត្រី​ប៉ូលិស មន្ត្រី​ប៉េអឹម ស្រុក​បុទុមសាគរ ចំនួន ៥​នាក់ មាន​អាវុធ​វែង​គ្រប់​ដៃ មន្ត្រី​បរិស្ថាន​ឧទ្យាន​ជាតិ​បុទុមសាគរ ចំនួន ១០​នាក់ មាន​អាវុធ​ខ្លះ និង​សមាជិក​ក្រុមប្រឹក្សា​ឃុំ​អណ្ដូងទឹក ម្នាក់ ព្រមទាំង​ក្រុម​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ (Wildlife Alliance) សរុប​ជាង ៣០​នាក់ បាន​យក​ម៉ាស៊ីន​ត្រង់ស៊ីន័រ​ទៅ​កាត់​រំលំ​ផ្ទះ និង​បណ្ដេញ​ប្រជាពលរដ្ឋ​ចេញ​ពី​លំនៅឋាន​ចំនួន ៤០​គ្រួសារ។ ក្នុង​ពេល​ប្រតិបត្តិការ​​នោះ អាជ្ញាធរ​បាន​ហាម​មិន​ឲ្យ​អ្នក​ភូមិ​ណា​ថតរូប​ពី​សកម្មភាព​រុះរើ​នេះ​ជា​ដាច់​ខាត ប្រសិនបើ​ប្រជាពលរដ្ឋ​ណា​ហ៊ាន​ទទឹង​មិន​ព្រម​ធ្វើ​តាម​នោះ នឹង​ចាប់​វ៉ៃ​ខ្នោះ​ភ្លាម៖ «»។

លោក មាស សេម បន្ត​ថា អាជ្ញាធរ​បាន​សំអាង​ថា ចំណុច​កំពង់ភ្លូ​នោះ គឺ​ជា​ទីកន្លែង​តំបន់​ស្នូល​នៃ​ឧទ្យានជាតិ​បុទុមសាគរ ដោយ​មិន​អនុញ្ញាត​អោយ​ប្រជាពលរដ្ឋ​ណា​ម្នាក់​បន្ត​រស់​នៅ​ឡើយ ទោះបីជា​ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​ទៅ​រស់នៅ​កន្លែង​នោះ តាំង​ពី​ឆ្នាំ​១៩៨៥ ក្តី។ តំណាង​ពលរដ្ឋ​រូប​នេះ​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ជួយ​អន្តរាគមន៍​ដោះស្រាយ​ដោយ​កាត់​ឆ្វៀល​ដី​នោះ​ជូន​ពួកគាត់​គ្រប់គ្រង​វិញ៖ «»។

​ជា​ច្រើន​ឆ្នាំ​មក​ហើយ ប្រជាជន ៤០​គ្រួសារ បាន​ទៅ​រស់​នៅ និង​ធ្វើស្រែ​ផលិត​ស្បៀង​លើ​ផ្ទៃដី​ជាង ៣០០​ហិកតារ ​ដោយ​មិន​ដែល​មាន​អាជ្ញាធរ​ស្ថាប័ន​ណា​មក​ហាមឃាត់ និង​រារាំង​ឡើយ។ កន្លង​មក​អាជ្ញាធរ​ធ្លាប់​អះអាង​ថា ខាង​អាជ្ញាធរ​ពាក់ព័ន្ធ​ធ្លាប់​សម្រប​ស្រួល​ដោះស្រាយ​ដោយ​ប្រគល់​ដី​ជូន​ពួក​គាត់​ទៅ​នៅ​កន្លែង​ផ្សេង​ដែរ ប៉ុន្តែ​ពលរដ្ឋ​ទាំង​នោះ​មិន​ព្រម ហើយ​នៅតែ​វិល​ចូល​រស់​នៅ​កន្លែង​ដើម។

​អាស៊ីសេរី មិន​អាច​សុំ​ការ​បកស្រាយ​ពី​អភិបាលរង​ស្រុក​បុទុមសាគរ លោក សួន ស៊ីថា បាន​ទេ ដោយ​ទូរស័ព្ទ​លោក​មិន​អាច​ទាក់ទង​បាន។ ចំណែក​នាយក​ឧទ្យាន​ជាតិ​បុទុមសាគរ លោក អឹង វុន្នី និង​អភិបាល​រង​ខេត្ត​ទទួល​បន្ទុក​ដោះស្រាយ​ដីធ្លី លោក អន ភារៈ ទូរស័ព្ទ​ចូល​តែ​ពុំ​មាន​អ្នក​ទទួល។

អ្នក​សម្របសម្រួល​អង្គការ​សិទ្ធិមនុស្ស​លីកាដូ (LICADHO) ខេត្ត​កោះកុង លោក អ៊ិន គង់ជិត មាន​ប្រសាសន៍​ថា ប្រជាពលរដ្ឋ​បាន​ចូល​ទៅ​រស់​នៅ​បង្កបង្កើត​ផល​មាន​ស្រែចម្ការ​ជា​យូរ​ឆ្នាំ​ណាស់​មក​ហើយ។ ដូច្នេះ រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ គួរ​តែ​អនុគ្រោះ និង​យោគយល់​កាត់​ឆ្វៀល​ដី​នៅ​តំបន់​នោះ​ចែក​ជូន​ប្រជាពលរដ្ឋ​ដើម្បី​បាន​ចិញ្ចឹម​ជីវិត​ត​ទៅ​ទៀត ថ្វី​ដ្បិត​តំបន់​នោះ​គឺ​ជា​តំបន់​ការពារ​ក៏ដោយ​ចុះ។

​លោក អ៊ិន គង់ជិត លើក​ឡើង​ថា ចំពោះ​ចំណាត់​ការ​របស់​អាជ្ញាធរ​ដែល​កាត់​រំលំ​ផ្ទះ​ពលរដ្ឋ និង​បណ្ដេញ​ប្រជាពលរដ្ឋ​ចេញ​ទាំង​បង្ខំ​នេះ វា​គឺ​ជា​ករណី​រំលោភ​សិទ្ធិ​មនុស្ស ដែល​មិន​អាច​ទទួល​យក​បាន ព្រោះថា​ពលរដ្ឋ​គ្រប់រូប​មាន​សិទ្ធិ​មាន​លំនៅឋាន៖ «»។

​តំណាង​ប្រជាពលរដ្ឋ​អះអាង​ថា រហូតមកដល់​ព្រលប់​ថ្ងៃ​ទី​១២ មករា អាជ្ញាធរ​នៅ​មិន​ទាន់​ដក​កម្លាំង​ត្រឡប់​ទៅ​វិញ​ឡើយ ដោយ​នៅ​តែ​រង់ចាំ​បង្ក្រាប​ពលរដ្ឋ​ណា​ដែល​ត្រឡប់​មក​រស់​នៅ​វិញ។ ទោះ​យ៉ាង​ណា​ក្តី ពលរដ្ឋ​មួយ​ចំនួន​នៅ​មិន​ទៅ​ណា​ឆ្ងាយ​នោះ​ទេ ហើយ​ប្ដេជ្ញា​ថា ពួកគាត់​នឹង​បោះតង់​រស់​នៅ​តំបន់​ប្រឈម​នោះ​ដដែល ទោះ​ជា​អាជ្ញាធរ​បាញ់​សម្លាប់​ពួកគាត់​ក្តី ព្រោះ​ពេល​នេះ​ពួកគាត់​គ្មាន​ជម្រក និង​ជម្រើស​ផ្សេង​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល