តុលាការ​កោះកុង​កោះហៅ​តំណាង​ពលរដ្ឋ​មាន​ជម្លោះដីធ្លី​ជាមួយ​ឧកញ៉ា ហេង ហ៊ុយ ៤​នាក់

ដោយ ថន ថារ៉ូ
2019-09-13
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សាលាដំបូង​ខេត្ត​កោះកុង
សាលាដំបូង​ខេត្ត​កោះកុង
Photo: RFA

តុលាការ​ខេត្ត​កោះកុង ចេញ​ដីកា​កោះហៅ​ស្ត្រី ៤​នាក់ តំណាង​ឱ្យ​ពលរដ្ឋ​ជិត ២​រយ​គ្រួសារ ទាក់ទង​នឹង​បណ្ដឹង​របស់​ឧកញ៉ា ហេង ហ៊ុយ ដែល​ប្ដឹង​ពលរដ្ឋ​មាន​ជម្លោះដីធ្លី​ជាមួយ​លោក ៣​បទល្មើស​ផ្សេងគ្នា​។ ពលរដ្ឋ​ដែល​រង​ការចោទប្រកាន់​នេះ​ថា ជា​រឿង​អយុត្តិធម៌​ចំពោះ​ពួកគាត់ ដែល​បាត់បង់​ដីធ្លី​ដោយសារ​ក្រុមហ៊ុន​​រំលោភ​យក​ហើយ ថែមទាំង​ត្រូវ​រង​បណ្ដឹង​ទៅ​តុលាការ​ថែមទៀត។ ព្រះរាជអាជ្ញា​នៃ​សាលាដំបូង​ខេត្ត​កោះកុង លោក រស់ សារាំ ចេញ​ដីកា​កោះហៅ​ពលរដ្ឋ ៤​នាក់ ឱ្យ​ចូលខ្លួន​ឆ្លើយ​បំភ្លឺ​នៅ​តុលាការ នៅ​ថ្ងៃ​ទី​១៨ និង​ទី​១៩ កញ្ញា តាម​បណ្ដឹង​របស់​លោក ហេង ហ៊ុយ ប្រធាន​ក្រុមហ៊ុន ហេង ហ៊ុយ អភិវឌ្ឍ។ អ្នក​ទាំងនោះ មាន​លោកស្រី អិន ធូ និង​លោកស្រី កើត ដែល​ត្រូវ​ចូល​បំភ្លឺ​នៅ​ថ្ងៃ​ទី​១៨ ហើយ​លោកស្រី ដេត ហួ និង​លោកស្រី អើប វី ចូលខ្លួន​បំភ្លឺ​នៅ​ថ្ងៃ​ទី​១៩ កញ្ញា។

លោក ហេង ហ៊ុយ ប្ដឹង​ស្ត្រី​ទាំង ៤​នាក់ ពី​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ បទ​បរិហារ​បង្កាច់​កេរ្តិ៍ និង​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ ក្រោយពី​ពលរដ្ឋ​ជិត ២​រយ​គ្រួសារ​នាំគ្នា​ចេញ​តវ៉ា​រក​ដំណោះស្រាយ​ដីធ្លី​ពី អាជ្ញាធរ​ខេត្ត​កោះកុង និង​ក្រសួង​ដែនដី អស់​ជាច្រើនលើក​ច្រើនសា។

តំណាង​ពលរដ្ឋ ១៩៧​គ្រួសារ នៅ​ភូមិ​តានី ស្រុក​ស្រែអំបិល​ខេត្ត​កោះកុង លោកស្រី ដេត ហួ ថ្លែង​ថា រូប​គាត់​គ្មាន​ភិតភ័យ ចំពោះ​ការ​កោះហៅ​នេះ​ទេ ពីព្រោះ​ពួកគាត់ គឺជា​ជនរងគ្រោះ​ពិតប្រាកដ​ក្នុង​ជម្លោះដីធ្លី​ជាមួយ​ក្រុមហ៊ុន ហេង ហ៊ុយ អភិវឌ្ឍន៍។

លោកស្រី​យល់ថា បណ្ដឹង​ឧកញ៉ា ហេង ហ៊ុយ ដែល​ដាក់​ទៅ​តុលាការ​នេះ អាច​ជា​ការ​ដាក់​សម្ពាធ​ឱ្យ​ពួកគាត់​ឈប់​ចេញ​តវ៉ា​រឿង​ដីធ្លី​តទៅទៀត​។ ប៉ុន្តែ​តំណាង​ពលរដ្ឋ​រូប​នេះ បញ្ជាក់​ថា ពួកគាត់​នៅតែ​បន្ត​ការ​តវ៉ា​រក​ដំណោះស្រាយ​ដីធ្លី​ជា​ថ្មី​ទៀត លុះ​ត្រា​ទទួល​បាន​ដំណោះស្រាយ៖ «ខ្ញុំ​នឹង​ចូល​បំភ្លឺ​តាម​ការ​កោះហៅ ពីព្រោះ​លើក​មុន ខ្ញុំ​បាន​ដាក់​ពន្យារ​ដើម្បី​រក​មេធាវី​ម្ដង​ហើយ​។ ឥឡូវ​រក​បាន​ហើយ មេធាវី​លីកាដូ ហើយ​ខ្ញុំ​រំពឹង​ថា លោក​មេធាវី គាត់​ជួយ​កាត់ក្ដី​ឱ្យ​ខ្ញុំ​យ៉ាង​ត្រឹម​ត្រូវ ពីព្រោះ​ខ្ញុំ​អត់​បាន​បរិហារកេរ្តិ៍​លោក​ឧកញ៉ា ហេង ហ៊ុយ ទេ។ ខ្ញុំ​មិនបាន​ញុះញង់​បងប្អូន​ណា​ទេ។ គាត់​ទៅ​ស្រេច​ចិត្ត​គាត់។ ខ្ញុំ​ទាមទារ​តវ៉ា​ស្រេច​ចិត្ត​របស់ខ្ញុំ ដី​ខ្ញុំ​បាត់​ពិតប្រាកដ​មែន​។ ហើយ​ខ្ញុំ​ក៏​មិន​បញ្ឈប់​ការ​តវ៉ា ទោះជា​ខ្ញុំ​ឡើង​តុលាការ​ហើយ ចូល​បំភ្លឺ​ហើយ ក៏​ខ្ញុំ​មិន​បញ្ឈប់​ការ​តវ៉ា​ទេ។ ខ្ញុំ​តវ៉ា​ទាល់​តែ​មាន​ដំណោះ​ស្រាយ»

នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​លីកាដូ លោក អំ សំអាត ឱ្យ​ដឹង​ថា អង្គការ​ លីកាដូ បាន​ផ្ដល់​មេធាវី​ជួយ​ការពារ​ផ្នែក​ច្បាប់​ជូន​ពលរដ្ឋ​ទាំង ៤​នាក់ តាម​ការ​ស្នើ​សុំ​ហើយ​។ លោក​សង្កេត​ឃើញ​ថា រាល់​ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ទៅ​ឱ្យ​ក្រុមហ៊ុន​ឯកជន​អភិវឌ្ឍន៍​នៅ​ទីណា តែង​មាន​ការ​គំរាម​កំហែង បំភិតបំភ័យ និង​ឈាន​ដល់​ការ​ប្ដឹងផ្ដល់​ពលរដ្ឋ​ទៅ​តុលាការ​។ លោក អំ សំអាត យល់​ថា ក្រសួង​ដែនដី​គួរ​ប្រើ​សិទ្ធិ​អំណាច​របស់​ខ្លួន​ដោះស្រាយ​បញ្ចប់​វិវាទ​មួយ​នេះ ដើម្បី​ចៀសវាង​ការ​រុញច្រាន​រឿង​នេះ បន្ត​ទៅ​ស្ថាប័ន​តុលាការ៖ «ខ្ញុំ​គិត​ថា នេះ​បង្ក​ជា​រឿង​ឱ្យ​កាន់តែ​វែងឆ្ងាយ​។ អ្វី​ដែល​សំខាន់ គឺ​ត្រូវ​រង់ចាំ​មើល​ខាង​ក្រសួង​ដែនដី ដំណើរការ​នីតិវិធី​ក្នុង​ការ​ដោះស្រាយ វា​ល្អ​ជាង​ការដែល​ដំណើរការ​នីតិវិធី​ផ្លូវច្បាប់ វា​បង្ក​បញ្ហា​វែងឆ្ងាយ​ទៀត​ទេ ពីព្រោះ​យើង​គួរ​ស្វែងរក​ដំណោះ​ស្រាយ​​ណាមួយ​ដែល​ទទួល​យក​បាន​ទាំងអស់​គ្នា​។ វា​ជា​ការ​ល្អ»

ទាក់ទង​នឹង​ជម្លោះដីធ្លី​នេះ ក្រុម​ការងារ​ក្រសួង​ដែនដី ធ្លាប់​ប្រាប់​ពលរដ្ឋ​ទាំងនោះ​ថា នឹង​ចុះទៅ​ពិនិត្យមើល​ជម្លោះដីធ្លី​ក្នុង​ខេត្ត​កោះកុង នៅ​ខែ​វិច្ឆិកា ដើម្បី​ធ្វើ​អត្តសញ្ញាណ​កម្ម​ដី​ក្រុមហ៊ុន ហេង ហ៊ុយ អេហ្គ្រីខលឈ័រ គ្រុប (Heng Huy Agriculture Group) និង​ដី​ពលរដ្ឋ​ជិត ២​គ្រួសារ ស្ថិតនៅ​ឃុំ​ជី​ខ​លើ និង​ឃុំ​ជី​ក្រោម ក្នុង​ស្រុក​ស្រែអំបិល។

ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃ​ទី​២២ សីហា ក្រសួង​ដែនដី​បញ្ជាក់​ថា ការ​ចុះ​ពិនិត្យ​នេះ មិនមែន​ដោះស្រាយ​ដី​ជូន​ពលរដ្ឋ​នោះ​ទេ​។ ប្រសិនបើ​ក្រសួង​ដែនដី​ពិនិត្យ​ឃើញ​ថា ទីតាំង​វិវាទ​នោះ​ស្ថិតនៅ​លើ​ដី​ប័ណ្ណ​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន ឬ​បុគ្គល​ផ្សេង គឺ​ត្រូវ​ទៅ​ដោះស្រាយ​នៅ​តុលាការ​។ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ ក្រសួង​ដែនដី​មិន​ទាន់​បាន​ទៅ​ពិនិត្យ​ទេ ហើយក៏​មិនបាន​កំណត់​កាលបរិច្ឆេទ​ច្បាស់លាស់​ថា នឹង​ចុះទៅ​នៅ​ថ្ងៃ​ណា​នោះ​ទេ។

លោកស្រី ដេត ហួ ឱ្យ​ដឹង​ថា ពួកគាត់​ដែល​ជា​ប្រជាពលរដ្ឋ​ក្រក្រី រស់នៅ​ទីតាំង​នោះ​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៣ មក​ម្ល៉េះ​។ លោកស្រី​ថា ស្រាប់តែ​នៅ​ឆ្នាំ​២០០៧ រហូត​មកដល់​ឆ្នាំ​២០១៣ ទើប​លេច​ឈ្មោះ​ក្រុមហ៊ុន ហេង ហ៊ុយ ចូល​មក​ឈូស​ឆាយ​ដី​ស្រែចម្ការ​ពួកគាត់ ដោយ​អះអាង​ថា ដី​ពលរដ្ឋ​ដែល​អាស្រ័យ​ផល គឺជា​ដី​សម្បទាន​សេដ្ឋកិច្ច​ដែល​រដ្ឋ​ផ្ដល់​ឱ្យ​ក្រុមហ៊ុន​ទៅវិញ។

អង្គការ​ស៊ីវិល​ដែល​តាម​ជម្លោះដីធ្លី ឆ្ងល់​អំពី​ការ​វិវត្ត​ដី​សម្បទាន​សេដ្ឋកិច្ច ដែល​រដ្ឋាភិបាល​ផ្ដល់​ឱ្យ​ក្រុមហ៊ុន ហេង ហ៊ុយ អភិវឌ្ឍន៍ ទំហំ​ជិត ៨​រយ​ហិកតារ (៧៧៩) កាលពី​ឆ្នាំ​២០០៧ បែរជា​ប្រែ​ក្លាយទៅជា​ដី​មាន​ប្លង់​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន នៅ​ឆ្នាំ​២០១៩ ទៅវិញ។

ទោះបីជា​យ៉ាងណា អង្គការ​សង្គម​ស៊ីវិល នៅតែ​ទទូច​ស្នើ​ដល់​ក្រសួង​រៀបចំ​ដែនដី និង​អាជ្ញាធរ​ខេត្ត​កោះកុង ឱ្យ​ចុះ​ស៊ើបអង្កេត​ករណី​នេះ​ឱ្យ​បាន​ច្បាស់​លាស់ និង​រិះរក​ដំណោះស្រាយ​ឱ្យ​ប្រជាពលរដ្ឋ នៅ​នៅ​ស្រុកស្រែ​អំបិល ដោយ​ឈរ​លើ​គោលការណ៍​ច្បាប់ យុត្តិធម៌ និង​មនុស្សធម៌ ដើម្បី​បញ្ចប់​វិវាទ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​មួយ​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល