សង្គម​ស៊ីវិល​ថា​អភិបាល​ខេត្ត​ពោធិ៍សាត់​ប្រើ​ឥទ្ធិពល​ដោះស្រាយ​ជម្លោះ​ដីធ្លី

ដោយ ជិន ជេដ្ឋា
2017-04-30
Share
អភិបាល​ខេត្ត​ពោធិ៍សាត់ លោក ម៉ៅ ធនិន ៦២០ អភិបាល​ខេត្ត​ពោធិ៍សាត់ លោក ម៉ៅ ធនិន ចុះ​សម្រប​សម្រួល​ប្រជាពលរដ្ឋ​នៅ​ឃុំ​ថ្មដា ស្រុក​វាលវែង ដែល​មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន អឹម.ឌី.អេស (MDS) មិន​ឲ្យ​ឡើង​ទៅ​តវ៉ា​នៅ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០១៤។
RFA/Chin Chetha

មន្ត្រី​សង្គម​ស៊ីវិល​រក​ឃើញ​ថា អាជ្ញាធរ​ថ្នាក់​ក្រោម​ជាតិ​ដោះស្រាយ​ជម្លោះ​ក្រៅ​ប្រព័ន្ធ​តុលាការ​ភាគច្រើន បាន​ប្រើ​ឥទ្ធិពល​បង្ខំ​ឲ្យ​គូ​ភាគី​បញ្ចប់​រឿងរ៉ាវ​ជា​ជាង​ប្រើ​ច្បាប់ ឬ​ក្បួន​ខ្នាត​ដែល​មាន​ស្រាប់។ ការ​លើក​ឡើង​នេះ បន្ទាប់​ពី​អភិបាល​ខេត្ត​ពោធិ៍សាត់ មាន​មោទនភាព​ចំពោះ​ខ្លួន​ឯង ដែល​ដោះស្រាយ​ជម្លោះ​ដីធ្លី​បាន​ជោគជ័យ​ជាច្រើន​ករណី​ក្នុង​នាម​លោក​ជា​អភិបាល​ខេត្ត។

អភិបាល​ខេត្ត​ពោធិ៍សាត់ លោក ម៉ៅ ធនិន ថា​លោក​ដោះស្រាយ​ជម្លោះ​ដីធ្លី​បាន​ជោគជ័យ​ប្រមាណ ១៤០​ករណី តាម​យុទ្ធសាស្ត្រ​ឈ្នះៗ​របស់​រាជ​រដ្ឋាភិបាល​ក្នុង​រយៈពេល​ជាង​បី​ឆ្នាំ ដែល​លោក​ឡើង​កាន់​តំណែង​ជា​អភិបាល​ខេត្ត។ លោក​តម្រូវ​ឲ្យ​គូ​ភាគី​ទំនាស់​បើក​ចិត្ត​ទូលាយ និយាយ​ដោយ​ភាព​ស្មោះ​ត្រង់ ត្រឹមត្រូវ ហើយ​ត្រូវ​សម្បទាន​គ្នា​ទៅ​វិញ​ទៅ​មក ទើប​ពុំ​មាន​អ្នក​ចាញ់ គឺ​ឈ្នះ​ទាំងអស់​គ្នា។

សារព័ត៌មាន​ហ្វ្រេស​ញូវ (Fresh News) ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មេសា ដោយ​ស្រង់​សម្ដី​អភិបាល​ខេត្ត​ពោធិ៍សាត់ លោក ម៉ៅ ធនិន ក្នុង​ឱកាស​ដែល​លោក​ចុះ​ដោះស្រាយ​ជម្លោះ​ដីធ្លី​នៅ​ស្រុក​ភ្នំក្រវ៉ាញ ថា លុយ និង​ទ្រព្យ​សម្បត្តិ​យើង​អាច​រក​មក​ពេល​ណា​ក៏​បាន គ្រាន់​តែ​យូរ ហើយ​និង​ឆាប់ ប៉ុន្តែ​ចំណង​មិត្តភាព​រវាង​បង​ប្អូន​កូន​ក្មួយ និង​អ្នក​ភូមិ​ផង​របង​ជាមួយ គឺ​មាន​ជា​រៀង​រហូត។ បើ​បង​ប្អូន​នៅ​តែ​បន្ត គឺ​គ្មាន​អ្វី​ដែល​នៅ​សេសសល់​នោះ​ទេ វា​អស់​ទាំង​ថវិកា និង​ពេលវេលា តែ​បើ​បង​ប្អូន​យល់ព្រម​តាម​ការ​សម្របសម្រួល និង​ស្រុះស្រួល​គ្នា​ហើយ​នោះ ខ្ញុំ​នឹង​បញ្ចប់​ទំនាស់​នេះ​ចាប់​ពី​ពេល​នេះ​ត​ទៅ។

មន្ត្រី​សមាគម​អាដហុក (ADHOC) ថា​អភិបាល​ខេត្ត​ពោធិ៍សាត់ និង​ខេត្ត​កំពង់ធំ សកម្ម​ជាង​គេ​ក្នុង​ការ​ដោះស្រាយ​ជម្លោះ​ដីធ្លី បើ​ប្រៀបធៀប​នឹង​បណ្ដា​ខេត្ត​ទាំងអស់​នៅ​ទូទាំង​ប្រទេស។ តែ​យុទ្ធសាស្ត្រ​ឈ្នះៗ ឬ​ការ​ប្រើ​ឥទ្ធិពល​អំណាច​ដើម្បី​ដោះស្រាយ​ជម្លោះ គឺ​មិន​បាន​ជោគជ័យ​ទាំងអស់​នោះ​ទេ ពេល​ណា​ភាគី​ណា​មួយ​មាន​ឥទ្ធិពល​ខ្លាំង ឬ​ខាត​ប្រយោជន៍​ច្រើន​ពេក។

អ្នក​នាំ​ពាក្យ​សមាគម​អាដហុក (ADHOC) លោក សំ ច័ន្ទគា ថ្លែង​នៅ​ថ្ងៃ​ទី​២៩ ខែ​មេសា ថា អាជ្ញាធរ​មិន​បាន​យក​ក្បួន​ខ្នាត​ដោះស្រាយ​ជម្លោះ​ដែល​តាក់តែង​ដោយ​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ (UNDP) សហការ​ជាមួយ​ក្រសួង​មហាផ្ទៃ និង​ក្រសួង​យុត្តិធម៌ ទៅ​អនុវត្ត​នោះ​ទេ គឺ​នៅ​ដោះស្រាយ​តាម​របៀប​ប្រើ​ឥទ្ធិពល ឬ​ជា​ម៉ែ​ជា​ឪ​នៃ​គូ​ភាគី​ជម្លោះ ដែល​ធ្វើ​ឲ្យ​គូ​ភាគី​ទទួល​យក​ដោយ​មិន​អស់​ចិត្ដ៖ «ការ​ប្រើ​ឥទ្ធិពល​បង្ខំ​ឲ្យ​ភាគី​បញ្ចប់​រឿង គឺ​គាត់​មិន​សប្បាយ​ចិត្ត​ទេ។ ជួនកាល​យក​ដោយ​មិន​ពេញ​ចិត្ត យក​ដោយ​ទឹក​ភ្នែក ដែល​យើង​ធ្លាប់​ជួប។ អា​ហ្នឹង​ហើយ​ដែល​បង្កើត​ឲ្យ​មាន​ជម្លោះ​ឡើង​វិញ»

ឆ្លើយតប​នឹង​ការ​លើក​ឡើង​នេះ អភិបាល​ខេត្ត​ពោធិ៍សាត់ លោក ម៉ៅ ធនិន ថា​វិធានការ​ច្បាប់​ចាំបាច់​ត្រូវ​តែ​ប្រើ ប៉ុន្តែ​ការ​យល់​ដឹង​របស់​ពលរដ្ឋ​នៅ​មាន​កម្រិត លោក​ត្រូវ​ដោះស្រាយ​តាម​ស្ថានភាព​ជាក់ស្ដែង។ ចំណែក​ជម្លោះ​ដីធ្លី​នៅ​ឃុំ​ថ្មដា វិញ លោក​ជឿ​ថា​អាច​ដោះស្រាយ​ចេញ ដោយ​លោក​បាន​ចាត់​ឲ្យ​អភិបាល​រង​ខេត្ត​ម្នាក់ និង​អាជ្ញាធរ​ពាក់ព័ន្ធ​នៅ​មូលដ្ឋាន ដើម្បី​ដោះស្រាយ​ហើយ៖ «អត់​មាន​បញ្ហា​អី​ទេ​បង ពីព្រោះ​បញ្ហា​ទាំងអស់​យើង​ក្ដាប់​បាន។ សំខាន់​បំផុត​យើង​ដោះស្រាយ​ចុះ​ទៅ​ផ្ទាល់​ជាមួយ​បង​ប្អូន​ប្រជាពលរដ្ឋ។ បើ​ចំពោះ​ខ្ញុំ ក្នុង​ការ​វាយ​តម្លៃ​គ្រប់​បញ្ហា​ទាំងអស់​ដែល​ខ្ញុំ​បាន​ដោះស្រាយ​កន្លង​មក​នេះ គឺ​មិន​មាន​បញ្ហា​អី​ទេ»

ពលរដ្ឋ​ម្នាក់​នៅ​ឃុំ​ថ្មដា ស្រុក​វាលវែង ដែល​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន អឹម.ឌី.អេស (MDS) របស់​លោក​ឧកញ៉ា ទ្រី ភាព គឺ​លោកស្រី យ៉ុង រ៉ាន់ ថា​តាំង​ពី​ឆ្នាំ​២០១០ ដែល​ជម្លោះ​បាន​កើត​ឡើង រូប​គាត់ និង​អ្នក​ភូមិ​ខ្លះ​ទៀត​មិន​ដែល​ទទួល​បាន​យុត្តិធម៌​ក្នុង​ការ​ដោះស្រាយ​ឡើយ។ លោកស្រី​ថា អាជ្ញាធរ​ខេត្ត​ថា​ដោះស្រាយ​តែ​មាត់ ប៉ុន្តែ​ភាគី​ក្រុមហ៊ុន​នៅ​តែ​បន្ត​រំលោភ​បំពាន​រហូត​មក​ដល់​បច្ចុប្បន្ន៖ «ដំណោះស្រាយ​របស់​ខេត្ត គឺ​ពួក​គាត់​អត់​ទាន់​ដោះស្រាយ​អី​ឲ្យ​បាន​ជា​លទ្ធផល​ដល់​ពួក​ខ្ញុំ​ទេ។ ខ្ញុំ​យល់​ថា អយុត្តិធម៌។ គាត់​ហៅ​ពួក​ខ្ញុំ​ទៅ​ដោះស្រាយ គ្រាន់​និយាយ​តែ​មាត់​ទេ សាច់​ការ​ដែល​ថា​ដោះ​អត់​កើត​បាន​ជា​លទ្ធផល​នៅ​ឡើយ​ទេ»

លោក សំ ច័ន្ទគា បាន​ផ្ដល់​យោបល់​ដោយ​ផ្អែក​លើ​គោលការណ៍​ដោះស្រាយ​ជម្លោះ​ក្រៅ​ប្រព័ន្ធ​ថា ការ​ដោះស្រាយ​ជម្លោះ​មាន​ច្រើន​ដំណាក់កាល ប៉ុន្តែ​អាជ្ញាធរ​ត្រូវ​ផ្ដល់​សិទ្ធិ​ស្មើ​គ្នា​ចំពោះ​គូ​ភាគី។ ភាគី​នីមួយៗ​មាន​សិទ្ធិ​ដាក់​លក្ខខណ្ឌ​លើស​ពី​ពីរ ហើយ​ត្រូវ​រើស​យក​លក្ខខណ្ឌ​ប្រហាក់​ប្រហែល​ដែល​ភាគី​ទាំង​សងខាង​បាន​ដាក់​មក​ជជែក ទើប​ជម្លោះ​អាច​ដោះស្រាយ​ចេញ ឬ​គូ​ភាគី​ទទួល​យក​ដោយ​អស់​ចិត្ត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល