អ្នក​មាន​ជម្លោះ​​ដីធ្លី​នៅ​ខេត្ត​កោះកុង និង​​ព្រះសីហនុ ដាក់​ញត្តិ​ទាមទារ​ដំណោះ​ស្រាយ​​នៅ​ក្រសួង​ដែនដី និង​ក្រសួង​មហាផ្ទៃ

ដោយ ជាតិ ចំណាន
2019-11-25
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ពី​ខេត្ត​កោះកុង តវ៉ា​នៅ​មុខ​ក្រសួង​ដែនដី រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី២៥ ខែ​វិច្ឆកា ឆ្នាំ២០១៩។ រូប៖ RFA
ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ពី​ខេត្ត​កោះកុង តវ៉ា​នៅ​មុខ​ក្រសួង​ដែនដី រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី២៥ ខែ​វិច្ឆកា ឆ្នាំ២០១៩។ រូប៖ RFA
Photo: RFA

ក្រុម​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី ចំនួន ៥សហគមន៍ មក​ពី​ខេត្ត​កោះកុង និង​ខេត្ត​ព្រះសីហនុ បាន​នាំ​គ្នា​មក​ដាក់​ញត្តិ​​ទាម​ទារ​រក​ដំណោះស្រាយ​ដីធ្លី​រ៉ាំរ៉ៃ នៅ​ក្រសួង​មហាផ្ទៃ និង​ក្រសួង​ដែន​ដី នៅ​ថ្ងៃ​ទី២៥ វិច្ឆិកា។ មន្ត្រី​ក្រសួង​ទាំង​ពីរ​បាន​​ទទួល​ញត្តិ និង​កោះ​ហៅ​​អ្នក​មាន​ជម្លោះ​ដីធ្លី​ប្រជុំ ​តែ​មិន​អនុម័ត​បែប​ណា​ទេ។ សង្គម​ស៊ីវិល​ចង់​​ឲ្យ​មាន​ការ​​ដំណោះស្រាយ​​ឲ្យ​បាន​ឆាប់ៗ ដើម្បី​បញ្ចប់​ជម្លោះ។

អ្នក​មាន​ជម្លោះ​ដីធ្លី អះអាង​ថា ពួក​គាត់​មាន​គ្នា​ប្រមាណ​ជាង​ ៣០០​នាក់ ជា​តំណាង​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​តាម​សហគមន៍​ ដែល​មាន​ទំនាស់​ជាមួយ​​ឈ្មួញ​ជា​ឧកញ៉ា​ម្នាក់ ឈ្មោះ ​ហេង ហ៊ុយ ជាមួយ​ក្រុម​ហ៊ុន​ស្ករ​អំពៅ​របស់​ឧកញ៉ា លី យ៉ុងផាត់ និង​​ជម្លោះ​ជាមួយ​ក្រុមហ៊ុន​ចិន ឈ្មោះ យូញៀន ឌីវីឡុបមែន (Union Development Group Co., Ltd) ឬ​ហៅ​កាត់​ថា យូឌីជី (UDG)

តំណាង​ពលរដ្ឋ​មក​ពី​ស្រុក​ស្រែ​អំបិល ខេត្ត​កោះកុង​ម្នាក់ លោក​ស្រី យី គន្ធា ប្រាប់​ថា មន្ត្រី​ក្រសួង​មហាផ្ទៃ បាន​ចេញ​មក​ទទួល​ញត្តិ​ពី​ពលរដ្ឋ​​ ខាង​ក្រៅ​របង​​ក្រសួង នៅ​ព្រឹក​ថ្ងៃ​ទី​២៥​ វិច្ឆិកា។ ចំណែក​នៅ​ពេល​រសៀល​ក្រុម​ពលរដ្ឋ​បាន​បន្ត​យក​ញត្តិ ទៅ​ដាក់​នៅ​ក្រសួង​ដែនដី ហើយ​មន្ត្រី​រដ្ឋបាល​បាន​ហៅ​ពលរដ្ឋ​ចូល​ទៅ​ប្រជុំ​សួរ​ពី​ក្ដី​កង្វល់។

អ្នក​ស្រី​ឲ្យ​ដឹង​ថា ក្នុង​កិច្ច​ប្រជុំ​នោះ មន្ត្រី​ក្រសួង​ដែនដី​ បាន​ប្រាប់​ឲ្យ​ពលរដ្ឋ​ទៅ​រក​ដំណោះ​ស្រាយ​ជាមួយ​រដ្ឋបាល​ខេត្ត​រៀងៗ ​ខ្លួន​វិញ ទាំង​ជម្លោះ​ដីធ្លី​នៅ​ខេត្ត​កោះកុង និង​ខេត្ត​ព្រះសីហនុ ព្រោះ​មន្ត្រី​បាន​ប្រគល់​កិច្ច​ការងារ​នេះ ទៅ​ថ្នាក់​ខេត្ត​ហើយ។ ចំណែក​ក្រុម​ ១៥​គ្រួសារ ដែល​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ឧកញ៉ា ហេង ហ៊ុយ នៅ​ស្រុក​ស្រែ​អំបិល អ្នកស្រី​បន្ត​ថា មន្ត្រី​ក្រសួង​ដែនដី​ប្រាប់​ថា ក្រសួង​នឹង​ចុះ​ស្រាវជ្រាវ ដើម្បី​ចេញ​ប្លង់​ជា​ប្រព័ន្ធ​ឲ្យ​។ ក្រោយ​កិច្ច​ប្រជុំ​នេះ​ចប់​ ពលរដ្ឋ​មិន​ទាន់​ពិភាក្សា​គ្នា​បែប​ណា​បន្ត​​ទៀត​ទេ ដោយ​រង់ចាំ​ជួប​ជុំ​គ្នា​ជាមុន​សិន​ថា គួរ​ត្រឡប់​ទៅ​​រក​ដំណោះ​ស្រាយ​នៅ​​​ខេត្ត​វិញ ឬ​បន្ត​ទាមទារ​នៅ​ថ្នាក់​ជាតិ៖ «ខាង (ជម្លោះ​ជាមួយ) យូញៀន ហ្នឹង​ ខាង​ក្រសួង​ (ដែនដី) គេ​ចេញ​ក្រដាស​ឲ្យ​ទៅ​ធ្វើការ​ជាមួយ​ខេត្ត។ (ជម្លោះ) ជាមួយ លោក ហេង ហ៊ុយ ១៩៧ (គ្រួសារ)​ហ្នឹង ក៏​ចេញ​ក្រដាស​មួយ​ឲ្យ​ទៅ​ធ្វើការ​ជាមួយ​ខេត្ត​ដែរ​បង ទាំង២។ រឿង (ជម្លោះ) ១៥គ្រួសារ​ជាមួយ លោក ហេង ហ៊ុយ ហ្នឹង​ គាត់ (មន្ត្រី​ក្រសួង​ដែនដី) ថា គាត់​នឹង​ចុះ​ស្រាវជ្រាវ​ទិន្នន័យ ដើម្បី​​ចេញ​​ប្លង់​ជា​ប្រព័ន្ធ​​​ ជាមួយ ១៥គ្រួសារ ប្រជាពលរដ្ឋ​​នៅ​ក្នុង​ភូមិ​ព្រែក​ជីក​ហ្នឹង​តែ​ម្ដង ដើម្បី​រក​យាមកា​ថ្មី​ ម្ដេច​ទៀត​ហើយ​បង ខ្ញុំ​អត់​យល់​ពី​ន័យ​គាត់​ដែរ»

តំណាង​ពលរដ្ឋ​រូប​នេះ ឲ្យ​ដឹង​ថា ការណ៍​ដែល​ពួកគាត់​ចង​ក្រង​គ្នា​ច្រើន​សហគមន៍​ ហើយ​នាំ​គ្នា​ឡើង​មក​ភ្នំពេញ​ព្រមៗ ​គ្នា​ ដាក់​ញត្តិ​ពេល​នេះ ដើម្បី​ជំរុញ​ដោយ​សង្ឃឹម​ថា នឹង​មាន​ដំណោះស្រាយ​ ព្រោះ​កន្លង​មក ​ពួកគាត់​ឡើង​មក​ជា​ក្រុម​តូចៗ មិន​ទទួល​បាន​ដំណោះ​ស្រាយ​ទេ ហើយ​រង​ការ​រារាំង រុញ​ច្រាន ធ្វើ​បាប​ពី​អាជ្ញាធរ។ ជុំវិញ​ការ​ដាក់​ញត្តិ​របស់​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​នៅ​ខេត្ត​កោះកុង និង​ខេត្ត​ព្រះសីហនុ​ អាស៊ី​សេរី មិន​អាច​សុំ​ការ​បញ្ជាក់​បន្ថែម​ពី​អ្នក​នាំ​ពាក្យ​ក្រសួង​ដែនដី នគរោបនីយកម្ម និង​សំណង់​ លោក សេង ឡូត បាន​ទេ នៅ​ថ្ងៃ​ទី​២៥ វិច្ឆិកា ដោយសារ​​ទូរស័ព្ទ​រោទ៍​គ្មាន​អ្នក​ទទួល។

អ្នក​សម្រប​សម្រួល​អង្គការ​លីកាដូ ប្រចាំ​ខេត្ត​កោះកុង លោក ហ៊ួរ អ៊ីន យល់​ថា ការ​រុញ​ច្រាន​ពលរដ្ឋ​ឲ្យ​ត្រឡប់​ទៅ​រក​ដំណោះស្រាយ​នៅ​ថ្នាក់​ខេត្ត​វិញ គឺ​ជា​រឿង​ចាស់​ដដែលៗ និង​មិន​អាច​រក​ដំណោះ​ស្រាយ​បាន​ទេ។ លោក​ចង់​ឃើញ​អាជ្ញាធរ​ទាំង​ថ្នាក់​ជាតិ និង​ថ្នាក់​ខេត្ត​បង្ហាញ​ឆន្ទៈ​​ក្នុង​រក​ដំណោះ​ស្រាយ​ពិត​ប្រាកដ ទើប​ពលរដ្ឋ​អាច​ជឿជាក់​បាន។ លោក​ យល់​ថា ការ​រុញ​ច្រាន​ការ​ទទួល​ខុស​ត្រូវ​ដាក់​គ្នា ហើយ​មិន​ព្រម​រក​ដំណោះ​ស្រាយ​ឲ្យ​ពលរដ្ឋ​បែប​នេះ នឹង​មិន​អាច​បញ្ចប់​រឿង​រ៉ាវ​ជម្លោះ​បាន​ទេ​ ហើយ​ជា​ការ​បន្ថែម​ការ​ឈឺ​ចាប់​ ដល់​អ្នក​មាន​ជម្លោះ​ដីធ្លី​ទៅ​វិញ​ទេ៖ «ការ​រុញ​ដាក់​គ្នា ការ​រារាំង​ប្រជាពលរដ្ឋ​ មិន​ឲ្យ​ឡើង​ទៅ​តវ៉ា រឿង​ទំនាស់​ដីធ្លី ដែល​អូស​បន្លាយ​ជិត ១០ឆ្នាំ​មក​នេះ វា​មិន​អាច​បញ្ចប់​ការ​តវ៉ា​របស់​ប្រជាពលរដ្ឋ​ទេ។ វា​ជា​ការ​បន្ថែម​ការ​ឈឺ​ចាប់​ទៅ​លើ​ប្រជាពលរដ្ឋ​រងគ្រោះ​ថែម​ទៀត។ អ៊ីចឹង គួរ​តែ​បង្ហាញ​ឆន្ទៈ​ និង​មាន​គោលការណ៍​​ឲ្យ​បាន​ច្បាស់​លាស់ ឲ្យ​បាន​យុត្តិធម៌​សម្រាប់​ប្រជាពលរដ្ឋ ទើប​ជម្លោះ​ហ្នឹង ​វា​អាច​ដោះ​ស្រាយ​បាន​បញ្ចប់។ វា ១០ឆ្នាំ​ហើយ​ ពេល​វេលា​ហ្នឹង គួរ​តែ​អាជ្ញាធរ​ ក៏​ដូចជា​ក្រសួង​ដែនដី​ហ្នឹង ត្រូវ​ខិតខំ​ប្រឹង​ប្រែង​កុំ​ឲ្យ​ប្រជាពលរដ្ឋ នៅ​តែ​បន្ត​រងគ្រោះ​បែប​ហ្នឹង​ត​ទៅ​ទៀត»

ជម្លោះ​ដីធ្លី​​រ៉ាំរ៉ៃ​​របស់​ពលរដ្ឋ​នៅ​ខេត្ត​កោះកុង និង​ខេត្ត​ព្រះសីហនុ ត្រូវ​បាន​តំណាង​អះអាង​ថា អូស​បន្លាយ​ខ្ទង់ ១០​ឆ្នាំ​ហើយ នៅ​តែ​គ្មាន​ដំណោះ​ស្រាយ។ ពួក​គេ​ធ្លាប់​បាន​រក​ដំណោះស្រាយ​ច្រើន​​កន្លែង​ហើយ តាំង​ពី​ថ្នាក់​ភូមិ ឃុំ ខេត្ត​ រហូត​ដល់​ថ្នាក់​ជាតិ។ ក្រុម​អ្នក​មាន​ជម្លោះ​ដីធ្លី និង​សង្គម​ស៊ីវិល យល់​ថា បើ​អាជ្ញាធរ​គ្មាន​ឆន្ទៈ​រក​ដំណោះ​ស្រាយ​ទេ ជម្លោះ​ដីធ្លី​នេះ នឹង​មិន​ចប់​ទេ ហើយ​ពលរដ្ឋ​នៅ​តែ​បន្ត​​ស្វែង​រក​ដំណោះ​ស្រាយ​បន្ត​ទៀត៕

 


ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល