ពលរដ្ឋ​មាន​ជម្លោះដីធ្លី​ចំនួន ៥ខេត្ត នាំ​គ្នា​រក​ដំណោះ​ស្រាយ​នៅ​រាជធានី​ភ្នំពេញ

ដោយ វ៉ែន សុមេធ
2019-07-22
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ពលរដ្ឋ​មាន​បញ្ហា​មក​ពី ៥ខេត្ត និង​​ប្រមូល​ផ្ដុំ​គ្នា​តវ៉ា​នៅ​រាជ​ធានី​ភ្នំពេញ។
ពលរដ្ឋ​មាន​បញ្ហា​មក​ពី ៥ខេត្ត និង​​ប្រមូល​ផ្ដុំ​គ្នា​តវ៉ា​នៅ​រាជ​ធានី​ភ្នំពេញ។
រូប៖ ហ្វេសប៊ុក CCFC-seaoan

ប្រជា​ពលរដ្ឋ​ប្រមាណ ៩៨០​នាក់ តំណាង​ឲ្យ​ពលរដ្ឋ​ជាង ៧ពាន់​គ្រួសារ ដែល​មាន​ជម្លោះដីធ្លី​ក្នុង​ខេត្ត​ចំនួន៥ ជួប​ជុំ​គ្នា​នៅ​សួន​ច្បារ​វត្ត​បទុមវតី ក្នុង​រាជធានី​ភ្នំពេញ ដាក់​ញត្តិ​ស្នើសុំ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ជួយ​អន្តរាគមន៍​ទៅ​ក្រសួង​ដែនដី និង​អាជ្ញាធរ​ថ្នាក់​ក្រោម ពន្លឿន​ដំណោះ​ស្រាយ​ដល់​ពួក​គាត់។ សង្គម​ស៊ីវិល​យល់​ថា ប្រសិន​បើ​រដ្ឋាភិបាល​ពិត​មាន​ឆន្ទៈ ចង់​ដោះ​ស្រាយ​បញ្ចប់​ជម្លោះ​ដីធ្លី​នៅ​ទូទាំង​ប្រទេស​ គួរ​តែ​ហ៊ាន​អារ​កាត់ ដោយ​អនុវត្ត​ច្បាប់​ឲ្យ​បាន​ម៉ឺង​ម៉ាត់ ចំពោះ​មន្ត្រី​ខិលខូច អ្នក​មាន​អំណាច ឧកញ៉ា ឬ​ក្រុមហ៊ុន​ណា​ក៏​ដោយ ​ដែល​ឃុបឃិត​គ្នា​ដណ្ដើម​យក​ដីធ្លី​ពី​ពលរដ្ឋ។

ក្រុម​ប្រជា​ពលរដ្ឋ​ដែល​មក​ពី​ខេត្ត​ព្រះសីហនុ កំពង់​ស្ពឺ ស្វាយរៀង​ ត្បូងឃ្មុំ​ និង​ខេត្ត​កណ្ដាល ត្រូវ​ក្រុម​សន្តិសុខ​ខណ្ឌ​ដូនពេញ រារាំង​មិន​ឲ្យ​ដើរ​ចេញ​​សួន​ច្បារ​វត្ត​បទុមវតី ទៅ​ក្រសួង​រៀប​ចំ​ដែនដី ក្រសួង​យុត្តិធម៌ ក្រសួង​កសិកម្ម និង​ក្រសួង​សេដ្ឋកិច្ច ខណៈ​ពលរដ្ឋ​រង់ចាំ​អស់​ពេល​មួយ​ព្រឹក មិន​ឃើញ​មាន​មន្ត្រី​ណា​ម្នាក់​ពី​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី​ចេញ​មក​ជួប​ពួក​គាត់។ ការ​រារាំង​ពី​សំណាក់​អាជ្ញាធរ​ខណ្ឌ​ដូន​ពេញ​ នៅ​ព្រឹក​ថ្ងៃ​ទី២២ កក្កដា បង្ក​ឲ្យ​មាន​ការ​ប៉ះ​ទង្គិច​គ្នា​មួយ​ប្រាវ បណ្ដាល​ឲ្យ​បុរស​ម្នាក់ វ័យ ៦០ឆ្នាំ មក​ពី​ខេត្ត​ស្វាយរៀង សន្លប់ ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ។

អគ្គលេខាធិការ​រង នៃ​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា លោក ម៉ឺន រតនា ឲ្យ​ដឹង​ថា ដីធ្លី​របស់​ពលរដ្ឋ​ទាំង ៥ខេត្ត​នេះ ភាគ​ច្រើន​ត្រូវ​ក្រុមហ៊ុន​ឯកជន អ្នក​មាន​អំណាច ឈ្មួញ ដែល​ឃុបឃិត​គ្នា​ជាមួយ​អាជ្ញាធរ​រំលោភ​យក​សម្រាប់​ធ្វើ​ការ​អភិវឌ្ឍ​ មាន​ជា​ដី​សម្បទាន​សេដ្ឋកិច្ច ដីសម្បទាន​សង្គមកិច្ច និង​គម្រោង​អភិវឌ្ឍន៍​របស់​រដ្ឋ ដូច​ជា​ប្រព័ន្ធ​ធារាសាស្ត្រ និង​អាង​ស្ដុក​ទឹក ​ជាដើម។ លោក ម៉ឺន រតនា បន្ត​ថា ជម្លោះ​ដីធ្លី​ ដ៏​រ៉ាំរ៉ៃ​មួយ​នេះ បង្ក​ជា​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ ដល់​ជីវភាព​រស់​របស់​ប្រជា​កសិករ​ក្នុង​ការ​ប្រើប្រាស់​ដីធ្លី​ប្រកប​របរ​ចិញ្ចឹម​ជីវិត។

លោក ម៉ឺន រតនា​ លើកឡើង​ថា ប្រជា​ពលរដ្ឋ​ ដែល​សម្រេច​នាំ​គ្នា ​ឡើង​មក​តវ៉ា​រក​ដំណោះ​ស្រាយ​ដីធ្លី​ជា​ថ្មី នៅ​ភ្នំពេញ​ ដោយ​សារ​តែ​ពួក​គាត់​រង់ចាំ​ដំណោះ​ស្រាយ​ជាង ១០ឆ្នាំ​មក​ហើយ ប៉ុន្តែ​អាជ្ញាធរ​ថ្នាក់​ខេត្ត ​នៅ​តែ​មិន​អាច​ដោះស្រាយ​បាន​ ទោះ​បី​ជា​មាន​លិខិត​អន្តរាគមន៍​ជា​ច្រើន​លើក​ច្រើន​សារ​ ពី​ស្ថាប័ន​ជាតិ​កំពូលៗ ក៏​ដោយ។ លោក ម៉ឺន រតនា ឲ្យ​ដឹង​ថា ក្នុង​វិវាទ​ដីធ្លី​ក្នុង​ខេត្ត​ទាំង​បួន​នេះ មាន​តំណាង​ពលរដ្ឋ ៧១នាក់​ហើយ ដែល​ជាប់​បណ្ដឹង​នៅ​តុលាការ។

លោក ម៉ឺ រតនា យល់​ថា មានតែ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​អាច​បញ្ជា​ទៅ​មន្ត្រី​ក្រោម​ឱវាទ ឲ្យ​ពន្លឿន​ការ​ដោះស្រាយ​ជម្លោះ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​បាន៖ «យើង​មើល​ទៅ​ឃើញ​តែ​មួយ ដែល​អាច​និយាយ​ទៅ​អាជ្ញាធរ​មូលដ្ឋាន​ស្ដាប់ គឺ​មាន​តែ​សម្ដេច​តេជោ ចេញ​មុខ​ក្នុង​ការ​ដោះ​ស្រាយ។ ពី​ព្រោះ​មាន​ហើយ គាត់​បង្កើត​គណៈកម្មការ​ឲ្យ​ដោះ​ស្រាយ​ដីធ្លី មាន​នៅ​ខុទ្ទកាល័យ ហើយ​មាន​នៅ​ក្នុង​ក្រសួង​ដែនដី។ តែ​ការ​ដោះ​ស្រាយ​ហ្នឹង វា​អត់​មាន​ប្រសិទ្ធភាព ហើយ​រាល់ថ្ងៃ​ត្រឹម​ថ្នាក់​ក្រោម ត្រឹម​ក្រសួង​ស្រែក​ទេ គាត់​អត់​ត្រង់​ជើង តែ​បើ​សម្ដេច​ស្រែក នៅ​តាម​ខេត្ត​ណា​ក៏​ដោយ ឲ្យ​តែ​សម្ដេច​ស្រែក រឿង​ដីធ្លី​ រឿង​អី ដោះ​ស្រាយ​បាន​លឿន​បំផុត ហើយ​ខ្ញុំ​សូម​ឲ្យ​សម្ដេច ពិនិត្យ​មើល​ឡើង​វិញ ហើយ​ជួយ​ដោះ​ស្រាយ​បញ្ហា​ដល់​ប្រជា​ពលរដ្ឋ»

អាស៊ី​សេរី មិន​អាច​ទាក់​ទង​លោក គង់ ចំរើន មន្ត្រី​ខុទ្ទកាល័យ​លោក​នាយករដ្ឋមន្ត្រី ដែល​តែង​តែ​ចេញ​មុខ​ទទួល​ញត្តិ​ពី​ពលរដ្ឋ​បាន​ទេ នៅ​រសៀល​ថ្ងៃ​ទី២២ កក្កដា។

នាយករង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ លីកាដូ (LICADHO) លោក អំ សំអាត លើក​ឡើង​ថា បញ្ហា​ដីធ្លី​នៅ​ក្នុង​ប្រទេស​កម្ពុជា​ បន្ត​អូស​បន្លាយ​ដល់​បច្ចុប្បន្ន​នេះ ភាគ​ច្រើន​ជា​ដី​សម្បទាន​ដី​សេដ្ឋកិច្ច ដែល​រដ្ឋាភិបាល​ផ្ដល់​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន និង​ឧកញ៉ា​មួយ​ចំនួន។ លោក អំ សំអាត យល់​ថា ​ដំណោះ​ស្រាយ​រឿ​វិវាទ​ដីធ្លី​នេះ នឹង​ដោះ​ស្រាយ​បញ្ចប់​ទៅ​បាន ប្រសិន​បើ​រដ្ឋាភិបាល​ពិត​មាន​ឆន្ទៈ និង​យន្តការ​ច្បាស់​លាស់៖ «ការ​ដោះស្រាយ​ទាល់​តែ​មាន​ឆន្ទៈ​ពិតប្រាកដ។ មិន​មែន​ការ​ដោះស្រាយ​ហ្នឹង ស្ថិត​នៅ​លើ​លិខិត​ស្នាម ដែល​ថា​ចេញ​ទៅ​ ឲ្យ​តែ​ថា​បាន​ចេញ។ អ៊ីចឹង! កាល​ណា​ថ្នាក់​ជាតិ ឬ​ក៏​រដ្ឋាភិបាល​ដែល​ចេញ​ទៅ​ហើយ ត្រូវ​តែ​តាម​ដាន​ទៅ​ដល់​អាជ្ញាធរ​មូលដ្ឋាន ហ្នឹង បាន​ដោះស្រាយ​ហើយ​ ឬ​ក៏​អត់​ទេ ឬមួយ​ក៏​បង្កើត​គណៈកម្មការ​ដោះស្រាយ​ ដូច​នៅ​កោះកុង អី​ពីមុន យើង​ឃើញ​ថា​បង្កើត​គណៈកម្មការ​ដើម្បី​ដោះ​ស្រាយ វា​មាន​លទ្ធផល​ដែរ។ អ៊ីចឹង! សំខាន់​បំផុត ទៅ​លើ​ឆន្ទៈ ហើយ​ដោះស្រាយ​ឲ្យ​ប្រាកដ​ប្រជា អ៊ីចឹង​បាន​អាច​ដោះស្រាយ​ទៅ​បាន»

កាល​ពី​ខែ​មិថុនា ឆ្នាំ២១០៨ ពលរដ្ឋ​ទាំង ៥ខេត្ត ធ្លាប់​បាន​នាំ​គ្នា​ឡើង​មក​រក​ដំណោះ​ស្រាយ​ពី​ខុទ្ទកាល័យ​លោក ហ៊ុន សែន និង​បណ្ដា​ក្រសួង​ពាក់ព័ន្ធ​ទាំង​អស់ ដើម្បី​ជួយ​អន្តរាគមន៍​ផ្ដល់​ដំណោះ​ស្រាយ។ ដំណោះស្រាយ​ដែល​ពលរដ្ឋ​ចង់​បាន​នោះ គឺ​ការ​គិត​គូរ​ផ្ដល់​សំណង​ឲ្យ​ពួក​គាត់​ជា​ទឹក​ប្រាក់​ទៅ​តាម​តម្លៃ​ទីផ្សារ ចំពោះ​ដីធ្លី​ដែល​ក្រុមហ៊ុន ឬ​រដ្ឋ​ ត្រូវ​ការ​យក​ទៅ​អភិវឌ្ឍន៍។

ប៉ុន្តែ​គិត​មក​ដល់​ពេល​នេះ ពួកគាត់​នៅ​មិន​ទាន់​ទទួល​ដំណោះ​ស្រាយ​ណា​មួយ ដែល​អាច​ទទួល​យក​បាន ពី​អាជ្ញាធរ​នៅ​ឡើយ។ ក្រុម​ប្រជា​ពលរដ្ឋ​ទាំង ៥ខេត្ត បញ្ជាក់​ថា ពួក​គាត់​នឹង​បន្ត​ការ​តវ៉ា​ជា​ថ្មី​ទៀត ទាល់​តែ​មាន​បាន​ដំណោះ​ស្រាយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល