រដ្ឋាភិបាល​ប្រតិកម្ម​របាយការណ៍​លីកាដូ​រឿង​ជម្លោះ​ដី

ដោយ ទេព សុរ៉ាវី
2014-04-03
Share
ស សុវណ្ណ ៦១០ រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក ស សុវណ្ណ ថ្លែង​ក្នុង​សន្និសីទ​កាសែត​នៅ​ព្រឹក​ថ្ងៃ​ទី​៣ មេសា ឆ្នាំ​២០១៤។
RFA/Tep Soravy

មន្ត្រី​ជាន់​ខ្ពស់​នៃ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ច្រាន​ចោល​របាយការណ៍​ថ្មី​របស់​អង្គការ​លីកាដូ ដែល​រក​ឃើញ​ថា រដ្ឋាភិបាល​កម្ពុជា បរាជ័យ​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​ដីធ្លី និង​ចាត់​ទុក​របាយការណ៍​នោះ​ថា ធ្វើ​ឡើង​ដោយ​សិក្សា​មិន​បាន​គ្រប់​ជ្រុងជ្រោយ។

មិន​ខុស​ពី​លើក​មុន​ទេ រដ្ឋាភិបាល​តែង​ចេញ​មក​បដិសេធ​នូវ​របាយការណ៍​រក​ឃើញ​របស់​អង្គការ​សង្គម​ស៊ីវិល ដែល​សិក្សា​ឃើញ​ពី​ការ​ច្បាម​យក​ដី​កាន់កាប់​ដ៏​លើសលប់​ពី​ក្រុមហ៊ុន​ឯកជន ក្រោម​រូបភាព​អភិវឌ្ឍន៍ ដែល​ជា​ដើមចម​មួយ​នៃ​ទំនាស់​ដីធ្លី​នៅ​កម្ពុជា។

ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត នៅ​ព្រឹក​ថ្ងៃ​ទី​៣ មេសា លោក សរ សុវណ្ណ រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ច្រាន​ចោល​នូវ​របាយការណ៍​របស់​អង្គការ​លីកាដូ ដែល​ចេញ​ផ្សាយ​ថា រដ្ឋាភិបាល​បរាជ័យ​ក្នុង​ការ​អនុវត្ត​បទបញ្ជា ០១ ដោយ​នៅ​ដើម​ឆ្នាំ​២០១៤ នាំ​មក​នូវ​រលក​ថ្មី​នៃ​ជម្លោះ​ដីធ្លី​នៅ​កម្ពុជា ដែល​មាន​ហិង្សា​ធ្ងន់ធ្ងរ និង​ធ្វើ​ឲ្យ​ពលរដ្ឋ​ជាង ២​ពាន់​គ្រួសារ​នៅ​ស្ទើរ​គ្រប់​ខេត្ត កំពុង​រង​ផល​ប៉ះពាល់​ក្រោម​គោលនយោបាយ​សម្បទាន​ដី​សេដ្ឋកិច្ច។

អង្គការ​លីកាដូ ក៏​រក​ឃើញ​ថា រយៈពេល​ជាង ១៣​ឆ្នាំ ពោល​គឺ​ចាប់​ពី​ឆ្នាំ​២០០០ ការ​បរាជ័យ​ដ៏​អាម៉ាស់​របស់​រដ្ឋាភិបាល​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​ដីធ្លី​នៅ​កម្ពុជា មិន​បាន​ថមថយ​ឡើយ និង​ធ្វើ​ឲ្យ​ប៉ះពាល់​ពលរដ្ឋ​ជាង​កន្លះ​លាន​នាក់។

លោក សរ សុវណ្ណ បញ្ជាក់​ថា ក្រសួង​មិន​ទទួល​ស្គាល់​ចំនួន​តួលេខ​ដែល​អង្គការ​លីកាដូ​បាន​រក​ឃើញ​ទេ ដោយ​ចាត់​ទុក​របាយការណ៍​ដែល​រក​ឃើញ​នោះ សិក្សា​មិន​បាន​គ្រប់​ជ្រុងជ្រោយ ហើយ​មិន​បាន​បញ្ជូន​ឲ្យ​ក្រសួង​ពិនិត្យ៖ «អ៊ីចឹង​គេ​និយាយ​ថា​ម៉េច​ក៏​បាន​ដែរ តែ​ចំណុច​ការ​ពិត គឺ​មិន​អាច​យក​បាត​ដៃ​ទៅ​បាំង​ព្រះអាទិត្យ​បាន​ទេ។ ទី​១ គឺ​ដោះ​ទំនាស់​តំបន់​ដែល​ស្រពេចស្រពិល​ពី​មុន​មក តំបន់​សម្បទាន​សេដ្ឋកិច្ច​ដែល​ប្រជាពលរដ្ឋ​នៅ​កណ្ដាល​តំបន់​ហ្នឹង មាន​បញ្ហា​ចម្រូងចម្រាស ដល់​ទៅ​ដល់​សម្ដេច​បាន​អនុវត្ត​ទៅ តាម​សេចក្តី​ណែនាំ​លេខ​០១៨ យើង​ចុះ​បញ្ជី​ជា​លក្ខណៈ​ជា​ប្រព័ន្ធ ផ្តល់​សិទ្ធិ​ទៅ​ដល់​អ្នក​ដែល​កាន់​កាប់​ប្រើប្រាស់​ជាក់ស្តែង​នៅ​តំបន់​នោះ មាន​ន័យ​ថា ដោះស្រាយ​ទំនាស់​ផ្តល់​ដី​ដល់​គាត់ ធានា​ផ្តល់​ប្លង់​កម្មសិទ្ធិ​ប៉ុណ្ណឹង​ហើយ​ម៉េច​ទៀត?»

លោក​បន្ត​ថា តាម​ការ​សិក្សា​រក​ឃើញ​របស់​ក្រសួង​បង្ហាញ​ថា ការ​ចុះ​បញ្ជី​បទបញ្ជា ០១ ក្នុង​១​ពាន់​ក្បាល​ដី មាន​តែ ៣ ទៅ ៤​ទំនាស់​ប៉ុណ្ណោះ ដែល​តួលេខ​នេះ គឺ​បញ្ជាក់​ថា ទំនាស់​ដីធ្លី​នៅ​កម្ពុជា មាន​តិចតួច​បំផុត។

ទំនាស់​ក្នុង​តំបន់​អនុវត្ត​បទបញ្ជា​លេខ ០១ មាន​ចំនួន​ជិត ៦​ពាន់​ក្បាល​ដី (៥.៩៤១) ដែល​ស្មើ​នឹង ០,៨​ភាគរយ នៃ​ក្បាលដី​ដែល​បាន​បិទ​ផ្សាយ​សរុប​ជាង ៧​សែន​ក្បាល​ដី (៧០៧.១៥៦)។

របាយការណ៍​ដដែល​បង្ហាញ​ថា ចាប់​តាំង​ពី​ដំណើរ​ការ​បទបញ្ជា ០១ រហូត​មក​ដល់​ដំណាច់​ខែ​មីនា ឆ្នាំ​២០១៤ គណៈកម្មការ​សុរិយោដី​គ្រប់​ថ្នាក់ បាន​ទទួល​បណ្ដឹង​សរុប​ជាង ៦​ពាន់​ករណី (៦.១៩៣) ហើយ​បាន​ដោះស្រាយ​បញ្ចប់​នីតិវិធី​សរុប​បាន​ជាង ៥​ពាន់​ករណី (៥.៣៣៥) ហើយ​កំពុង​ដោះស្រាយ​ចំនួន​ជិត ៩០០​ករណី (៨៦០)។

អ្នក​គ្រប់គ្រង​បច្ចេកទេស​ឃ្លាំមើល​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ លោក អំ សំអាត បញ្ជាក់​ថា របាយការណ៍​ដែល​អង្គការ​លីកាដូ ចេញ​មក​នេះ គឺ​ធ្វើ​ឡើង​ដើម្បី​ដាស់​តឿន​រដ្ឋាភិបាល​ឲ្យ​យក​ចិត្ត​ទុក​ដាក់ និង​រក​យន្តការ​បន្ថែម​ដោះស្រាយ​វិវាទ​ដីធ្លី​ជូន​ពលរដ្ឋ។ លោក​បញ្ជាក់​ថា ក្រុម​យុវជន​ស្ម័គ្រចិត្ត​ចុះ​អនុវត្ត​បទបញ្ជា ០១ របស់​រដ្ឋាភិបាល​វាស់ដី​សម្បទាន​សេដ្ឋកិច្ច​ដី​រដ្ឋ​និង​ដី​ព្រៃ​របស់​រដ្ឋ ប៉ុន្តែ​មិន​បាន​ឆ្លើយ​តប​ទៅ​លើ​ដី​មាន​ទំនាស់​ដែល​ធ្វើ​ឲ្យ​មាន​ជម្លោះ​ដីធ្លី​នៅ​តែ​បន្ត​កើត​មាន៖ «កាល​ណា​ប៉ះពាល់​ដីធ្លី គឺ​ប៉ះពាល់​ទៅ​ដល់​មុខ​របរ ប៉ះពាល់​ទៅ​ដល់​បញ្ហា​ជីវភាព​រស់​នៅ​របស់​ពលរដ្ឋ។ អ៊ីចឹង​ហើយ​បាន​ជា​យើង​សម្រេច​ចេញ​របាយការណ៍​នេះ។ របាយការណ៍​នេះ​យើង​បាន​បញ្ជាក់​យ៉ាង​ច្បាស់ យើង​មាន​ទាំង​ផែន​ទី​ចង្អុល​បង្ហាញ​នូវ​ទីកន្លែង​ដែល​កើត​នូវ​អំពើ​រំលោភ​ដីធ្លី»

លោក អំ សំអាត យល់​ឃើញ​ថា ប្រសិន​បើ​រដ្ឋាភិបាល​ចង់​បញ្ចប់​ភាព​ឈឺ​ចាប់​នៃ​បញ្ហា​ដីធ្លី គប្បី​អនុវត្ត​កម្មវិធី​នយោបាយ បញ្ឈប់​ការ​បណ្ដេញ​ចេញ ហើយ​ផ្ដល់​សំណង​ឲ្យ​បាន​គ្រប់គ្រាន់។ ត្រូវ​ពិនិត្យ​ឲ្យ​បាន​ល្អិតល្អន់​ឡើង​វិញ​ចំពោះ​ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច និង​ដី​សម្បទាន​ដទៃ​ទៀត ពិសេស​ត្រូវ​បញ្ចប់​ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ថ្មី​រហូត​ដល់​ការ​ត្រួត​ពិនិត្យ​បាន​បញ្ចប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល