ជនជាតិ​ដើម​ភាគ​តិច​សួយ​នៅ​កំពង់ស្ពឺ​បារម្ភ​អត់​ដី​ធ្វើ​ស្រែ​ដោយសារ​ជម្លោះ​ដី​នឹង​ក្រុមហ៊ុន​HLH

ដោយ អ៊ុក សាវបូរី
2015-05-08
Share

ជនជាតិ​ភាគ​តិច​សួយ នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ បាន​ដាក់​ញត្តិ​សុំ​ឲ្យ​គណៈកម្មការ​ទី​១​នៃ​រដ្ឋសភា ក្រសួង​មហាផ្ទៃ និង​សាលា​ខេត្ត​កំពង់ស្ពឺ ជួយ​ដោះស្រាយ​ផ្តល់​ដី​ដាំ​ដុះ​មក​ឲ្យ​ពួក​គាត់​វិញ ឲ្យ​ទាន់​ដើម​រដូវ​វស្សា​ឆ្នាំ​នេះ។ ផ្ទៃ​ដី​ដាំ​ដុះ​ដែល​អ្នក​ភូមិ​ទាមទារ​នោះ បច្ចុប្បន្ន​កំពុង​មាន​ជម្លោះ​នឹង​ក្រុមហ៊ុន​ចិន អេច្ឆ.អិល.អេច្ឆ (HLH) ដែល​ទទួល​បាន​សិទ្ធិ​វិនិយោគ​ពី​រដ្ឋាភិបាល​កាល​ពី​ឆ្នាំ​២០០៨។ ពលរដ្ឋ​អះអាង​ថា ក្រុមហ៊ុន​នេះ​បាន​រារាំង​មិន​ឲ្យ​ពួក​គាត់​ជា​ម្ចាស់​ដី​ធ្លាប់​ដាំ​ដំណាំ និង​អាស្រ័យ​ផល​ផ្សេងៗ​យូរ​ឆ្នាំ​មក​ហើយ​នោះ បាន​ដាំ​ដុះ​ដូច​សព្វដង​នោះ​ទេ។

ជនជាតិ​ភាគ​តិច​សួយ រស់នៅ​ក្នុង​ឃុំ​ត្រពាំងជោរ និង​ឃុំ​សង្កែសាទប ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ ឲ្យ​ដឹង​ថា រដូវ​វស្សា​មក​ដល់​ហើយ ពួក​គាត់​ទន្ទឹង​ការ​ដោះស្រាយ​ពី​ស្ថាប័ន​ជាតិ ជាពិសេស​ស្ថាប័ន​រដ្ឋសភា ដែល​បាន​ទទួល​ញត្តិ​ពី​ពួក​គាត់​តាំង​ពី​ខែ​មេសា មក​ហើយ​នោះ។

បុរស​ជនជាតិ​ភាគ​តិច​សួយ ឈ្មោះ ទួន សឿន អះអាង​ថា ក្រោយ​ពី​គ្មាន​ដី​ដាំ​ដុះ ហើយ​ការ​ដាក់​ញត្តិ​សុំ​អន្តរាគមន៍​គ្មាន​ចម្លើយ​ដោះស្រាយ​នោះ បច្ចុប្បន្ន​ជនជាតិ​សួយ​ភាគ​ច្រើន​បាន​ធ្វើ​ចំណាក​ស្រុក​ទៅ​រក​ស៊ី​ឈ្នួល​នៅ​បរទេស​ច្រើន​គ្រួសារ៖ «ដោះស្រាយ​ឲ្យ​ខ្ញុំ​ថ្ងៃ​ណា​ខែ​ណា ព្រោះ​ខ្ញុំ​ចាំបាច់​ធ្វើ​ស្រែ​ធ្វើ​ចម្ការ រដូវ​ភ្លៀង​ធ្លាក់​មក​ហើយ ខ្ញុំ​ហ្នឹង​ចង់​បាន​ចម្លើយ បើ​លោក​អាច​ថា​ដោះ​បាន សុំ​ដោះ​ឲ្យ​ឆាប់ៗ ហើយ​ដោះ​មិន​បាន​ថា​អត់​ចឹង​មក»

ដូច​គ្នា​នេះ​ដែរ បុរស​ជនជាតិ​ភាគ​តិច​សួយ​ម្នាក់​ទៀត លោក ម៉ៃ ម៉េន ថ្លែង​ថា ចាប់​តាំង​ពី​មាន​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ឆ្នាំ​២០០៨ ឲ្យ​ទៅ​ក្រុមហ៊ុន​ចិន អេច្ឆ.អិល.អេច្ឆ ដាំ​ពោត និង​ដំណាំ​កសិឧស្សាហកម្ម​មក ជនជាតិ​ភាគ​តិច​សួយ ៤៣០​គ្រួសារ បាន​បាត់បង់​ដី​ចម្ការ​វិល​ជុំ​ជាង ១​ពាន់​ហិកតារ (១.២៣៦​ហិកតារ)។ ករណី​នេះ ពួក​គាត់​ព្យាយាម​តវ៉ា​យ៉ាង​ណា​ក៏​មិន​ឈ្នះ។ ផ្ទុយ​ទៅ​វិញ​មាន​តែ​គេ​តាម​ចាប់​ពួក​គាត់​ដាក់​ពន្ធនាគារ​ទៅ​វិញ។ ជម្រើស​ចុង​ក្រោយ​របស់​អ្នក​ភូមិ គឺ​នាំ​គ្នា​ដាក់​ញត្តិ​ទៅ​ស្ថាប័ន​កំពូល​របស់​ជាតិ​ឲ្យ​ជួយ​ដោះស្រាយ​រក​យុត្តិធម៌ និង​សូម​ឲ្យ​ស្ថាប័ន​ដែល​បាន​ទទួល​ញត្តិ​ពួក​គាត់​ហើយ​នោះ ត្រូវ​ជួយ​ដោះស្រាយ​ឲ្យ​បាន​ឆាប់​ផង៖ «គ្នា​វា​លំបាក​តោក​យ៉ាង​ខ្លាំង​ណាស់​ខ្លះ ដោយសារ​តែ​អត់​មាន​ស្រែ​ចម្ការ​ធ្វើ​អ៊ីចឹង​ទៅ មាន​នៅ​សល់​អី​បន្តិចបន្តួច វា​មិន​គ្រប់គ្រាន់។ អ្នក​ខ្លះ​ចេញ​ដល់​ស្រុក​គេ​នោះ។ ៣ ទៅ ៤​ថ្ងៃ​មុន​នោះ ឮ​ខាង​ម្តុំ​យើង​ចំបក់ ក៏​បាន​ចេញ​ទៅ​ថៃ ដែរ»

ពាក់ព័ន្ធ​នឹង​ការ​ទន្ទឹង​រង់ចាំ​ដំណោះស្រាយ​នោះ ប្រធាន​គណៈកម្មការ​ទី​១​នៃ​រដ្ឋសភា លោក អេង ឆៃអ៊ាង ថ្លែង​ថា គណៈកម្មការ​នេះ​បាន​ទទួល​បណ្ដឹង​ច្រើន។ ដូច្នេះ លោក​សូម​ឲ្យ​ជនជាតិ​ភាគ​តិច​សួយ អត់ធ្មត់​បន្តិច​សិន៖ «ប៉ុន្តែ​ខ្ញុំ​មិន​ទាន់​កំណត់​ថា នឹង​យក​រឿង​នេះ​ទៅ​ជជែក​ជាមួយ​អភិបាល​ខេត្ត​នៅ​ថ្ងៃ​ណា​នៅ​ឡើយ​ទេ ព្រោះ​ឥឡូវ​នេះ​កំពុង​ធ្វើ​ការ​នៅ​ខេត្ត​ក្រចេះ សិន»

បំភ្លឺ​ចំពោះ​ការ​យឺតយ៉ាវ​ដោះស្រាយ​ជម្លោះ​ដីធ្លី​រវាង​ក្រុមហ៊ុន អេច្ឆ.អិល.អេច្ឆ និង​ជនជាតិ​ភាគ​តិច​សួយ នេះ មេ​ឃុំ​ត្រពាំងជោរ លោក ទេព ណែម និង​មេ​ឃុំ​សង្កែសាទប លោក ណម សារុន បាន​ឲ្យ​ដឹង​ថា កាល​ពី​ឆ្នាំ​២០០៩ អាជ្ញាធរ​ជាតិ និង​ក្រុមហ៊ុន បាន​ដោះស្រាយ​ជា​ថវិកា​មួយ​ចំនួន​ជូន​ពលរដ្ឋ​នៅ​តំបន់​នោះ​ហើយ ដោយសារ​តែ​ការ​វិនិយោគ​បាន​ប៉ះពាល់​ព្រៃ​ដូនតា ព្រៃ​តំណម ជាដើម ប៉ុន្តែ​អ្នក​ដែល​ឡើង​ទៅ​តវ៉ា​នោះ សុទ្ធតែ​ចង់​បាន​ថវិកា​បន្ថែម៖ «មាន​ថ្នាក់​ខេត្ត មាន​ក្រុម​ការងារ​របស់​ខេត្ត និង​ជំនាញ ជាពិសេស​ដែន​ជម្រក​សត្វ​ព្រៃ​ឱរ៉ាល់ គាត់​បាន​សិក្សា​ច្បាស់លាស់​ហើយ​ក៏​បែង​ចែក​ពីរ​ប្រភេទ។ ប្រភេទ​ទី​១ ដី​ប៉ះពាល់​ដែល​មាន​ដំណាំ​យើង​បាន​អាស្រ័យ​ផល អា​ហ្នឹង​យើង​គិត​ផ្សេង។ ហើយ​ទី​២ ទៀត អ្នក​ដែល​គ្រាន់​តែ​ដើរ​ចាប់​ដី ហើយ​ត្រួសត្រាយ​បន្តិចបន្តួច អា​ហ្នឹង​គឺ​ដោះស្រាយ ២​ប្រភេទ គឺ​អ្នក​ដែល​ទទួល​យក​ហ្នឹង គឺ​មាន​ការ​ព្រមព្រៀង​ពី​ភាគី​សង​ខាង មិន​មែន​អ្នក​ណា​បង្ខំ»

ផ្ទុយ​ពី​ការ​អះអាង​របស់​មេ​ឃុំ លោក ម៉ៃ ម៉េន ជនជាតិ​ភាគ​តិច​សួយ ឲ្យ​ដឹង​ថា អាជ្ញាធរ​ស្រុក និង​ក្រុមហ៊ុន មិន​បាន​ប្រគល់​សំណង​ឲ្យ​អ្នក​ភូមិ​ទាំង ៤៣០​គ្រួសារ​ទេ។ លោក​ថា ក្នុង ១​គ្រួសារ​មាន​ចំនួន ៥​ហិកតារ គេ​បង់​លុយ​ឲ្យ​តែ ១​ហិកតារ​តម្លៃ ២០០​ដុល្លារ​ទេ ដែល​តម្លៃ​នេះ​ពួក​គាត់​មិន​អាច​ទទួល​យក​បាន​ឡើយ៖ «គំនាប​របស់​អាជ្ញាធរ​ហ្នឹង បើ​យក​ក៏​បាន បើ​មិន​យក​ក៏​នៅ​តែ​គេ​យក​ដី​នោះ​ដែរ»

បន្ថែម​លើ​នោះ ប្រធាន​អង្គការ​កិច្ចការ​ពិសេស​សិទ្ធិ​មនុស្ស​កម្ពុជា លោក អ៊ូច ឡេង ថ្លែង​ថា អាជ្ញាធរ​មូលដ្ឋាន និង​ក្រុមហ៊ុន​បាន​ដោះស្រាយ​ដី និង​សង​លុយ​កាក់​ទៅ​ជនជាតិ​ភាគ​តិច​សួយ មិន​ស្មើ​នឹង​ការ​លក់​ដំណាំ​របស់​អ្នក​ភូមិ​ផង៖ «អ៊ីចឹង​ហើយ​បាន​ជា​គាត់​ងាក​តាម​ដាន និង​ទាមទារ​ឲ្យ​មាន​ការ​កាត់​ឆ្វៀល​អី​ជាដើម ឬ​ក៏​ឲ្យ​មាន​ដី​ផ្សេង​ហ្នឹង»

ជនជាតិ​ដើម​ភាគ​តិច​សួយ បាន​តវ៉ា​ក្រោយ​ពី​ក្រុមហ៊ុន អេច្ឆ.អិល.អេច្ឆ ឈូស​ដី​រំលោភ​យក​តាំង​ពី​ឆ្នាំ​២០០៨ ហើយ​ជនជាតិ​ទាំង​នោះ​បាន​ដើរ​ដាក់​ញត្តិ​សុំ​ឲ្យ​គ្រប់​ស្ថាប័ន​កំពូល​ជួយ​ដោះស្រាយ។ ពួក​គាត់​រង់ចាំ​ការ​ដោះស្រាយ​តាម​ញត្តិ​ដែល​បាន​ដាក់​នោះ ប៉ុន្តែ​មិន​ទាន់​មាន​ការ​ដោះស្រាយ​នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល