ប្រជាពលរដ្ឋ១៥នាក់ ក្នុងចំណោម ជាង ៤០នាក់នៅតំបន់បឹងប្រាំក្នុងស្រុកបវេល ខេត្តបាត់ដំបងអះអាងថា នៅពេលនេះពួកគាត់ម្នាក់ៗ បានជំពាក់បំណុលធនាគារ ស្ទើរវ័ណ្ឌកដោះលែងរួចក្រោយពីការឃោសនារបស់មេឃុំបឹងប្រាំ ជាប់ពាក់ព័ន្ធនិងដីសម្បទានសង្គមកិច្ច។ ចំណែកមេឃុំបឹងប្រាំវិញ បដិសេធថាលោកពុំមានគោលការណ៍ដូច្នេះឡើយ។
លោក ម៉ម មុនីរតន៍ មានសេចក្ដីរាយការណ៍ អមដោយការយំខ្សឹកខ្សួល របស់អ្នកភូមិ ដែលជំពាក់បំណុលធនាគារ ក្រោយពីទិញដីបាន ប៉ុន្តែមិនមានដីមានតែប្លង់ដូចតទៅ
លោកបន្តថា៖ « ខ្ញុំមិនដែលមានអ្នកណាបោកទេ ឥឡូវមានហើយ។ខ្ញុំបាទឥតដឹងទេ ឥតដឹងថាមានគេបោកអញ្ចេះ » ។
ស្ថិតក្នុងវ័យជាង ៤០ ឆ្នាំ បុរសដែលមានមាឌស្ដើងខ្ពស់ បានរៀបរាប់ដោយដៃម្ខាងយកក្រមាខ្ទប់មាត់ និង ដៃម្ខាងទៀតជូតទឹកភ្នែក ដែលកំពុងហូរបណ្ដើរផងនោះ ឲ្យដឹងថា ដោយការខ្វះខាតក្នុងគ្រួសារ ជាពិសេសរឿងមិនមានដីធ្វើកសិកម្ម ហេតុដូច្នេះខ្លួន ក៏សម្រេចអារកាត់រាល់បញ្ហាក្នុងគ្រួសារ ខ្ចីបុលលុយពីធនាគារ ដើម្បីទិញដី ក្រែងអាចដោះស្រាយភាពទាក់ក្របានមួយកម្រិត។ ប៉ុន្តែរឿងនេះមិនដូចការគិតឡើយ នៅទីបំផុតការប្រាក់ក៏ចេះតែកើន រីឯបញ្ហាក្នុងគ្រួសារក៏កាន់តែប្រឈម ព្រោះតែរឿងខ្ចីលុយពីធនាគារ ទិញដី ដែលនៅ ពេលនេះ មានតែប្លង់នៅក្នុងដៃប៉ុណ្ណោះ ប៉ុន្តែជាក់ស្ដែងពុំមានដីកាន់កាប់ឡើយ។
រស់នៅភូមិរុងអំពិល ឃុំខ្នាចរមាស លោក ប្រាង្គ ប្រង ឲ្យដឹងថា ក្រោយពីលេចធ្លាយព័ត៌មាន ជាសាធារណៈថា នៅចំណុចបឹងប្រាំ មានដីជាច្រើនហិកតារ អាចទិញលក់បាន ហេតុនេះលោកបានបង្ខំចិត្ត ខ្ចីលុយពីអង្គការ ៤លានរៀល ជាថ្នូរទទួលបានដី ៥ហិកតារ។ លោកបន្តថាដីដែលទិញបាន ក្រោយមកនៅចំណុចទីតាំង ដែលមេឃុំបឹងប្រាំ សន្យាថានឹងផ្ដល់ដីដូចការសន្យានោះមិនមានឡើយ។ លោកឲ្យដឹងទៀតថាក្រុមគ្រួសារ របស់លោកត្រូវរស់នៅទាំងត្រដាបត្រដួស រកលុយដោះបំណុល អង្គការស្ទើរពុំបាន។ លោកបន្ថែមថាទាំងដើមទាំងការប្រាក់បានកើនជាង ៥លានរៀល មុននឹងដោះរួច ដែលប្រើពេលជាង ១ឆ្នាំ។ លោកបន្តថា៖ « សងហើយសងរួចហើយ ប៉ុន្តែខ្ញុំលក់ជ្រូក លក់អីទៅ រហូតដល់ទាស់ទែងក្នុងគ្រួសារទៀត ដោយសាររឿងលុយ។ លុយនេះទៅយកដីដើម្បីឲ្យបានសុខស្រួល ប៉ុន្តែវាមិនបានសុខស្រួលហើយ ថែមទាំងមិនមានដីទៀត »។
ពាក់ព័ន្ធរឿងនេះ ពុំមែនមានតែលោក ប្រាង្គ ប្រង ម្នាក់ឡើយដែលប្រឈមនឹងបញ្ហាដូចនេះ។របាយការណ៍ ដែលរកឃើញដោយសមាជិកក្រុមប្រឹក្សាខេត្តគណបក្សសង្គ្រោះជាតិ កាលពីដើមខែកញ្ញា ពាក់ព័ន្ធ សំណុំរឿងនេះ មេឃុំបឹងប្រាំលោក ឈា នី រងការចោទប្រកាន់ថា បានទទួលលុយពីដីសម្បទានសង្គមកិច្ចនេះ ពីពលរដ្ឋសរុបជិត ៥រយគ្រួសារ។ ក្នុងករណីនេះ នៅមិនទាន់រាប់បញ្ចូល ជាង ១រយ ៥០គ្រួសារផ្សេងទៀត ដែលទទួលប្លង់ដីកម្មសិទ្ធិតែពុំមានដីប្រើប្រាស់នៅឡើយផង។
ដោយឡែក លោកស្រី ជា វណ្ណារី រស់នៅឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ ដែលត្រូវបានអ្នកស្រុក នៅតំបន់បឹងប្រាំ ដាក់រហស្សនាម ឲ្យថា ជាតារាទឹកភ្នែកនោះអះអាងថា សមាជិកគ្រួសាររបស់លោកស្រី ចំនួន ៤នាក់ បានបង់ខាតគិតទាំងដើមទាំងការប្រាក់ មកដល់ពេលនេះ ប្រហែលជាង ១ម៉ឺនដុល្លារ ។ លោកស្រីបន្តថា ដោយសារនៅខេត្តពោធិ៍សាត់ ពុំមានដីស្រែប្រកបរបរកសិកម្ម គាប់ជួនមានការផ្សព្វផ្សាយតៗគ្នា ថានៅតំបន់បឹងប្រាំ មានដីដែលអាចទិញធ្វើជាកម្មសិទ្ធិបាន ក្នុងតម្លៃចន្លោះ ៣ ទៅ ៤លានរៀល ហេតុនេះក្រុមគ្រួសាររបស់លោកស្រី បង្ខំចិត្តខ្ចីលុយពីធនាគារ ដើម្បីមកទិញដីនៅតំបន់នោះ។ លោកស្រីអះអាងថា ក្រោយពីទិញរួចនៅមិនបានប៉ុន្មានផង ត្រូវបានមេឃុំបឹងប្រាំ បណ្ដេញចេញ ដោយចោទថា រស់នៅលើដីរដ្ឋដោយពុំមានច្បាប់ថែមទៀត។
លោកបន្តថា៖ «ខ្ញុំនៅរយៈពេលបាន២ឆ្នាំ គេដេញខ្ញុំ គេដកដីខ្ញុំ។ខ្ញុំថាមូលហេតុអីដកដីខ្ញុំ យកលុយខ្ញុំហើយ។ សង្គមនេះគឺឥតមានទេ គេថាមកពីបងឯងឥតនៅ។ខ្ញុំថាលក់ដីឲ្យប្រជាជនហើយ មូលហេតុអីដកដីស្រែមិនទាន់បានឲ្យខ្ញុំផង បណ្ដេញខ្ញុំទៀត។ខ្ញុំថាខ្ញុំឥតចេញទេ បើដេញខ្ញុំចេញទាល់តែឲ្យលុយខ្ញុំវិញ» ។
ជុំវិញរឿងរ៉ាវនេះ នៅមានគ្រួសារជាច្រើនផ្សេងទៀត ក៏មានស្ថានភាពប្រហាក់ប្រហែលគ្នានេះដែរ។ក្នុងនោះនៅមានអតីតមន្ត្រីយោធានៃយុទ្ធភូមិភាគទី៥ និង គ្រួបង្រៀន ក៏ត្រូវបង់ខាត អស់លុយជាច្រើនលានរៀលទៀតផង។ ចំណែកប្រជាពលរដ្ឋវិញនិយាយថា លោក ឈាន នី មេឃុំបឹងប្រាំ មន្ត្រីនគរបាលស្រុក និង ក្រុមនិស្សិតវាស់ដី របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បែរជាទទួលបានចំណែក នៃដីទាំងនេះទៅវិញ។
ឆ្លើយតបការចោទប្រកាន់នេះ មេឃុំបឹងប្រាំ លោក ឈា នី បកស្រាយម្ដងហើយម្ដងទៀតថា ខ្លួនលោកផ្ទាល់គឺពុំបានជាប់ទាក់ទិននឹងអំពើពុករលួយណាមួយនោះទេ ក្រោមគោលនយោបាយសម្បទានដីសង្គមកិច្ច។ បន្ថែមពីលើនេះ លោក ឈា នី ថែមទាំងជំរុញ និង អំពាវនាវឲ្យអង្គភាពប្រឆាំងអំពើពុករលួយ គួរបើកការស៊ើបអង្កេត រកឲ្យឃើញសខ្មៅថែមទៀតផង ដែលជាការឆ្លើយតប ចំពោះការចោទប្រកាន់ទាំងនេះ។ លោកបន្តថា៖ « ខ្ញុំសូមស្នើទៅវិទ្យុអាស៊ីសេរី ទៅតាមរយៈរដ្ឋាភិបាល សូមឲ្យបញ្ជូនអង្គភាពប្រឆាំងអំពើពុករលួយ មកអង្កេតបឹងប្រាំ។ រកឃើញអ្នកណាប្រព្រឹត្តអំពើពុករលួយ នៅបឹងប្រាំដែលមិនមានភស្តុតាងអ្វីបង្ហាញ និង អាចចាប់ដាក់គុកបាន ដាក់គុកអ្នកហ្នឹង។អានេះខ្ញុំស្នើអ៊ីចឹង » ។
បដិសេធការឆ្លើយតបរបស់ លោក ឈា នី នេះអ្នកសម្របសម្រួលសមាគម អាដហុក (Adhoc) លោក យិន ម៉េងលី ដែលចុះអង្កេតស្រាវជ្រាវវិវាទ កាលពីថ្ងៃទី១២ ខែ កញ្ញា យល់ឃើញថា ការអនុវត្តគោលនយោបាយសម្បទានដីសង្គមកិច្ច របស់លោក ឈា នី កាលណោះ គឺពិតជាមានកំហុសពិតមែន។ លោកអះអាងក្រោយប្រមូលស្ថិតិថា បញ្ហាត្រូវរកឃើញថា មានប្រជាពលរដ្ឋច្រើនគ្រួសារណាស់ ដែលរងគ្រោះ ដោយការការលក់ទិញនេះ។ លោកបន្តថា៖ « បញ្ហាយើងឃើញថាគឺដោយសារអំពើពុករលួយនេះ។ ខ្ញុំនិយាយអ៊ីចឹង ដោយសារអំពើនេះហើយបានធ្វើឲ្យបងប្អូន មានប្លង់ឥតដី មានដីឥតប្លង់នោះ។ វាឈ្លោះគ្នាឯង ហើយបញ្ហាទាំងអស់នេះ ខ្ញុំនឹងធ្វើលិខិតមួយដាក់ជូនឯកឧត្ដមអភិបាលខេត្តបន្ថែមទៀត » ។
លោក យិន ម៉េងលី និយាយថាជាគោលការណ៍ច្បាប់ កាលណារដ្ឋប្រើថាជាដីសម្បទានសង្គមកិច្ចហើយ គឺពុំមានការលិញលក់នោះទេ។ លោកបញ្ជាក់ថាប្រសិនបើបុគ្គលណា ដែលធ្វើអាជីវកម្មក្រោមគោលនយោបាយនេះ គឺជារឿងផ្ទុយនឹងច្បាប់។ ជាងនេះទៅទៀតនោះលោក អះអាងថា កាលណាបើឈានដល់ការទិញលក់ វាចាំបាច់ណាស់ ត្រូវមានលិខិតស្នាម។ ហេតុនេះលោកថ្លែងថា ផ្អែកតាមការអង្កេតកឃើញថា ប្រជាពលរដ្ឋដែលបង់ខាតលុយ និង រហូតជាប់បំណុលធនាគារទៅទៀតនោះ គឺពុំមានលិខិតស្នាមនោះទេ។ លោក យិន ម៉េងលី ចាត់ទុកថាសកម្មភាពបែបនេះ គឺជាការប្រព្រឹត្តអំពើរលួយ។ លោកបន្តថា៖ « ព្រោះដីនេះជាដីសម្បទានសង្គមកិច្ច ដែលរដ្ឋាភិបាលត្រូវឲ្យប្រជាពលរដ្ឋក្រីក្រ។ ចែកឲ្យប្រជាពលរដ្ឋមិនមែនលក់ឲ្យប្រជាពលរដ្ឋទេ ហើយអ៊ីចឹងយើងនាំគ្នាយកដីសម្បទានសង្គមកិច្ច ដែលជារបស់រដ្ឋ សម្រាប់ឲ្យប្រជាពលរដ្ឋ ។យើងយកមកហើយអាហ្នឹងប្រើពាក្យថាលួច ហើយយកលុយ។ អាហ្នឹងដែលខ្ញុំថា អំពើពុករលួយ។ បើសិនជាថាខ្ញុំយកលុយពីអភិវឌ្ឍន៍ ឯណាលិខិតស្នាម ពីព្រោះនិយាយអំពីសេវាសាធារណៈ បើយកលុយពីពូ ឈ្មោះ ក ហើយត្រូវចេញបង្កាន់ដៃឲ្យគាត់។ បង្កាន់ដៃទទួលប្រាក់ពីឈ្មោះនេះ ហើយទៅជួយលើអី »។

យោងច្បាប់ភូមិបាលឆ្នាំ ២០០១ មាត្រា ២៦១ ចែងអំពីការប៉ះពាល់កម្មសិទ្ធិសាធារណ: ឬឯកជនដោយអាជ្ញាធររដ្ឋបាលសំដៅដល់មន្ត្រីឬអាជ្ញាធរដែលបានប្រើអំណាចដោយរំលោភ ទោះមានបញ្ជាក្ដី ឬគ្មានបញ្ជាក្ដី ដើម្បីដកហូតអចលនវត្ថុពីអ្នកកាន់កាប់ដោយសន្តិភាព ត្រូវផ្ដន្ទាទោសពិន័យជាប្រាក់ពី ១០លានរៀល ដល់ ២៥លានរៀល និង ត្រូវទទួលទោសរដ្ឋបាលផ្សេងទៀត។ បើការដកហូតអចលនវត្ថុបានប្រព្រឹត្តទៅដោយប្រើអំពើហិង្សា ចារីប្រព្រឹត្តត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៦ខែ ដល់២ឆ្នាំ រីអ្នកបញ្ជាដោយរំលោភត្រូវផ្ដន្ទាទោសដូចអ្នកប្រព្រឹត្តដោយផ្ទាល់ដែរ។
ក្រៅពីនេះទៀត លោក យិន ម៉េងលី ទម្លាក់កំហុសក្នុងរឿងបឹងប្រាំថា អង្គការសង្គមស៊ីវិល និង ម្ចាស់ជំនួយចំនួន ក៏ជាផ្នែកមួយនៃការទទួលខុសត្រូវ ក្នុងវិវាទនៅពេលនេះដែរ។ លោកស្ដីបន្ទោសថា ព្រោះតែគម្រោងកាលពីឆ្នាំ២០១១ ដែលពុំបានសិក្សារកពីប៉ះពាល់បែបនេះ ទើបបង្កើតឲ្យមានបញ្ហាដោះមិនចេញ។ លោកបន្តថា៖ « ខ្ញុំចង់និយាយពីរឿងអង្គការ ហើយនិងម្ចាស់ជំនួយនៅបឹងប្រាំនេះ ដែលបានយកលុយជា១លានដុល្លារមកអភិវឌ្ឍន៍បឹងប្រាំ។ ទីបំផុតខ្ញុំអាចនិយាយថាគម្រោងនេះបរាជ័យ ព្រោះកាលណាយើងមកអភិវឌ្ឍន៍បឹងប្រាំ គឺយើងចង់ឲ្យប្រជាពលរដ្ឋបឹងប្រាំមានជីវភាពធូរធារ ហើយយើងចង់ឲ្យមានសុវត្ថិភាពដីធ្លី។ ប៉ុន្តែដល់យកមកចំណាយអស់ប្រមាណជាង ១លានដុល្លារ តើបានធ្វើឲ្យដីបឹងប្រាំមានសុវត្ថិភាពដែរឬឥត។អត់ទេ » ។
ឆ្លើយតបរឿងនេះ ម្ចាស់គម្រោងនៃអង្គការ ឌី ស៊ី អេ (DCA) លោក ជឿង យសវុឌ្ឍន៍ ដែលជាស្ថាប័នម្ចាស់ជំនួយមួយ ក្នុងការផ្ដល់លុយដើម្បីអភិវឌ្ឍន៍បឹងប្រាំ ជាង ១លានដុល្លារសហរដ្ឋអាមេរិក កាលពីឆ្នាំ២០១១ បដិសេធក្នុងការអត្ថាធិប្បាយ ដោយអះអាងថា ត្រូវរងចាំសេចក្ដីសម្រេចពីនាយកប្រតិបត្តិជាមុនសិន។
យ៉ាងណាក៏ដោយលោក ឈា នី នៅតែព្រមានសមាគម អាដហុកថា ប្រសិនបើពុំមានភស្តុតាងណាមួយ ប្រឆាំងរូបលោកទេ សមាគមអាដហុកនេះ ក្រៅពីអស់ជំនឿទុកចិត្តហើយ ថែមទាំងត្រូវប្រឈមនឹងបណ្ដឹងរបស់លោកថែមទៀតផង។ លោកបន្តថា៖ « អ៊ីចឹងសមាគមអាដហុក គាំទ្ររបៀបនេះគឺខ្ញុំឥតទទួលខុសត្រូវទេ ហើយខ្ញុំក៏សូមអំពាវនាវដល់សហគមន៍អឺរ៉ុប ដែលបានជំនួយមកឲ្យអង្គការអាដហុក ស្នើឲ្យធ្វើតួនាទីសិទ្ធិមនុស្សនេះគឺ លំអៀងហើយ។ លំអៀងយ៉ាងម៉េច ទីមួយលោកជួបតែប្រជាពលរដ្ឋម្ខាងទេ។ លោកមិនបានចុះមកមើលប្រជាជនបឹងប្រាំទាំងមូលនេះទេ។ លោកចុះមកមើលតែម្ខាង ជួបតែម្ខាងណាត់គេ ឡើងប្រមូលប្រមូលកាក់ទៅជួបលោកនៅបឹងសង្កែ ម្សិលមិញ និយាយភាពពិត »។
បើទោះជាបែបណា អតីតសមាជិកតំណាងប្រជាពលរដ្ឋ និង ជាជំនួយការទទួលបន្ទុកលិខិតស្នាមទិញលក់ដី របស់លោក ឈា នី គឺលោក ឌឹម អាន បញ្ជាក់ថាមេឃុំបឹងប្រាំ គឺពិតជាបានប្រព្រឹត្តិអំពើពុករលួយ ក្រោមគោលនយោបាយដីសម្បទានសង្គមកិច្ច។ លោកបញ្ជាក់ថាមានរបាយការណ៍ហិរញ្ញវត្ថុជាច្រើនច្បាប់ ដែលលោកបានផ្សព្វផ្សាយ ជាសាធារណៈ ជុំវិញអំពើពុករលួយនេះ។ លោកបន្តថា៖ « ក្នុងមួយឈ្មោះនេះ បើគិតប្រជាពលរដ្ឋដែលបង់នោះវាមានបីដំណាក់កាល។ អ៊ីចឹងគោលការណ៍របស់លោក ឈា នី ប្រធានតំបន់ហ្នឹងគាត់ដាក់ថាកំណត់មួយឈ្មោះ ១លានទេដើម្បីទៅកសាង។តែដល់ពេលមេខ្យល់យកមក ៥លាន។ ដល់ពេលយកមកឲ្យមេភូមិនោះ៣លាន ឬក៏២ពាន់ដុល្លារអីទៅ។ តែដល់ពេលថវិកាហ្នឹងបើគិតទៅ តាមភូមិគាត់យកសរុបទៅឲ្យ មេតំបន់ហ្នឹងឯង »។
មន្ត្រីសិទ្ធិមនុស្សសមាគមអាដហុក លោក យិន ម៉េងលី ចាត់ទុកថា មូលហេតុដែលនាំឲ្យរឿងនេះ នៅមានភាពស្ងប់ស្ងាត់ មិនចាត់វិធានការ ទំនងជាមានមន្ត្រីជាន់ខ្ពស់ថ្នាក់ខេត្ត និង អាជ្ញាធរថ្នាក់ស្រុកផង អាចជាប់ពាក់ព័ន្ធនឹងអំពើពុករលួយនេះដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
