ពលរដ្ឋ​ថា អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង​មិន​បាន​ដោះស្រាយ​បញ្ហា​ដីធ្លី និង​ដោះលែង​ពលរដ្ឋ ដូច​ការ​សន្យា

ដោយ ច័ន្ទ ដារ៉ូ
2024.08.12
ពលរដ្ឋ​ថា អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង​មិន​បាន​ដោះស្រាយ​បញ្ហា​ដីធ្លី និង​ដោះលែង​ពលរដ្ឋ ដូច​ការ​សន្យា ផ្ទះប្រជាពលរដ្ឋដែលអាជ្ញាធរបាញ់ថ្នាំក្រហមជាសញ្ញាសម្គាល់ ដើម្បីបណ្ដេញចេញ នៅភូមិឫទ្ធិសែនជ័យ១ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ថតនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤។
រូបពីពលរដ្ឋ

ប្រជាពលរដ្ឋ​រងគ្រោះ​ដីធ្លី នៅ​ស្រុក​បុរីអូរស្វាយសែជ័យ ខេត្ត​ស្ទឹងត្រែង អះអាង​ថា អាជ្ញាធរ​ពាក់ព័ន្ធ​មិន​បាន​ដោះស្រាយ​បញ្ហា​ទំនាស់​ដីធ្លី និង​ដោះលែង​ពលរដ្ឋ ចំនួន​៤​នាក់ មក​វិញ​ដូច​ការ​សន្យា​នោះ​ទេ។ មន្ត្រី​សង្គម​ស៊ី​វិល ចង់​ឃើញ​អាជ្ញាធរ​ដោះស្រាយ​បញ្ហា​វិវាទ​ដីធ្លី​ដោយ​សន្តិវិធី និង​តម្លាភាព។

ប្រជាពលរដ្ឋ​កំពុង​មាន​វិវាទ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន ហ្គ្រីន ស៊ី អេហ្គ្រីខលឈ័រ (Green Sea Agriculture CO.,LTD) ស្ថិត​នៅ​ឃុំ​អូរស្វាយ ស្រុក​បុរីអូរស្វាយ​សែនជ័យ ខេត្ត​ស្ទឹងត្រែង អះអាង​ថា អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង​មិន​ត្រឹម​តែ​មិន​ដោះស្រាយ​បញ្ហា​ដីធ្លី​និង​ដោះលែង​ពលរដ្ឋ​នោះ​ទេ ថែម​ទាំង​បាន​បង្ខំ​ឲ្យ​ប្រជាពលរដ្ឋ​ផ្ដិត​មេ​ដៃ​ប្រគល់​ដី​ឲ្យ​ក្រុមហ៊ុន ហើយ​ប្រសិនបើ​ប្រជាពលរដ្ឋ​មិន​ព្រម​ផ្ដិត​មេ​ដៃ​ប្រគល់​ដីធ្លី​នោះ​ទេ អាជ្ញាធរ​នឹង​ចោទ​ពលរដ្ឋ​ទាំង​នោះ ថា​បាន​ចូល​កាប់​ទន្ទ្រាន​ដី​ព្រៃ​ដោយ​ខុស​ច្បាប់។

តំណាង​ប្រជាពលរដ្ឋ​ម្នាក់​ក្នុង​ចំណោម ១០នាក់ សុំ​មិន​បញ្ចេញ​ឈ្មោះ ដោយ​បារម្ភ​អំពី​សុវត្ថិភាព ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី១២ ខែសីហា​ថា អាជ្ញាធរ​បាន​ចុះ​មក​ជួប​ប្រជាពលរដ្ឋ ប៉ុន្តែ មិន​បាន​ដោះស្រាយ​កាត់​ឆ្វៀល​ដី​ឲ្យ​ប្រជាពលរដ្ឋ​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ ឲ្យ​ប្រជាពលរដ្ឋ​ផ្ដិត​មេ​ដៃ​ប្រគល់​ដី​ឲ្យ​ទៅ​ក្រុមហ៊ុន។ លោក​បន្ថែម​ថា ដោយសារ​តែ​ប្រជាពលរដ្ឋ​ភ័យ​ខ្លាច ក៏​ព្រម​ផ្ដិត​មេ​ដៃ​ប្រគល់​ដី​ទាំង​នោះ​ឲ្យ​ទៅ​ក្រុមហ៊ុន។ ទោះ​ជា​បែប​នេះ​ក្ដី អាជ្ញាធរ​នៅ​តែ​សន្យា​នឹង​ចុះ​មក​ដោះស្រាយ​បញ្ហា​ដីធ្លី​ម្ដង​ទៀត​នៅ​ថ្ងៃ​ទី១៣ ខែសីហា។

តំណាង​ប្រជាពលរដ្ឋ​សុំ​មិន​បញ្ចេញ​ឈ្មោះ៖ «ខ្ញុំ​ធ្វើ​អ៊ីចឹង​ថា​ខុស​ច្បាប់​ឥឡូវ​ពួក​ខ្ញុំ​ផ្ដិត​មេ​ដៃ​ប្រគល់​ដី​ឲ្យ​វិញ​ហើយ អ៊ីចឹង​សុំ​ឲ្យ​ជួយ​អន្តរាគមន៍​ឲ្យ​ប្រជាពលរដ្ឋ​វិញ​ផង សុទ្ធ​តែ​អ្នក​អត់​មាន​ផ្ទះ​នៅ​ខ្វះ​ដី និង​ខ្វះ​អី​ហូប​ចុក ឥឡូវ​ស្នើ​សុំ​ដោយ​ស្រប​ច្បាប់​ចាត់​វិធានការ​ត្រង់​ណា​ឲ្យ​ប្រជាពលរដ្ឋ​វិញ ប្រសិនបើ​មិន​ដោះស្រាយ​ឲ្យ​ទេ​ពួក​ខ្ញុំ​ឡើង​ទៅ​ភ្នំពេញ ឡើង​ទៅ​តវ៉ា​ឲ្យ​សម្ដេច​គាត់​ជួយ​ដោះស្រាយ​ឲ្យ រក​កន្លែង​ឲ្យ​ប្រជាពលរដ្ឋ​រស់​នៅ បើ​គេ​មិន​ដោះស្រាយ​ឲ្យ​មាន​តែ​តតាំង​ហើយ បើ​ចេញ​ទៅ​គង់​តែ​ងាប់​ដដែល អត់​មាន​កន្លែង​រស់នៅ ឲ្យ​ទៅ​រស់នៅ​កន្លែង​ណា»

ក្រៅ​ពី​មិន​ព្រម​ដោះស្រាយ​វិវាទ​ដីធ្លី​ឲ្យ​ប្រជាពលរដ្ឋ​ហើយ​នោះ អាជ្ញាធរ​ក៏​មិន​ព្រម​ដោះលែង​ប្រជាពលរដ្ឋ​ទាំង ៤នាក់ ដែល​អាជ្ញាធរ​ចាប់​ឃុំ​ខ្លួន កាល​ពី​ថ្ងៃ​ទី២២ ខែកក្កដា នោះ​ដែរ ដោយ​ចោទ​ប្រកាន់​អ្នក​ទាំង ៤នាក់​ថា កាប់​ទន្ទ្រាន​ដី​ព្រៃ​ដោយ​ខុស​ច្បាប់។ ពលរដ្ឋ​នៅ​តែ​ទទូច​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ កាត់​ឆ្វៀល​ដីធ្លី ឬ​ចែក​ដី​ឲ្យ​ប្រជាពលរដ្ឋ​បាន​អាស្រ័យ​ផល សម្រាប់​ប្រកបរបរ​កសិកម្ម​ដើម្បី​ចិញ្ចឹម​ជីវភាព​គ្រួសារ។

ជុំ​វិញ​រឿង​នេះ វិទ្យុ​អាស៊ី​សេរី មិន​អាច​ទាក់ទង អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​ស្ទឹងត្រែង លោក ម៉ែន គុង បាន​ទេ នៅ​ថ្ងៃ​ទី១២ ខែសីហា។

ទោះ​ជា​យ៉ាង​ណា​ក្ដី កាល​ពី​ខែមិថុនា កន្លង​ទៅ​អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង បាន​ដាក់​កំហិត​ឲ្យ​ប្រជាពលរដ្ឋ​ប្រគល់​ដី​ពលរដ្ឋ​អាស្រ័យផល ទៅ​ឲ្យ​រដ្ឋ​វិញ ដើម្បី​រដ្ឋ​យក​ដី​ទាំង​អស់​នោះ​ជួល​ឲ្យ​ទៅ​ក្រុម​ហ៊ុន​ឯកជន និង​ព្រមាន​ចាត់​វិធានការ​ក្ដៅ ប្រសិនបើ​ប្រជាពលរដ្ឋ​​មិន​ព្រម​ប្រគល់​ដី​នោះ​ទេ។ ក្រៅ​ពី​ដាក់​កំហិត​ទៅ​ប្រជាពលរដ្ឋ​ហើយ អាជ្ញាធរ​ក៏​បាន​ចោទ​ប្រជាពលរដ្ឋ​ទាំង​អស់​នោះ​ថា បាន​កាប់​ទន្ទ្រាន​ដី​ព្រៃ​របស់​រដ្ឋ​ដោយ​ខុស​ច្បាប់។

ទាក់ទិន​នឹង​បញ្ហា​នេះ អនុប្រធាន​ផ្នែក​សិទ្ធិមនុស្ស ដីធ្លី និង​ធនធាន​ធម្មជាតិ​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក យិន ម៉េងលី មាន​ប្រសាសន៍​ថា ប្រសិនបើ​អាជ្ញាធរ​យក​ដីធ្លី និង​ដី​អាស្រ័យផល​ពី​ប្រជាពលរដ្ឋ​ប្រគល់​ឲ្យ​ក្រុមហ៊ុន​ហើយ​នោះ រដ្ឋាភិបាល​គួរ​តែ​រក​ដី​កន្លែង​ណា​ទំនេរ ដើម្បី​ធ្វើ​សម្បទាន​សង្គម​កិច្ច​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ទាំង​អស់​នោះ បាន​រស់​នៅ​សមរម្យ​ដើម្បី​ចិញ្ចឹម​ជីវិត​ត​ទៅ​ទៀត។

លោក យិន ម៉េងលី៖ «វា​បាន​បង្ហាញ​ថា​ប្រជាពលរដ្ឋ​លែង​ទុក​ចិត្ត​អាជ្ញាធរ​មូលដ្ឋាន អ៊ីចឹង​ទោះ​បី​មាន​ការ​លំបាក​ក្នុង​ការ​ធ្វើ​ដំណើរ លំបាក​ក្នុង​ការ​ហូបចុក ស្នាក់​នៅ យ៉ាង​ណា​ក៏​ដោយ ក៏​ពួក​គាត់​នៅ​តែ​ពុះពារ​យ៉ាង​ណា​ឲ្យ​មាន​ដំណោះស្រាយ​ពី​ថ្នាក់​ជាតិ អ៊ីចឹង​ថ្នាក់​ជាតិ គាប់​បី​យក​ចិត្ត​ទុក​ដាក់​អំពី​បញ្ហា​នេះ ហើយ​ពិនិត្យ​មើល​ទៅ​លើ​អាជ្ញាធរ​ថ្នាក់​ក្រោម​ជាតិ​ដែល​តែងតែ​និយាយ​ហូត​កុហក​ដល់​ប្រជាពលរដ្ឋ​របស់​ខ្លួន​នេះ»

ពលរដ្ឋ​ចំនួន ៥ភូមិ នៅ​ស្រុក​សៀមប៉ាង និង​ស្រុក​បុរីអូរស្វាយ​សែនជ័យ ខេត្ត​ស្ទឹងត្រែង ស្នើ​ទៅ​រដ្ឋាភិបាល​ឲ្យ​ជួយ​រក​ដំណោះស្រាយ និង​កាត់​ឆ្វៀល​ដី​ទុក​ឲ្យ​ប្រជាពលរដ្ឋ​បាន​អាស្រ័យផល សម្រាប់​ប្រកបរបរ​ចិញ្ចឹម​ជីវិត​ទៅ​ថ្ងៃ​មុខ ប្រសិនបើ​អាជ្ញាធរ​មិន​ព្រម​ដោះស្រាយ និង​ចែក​ដី​ឲ្យ​ប្រជាពលរដ្ឋ​បាន​អាស្រ័យ​ផល​នោះ​ទេ ពួកគាត់​មិន​ព្រម​ឈប់​តវ៉ា​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។