ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​​នៅ​ខេត្ត​កោះកុង​ផ្អាក​តវ៉ា​មួយ​រយៈ ក្រោយ​អាជ្ញាធរ​រឹតត្បិត​ខ្លាំង

ដោយ ហេង រស្មី
2020-10-01
Share
ដីធ្លី UDG 093020 ក្រុម​ពលរដ្ឋ ដែល​នាំ​គ្នា​តវ៉ា​រឿង​វិវាទ​ដីធ្លី​ជាមួយ​ក្រុម​ហ៊ុន​ចិន យូឌីជី (UDG) នៅ​មុខ​សាលា​ខេត្ត​កោះកុង នៅ​ថ្ងៃ​ទី៣០ ខែ​កញ្ញា ឆ្នាំ២០២០។
រូប៖ ពលរដ្ឋ

ក្រុម​ពលរដ្ឋ​តវ៉ា​ដីធ្លី​នៅ​ខេត្ត​កោះកុង​សម្រេច​រំសាយ​គ្នា​ទៅ​ផ្ទះ​រៀងៗ ខ្លួន​នៅ​ថ្ងៃ​ទី១ តុលា ក្រោយ​អាជ្ញាធរ​ខេត្ត​កោះកុង​ចាប់​ខ្លួន​ពួក​គាត់​៤ នាក់ រួច​ដោះលែង​វិញ ហើយ​​ហាម​មិន​ឱ្យ​ពួក​គាត់​ទៅ​បោះតង់​ស្នាក់ នៅមុខ​សាលា​ខេត្ត​បន្ត​ទៀត។ ទោះជា​យ៉ាង​ណា ពួក​គាត់​​នឹង​ប្រមូល​ផ្ដុំ​គ្នា​ឆាប់ៗ​ខាង​មុខ​ទៀត ដើម្បី​តវ៉ា​សុំ​ដំណោះស្រាយ​វិវាទ​ដីធ្លី​នេះ។ មន្ត្រី​សង្គម​ស៊ីវិល​ថា អាជ្ញាធរ​គួរ​តែ​ពន្លឿន​ការ​ដោះ​ស្រាយ​បញ្ហា​ដីធ្លី​នេះ​ជូន​ប្រជា​ពលរដ្ឋ​ និង​បញ្ឈប់​ការ​រឹតត្បិត​លើ​ក្រុម​ពលរដ្ឋ។

ពលរដ្ឋ​ម្នាក់​ក្នុង​ចំណោម ៤នាក់​ដែល​អាជ្ញាធរ​ចុះ​ឃាត់​ខ្លួន​ទាំង​កណ្ដាល​អាធ្រាត្រ​​​ លោក សុខ ពេជ្រ ឲ្យ​អាស៊ី​សេរី​​ដឹង​ថា ម្ដាយ​របស់​លោក គឺ​លោកស្រី សំ ផៅ កំពុង​សម្រាក​ព្យាបាល​នៅ​ឯ​មន្ទីរ​ពេទ្យ​មួយ​ក្នុង​ខេត្ត​កោះកុង ក្រោយ​អាជ្ញាធរ​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ។ លោក​បន្ត​ថា ម្ដាយ​របស់​លោក​មាន​ជំងឺ​ប្រចាំ​កាយ គឺ​ជំងឺ​លើស​ឈាម ហើយ​គាត់​តក់ស្លុត​យ៉ាង​ខ្លាំង នៅ​ពេល​ដែល​អាជ្ញាធរ​ជា​ច្រើន​នាក់ មក​កាត់​តង់​របស់​ប្រជា​ពលរដ្ឋ និង​ចាប់ខ្លួន​គ្រួសារ​របស់​លោក​ចំនួន ៤នាក់​ទាំង​យប់​អធ្រាត្រ​ក្នុង​ពេល​កំពុង​សម្រាន្ត​លក់​បែប​នេះ។

លោក សុខ ពេជ្រ បញ្ជាក់​ថា ម្តាយ​របស់​លោក​បាន​ប៉ះ​ទង្គិច​ជើង​កៀប​ជាមួយ​នឹង​ទ្វារ​ឡាន​នៅ​ពេល​អាជ្ញាធរ​ចាប់​ខ្លួន ហើយ​រង​ការ​គំរាម​កំហែង​មិន​ឲ្យ​ស្រែក  និង​ដក​ហូត​ទូរស័ព្ទ ទើប​ធ្វើ​ឲ្យ​គាត់​មាន​អាការៈ​មិន​ស្រួល និង​ជំងឺ​រើ​ឡើង​វិញ។ លោក​បន្ថែម​ទៀត​ថា អាជ្ញាធរ​បាន​បង្ខំ​ឲ្យ​ពួក​​លោក​ផ្ដិត​មេ​ដៃ​បញ្ឈប់​ការ​តវ៉ា​ទាមទារ​ដំណោះ​ស្រាយ​ដីធ្លី​នៅមុខ​សាលា​ខេត្ត​ទៀត​នោះ​ទេ ប៉ុន្តែ​លោក​មិន​ព្រម​។ លោក​បញ្ជាក់​ថា លោក​មាន​ការ​ឈឺចាប់​យ៉ាង​ខ្លាំង​ចំពោះ​ទង្វើ​របស់​អាជ្ញាធរ​ដែល​ធ្វើ​មក​លើ​ប្រជា​ពលរដ្ឋ​បែប​នេះ៖ «ខ្ញុំ​មុន​នឹង​ចេញ​មក​ពី​ស្នាក់​ការ​ហ្នឹង គេ​ទាមទារ​ឲ្យ​ថា ឈប់​បោះតង់​។ ខ្ញុំ​ថា អត់​ទេ អា​ពាក្យ​ហ្នឹង​អត់​យក​មក​និយាយ​កើត​ទេ។ ខ្ញុំ​ថា បើ​ធ្វើ​កិច្ច​សន្យា​ឲ្យ​កាត់​ឆ្វៀល​ដី​ជូន​ប្រជា​ពលរដ្ឋ​វិញ អា​ហ្នឹង​ខ្ញុំ​អាច​ធ្វើ​បាន។ ថ្ងៃ​ណា ឲ្យ​មាន​កិច្ច​សន្យា​ឲ្យ​មាន​លក្ខ​ខណ្ឌ​ជាមួយ​ប្រជា​ពលរដ្ឋ អា​ហ្នឹង​ខ្ញុំ​អាច​ធ្វើ​បាន។ តែ​បើ​ថា ចំពោះ​ឲ្យ​ខ្ញុំ​ឈប់​មក​តវ៉ា​អា​រឿង​ដីធ្លី​ហ្នឹង គឺ​ខ្ញុំ​អត់​ឈប់​ទេ ពីព្រោះ​អានេះ​កេរ្តិ៍​អាករ​របស់​តាំង​ពី​ដូន​ពី​តា​ខ្ញុំ​មក មិន​មែន​ខ្ញុំ​ទៅ​កាត់​ទន្ទ្រាន​ដីធ្លី​រឿង​ព្រៃ​ឈើ​តូច ឈើ​ធំ​អី​ណា»

អាជ្ញាធរ​ខេត្ត​កោះកុង​បាន​ឃាត់​ខ្លួន​ពលរដ្ឋ ៤នាក់​ ជាគ្រួសារ​តែមួយ កាល​ពី​វេលា​ទាប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី៣០ កញ្ញា នៅ​ពេល​ពួក​គាត់​កំពុង​សម្រាន្ត​លង់​លក់​នៅ​ក្នុង​តង់ ​ដែល​ពួក​គាត់​បាន​​បោះ​ស្នាក់​នៅ ដើម្បី​តវ៉ា​សុំ​ដំណោះ​ស្រាយ​វិវាទ​ដីធ្លី​ជាមួយ​ក្រុម​ហ៊ុន​ចិន យូឌីជី (UDG)។ អាជ្ញាធរ​បាន​ដោះ​លែង​ពលរដ្ឋ​ទាំង​នោះ​វិញ នៅ​រសៀល​ថ្ងៃ​ទី៣០ កញ្ញា ប៉ុន្តែ​ដោយសារ​ការ​បំភិត​បំភ័យ​របស់​អាជ្ញាធរ ក្រុម​ពលរដ្ឋ​បាន​បង្ខំ​ចិត្ត​ផ្អាក​សកម្មភាព​មួយ​រយៈ​ពេល​សិន។

អភិបាល​ខេត្ត​កោះកុង អ្នក​ស្រី មិថុនា ភូថង អះអាង​ប្រាប់​អាស៊ី​សេរី​ថា ករណី​វិវាទ​ដី​ធ្លី​នេះ រដ្ឋបាល​ខេត្ត​បាន​បញ្ជូន​របាយ​ការណ៍​ទៅ​គណៈកម្មការ​ថ្នាក់​ជាតិ​រួច​ហើយ ហើយ​អ្នក​ស្រី​ក៏​រំពឹង​ដែរ​ថា នឹង​មាន​ដំណោះ​ស្រាយ​ឆាប់ៗ​នេះ៖ «រដ្ឋបាល​ខេត្ត​បាន​ធ្វើ​របាយ​ការណ៍​ទៅ​គណៈ​កម្មការ​អន្តរ​ក្រសួង​រួច​ហើយ ហើយ​លោក​កំពុង​តែ​ខិតខំ​ពិនិត្យ​ទៅ​លើ​អត្ត​សញ្ញាណ ហើយ​ប្រហែល​ជា​បាន​ទទួល​ព័ត៌មាន​ឆាប់ៗ​នេះឯង ហើយ​យើង​កំពុង​តែ​ចាំ​ទទួល​ព័ត៌មាន​ដូច​គ្នា ហើយ​ខ្ញុំ​ក៏​បាន​ប្រាប់​បងប្អូន​ប្រជា​ពលរដ្ឋ តែ​លោក​ក៏​នៅ​តែ​ទាមទារ​បញ្ចេញ​សិទ្ធិ​របស់​លោក តែ​យើង​ក៏​មាន​ការ​ណែនាំ​ដែរ។ យើង​អនុញ្ញាត​ឲ្យ​បញ្ចេញ​សិទ្ធិ​តែ​សុំ​ឲ្យ​គាត់​ជួយ​រក្សា​នូវ​សណ្ដាប់​ធ្នាប់​សាធារណៈ​ផង​ដែរ»

អាស៊ី​សេរី​បាន​ព្យាយាម​ទាក់ទង​ទៅ អ្នក​នាំ​ពាក្យ​​របស់​​ក្រសួង​​រៀប​ចំ​​ដែន​ដី លោក សេង ឡូត ដើម្បី​សាកសួរ​អំពី​រឿង​នេះ តែ​លោក​បញ្ជាក់​ថា កំពុង​ជាប់​រវល់ រួច​ក៏​ចុច​ផ្ដាច់​ទូរស័ព្ទ។

ក្រុមហ៊ុន​ចិន យូញៀន ឌីវេឡុបមិន គ្រុប (Union Development Group Co., Ltd) ឬយូឌីជី (UDG) បាន​ទទួល​ដី​សម្បទាន​សេដ្ឋ​កិច្ច នៅ​ចំ​កណ្ដាល​ឧទ្យាន​ជាតិ​បទុម​សាគរ​ ក្នុង​ខេត្ត​កោះកុង សរុប​ចំនួន​ជាង ៤ម៉ឺន​ ៥ពាន់​ហិកតារ​ (៤៥.១០០)​ ពី​រដ្ឋាភិបាល​លោក ហ៊ុន សែន កាល​ពី​ឆ្នាំ២០០៨ ដើម្បី​សាងសង់​ទី​ក្រុង​ទេសចរណ៍​ដ៏​ធំ​មួយ​ ដែល​ត្រូវ​ចំណាយ​ទឹក​ប្រាក់​ជិត ៤ពាន់​លាន​ដុល្លារ (,៨ពាន់​លាន​ដុល្លារ)

គម្រោង​អភិវឌ្ឍ​នេះ បាន​បណ្ដាល​ឲ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ​ជាង ១ពាន់​គ្រួសារ ត្រូវ​ចាក​ចេញ​ពី​លំនៅឋាន​របស់​ពួក​គេ​ ប៉ុន្តែ​នៅ​មាន​ប្រជា​ពលរដ្ឋ​ជា​ច្រើន​គ្រួសារ​ទៀត​នៅ​មិន​ទាន់​ទទួល​បាន​ដំណោះ​នៅ​ឡើយ​ គិត​មក​ដល់​ពេល​នេះ។ ដោយសារ​តែ​ពាក់​ព័ន្ធ​នឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស និង​អំពើ​ពុក​រលួយ​នៅ​កម្ពុជា​នេះ​ហើយ ទើប​ក្រុមហ៊ុន​របស់​ចិន​មួយ​នេះ​ត្រូវ​សហរដ្ឋ​អាមេរិក​ប្រកាស​ដាក់​ទណ្ឌ​កម្ម​នៅ​ពេល​ថ្មីៗនេះ។

មន្ត្រី​សម្រប​សម្រួល​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​ប្រចាំ​ខេត្ត​កោះ​កុង លោក ហ៊ួរ អ៊ីន មាន​ប្រសាសន៍​ថា ការ​អូស​បន្លាយ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ដីធ្លី​ជូន​ប្រជា​ពលរដ្ឋ​ដែល​រងគ្រោះ​ជិត ១៣ឆ្នាំ​មក​នេះ គឺ​ដោយ​សារ​អាជ្ញាធរ​គ្មាន​ឆន្ទៈ​ក្នុង​ការ​ដោះ​ស្រាយ និង​ភាព​ព្រងើយ​កន្តើយ​ចំពោះ​ក្ដី​លំបាក​វេទនា​របស់​ប្រជា​ពលរដ្ឋ​ដែល​រងគ្រោះ។ លោក​បន្ត​ថា អាជ្ញាធរ​គួរតែ​ធ្វើអ្វី​ដែល​ស្រប​ទៅ​តាម​ច្បាប់ និង​គោរព​សិទ្ធិ​ប្រ​ជា​ពលរដ្ឋ​ ដើម្បី​រក្សា​កិត្តិយស និង​សេចក្ដី​ថ្លៃថ្នូរ​របស់​ខ្លួន៖ «ការ​ចាប់ខ្លួន​របស់​បុគ្គល​ណា​ម្នាក់ បុគ្គល​ណាមួយ​ក្រុម ទាល់​តែ​បុគ្គល​ហ្នឹង​បាន​ប្រព្រឹត្ត​បទល្មើស​ជាក់​ស្ដែង ទើប​អាជ្ញាធរ​មាន​សិទ្ធិ​ក្នុង​ការ​ចាប់​ឃាត់​ខ្លួន ប៉ុន្តែ​ខ្ញុំ​សួរ​ថា ហេតុ​អី​ដែល​គេ​តវ៉ា​ដោយ​អហិង្សា​ដែល​ត្រូវ​បាន​ធានា​ទៅ​ដោយ​ច្បាប់​រដ្ឋ​ធម្មនុញ្ញ ហើយ​ច្បាប់​កំពូល តើ​អំពើ​នេះ​ជា​អំពើ​ល្មើស​ច្បាប់​ដែរ​អី? អ៊ីចឹង បើ​សិន​ប្រជា​ពលរដ្ឋ​មិន​បាន​ប្រព្រឹត្ត​អំពើ​ល្មើស​ច្បាប់​ផង ហើយ​នគរបាល​មក​ចាប់​ខ្លួន​គាត់ គឺ​នគរ​បាល​ប្រើ​អំណាច និង​តួនាទី​ទាំង​បំពាន​ច្បាប់​ហើយ»

ក្រុម​ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​ប្ដេជ្ញា​ថា ពួក​គាត់​នឹង​បន្ត​ការ​តវ៉ា​នេះ​ជាថ្មី​ម្ដង​ទៀត ក្នុង​ពេល​ឆាប់ៗ ខាង​មុខ​នេះ ដើម្បី​ជំរុញ​ឲ្យ​អាជ្ញាធរ​ពន្លឿន​ការ​ដោះស្រាយ​បញ្ហា​ដីធ្លី​ជូន​ពួកគេ​វិញ។ ពួកគាត់​ទាម​ទារ​ឲ្យ​អាជ្ញាធរ​កាត់​ឆ្វៀល​ដី​នៅ​លើ​ទីតាំង​ចាស់​ដែល​មាន​ទំនាស់​មក​ឲ្យ​ពួក​គាត់​វិញ ដោយ​មិន​ព្រម​ដោះដូរ​ដី​ទៅ​ទីតាំង​ថ្មី​នោះ​ទេ ដោយ​ពួកគាត់​បាន​លើក​ឡើង​ថា ដី​ថ្មី​នោះ​ពិបាក​ប្រកប​មុខរបរ និង​ពិបាក​រស់នៅ៕

 

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។