ពលរដ្ឋ​រងគ្រោះ​ដីធ្លី​គ្មាន​ជំនឿ​លើ​បទ​បញ្ជា​របស់​លោក ហ៊ុន ម៉ាណែត ក្នុង​ការ​ផ្ដល់​ដីធ្លី​ដល់​អ្នក​ក្រីក្រ​នោះ​ឡើយ

0:00 / 0:00

ពលរដ្ឋ​រងគ្រោះ​ដីធ្លី​គ្មាន​ទំនុក​ចិត្ត​លើ​បទ​បញ្ជា​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែល​ប្រកាស​ចែក​ដី​ដល់​ពលរដ្ឋ​ក្រីក្រ ដើម្បី​ទប់ស្កាត់​សកម្មភាព​ទន្ទ្រាន​ដី​រដ្ឋ​ធ្វើ​ជា​កម្មសិទ្ធិ​ដោយ​ខុស​ច្បាប់ និង​ចូលរួម​ការពារ​ដី​ព្រៃ​នោះ​ឡើយ។ ពួកគាត់​អះអាង​ថា ការ​លើកឡើង​របស់​លោក ហ៊ុន ម៉ាណែត នេះ​គឺ​គ្រាន់តែ​ធ្វើ​ឱ្យ​ពលរដ្ឋ​ស្ងប់​ចិត្ត​ប៉ុណ្ណោះ ពីព្រោះ​កន្លង​ទៅ​ពលរដ្ឋ​ទាមទារ​ឱ្យ​មាន​ដំណោះស្រាយ​ដីធ្លី​បែរជា​អាជ្ញាធរ​ចាប់​ដាក់​គុក​ទៅវិញ។

ពលរដ្ឋ​រងគ្រោះ​ដីធ្លី​មិន​រំពឹង​ថា រដ្ឋាភិបាល​ចែក​ដី​ដល់​ពលរដ្ឋ​ដែល​កំពុង​រងគ្រោះ​ដោយសារ​ការ​រំលោភ​យក​ដី​ពី​សំណាក់​អ្នក​មាន​លុយ​មាន​អំណាច​ឡើយ។ ពួកគាត់​សង្កេត​ឃើញ​ថា នៅ​ពេល​ពលរដ្ឋ​ឡើង​ទៅ​ដាក់​ញត្តិ​ស្នើ​សុំ​ឱ្យ​រដ្ឋាភិបាល​កាត់​ឆ្វៀល​ដី និង​ដោះស្រាយបញ្ហា​ដីធ្លី​ជូន​ពួកគាត់ អាជ្ញាធរ​តែង​គំរាមកំហែង​ពួកគាត់​ចាប់​ដាក់​ពន្ធនាគារ។

តំណាង​ពលរដ្ឋ​រងគ្រោះ​ដីធ្លី​នៅ​សហគមន៍​៥៩៧ ស្រុក​ស្រែ​អំបិល ខេត្ត​កោះកុង លោក អៀង សំណាង ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី២៩ ខែ​មករា ថា លោក​គ្មាន​ជំនឿ​ថា​លោក ហ៊ុន ម៉ាណែត ចែក​ដី​ឱ្យ​ពលរដ្ឋ​អាស្រ័យផល​នោះ​ទេ ពីព្រោះ​កន្លង​ទៅ​រដ្ឋាភិបាល​គឺជា​អ្នក​កាត់​ឆ្វៀល​ដី​ពលរដ្ឋ​ឱ្យ​មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​មហាផ្ទៃ លោក ហេង ហ៊ុយ ធ្វើ​ជា​កម្មសិទ្ធិ​ឯកជន។ លោក​ចាត់​ទុក​កម្មវិធី​ផ្ដល់​ដី​ការពារ​ព្រៃ​ដល់​ពលរដ្ឋ​ក្រីក្រ​របស់​លោក ហ៊ុន ម៉ាណែត គ្រាន់តែ​ជា​ការ​បោកប្រាស់​ទំនុក​ចិត្ត​ពលរដ្ឋ។

លោក អៀង សំណាង៖«ខ្ញុំ​យល់ថា ការណ៍​ដែល​រដ្ឋាភិបាល​និយាយ​តាំង​ពី ឪពុក​រហូត​ដល់​កូន​នេះ ពួក​ខ្ញុំ​មិន​យក​ចិត្ត​ទុក​ដាក់​នៅ​ក្នុង​ចិត្ត​ថា ពួកគាត់​និយាយ​ហើយ​គាត់​ធ្វើ​បាន​សម្រាប់​កូនចៅ​របស់​គាត់​ទេ។ ប៉ុន្តែ​ខាង​សមាគម​ខ្ញុំ​ក៏​មិន​បោះបង់​នៅ​ការ​បន្ត​ពីព្រោះ​ការ​ស្នើសុំ​របស់​ពួកខ្ញុំ​លើកឡើង​មួយ​ចំណុច​បើ​គ្រាន់​តែ​អ្នក​អត់​ហើយ​ស្នើ​សុំ ចាប់​អ្នក​សុំ​ដាក់​គុក​ដែរ អ៊ីចឹង​ចាប់​អ្នក​សុំទាន​នៅ​ស្រុក​ខ្មែរ​ដាក់​គុក​អស់​ទៅ ពិភពលោក​នឹង​ឃើញ ពីព្រោះ​នេះ​ជា​សំដី​អ្នក​សុំ​ពិត​ប្រាកដ​អត់​ពិត​ប្រាកដ»។

កាលពី​ថ្ងៃទី២១ ខែ​មករា លោក អៀង សំណាង និង​តំណាង​សហគមន៍​មាន​ទំនាស់​ដីធ្លី​ប្រមាណ៦០នាក់ ក្នុង​ខេត្ត​កោះកុង ក៏​បាន​ទៅ​ដាក់​ញត្តិ​នៅ​សាលា​ខេត្ត​កោះកុង ដើម្បី​ស្នើ​ឱ្យ​អភិបាល​ខេត្ត​នេះ ពន្លឿន​ការ​ដោះស្រាយ​បញ្ហា​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​លោក ហេង ហ៊ុយ និង​ទាមទារ​ឱ្យ​អាជ្ញាធរ​ផ្ដល់​ដី​ចំនួន ៣ហិកតារ ព្រមទាំង​សំណង​ជា​ទឹក​ប្រាក់​ចំនួន៧ពាន់ដុល្លារ ដល់​ពលរដ្ឋ​ក្នុង​មួយ​គ្រួសារ​សម្រាប់​ការ​អាក់​ខាន​មិន​បាន​អាស្រ័យ​លើ​ដី​របស់​ពួកគាត់​រយៈពេល​ជិត ១០ឆ្នាំ ប៉ុន្តែ​​ការ​ស្នើ​សុំ​របស់​ពលរដ្ឋ​នេះ អាជ្ញាធរ​បែរជា​ធ្វើ​មិន​ដឹង​មិន​លឺ​ទៅវិញ។

ការ​លើកឡើង​របស់​ពលរដ្ឋ​រូប​នេះ​គឺ​បន្ទាប់​ពី លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាល ពី ថ្ងៃទី២៨ ខែ​មករា បាន​បង្ហោះ​សារ​ជា​សំឡេង​នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​ដោយ​ប្រកាស​បង្កើត​កម្មវិធី«ផ្ដល់​ដី​ការពារ​ព្រៃ ដើម្បី​រួមគ្នា​អភិវឌ្ឍ​ដោយ​ចីរភាព» ក្នុង​គោល​បំណង​ដោះស្រាយ​ដី​ជូន​ពលរដ្ឋ​ក្រីក្រ ទប់ស្កាត់​សកម្មភាព​ទន្ទ្រាន​ដី​រដ្ឋ​ធ្វើ​ជា​កម្មសិទ្ធិ​ឯកជន និង​ជំរុញ​ឱ្យ​ពលរដ្ឋ​ចូលរួម​ការពារ និង​អភិរក្ស​ព្រៃឈើ។ លោក ហ៊ុន ម៉ាណែត បញ្ជាក់​ថា ពលរដ្ឋ​អាច​ដាក់​ពាក្យ​ស្នើ​សុំ​ដី​អាស្រ័យ​ផល​បាន ចាប់​ពី​ខែ​កុម្ភៈ ឆ្នាំ​២០២៥ នៅ​លេខាធិការដ្ឋាន«ផ្ដល់​ដី ការពារ​ព្រៃ ដើម្បី​រួមគ្នា​អភិវឌ្ឍ​ដោយ​ចីរភាព»។ លោក ហ៊ុន ម៉ាណែត ក៏​មិន​ភ្លេច​រំលឹក​ពី​គុណ​បំណាច់​ឪពុក​របស់​លោក​ដែរ​ថា ការ​បែងចែក​ដី​កសិកម្ម​ឱ្យ​ពលរដ្ឋ​នេះ​កើត​មាន​បន្ទាប់​ពី​ឪពុក​លោក​ឈ្នះ​សង្គ្រាម​ក្នុង​របប​ខ្មែរ​ក្រហម។

លោក ហ៊ុន ម៉ាណែត៖«តាម​រយៈ​កម្មវិធី​នេះ​ប្រជាពលរដ្ឋ​ខ្មែរ​អត់​មាន​ដី​ពិត​ប្រាកដ​នឹង​ត្រូវ​បាន​រដ្ឋាភិបាល​ផ្ដល់​ដី​ជូន ជា​នឹង​ការ​ជួយ​រៀបចំ​ភូមិ​ក​ជូន ហើយ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​នឹង​ត្រូវ​រស់នៅ​ទីនោះ​អាច​នឹង​ចងក្រង​ជា​សហគមន៍​ជួយ​ការពារ​ដី និង​ព្រៃ​នៅ​ជុំវិញ​សហគមន៍​ដែល​ខ្លួន​រស់នៅ។ នៅ​ក្នុង​ន័យ​នេះ​យើង​អាច​និយាយ​បាន​ថា នេះ​ជា​យុទ្ធសាស្ត្រ​ព្រួញ​មួយ​បាញ់​បាន​សត្វ​ពីរ ទី១ គឺ​ការ​ផ្ដល់​ដី​ជូន​ពលរដ្ឋ​ខ្មែរ​ដែល​ខ្វះ​ដី​ពិត​ប្រាកដ»។

ការ​បង្កើត​កម្មវិធី«ផ្ដល់​ដី ការពារ​ព្រៃ ដើម្បី​រួមគ្នា​អភិវឌ្ឍ​ដោយ​ចីរភាព» នេះ​ក្រោយ​ពេល​ដែល​ព្រះមហាក្សត្រ​កាល​ពី​ដើម​ខែ​វិច្ឆិកា ឆ្នាំ២០២៤ ​បាន​តែង​តាំង​លោក​ហ៊ុន ម៉ាណែត ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​ដឹក​នាំ​អនុវត្ត​កម្មវិធី​«ផ្ដល់​ដី ការពារ​ព្រៃ ដើម្បី​រួមគ្នា​អភិវឌ្ឍ​ដោយ​ចីរភាព»។

ពាក់ព័ន្ធ​នឹង​ប្រកាស​ការពារ​ព្រៃឈើ​របស់​លោក ហ៊ុន ម៉ាណែត នៅ​ពេល​នេះ បណ្ដាញ​ព្រៃ​ឡង់​ខេត្ត​ក្រចេះ លោក ស្វាយ សុង មាន​សង្ឃឹម​តិចតួច​ថា រដ្ឋាភិបាល​អាច​ការពារ​ធនធាន​ធម្មជាតិ​បាន ពីព្រោះ​រដ្ឋាភិបាល​នៅ​តែ​បន្ត​រឹតត្បិត​មិន​ឱ្យ​ប្រជា​សហគមន៍​ចូល​ល្បាត​ព្រៃ និង​ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ឱ្យ​ក្រុមហ៊ុន​ឯកជន​វិនិយោគ​នៅតែ​បន្ត​កើត​មាន។

លោក ស្វាយ សុង៖«មាន​តែ​ការងារ​ក្រុម​សហគមន៍​ព្រៃ​ឡង់​ទេ ពីព្រោះ​កន្លងមក​ពួក​ខ្ញុំ​ជា​អ្នក​ស្ម័គ្រ​ចិត្ត​ការពារ​ព្រៃឈើ​ដើម្បី​ធនធាន​ធម្មជាតិ​របស់​យើង​នេះ​ពីព្រោះ​ព្រៃឈើ ជា​ព្រៃឈើ​របស់​ពួក​យើង​ទេ​ជា​ពួក ខ្ញុំ​មាន​ការ​លះបង់ អ៊ីចឹង​ប្រសិន​ជា​គាត់​មាន​ការ​សហការ​អ៊ីចឹង​ល្អ​មែនទែន»។

ជុំវិញ​រឿង​នេះ អនុ​ប្រធាន​ផ្នែក​សិទ្ធិ​មនុស្ស​ដីធ្លី និង​ធនធាន​ធម្មជាតិ​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក លោក យិន ម៉េងលី មាន​ប្រសាសន៍​ថា ការ​បង្កើត​កម្មវិធី​ចែក​ដី​ឱ្យ​ពលរដ្ឋ​ក្រីក្រ គឺជា​រឿង​ល្អ​ដែល​ជា​កាតព្វកិច្ច​របស់​រដ្ឋាភិបាល​ក្នុង​ការ​ធានា​ឱ្យ​ពលរដ្ឋ​មាន​ដី​បង្កបង្កើនផល។ លោក​បន្ត​ថា ដើម្បី​ឱ្យ​ការ​អនុវត្ត​មាន​ប្រសិទ្ធភាព​រដ្ឋាភិបាល​គួរតែ​ពន្លឿន​ការ​ដោះស្រាយ​បញ្ហា​ដីធ្លី​នៅ​តាម​ថ្នាក់​មូលដ្ឋាន​ឱ្យ​បាន​ឆាប់រហ័ស ចៀសវាង​ធ្វើ​ឱ្យ​ពលរដ្ឋ​កាន់តែ​ធ្លាក់​ខ្លួន​ក្រីក្រ​ដោយសារតែ​ដីធ្លី។

លោក យិន ម៉េងលី៖«យើង​ចង់​ឱ្យ​ការ​សម្បទាន​នេះ​ឱ្យ​ចំ​គោលដៅ​ចំ​ទៅ​លើ​អ្នក​ក្រីក្រ​អ្នក​ដែល​អត់​ដី អ្នក​ដែល​រៀបការ​ហើយ​គ្មាន​ដី​បង្កបង្កើនផល​ដើម្បី​ឱ្យ​ពួកគាត់​មាន​ជីវភាព​ធូរធារ ធ្វើ​ឱ្យ​ប្រាក​ថា ដី​ហ្នឹង​បាន​ទៅ​ដល់​លើ​ដៃ​ពលរដ្ឋ​ពិត​ប្រាកដ​មិនមែន​ទៅ​ដល់​ក្រុម​ណា​មួយ បក្ខពួក​ណា​មួយ​ពីព្រោះ​នេះ​គឺជា​គោល​នយោបាយ​របស់​រដ្ឋាភិបាល​ទេ»។

ក្រុម​ពលរដ្ឋ​រងគ្រោះ​ដីធ្លី​លើកឡើង​ថា រដ្ឋាភិបាល​ក្រោម​ការ​ដឹក​នាំ​របស់​លោក ហ៊ុន ម៉ាណែត គួរតែ​គិតគូរ​ពី​បញ្ហា​ប្រឈម​របស់​ពួកគាត់ ជៀសវាង​ដើរ​តាម​គន្លង​ចាស់​ដូច​ឪពុក​របស់​លោក​គឺ​លោក ហ៊ុន សែន ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​កាន់តែ​ធ្លាក់​ខ្លួន​ក្រីក្រ​ដោយសារតែ​ការ​រំលោភ​បំពាន​ដីធ្លី៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។