សហគមន៍ឡពាងថា អាជ្ញាធរនៅតែឃ្លាំមើល និងគំរាមកំហែងមកលើពួកគាត់
2023.08.26

សហគមន៍ឡពាងដែលរងគ្រោះដីធ្លីនៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង អះអាងថា អាជ្ញាធរមូលដ្ឋាននៅតែតាមដានឃ្លាំមើលប្រជាសហគមន៍ជាប្រចាំ នៅពេលមានការជួបជុំ ឬធ្វើសកម្មភាពតវ៉ាទាមទារដីធ្លី ហើយពលរដ្ឋចាត់ទុកថា សកម្មភាពទាំងនេះគឺជាការបំបិទសិទ្ធិពលរដ្ឋជាមូលដ្ឋាន។ ទោះជាយ៉ាងណាមេឃុំតាជេសបដិសេធថា ការដែលអាជ្ញាធរតាមដានគឺដើម្បីការពារសុវត្ថិភាពជូនពលរដ្ឋប៉ុណ្ណោះ។
ពលរដ្ឋរងគ្រោះដីធ្លីនៅសហគមន៍ឡពាង ប្រតិកម្មក្រោយពេលដែលមេភូមិឡពាង លោក ឌុច ប៊ុនហេង ដែលបានកោះហៅ និងចោទប្រកាន់ លោកស្ងួន ញឿន និងសហគមន៍ឡពាងថា បានបរិហារកេរ្តិ៍ និងឱ្យសហគមន៍ឡពាងស្បថដើម្បីបញ្ជាក់ការពិត។
អ្នកដែលអាជ្ញាធរប្តឹង គឺលោក ស្ងួន ញឿន ថា អាជ្ញាធរមូលដ្ឋាននៅតែបន្តឃ្លាំមើល និងគំរាមកំហែងមកលើសកម្មជនឡពាង ជាក់ស្ដែងកាលពីថ្ងៃទី២០ ខែសីហា មេភូមិឡពាង លោក ឌុច ប៊ុនហេង ចោទប្រកាន់លោក និងប្រជាសហគមន៍ផ្សេងទៀតថា បានបរិហារកេរ្តិ៍ បន្ទាប់ពីលោកផ្សព្វផ្សាយតាមបណ្ដាញសង្គមពីការបំផ្លាញបឹងពោធិ៍ដែលពលរដ្ឋអាស្រ័យផលពីសំណាក់អាជ្ញាធរ និងការតស៊ូរបស់សហគមន៍ឡពាង ទៅកាន់ព្រះសង្ឃ យុវជន ចំនួន៥៥អង្គនាក់ ដែលមកទស្សនកិច្ច កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣។
លោក ស្ងួន ញឿន៖ «គាត់ប្ដឹងរឿងខ្ញុំឡាយវីដេអូ ដែលក្រុមយុវជនចុះមក ប៉ុន្តែនិយាយទាំងអស់ពីការបាត់បង់វត្ថុបុរាណរឿងអាជ្ញាធរយកដីបឹងមិនប្រាប់ប្រជាពលរដ្ឋ គឺយើងបានឡាយវីដេអូរហូតដល់សាលាបុណ្យរបស់សហគមន៍»។
តំណាងពលរដ្ឋឡពាងម្នាក់ទៀត គឺលោក រាជ សីម៉ា លើកឡើងថា អាជ្ញាធរមូលដ្ឋាននៅតែតាមដាន ទៅលើពលរដ្ឋសហគមន៍នៅពេលមានការប្រជុំ និងធ្វើដំណើរទៅភ្នំពេញដើម្បីតវ៉ារឿងជម្លោះដីធ្លីម្ដងៗ។
លោក រាជ សីម៉ា៖ «តាមឃ្លាំមើលសកម្មភាព នៃការចូលរួមប្រជុំ គាត់តែងតែតាមដាន មិនមែនតាមដានក្នុងនាមសុវត្ថិភាពទេ ឃ្លាំមើលបែបហ្នឹងខ្ញុំថាល្អ ប៉ុន្តែគាត់បើតាមដានក្នុងនាមថា ប្រជាពលរដ្ឋនិយាយពីទុក្ខកង្វល់ទៅហើយ គាត់មានចិត្តថាជួបជុំគ្នាដើម្បីរិះគន់អាជ្ញាធរ»។
លោក រាជ សីម៉ា យល់ថា ការតាមដានឃ្លាំមើលរបស់អាជ្ញាធរគឺជាការប៉ះពាល់ដល់សេរីភាពជាមូលដ្ឋានដែលកំពុងប្រើប្រាស់សិទ្ធិដើម្បីទាមទារដីរបស់ពួកគាត់ដែលបានបង់ ដូចច្នេះក្រោមការដឹកនាំរដ្ឋាភិបាលក្នុងអាណត្តិថ្មី លោករំពឹងថាអាជ្ញាធរនឹងឈប់តាមដានមកលើសហគមន៍ឡពាង និងងាកមកជួយស្វែងរកដំណោះស្រាយជូនពលរដ្ឋវិញ។
ទោះជាយ៉ាងណាមេឃុំតាជេស លោកស្រី ស្វាយ ស៊ីម បានឱ្យដឹងថាការដែលអាជ្ញាធរឱ្យសហគមន៍ឡពាងទៅស្បថមិនមែនជាការគំរាមកំហែងនោះទេ ដោយអាជ្ញាធរគ្រាន់តែចង់ឱ្យពលរដ្ឋនិយាយការពិតប៉ុណ្ណោះ។ លោកស្រី ស្វាយ ស៊ីម ថា អាជ្ញាធរតាមដានសហគមន៍ឡពាងនៅពេលមានការជួបជុំផ្សេងៗ គឺដើម្បីការពារសុវត្ថិភាពជូនពលរដ្ឋនោះទេ។
លោកស្រី ស្វាយ ស៊ីម៖ «គ្មានតាមដានទេ តែមុនចូលត្រូវជម្រាបអាជ្ញាធរផង ឱ្យអាជ្ញាធរដឹងផង បើថាមិនឱ្យគេដឹងគេឃើញឡានចូលគេចេះតាមមើលហើយ គេមិនមែនតាមតែឡពាងទេគ្រប់កន្លែង បើថាយើងចូលជូនដំណឹងដល់អាជ្ញាធរគេទៅ ថាឥឡូវមានឡានចូលប៉ុណ្ណេះៗ អាជ្ញាធរគេមិនថាអីទេ»។
ជុំវិញរឿងនេះ ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក(Adhoc) លោក នី សុខា លើកឡើងថាតាមគោលការណ៍ច្បាប់អាជ្ញាធរមិនអាចតាមដានពលរដ្ឋដែលអនុវត្តសិទ្ធិជាមូលដ្ឋានដូចជាសិទ្ធិជួបជុំ ឬបញ្ចេញមតិ លើកលែងតែការជាជួបជុំនោះដើម្បីប្រព្រឹត្តអំពើខុសច្បាប់។ លោក នី សុខា ថាប្រសិនបើអាជ្ញាធរនៅតែតាមដានដើម្បីកុំឱ្យពលរដ្ឋលើកឡើងពីផលលំបាកទៅកាន់សាធារណៈជននោះគឺជាទង្វើខុសពីគោលការណ៍ច្បាប់ និងគោលការណ៍មន្ត្រីរាជការដែលមានតួនាទីបម្រើពលរដ្ឋ។
លោក នី សុខា៖ «មានន័យថា គាត់ខិតខំធ្វើយ៉ាងណាឱ្យរឹតត្បិត រាំងខ្ទប់ព័ត៌មានមួយចំនួនដែលប្រជាពលរដ្ឋរងគ្រោះ ហើយគាត់អសមត្ថភាពក្នុងការដោះស្រាយ ហើយគាត់មិនអាចដោះស្រាយបញ្ហាបាន ហើយគាត់ទៅរឹតត្បិតមិនឱ្យប្រជាពលរដ្ឋបញ្ចេញមតិ ដើម្បីឱ្យថ្នាក់ដឹកនាំឮគឺជារឿងមួយខុសនឹងគោលការណ៍សិទ្ធិមនុស្សផង និងខុសគោលការណ៍រដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋផង»។
ជម្លោះដីធ្លីរវាងពលរដ្ឋឃុំតាជេស ស្រុកកំពង់ត្រឡាច និងក្រុមហ៊ុន ខេ.ឌី.ស៊ី របស់លោកស្រី ជា ខេង ដែលជាភរិយាលោក ស៊ុយ សែម អតីតរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានអូសបន្លាយរយៈពេលជិត២០ ឆ្នាំមកហើយ ហើយជម្លោះនេះបានឈានដល់ការចាប់ខ្លួនពលរដ្ឋដាក់ពន្ធនាគារ និងប្រើហិង្សាបណ្ដាលឱ្យរបួសជាច្រើននាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។