អ្នក​ឡ​ពាង​ប្រារព្ធ​ខួប ១៣ឆ្នាំ ដែល​ក្រុមហ៊ុន ខេ.ឌី.ស៊ី ឈូស​ឆាយ​រំលោភ​យក​ដី​ធ្លី​ពលរដ្ឋ​នៅ​ខេត្ត​កំពង់​ឆ្នាំង

ដោយ អាស៊ីសេរី
2020-01-09
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សមាជិក​សហគមន៍​ឡ​ពាង​ជួបជុំ​គ្នា​រៀបចំ​ឯកសារ មុននឹង​ឡើង​ទៅ​រក​អន្តរាគមន៍​ដោះស្រាយ​បញ្ហា​ដីធ្លី​ពួក​គាត់​ជាមួយ​ក្រុមហ៊ុន ខេ.ឌី.ស៊ី (KDC) កាល​ពី​ថ្ងៃ​ទី៥ ខែ​មេសា ឆ្នាំ២០១៩។
សមាជិក​សហគមន៍​ឡ​ពាង​ជួបជុំ​គ្នា​រៀបចំ​ឯកសារ មុននឹង​ឡើង​ទៅ​រក​អន្តរាគមន៍​ដោះស្រាយ​បញ្ហា​ដីធ្លី​ពួក​គាត់​ជាមួយ​ក្រុមហ៊ុន ខេ.ឌី.ស៊ី (KDC) កាល​ពី​ថ្ងៃ​ទី៥ ខែ​មេសា ឆ្នាំ២០១៩។
រូប៖ សហគមន៍​ឡពាង

អ្នក​ភូមិ​ឡ​ពាង​ប្រមាណ ៤០​នាក់​ នាំ​គ្នា​ប្រារព្ធ​ខួប ១៣ឆ្នាំ ដែល​ក្រុមហ៊ុន​ ខេ.ឌី.ស៊ី របស់​អ្នក​ស្រី​ ជា​ ខេង ត្រូវ​ជា​ភរិយា​លោក ស៊ុយ សែម រដ្ឋមន្ត្រី​ក្រសួង​រ៉ែ​និង​ថាមពល ប្រើ​គ្រឿង​ចក្រ កង​សន្តិសុខ​ និង​កម្លាំង​សមត្ថកិច្ច​ រំលោភ​យក​ដីស្រែ​ចម្ការ​ពួក​គេ​ ដោយ​គ្មាន​ផ្ដល់​សំណង​សមរម្យ។

តំណាង​សហគមន៍​ឡ​ពាង​ លោកស្រី អ៊ុំ​ សុភី ឲ្យ​ដឹង​​នៅ​ថ្ងៃ​ទី៩ ខែ​មករា​ថា អ្នក​ភូមិ​តែង​ធ្វើ​ពិធី​រំលឹក​ខួប​នៃ​ការ​បាត់​បង់​ដីធ្លី​នេះ​ជា​រៀង​រាល់​ឆ្នាំ នៅ​សាលា​បុណ្យ​ទួល​ក្រសាំង តាម​បែប​ព្រះពុទ្ធ​សាសនា​ និង​ការ​ដុត​រូប​ទីង​មោង ​ដាក់​បណ្ដាសា​ដល់​បុគ្គល​ទាំង​ឡាយ ដែល​ឃុបឃិត​គ្នា ​លួច​ប្លន់​ដី​ពលរដ្ឋ​ឲ្យ​ទៅ​ក្រុមហ៊ុន។

លោកស្រី អ៊ុំ​ សុភី ថា ​នេះ​រឿង​គួរ​ឲ្យ​ឈឺ​ចាប់​បំផុត​សម្រាប់​ពលរដ្ឋ​ក្រីក្រ នៅ​ឃុំ​តាជេស ស្រុក​កំពង់​ត្រឡាច ខេត្ត​កំពង់ឆ្នាំង​ ដែល​ត្រូវ​បាត់​បង់​ដីធ្លី​ហើយ​ បែរ​ជា​រង​បណ្ដឹង​ទៅ​តុលាការ​បន្ថែម​ទៀត។

ជម្លោះដីធ្លី​រវាង​ក្រុមហ៊ុន ខេ.ឌី.ស៊ី របស់​អ្នកស្រី ជា ខេង ជាមួយ​ពលរដ្ឋ​នៅ​ឃុំ​តាជេស ស្រុក​កំពង់ត្រឡាច ដែល​ផ្ទុះ​ឡើង​កាល​ពី​ខែ​៨ មករា​ ឆ្នាំ​២០០៨ នៅ​តែ​បន្ត​អូស​បន្លាយ​រហូត​ដល់​ពេល​បច្ចុប្បន្ន​នេះ ដោយ​គ្មាន​ដំណោះ​ស្រាយ​ណា​មួយ​សម្រាប់​ពលរដ្ឋ​ឡើយ។

អ្នក​ភូមិ​ថា ភាគី​ក្រុមហ៊ុន បាន​ប្រើ​គ្រប់​វិធីសាស្ត្រ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា គឺ​ប្រើ​ទាំង​ទិដ្ឋភាព​ច្បាប់ ការ​សម្រប​សម្រួល​ក្រៅ​ប្រព័ន្ធ​តុលាការ និង​ពេល​ខ្លះ​មាន​ប្រើ​អំពើ​ហិង្សា​ផង​ក៏​មាន។ អ្នក​ភូមិ​ឲ្យ​ដឹង​ដែរ​ថា កាល​ពី​ឆ្នាំ២០១៣ រដ្ឋាភិបាល​បាន​ផ្ដល់​ដី​សម្បទាន​នៅ​តំបន់​មាន​ជម្លោះ​នេះ ទៅ​ឲ្យ​ក្រុមហ៊ុន​ចិន​ថែម​ទៀត ខណៈ​ពលរដ្ឋ​នៃ​ឃុំ​តាជេស នៅ​មិន​ទាន់​បាន​ដោះស្រាយ​នៅ​ឡើយ។

សហគមន៍​ឡ​ពាង​ដែល​មាន ៥២​គ្រួសារ ស្នើ​សុំ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយ​អន្តរាគមន៍​ដោះ​ស្រាយ​វិវាទ​ដីធ្លី​ឲ្យ​ពួក​គាត់​ នូវ​សំណង​ដែល​អាច​ទទួល​យក​បាន គឺ​ទាមទារ​ឲ្យ​ភាគី​ក្រុមហ៊ុន​ទទួល​ស្គាល់​ដីធ្លី​របស់​គាត់។ ប្រសិន​បើ​ ក្រុមហ៊ុន​ចង់​បាន​ដី​ពលរដ្ឋ​យក​ទៅ​អភិវឌ្ឍន៍ ត្រូវ​ទិញ​ពី​ពលរដ្ឋ​ទៅ​តាម​តម្លៃ​ទីផ្សារ។ ក្រៅ​ពី​នេះ អ្នក​ឡ​ពាង​ ក៏​ស្នើ​ដល់​សាលា​ដំបូង​រាជធានី​ភ្នំពេញ ឱ្យ​ជួយ​ពន្លឿន​នីតិវិធី ​បើកសវនាការ​ក្នុង​សំណុំ​រឿងរដ្ឋប្បវេណី​ជាមួយ​អ្នកស្រី ជា ខេង ប្រធាន​ក្រុមហ៊ុន​ ខេ.ឌី.ស៊ី ​​ឲ្យ​បាន​ឆាប់ ​ដើម្បី​ផ្ដល់​យុត្តិធម៌​ដល់​ពលរដ្ឋ​ក្រីក្រ​ ដែល​បាន​បាត់បង់​ដីធ្លី៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល