តំណាង​សហគមន៍​ឡ​ពាង​គ្រោង​ប្ដឹង​ម្ចាស់​ក្រុមហ៊ុន​ខេ.ឌី.ស៊ី​រឿង​មូលប្បទានប័ត្រ​ស្អុយ

ដោយ ជិន ជេដ្ឋា
2014.09.29
Share on WhatsApp
Share on WhatsApp
ជា ខេង ឡោក ខេង​ ៦២០ តំណាងរាស្ត្រ​គណបក្ស​ប្រជា​ជន​កម្ពុជា​អ្នកស្រី ឡោក ខេង និង​ប្រធាន​ក្រុមហ៊ុន ខេ ឌី ស៊ី(KDC) លោកស្រី ជា ខេង នៅ​ក្នុង​កិច្ច​ពិភាក្សា​ប្រមូល​ព័ត៌មាន​រឿង​ដីធ្លី​របស់​ពលរដ្ឋ​នៅ​សាលាស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង ថ្ងៃ​ទី ២៧ កញ្ញា ឆ្នាំ ២០១៤។
RFA/Chin Chetha

តំណាង​សហគមន៍​ភូមិ​ឡ​ពាង ប្ដឹង​តំណាងរាស្ត្រ​មណ្ឌល​ភ្នំពេញ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​អ្នកស្រី ឡោក ខេង និង​គ្រោង​ប្ដឹង​ម្ចាស់​ក្រុមហ៊ុន ខេ.ឌី.ស៊ី (KDC)​ ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ទៀត ទាក់ទង​នឹង​ការ​ចេញ​មូលប្បទានប័ត្រ​មិន​អាច​បើក​ប្រាក់​បាន។

អ្នកស្រី ឡោក ខេង បាន​ចេញ​មូលប្បទានប័ត្រ​ដែល​មាន​ទឹក​ប្រាក់​ចំនួន​១​ម៉ឺន​ដុល្លារ ដល់​តំណាង​សហគមន៍​ឈ្មោះ រាជ សីម៉ា ជា​ថ្នូរ​នឹង​ការ​បញ្ឈប់​សកម្មភាព​តវ៉ា​របស់​លោក និង​ឲ្យ​ទៅ​សម្របសម្រួល​ពលរដ្ឋ​ឈប់​តវ៉ា​រឿង​ដីធ្លី​ជាមួយ​ក្រុមហ៊ុន។ តើ​អ្នកស្រី ឡោក ខេង មាន​ជាប់​ពាក់ព័ន្ធ​អ្វី​ជាមួយ​ម្ចាស់​ក្រុមហ៊ុន ខេ.ឌី.ស៊ី បាន​ជា​ខំ​ខ្នះខ្នែង​ចេញ​មុខ និង​ចំណាយ​ប្រាក់​ផ្ទាល់​ខ្លួន ដើម្បី​រត់​ការ​ក្នុង​រឿង​ដីធ្លី​នេះ?

អ្នកស្រី ឡោក ខេង ដែល​បច្ចុប្បន្ន​ជា​តំណាងរាស្ត្រ និង​ជា​សមាជិក​គណៈកម្មការ​សិទ្ធិមនុស្ស ទទួល​ពាក្យ​បណ្ដឹង អង្កេត និង​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា ត្រូវ​បាន​តំណាង​ពលរដ្ឋ​អះអាង​ថា មាន​ជាប់​ពាក់ព័ន្ធ​យ៉ាង​ជ្រៅ​ក្នុង​ទំនាស់​ដីធ្លី​នៅ​ភូមិ​ឡពាង ខេត្ត​កំពង់ឆ្នាំង។ នៅ​មុន​ពេល​អ្នកស្រី​ក្លាយ​ជា​សមាជិក​គណៈកម្មការ​ទី​១ នៃ​រដ្ឋសភា​នេះ អ្នកស្រី បាន​ចំណាយ​ប្រាក់​ផ្ទាល់​ខ្លួន និង​ចេញ​មុខ​យ៉ាង​សកម្ម​ក្នុង​ការ​សម្របសម្រួល​តំណាង និង​ពលរដ្ឋ​ដែល​មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន។

ប្រជាពលរដ្ឋ​មាន​ចម្ងល់​ថា​តើ​អ្នកស្រី ឡោក ខេង មាន​សម្ពន្ធភាព​យ៉ាង​ណា​ជាមួយអ្នកស្រី ជា ខេង ដែល​ជា​ម្ចាស់​ក្រុមហ៊ុន ខេ.ឌី.ស៊ី ហើយ​មាន​ភាគហ៊ុន​នៅ​ក្នុង​ក្រុមហ៊ុន​នេះ​ដែរ ឬ​យ៉ាងណា​បាន​ជា​ខំ​ខ្នះខ្នែង​បញ្ចេញ​សកម្មភាព​ក្នុង​រឿង​នេះ? ចម្លើយ​ពី​ខាង​អ្នកស្រី ឡោក ខេង ចំពោះ​ចម្ងល់​នេះ គឺ​ខ្លី និង​ងាយ​ស្ដាប់​បំផុត ប៉ុន្តែ​វា​ពិបាក​ឲ្យ​ជឿ។ អ្នកស្រី ​បដិសេធ​ថា មិន​ជាប់​ពាក់ព័ន្ធ​អ្វី​នឹង​ក្រុមហ៊ុន​ឡើយ ប៉ុន្តែ​ការដែល​អ្នកស្រី ធ្វើ​នោះ គឺ​ចង់​សង​គុណ​អ្នកស្រី ជា ខេង ដែល​ត្រូវ​ជា​មិត្តភ័ក្ដិ​នឹង​គ្នា និង​ជួយ​ដល់​ប្រជាពលរដ្ឋ​កំពុង​ជួប​បញ្ហា​នៅ​ភូមិ​ឡ​ពាង។

ការ​ចរចា និង​ផ្ដល់​មូលប្បទានប័ត្រ​ទឹកប្រាក់​ចំនួន​១ម៉ឺន​ដុល្លារ ដល់​លោក រាជ សីម៉ា ដោយ​ស្ងាត់​ៗ​របស់អ្នកស្រី ឡោក ខេង បាន​បែក​ធ្លាយ​ជា​សាធារណៈ​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​សីហា ឆ្នាំ​២០១៤ គឺ​បន្ទាប់​ពី​លោក រាជ សីម៉ា ប្ដឹង​អ្នកស្រី ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ពី​បទ​ឆបោក។ ការ​ប្ដឹង​នេះ គឺ​ដោយសារ​តែ​លោក​មិន​អាច​បើក​ប្រាក់​តាមរយៈ​មូលប្បទានប័ត្រ ដែល​អ្នកស្រី ឡោក ខេង បាន​ផ្ដល់​ជា​ថ្នូរ​នឹង​ការ​មិន​ឲ្យ​ចេញ​មុខ​តវ៉ា និង​តម្រូវ​ឲ្យ​លោក​ទៅ​ជួយ​សម្របសម្រួល​ក្រុម​អ្នកភូមិ​ឲ្យ​បញ្ឈប់​ការ​តវ៉ា​ប្រឆាំង​នឹង​ក្រុមហ៊ុន​បន្ដ​ទៅ​ទៀត។

អ្នកស្រី ឡោក ខេង មាន​ប្រសាសន៍​ថា ដោយ​ដឹង​ថា​ជំនួយការ និង​ជា​អ្នក​បើក​ឡាន​ឲ្យ​អ្នកស្រី ផ្ទាល់ គឺ​ជា​ប្អូន​ជី​ដូន​មួយ​របស់​លោក រាជ សីម៉ា ទើប​អ្នកស្រី ​មាន​ចិត្ត​ចង់​ជួយ​អ្នក​ភូមិ​ឡ​ពាង​តាម​រយៈ​លោក រាជ សីម៉ា ដែល​ជា​តំណាង​សហគមន៍​នេះ។ ម្យ៉ាង​អ្នកស្រី ​ចង់​តបស្នងសងគុណ​ដល់​ម្ចាស់​ក្រុមហ៊ុន ខេ.ឌី.ស៊ី គឺ​អ្នកស្រី ជា ខេង ផង​នោះ​ក៏​សម្រេច​ចិត្ត​ចំណាយ​ប្រាក់​ចំនួន​១ម៉ឺន​ដុល្លារ ដោយមាន​ធ្វើ​កិច្ច​សន្យា​ជាមួយ​លោក រាជ សីម៉ា ព្រម​ទាំង​បាន​ទៅ​ស្បថ​នៅ​ចំពោះ​មុខ​ព្រះអង្គ​ដង​កើ​ទៀត​ថា នឹង​រួម​គ្នា​ដោះស្រាយ​បញ្ចប់​វិបត្តិ​ដីធ្លី​នៅ​ភូមិ​ឡ​ពាង៖ «នៅ​ពេល​ដែល​ខ្ញុំ​ឈឺ​កើត​ជំងឺ​មហារីក​លោកជំទាវ ជា ខេង បាន​លើក​ទឹកចិត្ត​ខ្ញុំ​ច្រើន​ណាស់​ជា​រៀងរាល់ថ្ងៃ​អីចឹង​គាត់​មក​លើក​ទឹកចិត្ត​ខ្ញុំ​រហូត ហើយ​ខ្ញុំ​បាន​ទទួល​ថវិកា​ពី​គាត់​ជួយ​ខ្ញុំ​ក្នុង​នាម​ជា​មិត្តភ័ក្ដិ​អីចឹង​ទៅ​ខ្ញុំ​បាន​ប្រាប់​រាជ សីម៉ា ខ្ញុំ​ថា​ខ្ញុំ​ចង់​លួច​សងគុណ​គាត់​វិញ អីចឹង​បើ​គាត់​អត់​ព្រម​ជា​មួយ​ឯង​២​ម៉ឺន​ដុល្លារ​ទេ​គាត់​ព្រម​ត្រឹម​ប៉ុណ្ណឹង តែ​ខ្ញុំ​ជួយ​ឯង​ប៉ុណ្ណឹង​ចុះ។ ឥឡូវ​ខ្ញុំ​សុខចិត្ត​ជួយ​១​ម៉ឺន​ដុល្លារ ប៉ុន្តែ​ឯង​ត្រូវ​សន្យា​ជាមួយ​ខ្ញុំ​ថា ឈប់​បង្ក​ទំនាស់​នៅ​លើ​ដី​ហ្នឹង ហើយ​ឯង​ធ្វើ​ជា​អ្នក​សម្របសម្រួល​មួយ​ឲ្យ​ល្អ​ស្មោះ​ត្រង់​ជាមួយ​ប្រជា​ពលរដ្ឋ ហើយ​យក​ផល​ប្រយោជន៍​ពលរដ្ឋ​ជា​ធំ»

ជម្លោះ​ដីធ្លី​រវាង​ក្រុមហ៊ុន  ខេ.ឌី.ស៊ី របស់​អ្នកស្រី ជា ខេង ភរិយា​លោក ស៊ុយ សែម ជា​រដ្ឋមន្ត្រី​ក្រសួង រ៉ែ និង​ថាមពល ជា​មួយ​ពលរដ្ឋ​នៅ​ឃុំ​តាជេស​ ដែល​​អូស​បន្លាយ​អស់​រយៈ​ពេល​ជិត​១០​ឆ្នាំ​មក​ហើយ​នោះ បាន​កក្រើក​ឡើង​វិញ បន្ទាប់​ពី​ក្រុមហ៊ុន​ដាក់​កម្លាំង​កម្មករ​រាប់​រយ​នាក់ ដើម្បី​ធ្វើ​របង​ឲ្យ​ខ្លួន​កាល​ពី​ដើម​កក្កដា ឆ្នាំ​២០១៤។ ភាគី​ក្រុមហ៊ុន បាន​ប្រើ​គ្រប់​វិធីសាស្ត្រ​ក្នុង​ការ​ដោះស្រាយ​បញ្ហា គឺ​ប្រើ​ទាំង​ទិដ្ឋភាព​ច្បាប់ ការ​សម្របសម្រួល​ក្រៅ​ប្រព័ន្ធ​តុលាការ និង​ពេល​ខ្លះ​មាន​ប្រើ​អំពើ​ហិង្សា​ផង​ក៏​មាន។ នៅ​គ្រានោះ​ហើយ​ដែល​លោក រាជ សីម៉ា ព្រម​ទទួល​យក​ប្រាក់​គោលនយោបាយ​ពី​ក្រុមហ៊ុន​ចំនួន​១០​លាន​រៀល និង​មាន​ការ​សន្យា​ផ្ដល់​ប្រាក់​បន្ថែម​ចំនួន​១ម៉ឺន​៧​ពាន់​ដុល្លារ​ទៀត នៅ​ពេល​លោក​ឈប់​តវ៉ា និង​ដក​ខ្លួន​ចេញ​ពី​ក្រុម​អ្នក​ភូមិ។

លោក រាជ សីម៉ា ថ្លែង​បញ្ជាក់​ថា​នៅ​ថ្ងៃ​ទី​៧ ខែ​កក្កដា ឆ្នាំ​២០១៤ អ្នកស្រី ឡោក ខេង បាន​ហៅ​រូប​លោក​ឲ្យ​ទៅ​ទទួល​មូលប្បទានប័ត្រ​ចំនួន​ពីរ​សន្លឹក​ដែល​មាន​ទឹក​ប្រាក់​សរុប​១​ម៉ឺន​៧​ពាន់​ដុល្លារ នៅ​ក្នុង​ផ្ទះ​អ្នកស្រី ​ផ្ទាល់​នៅ​រាជធានី​ភ្នំពេញ គឺ​១​សន្លឹក​មាន​ទឹក​ប្រាក់​១​ម៉ឺន​ដុល្លារ​ចេញ​ដោយ​អ្នកស្រី​ផ្ទាល់ ដែល​ត្រូវ​បើក​នៅ​ធនាគារ​ពាណិជ្ជ​ទី​១ និង​១​សន្លឹក​ទៀត គឺ​ចេញ​ដោយ​ម្ចាស់​ក្រុមហ៊ុន  ខេ.ឌី.ស៊ី ត្រូវ​បើក​នៅ​ធនាគារ អេហ្វ ប៊ី ស៊ី (FBC)។ លោក​បន្ត​ថា នៅ​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០១៤ លោក​បាន​ទៅ​បើក​ប្រាក់​ចំនួន​១​ម៉ឺន​ដុល្លារ​នោះ ប៉ុន្តែ​បើក​មិន​បាន​ឡើយ​ដោយ​ខាង​ធនាគារ​ប្រាប់​ថា មូលប្បទានប័ត្រ​មាន​ស្នាម​គូស​លប់​ឲ្យ​ទៅ​សុំ​ហត្ថលេខា​ពី​អ្នក​ចេញ​មូលប្បទានប័ត្រ​ម្ដង​ទៀត​ទើប​បើក​បាន។

ក្រោយ​មក​លោក​មិន​បាន​ទៅ​សុំ​ហត្ថលេខា​ពី​អ្នកស្រី ឡោក ខេង ម្ដង​ទៀត​ឡើយ ប៉ុន្តែ​បាន​សម្រេច​ចិត្ត​ប្ដឹង​អ្នកស្រី ទៅ​តុលាការ​តែម្ដង។ នៅ​ពេល​ឆាប់​ខាង​មុខ​លោក​ក៏​គ្រោង​នឹង​ប្ដឹង​ម្ចាស់​ក្រុមហ៊ុន ខេ.ឌី.ស៊ី ដែរ ប្រសិនបើ​មូលប្បទានប័ត្រ​ដែល​មាន​ទឹក​ប្រាក់​៧​ពាន់​ដុល្លារ​មិន​អាច​បើក​បាន​នៅ​ថ្ងៃ​ទី​១ ខែ​តុលា ឆ្នាំ​២០១៤ តាម​កាល​កំណត់​ទៀត​នោះ៖ «ខ្ញុំ​អត់​ចេញ​មុខ​ទាមទារ ឬ​តវ៉ា​ដែល​ធ្វើ​ឲ្យ​ជំទាវ​ហ្នឹង​ត្រូវ​ប្លុក​សែក​ខ្ញុំ​ផង បើ​គេ​ថត​សកម្មភាព​ខ្ញុំ​គេ​ថត​ក្នុង​នាម​ខ្ញុំ​ពាក់អាវ​កាក់​ជា​អ្នក​ឃ្លាំ​មើល​សហគមន៍​ទេ​គេ​ថត​ដាក់​ក្នុង​កាសែត​មក​ហ្នឹង​ណា។ ហើយ​គេ​ថត​ខ្ញុំ​បើក​គោយន្ត​ទៅ​ហ្នឹង​ខ្ញុំ​ថា​ទៅ​ដឹក​ប្រជា​ជន​មក​ផ្ទះ​ទេ ប៉ុន្តែ​ដល់​ប្រជា​ជន​ថា​ខ្ញុំ​ជួល​ឌុប​ខ្ញុំ​ឲ្យ​ហួស​កន្លែង​ហ្នឹង​តែ​ម្ដង​ទៅ ខ្ញុំ​ថា​បើ​ទៅ​ក៏​ទៅ​ៗ​អីចឹង​ខ្ញុំ​ក៏​ឌុប​គាត់​ទៅ​ដាក់​នៅ​ព្រែក​តា​ទែន​ហ្នឹង​ទៅ​គាត់​ក៏​ដើរ​ទៅ​ទៀត​ទៅ​គាត់​រក​វត្ត​ស្នាក់​អីចឹង​ទៅ​ខ្ញុំ​ក៏​ត្រឡប់​មក​ផ្ទះ​វិញ​មក»

លោក​អះអាង​ថា ទឹក​ប្រាក់​សរុប​ចំនួន​១​ម៉ឺន​៧​ពាន់​ដុល្លារ​ ដែល​លោក​ត្រូវ​ទទួល​បាន​នោះ គឺ​បន្ទាប់​ពី​ធ្វើ​កិច្ច​សន្យា​ជា​លាយលក្ខណ៍អក្សរ​រវាង​លោក និង​អ្នកស្រី ឡោក ខេង ចំនួន​ពីរ​ចំណុច គឺទី១​មិន​ឲ្យ​ចេញ​មុខ​តវ៉ា និងទី២​បញ្ឈប់​ការ​ប្ដឹងផ្ដល់​ភាគី​ក្រុមហ៊ុន។ លោក​ថា អ្នកស្រី ឡោក ខេង មាន​ចេតនា​បោកប្រាស់​លោក ពីព្រោះ​ក្រោយ​ពី​ធ្វើ​កិច្ចសន្យា​នោះ គឺ​លោក​មិន​បាន​ធ្វើ​អ្វីខុស​ពី​កិច្ចសន្យា និង​ការ​ស្បថ​នៅ​ចំពោះ​មុខ​ព្រះអង្គ​ដង​កើ​ជា​មួយ​អ្នកស្រី​ឡើយ។ យ៉ាង​ណា​ការ​ប្ដឹងផ្ដល់​លើក​នេះ​លោក​មិន​សង្ឃឹម​ថា តុលាការ​នឹង​រក​យុត្តិធម៌​ឲ្យ​នោះ​ទេ ប៉ុន្តែ​លោក​ចង់​បង្ហាញ​ឲ្យ​ឃើញ​កាន់​តែ​ច្បាស់​ថា ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា គឺ​ឋិត​នៅ​ក្រោម​គំនាប​របស់​អ្នក​មាន​លុយ និង​មាន​អំណាច។

ចំណែក​អ្នកស្រី ឡោក ខេង មាន​ប្រសាសន៍​តប​ថា រហូត​មក​ដល់​ពេល​នេះ​មិន​ទាន់​បាន​ឃើញ​ខាង​តុលាការ​កោះហៅ​អ្នកស្រី ទៅ​សួរនាំ​ទាក់ទង​នឹង​រឿងក្ដី​នេះ​នៅ​ឡើយ​ទេ ហើយ​អ្នកស្រី ​ក៏​មិន​ចង់​តតាំង​អ្វី​ជា​មួយ​លោក រាជ សីម៉ា ដែរ​គឺ​ទុក​ឲ្យ​ខាង​តុលាការ​ជា​អ្នក​ធ្វើ​ការងារ​នេះ​វិញ។

អ្នកស្រី បញ្ជាក់​ថា ខាង​ក្រុមហ៊ុន បាន​ថតរូប​សកម្មភាព​លោក រាជ សីម៉ា នៅ​តែ​បន្ត​ចូល​រួម​តវ៉ា និង​បាន​យក​គោយន្ត​ដឹក​អ្នក​ភូមិ​ទៅ​តវ៉ា​នៅ​រាជធានី​ភ្នំពេញ​ប្រឆាំង​នឹង​ក្រុមហ៊ុន​ទៀត​ផង៖ «ខ្ញុំ​ដាក់​ឲ្យ​ខ្ចី ដើម្បី​ខ្ញុំ​ជា​ម្ចាស់​សែក​ខ្ញុំ​មាន​សិទ្ធិ​ឲ្យ​ឯង​ខ្ចី ឬ​មិន​ឲ្យ​ឯង​ខ្ចី​នៅ​ពេល​ណា​ដែល​ឯង​មិន​គោរព​នូវ​កិច្ច​សន្យា​ដល់​ពេល​ហ្នឹង​គាត់​ក៏​ឯកភាព​ស៊ីញេ នេះ​គឺ​មាន​ធ្វើ​កិច្ច​សន្យា​នៅ​ក្រោម​សែក​ហ្នឹង​​ឯង ក៏​ប៉ុន្តែ​ដល់​ពេល​គាត់​ទៅ​ប្ដឹង​តុលាការ​គាត់​អត់​បាន​យក​អា​លិខិត​ហ្នឹង​ទៅ​ទេ​ថា​តើ​លុយ​មួយ​ម៉ឺន​បាន​មក​ដោយ​សារ​អី គាត់​មាន​ចុះ​កិច្ច​សន្យា​អី​បាន​បាន​មួយ​ម៉ឺន​ហ្នឹង គឺ​គាត់​សន្យា​ថា គាត់​មិន​បង្ក​ទំនាស់​ហើយ​គាត់​ខំ​សម្របសម្រួល​ជា​មួយ​ប្រជា​ពលរដ្ឋ​ឲ្យ​ត្រូវ​គ្នា នៅ​ពេល​ថ្ងៃ​បន្ត​បន្ទាប់​មក​គាត់​ចេះ​តែ​បង្ក​សកម្មភាព​ជាមួយ​នឹង​ប្រជា​ពលរដ្ឋ​ប្រឆាំង​នឹង​ ខេ ឌី ស៊ី ទៀត។ គាត់​(ក្រុមហ៊ុន)​បាន​ថត​រូប​ថត​មក​ឲ្យ​ខ្ញុំ ហើយ​ខ្ញុំ​ចេះ​តេ(ទូរស័ព្ទ)​ប្រាប់​ថា​កុំ​ឲ្យ​ធ្វើ​អី​ៗ​ប្រយ័ត្ន​គេ​ប្លុក​សែក​ហ្នឹង ប៉ុន្តែ​គាត់​នៅ​តែ​ធ្វើ»

មេធាវី នៃ​អង្គការ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា (CDP) ​លោក ហុង គឹមសួន មាន​ប្រសាសន៍​ថា ការ​ចេញ​មូលប្បទានប័ត្រ​បើក​ប្រាក់​មិន​បាន គឺ​ចាត់​ទុក​ជា​ករណី​ឆបោក ប៉ុន្តែ​គេ​ត្រូវ​ពិនិត្យ​មើល​លើ​កិច្ចសន្យា នៃ​ការ​ប្រើ​ប្រាស់​មូលប្បទានប័ត្រ​នោះ។

លោក​បន្ត​ថា​បើ​អ្នក​ប្រើប្រាស់​មូលប្បទានប័ត្រ​មាន​កិច្ចសន្យា​ជា​មួយ​អ្នក​ដែល​ចេញ​មូលប្បទានប័ត្រ ហើយ​បាន​ធ្វើ​ខុស​នឹង​កិច្ច​សន្យា ការ​ប្លុក ឬ​ផ្អាក​មិន​ឲ្យ​បើក​ប្រាក់​បាន គឺ​ជា​រឿង​ត្រឹម​ត្រូវ ប៉ុន្ដែ​គេ​ត្រូវ​ពិនិត្យ​ឲ្យ​ច្បាស់លាស់​ទៅ​លើ​កិច្ច​សន្យា និង​សកម្មភាព​ចូល​រួម​របស់​តំណាង​សហគមន៍​នោះ៖«មិន​ចាំ​បាច់​តែ​តំណាងរាស្ត្រ​ទេ​ឲ្យ​តែ​មនុស្ស។ តំណាងរាស្ត្រ គឺ​គេ​សម្រាប់​ជួយ​រាស្រ្ត​នៅ​ក្នុង​រឿង​នយោបាយ​កសាង​ជាតិ តែ​កសាង​ចេញ​សែក​មក​នេះ​ក្នុង​នាម​ជា​បុគ្គល​ឈ្មោះ​ស្អី​មួយ​ទោះ​ខ្លួន​ប្រើ​ពាក្យ​ថា​តំណាងរាស្ត្រ​ក៏​ដោយ​បើ​រក​ទៅ​ឃើញ​ថា គាត់​ជា​អ្នក​ចេញ​សែក​កុហក​ប្រជា​ពលរដ្ឋ​ទេ អា​ហ្នឹង​គឺ​គាត់​ត្រូវ​ទទួល​រឿង​ព្រហ្មទណ្ឌ​អំពី​រឿង​កុហក​បោកប្រាស់​គេ​ហើយ។ ដូច​ទាក់ទង​ចំនួន​ពីរ​ដូច​ដែល​ខ្ញុំ​ជម្រាប​អំបាញ់មិញ​អីចឹង​ទី​១​ការ​ចេញ​សែក​មក​បើ​សិន​បើក​លុយ​អត់​បាន គឺ​ស្មើ​នឹង​បោកប្រាស់​គាត់​ហើយ​ណា ទី​២​ទៀត​បើ​សិន​ជា​មាន​កិច្ចសន្យា​លាយលក្ខណ៍អក្សរ​ត្រឹមត្រូវ​នោះ អា​ហ្នឹង​គាត់​ត្រូវ​ដោះស្រាយ​ជា​មួយ​នឹង​ហេតុផល។ អា​ពាក្យ​ថា​ចូល​រួម​ហ្នឹង​គេ​ចូល​រួម​ស្អី​ចូល​រួម​ប្រឆាំង ចូល​រួម​តវ៉ា ចូល​រួម​ប្ដឹង ឬ​ក៏​យ៉ាង​ម៉េច»

បច្ចុប្បន្ន​គណៈកម្មការ​សិទ្ធិមនុស្ស ទទួល​ពាក្យ​បណ្ដឹង អង្កេត និង​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា កំពុង​ស៊ើបអង្កេត និង​សម្របសម្រួល​ករណី​ទំនាស់​ដីធ្លី​រវាង​ពលរដ្ឋ​នៅ​ឃុំ​តាជេស ស្រុក​កំពង់ត្រឡាច ខេត្ដ​កំពង់ឆ្នាំង​សរុប​៥៨គ្រួសារ ជា​មួយ​ក្រុមហ៊ុន ខេ.ឌី.ស៊ី។ ក្នុង​នាម​អ្នកស្រី ឡោក ខេង ជា​សមាជិក​គណៈកម្មការ និង​បាន​ទទួល​ពាក្យ​បណ្ដឹង​ពី​ប្រជាពលរដ្ឋ​ផង​នោះ អ្នកស្រី​មាន​ឱកាស​កាន់​តែ​ច្រើន​ក្នុង​ការ​ចូលខ្លួន​ដោះស្រាយ​ក្នុង​រឿង​ដី​ធ្លី​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

រឿង​ដែល​គេ​អាន​​ច្រើន​បំផុត
RFA
ធនាគារ​ABA មិន​ព្រម​បើកប្រាក់​ជាង​១​ម៉ឺន ៥​ពាន់​ដុល្លារ ដែល​ឧបត្ថម្ភ​ដល់​បុគ្គលិក​ណាហ្គាវើលដ៍
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។