តំណាងសហគមន៍ដែលមានជម្លោះដីធ្លីរ៉ាំរ៉ៃចំនួន ៣សហគមន៍ នាំគ្នាតវ៉ានៅមុខការិយាល័យឧត្ដមស្នងការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ដើម្បីសុំអន្តរាគមន៍ពីអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ គឺលោក សុរិយា ស៊ូប៊ែឌី (Surya Subedi) នៅថ្ងៃទី១៩ មិថុនា។
តំណាងសហគមន៍មានជម្លោះដីធ្លីរ៉ាំរ៉ៃទាំង ៣សហគមន៍ចំនួនជិត ១០០នាក់ ដែលមកពីខេត្តក្រចេះ ត្បូងឃ្មុំ និងអតីតបឹងកក់ រាជធានីភ្នំពេញ ប្រមូលផ្ដុំគ្នានៅមុខការិយាល័យអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស នៅរសៀលថ្ងៃទី១៩ មិថុនា គឺមានបំណងជួប និងដាក់ញត្តិជូនអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ពីបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា គឺលោក សុរិយា ស៊ូប៊ែឌី។
តំណាងឱ្យអ្នកភូមិប៉ោដើមស្វាយ និងប៉ោដើមចេក ក្នុងឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ លោក ហេង គង់ មានប្រសាសន៍ថា មូលហេតុដែលពួកលោកជួប លោក សុរិយា ស៊ូប៊ែឌី គឺដើម្បីដាក់ញត្តិ និងសុំឱ្យលោកជួយធ្វើអន្តរាគមន៍ទៅប្រមុខរាជរដ្ឋាភិបាល ដោះស្រាយរឿងដីធ្លីរបស់ពួកគាត់ចំនួន ៤១៩គ្រួសារ។
លោក ហេង គង់៖ «ឱ្យយើងធ្វើសំណើសុំដីសម្បទានសង្គមកិច្ចនៅត្រពាំងឈូក ដែលគាត់ថា គេបានផ្ដល់ឱ្យហើយចំនួន ៧៥០ហិកតារ។ ប៉ុន្តែយើងចង់នៅកន្លែងហ្នឹងទេ។ យើងចង់បាននៅទីតាំងចាស់របស់យើងវិញ។ មូលហេតុយើងធ្លាប់បានបង្កបង្កើនផលនៅទីនោះស្រាប់ហើយ។ អ៊ីចឹងបើឱ្យទៅកន្លែងថ្មី យើងពិបាកបង្កបង្កើនផល ហើយណាមួយដីនៅតំបន់នោះគេមានចំនួនគ្រួសារគេច្បាស់លាស់ហើយៗ។ បើយើងទៅទៀត មានតែឈ្លោះគ្នាឯងហើយ»។
លោក ហេង គង់ បញ្ជាក់ថា ពួកលោកមិនព្រមទទួលយកដំណោះស្រាយកាលពីដើមខែមិថុនា ដែលអាជ្ញាធរខេត្តឱ្យទៅរស់នៅទីតាំងថ្មី ដែលមានម្ចាស់រួចទៅហើយនោះទេ។ ម្យ៉ាងពួកគាត់ធ្លាប់ដាំដុះដំណាំបានផលនៅដីចាស់ហើយ។ ពួកគាត់រស់នៅភូមិប៉ោដើមស្វាយ និងប៉ោដើមចេក តាំងពីឆ្នាំ២០០៩។ អាជ្ញាធរចម្រុះបានបណ្ដេញ និងដុតផ្ទះពួកគាត់កាលពីខែកុម្ភៈ។
រីឯតំណាងសហគមន៍មួយរូបទៀត មកពីភូមិខ្នងក្រពើលិច និងកើត ស្រុកមេមត់ ខេត្តត្បូងឃ្មុំ គឺអ្នកស្រី អ៊ុន ស៊ូចេង មានប្រសាសន៍ថា មូលហេតុដែលអ្នកស្រីមកជួប លោក សុរិយា ស៊ូប៊ែឌី ព្រោះតែសមាជិកសហគមន៍របស់អ្នកស្រីចំនួន ៥២៤គ្រួសារ មានបញ្ហាបណ្ដេញចេញពីលំនៅឋានដោយក្រុមហ៊ុនចម្ការកៅស៊ូមេមត់ តាំងពីឆ្នាំ២០០៨ មក។ អ្នកស្រីថ្លែងថា មិនបានទទួលការដោះស្រាយពីអាជ្ញាធរទេ ទាំងថ្នាក់មូលដ្ឋានរហូតដល់ថ្នាក់ជាតិ៖ «ចង់ឱ្យគាត់ជួយអន្តរាគមន៍ ដើម្បីឱ្យប្រមុខរដ្ឋាភិបាលយើងហ្នឹងជួយដោះស្រាយ ធ្វើយ៉ាងម៉េចផ្ដល់កម្មសិទ្ធិឱ្យពួកយើងខ្ញុំរស់នៅ ព្រោះដីនេះជាដីភូមិទេ។ ទោះបីវិនិយោគទៅ ក៏មិនដឹងធ្វើអី។ ដី ១៦ហិកតារ ប្រជាជនច្រើនណាស់»។
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ស្ដីអំពីបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា គឺលោក សុរិយា ស៊ូប៊ែឌី មានប្រសាសន៍នៅពេលដែលមកទទួលញត្តិរបស់អ្នកតំណាងសហគមន៍ដីធ្លីទាំងនោះថា លោកកំពុងឃ្លាំមើលបញ្ហាដីធ្លីទាំងនោះ ហើយនឹងខិតខំដោះស្រាយបន្តទៀត៖ «ស្ថានភាព និងបញ្ហាដែលលោកអ្នកកំពុងជួបប្រទះ ខ្ញុំបានឃ្លាំមើល ហើយខ្ញុំនឹងបន្តឃ្លាំមើលស្ថានភាពហ្នឹងទៀត ហើយខ្ញុំខំឱ្យអស់លទ្ធភាពការពារសិទ្ធិរបស់លោកអ្នក។ ខ្ញុំនឹងមានកិច្ចប្រជុំជាមួយមន្ត្រីរដ្ឋាភិបាលជាក់លាក់មួយចំនួន ហើយខ្ញុំនឹងលើកបញ្ហានេះជាមួយមន្ត្រីទាំងនោះ»។
ដោយឡែកតំណាងក្រុមអតីតអ្នករស់នៅតំបន់បឹងកក់ វិញ អ្នកស្រី សយ កុឡាប ក៏មករកអន្តរាគមន៍ពី លោក សុរិយា ស៊ូប៊ែឌី ដែរ ដោយសុំឱ្យលោកជំរុញរដ្ឋាភិបាលដោះស្រាយសំណងបន្ថែមដល់ពួកគាត់ចំនួន ២ម៉ឺនដុល្លារ បន្ថែមលើសំណងដំបូង ៨ពាន់ដុល្លារ។ ពួកគាត់ថា សំណងនោះមិនអាចឲ្យពួកគាត់រស់នៅបានសមរម្យទេ។ អ្នកស្រី សយ កុឡាប ដូចគ្នានឹងតំណាងសហគមន៍ផ្សេងទៀតដែរ បង្ហាញភាពរីករាយបន្ទាប់ពី លោក សុរិយា ស៊ូប៊ែឌី ទទួលញត្តិ និងសន្យាខំជួយដោះស្រាយបញ្ហាពួកគាត់។
លោក ហេង គង់៖ «បើមានការអន្តរាគមន៍ពីអន្តរជាតិ មីងជឿថា ដំណោះស្រាយរបស់មីងហ្នឹងបានជោគជ័យ ព្រោះអីរដ្ឋាភិបាលស្រុកខ្មែរយើង បើសិនជាប្រជាជនទៅនិយាយ គាត់មិនសូវស្ដាប់យើងទេ តែបើសិនជាមានអន្តរាគមន៍ពីអន្តរជាតិ ភាគច្រើនគាត់ត្រូវតែជួយប្រជាពលរដ្ឋ ព្រោះយើងរងគ្រោះដោយសារការអភិវឌ្ឍហ្នឹងពិតប្រាកដមែនណាក្មួយ ពួកមីង»។
ទោះយ៉ាងណា ពលរដ្ឋបានរំសាយវិញបន្ទាប់ពីអ្នករាយការណ៍ពិសេសឧត្ដមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា គឺលោក សុរិយា ស៊ូប៊ែឌី ចេញមកទទួលញត្តិរបស់ពួកគាត់។ ពួកគាត់សង្ឃឹកថា មន្ត្រីអង្គការសហប្រជាជាតិ នឹងអាចជួយដោះស្រាយបញ្ហារបស់ពួកគាត់ ពីព្រោះពួកគាត់ថ្លែងដូចគ្នាថា ពួកគាត់អស់លទ្ធភាពរកអន្តរាគមន៍ពីអាជ្ញាធរហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
