អាមេរិក​ថា ខ្លួន​នឹង​សហការ​ពេញលេញ​ក្នុង​វិស័យ​យោធា​ជាមួយ​កម្ពុជា បើ​របប​នេះ​ស្តារ​ប្រជាធិបតេយ្យ​ឡើងវិញ

ដោយ ជុន ច័ន្ទបុត្រ
2019-07-19
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ជំនួប​ពិភាក្សា និង​ចុះហត្ថលេខា​លើ​កិច្ច​សហប្រតិបត្តិការ​យោធា​ជាមួយ​ភាគី​យោធា​សហរដ្ឋអាមេរិក​តំណាង​ដោយ​លោក Scott Burnside ប្រធាន​ផ្នែក​គោលនយោបាយ​នៃ​កងទ័ព​អាមេរិក​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍​នៃ​បញ្ជាការដ្ឋាន​ប៉ាស៊ីហ្វិក​-​អាមេរិក ជាមួយ​មន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា កាល​ពី​ថ្ងៃ​ទី១៩ ខែ​មីនា ឆ្នាំ​២០១៩។
ជំនួប​ពិភាក្សា និង​ចុះហត្ថលេខា​លើ​កិច្ច​សហប្រតិបត្តិការ​យោធា​ជាមួយ​ភាគី​យោធា​សហរដ្ឋអាមេរិក​តំណាង​ដោយ​លោក Scott Burnside ប្រធាន​ផ្នែក​គោលនយោបាយ​នៃ​កងទ័ព​អាមេរិក​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍​នៃ​បញ្ជាការដ្ឋាន​ប៉ាស៊ីហ្វិក​-​អាមេរិក ជាមួយ​មន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា កាល​ពី​ថ្ងៃ​ទី១៩ ខែ​មីនា ឆ្នាំ​២០១៩។
Photo Screenshot

សហរដ្ឋអាមេរិក​រំពឹង​ថា ខ្លួន​នឹង​មិន​អាច​ធ្វើ​ប្រតិបត្តិការ​បាន​ពេញលេញ​ជាមួយ​កម្ពុជា ក្នុង​ទំនាក់ទំនង​លើ​វិស័យ​យោធា ប្រសិនបើ​របប​លោក ហ៊ុន សែន មិន​ស្ដារ​ស្ថានការណ៍​ធ្លាក់​ចុះ​ដុនដាប​រឿង​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឡើងវិញ​នោះ។ សហរដ្ឋអាមេរិក​បាន​កាត់បន្ថយ​ជំនួយ​យោធា​ដែល​ធ្លាប់​ផ្ដល់​ឱ្យ​កម្ពុជា បន្ទាប់ពី​របប​ក្រុងភ្នំពេញ​បាន​ផ្អាក​សម​យុទ្ធ​យោធា​ជាមួយ​អាមេរិក ហើយ​ងាក​ទៅ​ចាប់ដៃ​ជាមួយ​ប្រទេស​ចិន​វិញ​លើ​វិស័យ​យោធា​។ ទន្ទឹម​នឹង​នេះ ក្រសួងការពារជាតិ​បែរជា​អះអាង​ថា សមយុទ្ធ​យោធា​ជាមួយ​កងទ័ព​សហរដ្ឋ​អាមេរិក​អាច​នឹង​រៀបចំ​ធ្វើឡើង​ជាថ្មី​វិញ ក្នុង​ពេលវេលា​សមស្រប​ណាមួយ​នៅ​ថ្ងៃមុខ។

សហរដ្ឋអាមេរិក​បញ្ជាក់​ជំហរ​ថា អាមេរិក​នឹង​មិន​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ពេញលេញ​លើ​វិស័យ​យោធា​ជាមួយ​កម្ពុជា​ឡើយ ដរាបណា​របប​ក្រុងភ្នំពេញ​មិន​ព្រម​ស្ដារ​ប្រជាធិបតេយ្យ និង​ធ្វើ​ឱ្យ​លំហ​នយោបាយ​មាន​ភាព​ប្រសើរ​ឡើងវិញ​ប្រកបដោយ​ចិរភាព​ទេ​នោះ​។ អាមេរិក​បង្ហាញ​ជំហរ​យ៉ាង​ច្បាស់ ដោយ​នៅតែ​ទាមទារ​ឱ្យ​របប​ក្រុងភ្នំពេញ​ទម្លាក់​ចោល​បទចោទប្រកាន់​ទាំងឡាយ​លើ​លោក កឹម សុខា ព្រមទាំង​អនុញ្ញាត​ឱ្យ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​បើក​ដំណើរការ​វិញ​ដោយ​ឯករាជ្យ។

អ្នកនាំពាក្យ​ស្ថានទូត​អាមេរិក អ្នកស្រី អេមីលី ហ្ស៊ីប៊ឺគ (Emily Zeeberg) ប្រាប់​អាស៊ីសេរី​តាម​ប្រព័ន្ធ​អ៊ីមែល (E-mail) ថា សហរដ្ឋអាមេរិក​លើក​ស្ទួយ​តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​ដែល​សេរី និង​ទូលាយ ហើយ​ដែល​ប្រជាជាតិ​នីមួយៗ​ មាន​ភាព​រឹងមាំ វិបុលភាព និង​អធិបតេយ្យភាព​។ អ្នកស្រី​បញ្ជាក់​ថា ទំនាក់ទំនង​ល្អ​លើ​វិស័យ​យោធា​រវាង​អាមេរិក និង​កម្ពុជា គឺ​គាំទ្រ​ដល់​គោលដៅ​នេះឯង​។

ទោះជា​យ៉ាងណា អ្នកស្រី​បញ្ជាក់​ថា សហរដ្ឋអាមេរិក​បាន​កាត់បន្ថយ​កម្មវិធី​ជំនួយ​ផ្នែក​យោធា​មួយ​ចំនួន​ដល់​កម្ពុជា ដោយសារ​រដ្ឋាភិបាល​កម្ពុជា​បាន​ដឹកនាំ​ប្រទេស​ប្រាសចាក​ពី​ប្រជាធិបតេយ្យ និង​ការ​ផ្អាក​សម​យុទ្ធ​យោធា​ជាមួយ​អាមេរិក​ពី​សំណាក់​របប​លោក ហ៊ុន សែន។ អ្នកស្រី​បញ្ជាក់​ថា ជំនួយ​លើ​វិស័យ​យោធា​ដែល​អាមេរិក​បន្ត​ផ្ដល់​ឱ្យ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​នេះ គឺ​ផ្ដោត​លើ​ការ​កសាង​ជំនាញ​វិជ្ជាជីវៈ និង​ការ​ហ្វឹកហ្វឺន​ទាក់ទង​នឹង​ការ​គោរព​សិទ្ធិមនុស្ស ក្នុង​នោះ​មាន​មន្ត្រី​យោធា​កម្ពុជា​មួយ​ចំនួន​កំពុង​សិក្សា​នៅ​សាលា​យោធា​អាមេរិក។

អ្នកស្រី​បញ្ជាក់​បន្ថែម​ថា យោធា​អាមេរិក​បន្ត​ធ្វើ​ការងារ​លើ​គម្រោង​ជំនួយ​ផ្នែក​មនុស្សធម៌​នៅ​កម្ពុជា មាន​ជាអាទិ៍ ការ​កសាង​សាលារៀន និង​មន្ទីរពេទ្យ ហើយ​ទាហាន​អាមេរិក​ជួយ​បង្ហាត់បង្រៀន​ទាហាន​កម្ពុជា​សម្រាប់​ការងារ​គ្រោះថ្នាក់ និង​ចាំបាច់ ជា​អ្នកថែរក្សា​សន្តិភាព​របស់​អង្គការ​សហប្រជាជាតិ។

អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងការពារជាតិ លោក ឈុំ សុជាត ទទួលស្គាល់​ថា កិច្ច​សហប្រតិបត្តិការ​ជាមួយ​កងទ័ព​អាមេរិក ផ្ដល់​ផលប្រយោជន៍​ច្រើន​ដល់​កម្ពុជា​លើ​ការ​ពង្រឹង​សមត្ថភាព​មន្ត្រី​យោធា ការ​ប្រឆាំង​អំពើ​ភេរវកម្ម និង​ការងារ​​យុទ្ធសាស្ត្រ​ផ្សេងទៀត​។ លោក​បញ្ជាក់​ថា កម្ពុជា​មិនដែល​បដិសេធ​នឹង​ការ​ផ្ដល់​ជំនួយ និង​កិច្ច​សហប្រតិបត្តិការ​យោធា​ជាមួយ​អាមេរិក​ម្តង​ណា​ឡើយ​។ លោក​បញ្ជាក់​ថា ការ​ផ្អាក​សម​យុទ្ធ​យោធា​ជាមួយ​អាមេរិក​នា​ពេល​កន្លងមក​នោះ គឺ​ដោយ​សារ​តែ​កងទ័ព​កម្ពុជា​រវល់​នឹង​រឿង​ប្រឆាំង​គ្រឿងញៀន និង​ថែរក្សា​សន្តិសុខ​សម្រាប់​ការបោះឆ្នោត​៖ «ដូចជា​បញ្ហា​សម​យុទ្ធ​កន្លងមក​ហ្នឹង យើង​បាន​ផ្អាក​ដោយសារ​មាន​បញ្ហា​ដូចជា គ្រឿងញៀន បញ្ហា​បោះឆ្នោត ដូច្នេះ​យើង​សុំ​ផ្អាក​មួយរយៈ​ទេ ប៉ុន្តែ​ផ្នែក​ដទៃ​ទៀត​យើង​នៅតែ​សហការ​គ្នា​ដដែល​ទេ​។ ហើយ​ជាមួយ​អនុព័ន្ធយោធា​អាមេរិក គឺ​យើង​នៅតែ​សហការ​គ្នា​រហូត ធ្វើការ​ជាមួយ​គ្នា ធ្វើការ​ជាមួយ​ក្រសួងការពារជាតិ​រហូត​ហ្នឹង អត់​មានអី​អាក់ខាន​ទេ​។ ជា​ជំហរ​របស់​យើង គឺ​យើង​ស្វាគមន៍ និង​សហប្រតិបត្តិការ​ជានិច្ច អត់​មានការ​បដិសេធ​ចំពោះ​កិច្ច​សហប្រតិបត្តិការ​ទេ»

របប​លោក ហ៊ុន សែន បាន​ផ្អាក​សម​យុទ្ធ​យោធា “​ឆ្មាំ អង្គរ​” ដែល​ធ្លាប់​បាន​ធ្វើ​ជាមួយ​កងទ័ព​អាមេរិក​ប្រមាណ ​១០ឆ្នាំ​នោះ កាល​ពី​ដើម​ឆ្នាំ​២០១៧ កន្លងទៅ ក្រោម​ហេតុផល​គ្មាន​ពេលវេលា​គ្រប់គ្រាន់​។ ក៏ប៉ុន្តែ​របប​នេះ បាន​បែរ​ទៅ​ធ្វើ​សម​យុទ្ធ​យោធា “​នាគ​មាស​” ជាមួយ​ប្រទេស​ចិន​វិញ ហើយ​សម​យុទ្ធ​នេះ​បាន​បន្ត​រហូតមកដល់​ពេល​បច្ចុប្បន្ន​នេះ។

នាយ​ឧត្តមសេនីយ៍ ឈុំ សុជាត ពន្យល់​ថា ការ​បន្ត​ធ្វើ​សម​យុទ្ធ​យោធា​ជាមួយ​កងទ័ព​ចិន គឺ​ដោយសារតែ​ចិន​បាន​ធានារ៉ាប់រង​ទាំងស្រុង​លើ​ការ​ចំណាយ និង​គ្រឿង​អាវុធ​យុទ្ធភណ្ឌ​ទាំងឡាយ​សម្រាប់​ការ​ធ្វើ​សម​យុទ្ធ​។ លោក​បញ្ជាក់​ថា ប្រសិនបើ​ភាគី​អាមេរិក​ធានា​រ៉ាប់រង​ដូចគ្នា​នេះ ក្រសួង​ការពារ​ជាតិ​នឹង​ពិចារណា​លើ​ការ​ធ្វើ​សម​យុទ្ធ​ជាមួយ​អាមេរិក​ឡើងវិញ៖ «កន្លង​មក​ខាង​ភាគី​ចិន លោក​ធានា​ទាំងអស់​ក្នុង​ការ​ចំណាយ អ៊ីចឹង​យើង​ក៏​ទទួល​ខាង​ភាគី​ចិន​មុន​ទៅ​។ ដោយឡែក សហរដ្ឋអាមេរិក​យើង​ពិចារណា​លម្អិត​ជាក់ស្ដែង​ទៀត​លើ​កម្មវិធី និង​ពេលវេលា​ទៀត​។ បើ​មាន​ពេលវេលា​សមរម្យ​ណាមួយ យើង​នឹង​បន្ត​ថែមទៀត យើង​អត់​មាន​បដិសេធ​ទាំងស្រុង​ថា យើង​ឈប់​ធ្វើ​រហូត​នោះ​ទេ អាស្រ័យ​លើ​ធនធាន និង​ការធានា​ទេ»

ទោះជា​យ៉ាងណា អ្នកឃ្លាំមើល​សង្គម​យល់ថា មូលហេតុ​សំខាន់​ដែល​របប​នេះ​ផ្អាក​ស​មយុទ្ធ​យោធា​ជាមួយ​អាមេរិក គឺ​ដើម្បី​តម្រូវ​ចិត្ត​ក្រុង​ប៉េកាំង​ច្រើនជាង ពីព្រោះ​របប​ក្រុងភ្នំពេញ​បាន​ជ្រើសរើស​យក​ចិន​ជា​ខ្នងបង្អែក​ស្ទើរ​គ្រប់​វិស័យ​។ ទឡ្ហីករណ៍​ដែល​គេ​អាច​មើល​ឃើញ​ច្បាស់​នោះ គឺ​របប​លោក ហ៊ុន សែន បាន​បែរខ្នង​ដាក់​ប្រទេស​លោក​ខាងលិច ហើយ​បាន​ងាក​ទៅ​ទទួល​ជំនួយ​ជា​ថវិកា​រាប់​រយ​លាន​ដុល្លារ​ពី​ប្រទេស​ចិន​កុម្មុយនិស្ត​។ ក្រៅ​ពី​នេះ របប​នេះ​បាន​ស្នើ​ទៅ​ភាគី​ចិន​ឱ្យ​បន្ត​ផ្ដល់​ជំនួយ​បន្ថែម​ទៀត​ដល់​កងទ័ព​កម្ពុជា ក្នុង​ការ​កសាង​ហេដ្ឋា​រចនាសម្ព័ន្ធ បំពាក់​គ្រឿង​បរិក្ខារ​ទ័ព ពង្រឹង​សមត្ថភាព និង​ចំណេះដឹង​ខាង​ភាសា​ចិន​ដល់​យោធា​កម្ពុជា ពីព្រោះ​ភាគី​កម្ពុជា​នៅ​ជួបប្រទះ​ការ​ខ្វះខាត​នៅ​ឡើយ​។ វិទ្យាស្ថាន​កងទ័ពជើងគោក​នៅ​ថ្លុក​តាសេក ខេត្ត​កំពង់ស្ពឺ គឺជា​តឹកតាង​ច្បាស់​ដែល​បង្ហាញ​ពី​ឥទ្ធិពល​យោធា​របស់​ចិន​នៅ​កម្ពុជា ដ្បិត​សាលា​យោធា​មួយ​នេះ​ត្រូវ​បាន​ទំនុកបម្រុង​ដោយ​កងទ័ព​រំដោះ​ប្រជាជន​ចិន​។

អ្នក​ជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយ លោក ឯម សុវណ្ណារ៉ា ថ្លែង​ថា កម្ពុជា​ត្រូវការ​ជា​ចាំបាច់​នូវ​ជំនួយ​បរទេស​ដើម្បី​ពង្រឹង​សមត្ថភាព​យោធា​របស់​ខ្លួន ក៏ប៉ុន្តែ​ជំនួយ​ទាំងនោះ​ត្រូវតែ​មាន​តុល្យភាព​គ្នា​រវាង​ជំនួយ​ប្រទេស​ចិន និង​ក្រុម​ប្រទេស​លោក​ខាងលិច ជា​ពិសេស​សហរដ្ឋអាមេរិក​។ លោក​បន្ត​ថា ការ​ពឹង​ពាក់​លើ​ជំនួយ​យោធា​ពី​ប្រទេស​ចិន​ខ្លាំង​ពេក មិនមែន​ជា​បច្ច័យ​ល្អ​សម្រាប់​កម្ពុជា​ឡើយ ស្រប​ពេល​អាមេរិក​កំពុង​អនុវត្ត​យុទ្ធសាស្ត្រ “​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​” ដើម្បី​ទប់ទល់​នឹង​គម្រោង “​គំនិត​ផ្ដួចផ្ដើម​ខ្សែ​ក្រវាត់ និង​ផ្លូវ​” របស់​ចិន​។ លោក​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​គិតគូរ​អំពី​ការ​បង្កើត​សម​យុទ្ធ​យោធា​ជាមួយ​សហរដ្ឋអាមេរិក​ឡើងវិញ ដើម្បី​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ភាព​ល្អក់កករ​នៃ​ទំនាក់ទំនង​ការទូត និង​យោធា​ជាមួយ​នឹង​សហរដ្ឋអាមេរិក៖ «ចិន បើ​យើង​គិត​ទៅ គឺ​មាន​សមាន​ចិត្តច្រើន​ក្នុង​ការ​ផ្តល់​ជំនួយ​មក​កម្ពុជា​ទាំង​វិស័យ​ស៊ីវិល និង​យោធា​។ វា​ជា​កិច្ច​ការ​ល្អ​ដែល​កម្ពុជា​ត្រូវការ ក៏ប៉ុន្តែ​កម្ពុជា​ក៏​គួរ​ប្រកាន់​ឥរិយាបថ​ប្រយ័ត្នប្រយែង​នៅ​ក្នុង​ការ​ទទួល​ជំនួយ​ដែរ​។ បាន​ន័យ​ថា ត្រូវ​ថ្លឹងថ្លែង ឬក៏​រក​តុល្យភាព​ក្នុង​ការ​ទទួល​ជំនួយ​ឱ្យ​បាន​សមប្រកប​ជាមួយ​នឹង​លោក​ខាងលិច​ដែរ ដូចជា​អាមេរិក និង​សហភាព​អឺរ៉ុប ជាដើម ពីព្រោះ​កម្ពុជា​នៅ​ពឹង​ផ្អែកលើ​ទីផ្សារ​ទាំងអស់​នេះ ហើយ​កម្ពុជា​ត្រូវការ​ជំហរ​មួយ​អព្យាក្រឹត្យ ទើប​កម្ពុជា​យើង​មាន​ផលប្រយោជន៍​ច្រើន»

ទំនាក់ទំនង​ជិតស្និទ្ធ​ខ្លាំង​ពេក​រវាង​របប​លោក ហ៊ុន សែន និង​ក្រុង​ប៉េកាំង បាន​បង្កើត​ជា​កង្វល់​ដល់​សហរដ្ឋអាមេរិក និង​ប្រទេស​មួយ​ចំនួន​ទៀត ទាក់ទង​នឹង​បញ្ហា​សន្តិសុខ​តំបន់​។ អាមេរិក​បាន​បន្ត​ចោទសួរ​របប​នេះ​ម្ដង​ហើយ​ម្ដងទៀត​ពី​រឿង​លទ្ធភាព​នៃ​ការ​កកើត​មូលដ្ឋានទ័ព​ចិន​នៅ​ខេត្ត​កោះកុង​។ ក្រៅ​ពី​នេះ អាមេរិក​ក៏បាន​ចោទសួរ​របប​ក្រុងភ្នំពេញ​អំពី​រឿង​ដែល​ក្រសួងការពារជាតិ​កម្ពុ​ជា បដិសេធ​ជំនួយ​របស់​សហរដ្ឋអាមេរិក ក្នុង​ការ​ជួសជុល​កែ​លម្អ​ហេដ្ឋារចនាសម្ព័ន្ធ​មូលដ្ឋាន​កងទ័ពជើងទឹក​រាម នៅ​ខេត្ត​ព្រះសីហនុ ផង​ដែរ ដោយសារ​អាមេរិក​បារម្ភ​ថា កម្ពុជា​មាន​ផែនការ​អនុញ្ញាត​ឱ្យ​កងទ័ព​ចិន​ឈរជើង​នៅ​ទីតាំង​នោះ។

ទោះជា​យ៉ាងណា រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកែក​ថា កម្ពុជា​មិនដែល​បដិសេធ​ជំនួយ​យោធា​អាមេរិក ក្នុង​ការ​ជួយ​ជួសជុល​មូលដ្ឋាន​កងទ័ពជើងទឹក​រាម​នេះ​ទេ ហើយក៏​រឹតតែ​គ្មាន​គម្រោង​អនុញ្ញាត​ឱ្យ​កងទ័ព​ចិន​ឈរជើង​លើទឹក​ដី​ខ្មែរ​ដែរ ពីព្រោះ​ជា​ការ​រំលោភបំពាន​រដ្ឋ​ធម្មនុញ្ញ។

ក្រុម​អ្នកសង្កេតការណ៍​ជំរុញ​ឱ្យ​របប​ក្រុងភ្នំពេញ​បង្ហាញ​តម្លាភាព​រឿង​នេះ ដោយ​អនុញ្ញាត​ឱ្យ​អ្នក​ជំនាញ​ជាតិ និង​អន្តរជាតិ បាន​ចុះ​ទៅ​ពិនិត្យ​ដល់​ទីតាំង​ជាក់ស្ដែង ដើម្បី​លុបបំបាត់​មន្ទិលសង្ស័យ​ទាំងនេះ​។ ក្រុម​អ្នកសង្កេតការណ៍​បញ្ជាក់​ថា ដោយសារ​កម្ពុជា​មាន​ទំនោរ​ខ្លាំង​ពេក​ទៅ​រក​ប្រទេស​ចិន ទើប​អាមេរិក​មិន​អាច​នៅ​ស្ងៀម​បាន ឱ្យ​តែ​មាន​បញ្ហា​ទាក់ទង​នឹង​វិស័យ​យោធា​។ ពួកគេ​ស្នើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​សម្រួល​ទំនាក់ទំនង​លើ​វិស័យ​យោធា​ជាមួយ​សហរដ្ឋអាមេរិក និង​ប្រទេស​លោក​ខាងលិច​ឡើងវិញ ដើម្បី​បញ្ចៀស​នូវ​វិបត្តិ​ទាំងឡាយ​នៅ​ពេល​ខាងមុខ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល