ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី៨ ខែមេសា បានអញ្ជើញអតិថិជនបុរីពិភពថ្មីចំនួន ២០នាក់ ដើម្បីជួបជជែករកដំណោះស្រាយជាមួយថៅកែក្រុមហ៊ុនបុរីពិភពថ្មី គឺអ្នកឧកញ៉ា ហុង ពីវ។ ប៉ុន្តែ អតិថិជនបុរីពិភពថ្មីអះអាងថា ការជួបជជែកនេះ នៅពុំមានដំណោះស្រាយនៅឡើយទេ ពីព្រោះក្រសួងដែនដីព្យាយាមលើកពីបញ្ហា ដើម្បីដាក់បន្ទុកលើក្រុមអតិថិជនបុរីពិភពថ្មីទៅវិញ។
អតិថិជនបុរីពិភពថ្មីខណ្ឌដង្កោ លោកស្រី គង់ លីដា ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី៨ ខែមេសា ថា ការជួបជជែកពិភាក្សានេះ គឺក្រសួងដែនដីបានកោះហៅអតិថិជនបុរីពិភពថ្មី ដែលបានចូលរួមដុតកង់ឡាននៅខាងមុខក្រុមហ៊ុន កាលពីថ្ងៃទី៦ ប៉ុណ្ណោះ។ លោកស្រីបន្តថា រដ្ឋមន្ត្រីក្រសួងដែនដីបានសួរនាំរកមុខអ្នកដុតកង់ឡាន ដោយលើកឡើងថា ខុសច្បាប់ និងអាចប្រឈមនឹងការជាប់ទោស។
លោកស្រី គង់ លីដា៖
លោកស្រី គង់ លីដា អះអាងថា អតិថិជនបុរីពិភពថ្មី លោក អេង ប្រុស ដែលអាជ្ញាធរចាប់ខ្លួន កាលពីថ្ងៃទី៧ ខែមេសា សមត្ថកិច្ចនៅមិនទាន់ដោះលែងនៅឡើយទេ ហើយលោកស្រីនៅមិនទាន់ដឹងថា អាជ្ញាធរបញ្ជូនខ្លួន លោក អេង ប្រុស ទៅទីណាដែរ។
ក្រសួងដែនដីនឹងបន្តជួបជជែកពិភាក្សាមួយអតិថិជនបុរីពិភពថ្មី និងភាគីក្រុមហ៊ុន នៅថ្ងៃទី៩ ខែមេសាបន្តទៀត។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ លោក សេង ឡូត និងស្នងការនគរបាលរាជធានីភ្នំពេញ លោក ជួន ណារិន្ទ ដើម្បីសុំការបកស្រាយជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី៨ ខែមេសា។
ការណ៍ដែលក្រសួងដែនដីហៅពួកគាត់ទៅចរចានេះ គឺដោយសារតែកាលពីយប់ថ្ងៃទី៧ ខែមេសា អតិថិជនបុរីពិភពថ្មី ប្រមាណ ៣០នាក់ នាំគ្នាសម្រុកទៅផ្ទះលោក ហ៊ុន សែន នៅក្រុងតាខ្មៅ ខេត្តកណ្ដាល ដើម្បីដាក់ញត្តិសុំកិច្ចអន្តរាគមន៍ឱ្យដោះលែងសមាជិកពួកគាត់ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឃាត់ខ្លួនសមាជិកពួកគាត់ ៥នាក់។
ប៉ុន្តែសមត្ថកិច្ចបានដោះលែងវិញ ៤នាក់ ហើយទុកតែម្នាក់ប៉ុណ្ណោះ នៅក្នុងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ គឺលោក អេង ប្រុស។ ការឃាត់ខ្លួនពួកគាត់នេះ គឺបន្ទាប់ពីគាត់ និងអតិថិជនបុរីពិភពថ្មីនៅក្នុងខណ្ឌដង្កោ និងខណ្ឌកំបូល ប្រមាណ ៧០នាក់ បានជួបជុំដាក់ពាក្យប្ដឹងម្ចាស់ក្រុមហ៊ុនបុរីពិភពថ្មីពីបទមានចេតនាបើកឡានបុកពលរដ្ឋ ដែលកំពុងឈរតវ៉ា នៅខាងមុខក្រុមហ៊ុនបុរីពិភពថ្មីសាខាកួរស្រូវ២។
អតិថិជនបុរីពិភពថ្មី នៅតែប្រកាន់គោលជំហរ នៅបន្តការតវ៉ាទាមទាររកដំណោះស្រាយពីម្ចាស់បុរីពិភពថ្មីរហូតទទួលបានដំណោះស្រាយសមរម្យសម្រាប់ពួកគាត់ ប្រសិនបើក្រសួងដែនដីមិនអាចរកយុត្តិធម៌ជូនពួកគាត់បានទេនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។