ជនជាតិ​ដើម​ភាគតិច​ខេត្ត​ព្រះវិហារ​ទាមទារ​ដី​ដែល​ក្រុមហ៊ុន​ចិន​យក មក​ជា​ម្ចាស់​កម្មសិទ្ធិ​វិញ

ដោយ ជាតិ ចំណាន
2023.10.16
ជនជាតិ​ដើម​ភាគតិច​ខេត្ត​ព្រះវិហារ​ទាមទារ​ដី​ដែល​ក្រុមហ៊ុន​ចិន​យក មក​ជា​ម្ចាស់​កម្មសិទ្ធិ​វិញ ជនជាតិ​ដើម​ភាគតិច​កួយ នៅ​ភូមិ​ស្រែ​ព្រាង ឃុំ​ប្រមេរ ស្រុក​ត្បែង​មានជ័យ ខេត្ត​ព្រះវិហារ ដែល​មាន​ដីធ្លី​ជា​មួយ​ក្រុមហ៊ុន​ស្ករ​ស​ចិន​ឈ្មោះ ហេង ហ៊្វូ (Heng Fu) ដាក់​វេន​គ្នា​យាមល្បាត​ដី មិន​ឱ្យ​ពលរដ្ឋ​ចំណូល​ថ្មី ចូល​ធ្វើ​កសិកម្ម​លើ​ដី​នោះ កាល​ពី​ថ្ងៃ​ទី១៤ ខែឧសភា ឆ្នាំ២០២១។
រូប៖ ពលរដ្ឋផ្ដល់ឱ្យ

ទំនាស់​ដីធ្លី រវាង​ជនជាតិ ដើម​ភាគតិច​កួយ ជាមួយ​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច របស់​ចិន ដើម្បី​ដាំ អំពៅ នៅ​ខេត្តព្រះវិហារ បានអូសបន្លាយ​តាំងតែ​ពី​អំឡុង​ឆ្នាំ​២០១២ រហូតមកដល់​បច្ចុប្បន្ន​នេះ នៅតែ​មិន ទាន់​មាន​ដំណោះស្រាយ​សមរម្យ​ទេ​។​

ក្រុម​ប្រជាពលរដ្ឋ ដែល​ខ្វះ​ដីធ្លី​ធ្វើ​កសិកម្ម នៅក្នុង​តំបន់​ដី​សម្បទាន​សេដ្ឋកិច្ច របស់​ក្រុមហ៊ុន​ចិន​នោះ នៅ តែ​បន្ត​ទាមទារ ឱ្យ​អាជ្ញាធរ​ខេត្តព្រះវិហារ ប្រគល់​ដី​មក​ឱ្យ​ពួកគេ​វិញ ដើម្បី​បានជា​ទីវាល​ចិញ្ចឹម សត្វ​និង​ធ្វើ ស្រែ​ចំការ​ចិញ្ចឹមជីវិត។

សហគមន៍​ជនជាតិ​ដើម​ភាគតិច​កួយ​និង​ប្រជាពលរដ្ឋ​ចំនួន​ជាង​៤៧០​គ្រួសារ រស់នៅ​ស្រុក​ជ័យសែន ស្រុក​ឆែប និង​ស្រុក​ត្បែងមានជ័យ ខេត្តព្រះវិហារ ដែល​មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចិន ជា​យូរ​មក​ហើយ នៅតែ​ទទូច​ឱ្យ​អាជ្ញាធរ​ខេត្ត​នេះ ចុះ​បញ្ជី​ដីធ្លី​ជា​រួម និង​ធ្វើ​ប័ណ្ណ​កម្មសិទ្ធិឯកជន ដល់​ពួកគេ ដើម្បី​ឱ្យ​ពួកគេ មាន​សិទ្ធិ​ចូល​ទៅ​យក​ដី​ខ្លះ ក្នុង​តំបន់​ទំនាស់​ទាំងនោះ មក​ប្រើប្រាស់​ឡើងវិញ។

ការ​ទាមទារ របស់​សហគមន៍​ប្រជាពលរដ្ឋ​និង​ជនជាតិ​ដើម​ភាគតិច​កួយ​នេះ ធ្វើឡើង​នៅ​ពេល​ដែល​គេ​ដឹង​ថា ក្រុមហ៊ុន​ចិន ដែល​ធ្លាប់តែ​ពង្រីក​ផ្ទៃដី​សម្បទាន​សេដ្ឋកិច្ច ដើម្បី​ដាំ​អំពៅ​ទាំងនោះ បាន​ផ្អាក​សកម្មភាព រយៈពេល​២-៣​ឆ្នាំ​មក​ហើយ មិនដឹង​ពី​មូលហេតុ រហូតដល់​ដី​ខ្លះ​ត្រូវ​ពួក​ឈ្មួញ​យក​ទៅ​ជួល​ឱ្យ​ប្រជាពលរដ្ឋ​ធ្វើស្រែ​ចំការ​ក៏​មាន។

តំណាង​សហគមន៍​ប្រជាពលរដ្ឋ នៅ​ស្រុក​ជ័យ សែន អ្នកស្រី ហួត ម៉ាលី មាន​ប្រសាសន៍​ថា​ប្រជាពលរដ្ឋ​ចំនួន​ប្រមាណ​៦០​គ្រួសារ រស់នៅ​ក្នុង​ឃុំ​៣ គឺ​ឃុំ​បុស្សពុទ្រា ឃុំ​ស្អាង និង​ឃុំ​តស៊ូ បាន​រង​ការ​ប៉ះពាល់​ដីធ្លី ដែល​ជា​សម្បត្តិ​សហគមន៍​ទំហំ​ប្រមាណ​១០​ហិកតារ ជាមួយ​ក្រុមហ៊ុន​ចិន​ឈ្មោះ ហេងណុង (Heng Nung) តាំងតែ​ពី​ឆ្នាំ​២០១៣​មក។ ការ​ប៉ះពាល់​ដីធ្លី​របស់​សហគមន៍​នេះ បាន​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ បាត់បង់​ដី​វាលស្មៅ​សម្រាប់​ចិញ្ចឹមសត្វ​គោ ក្របី​ទាំងស្រុង។

អ្នកស្រី ហួត ម៉ាលី មាន​ប្រសាសន៍​ទៀត​ថា ជាច្រើន​ឆ្នាំ​មក​ហើយ ប្រជាពលរដ្ឋ​និង​សហគមន៍​តែងតែ​ដាក់ពាក្យ​បណ្ដឹងទាមទារ ទៅ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់ ទៅ​អាជ្ញាធរ​ខេត្តព្រះវិហារ​និង​អាជ្ញាធរ​ស្រុក​ជ័យ​សែន ក៏ប៉ុន្តែ​នៅតែ​គ្មាន​ដំណោះស្រាយ​សមរម្យ​ទេ។

អ្នកស្រី ហួត ម៉ាលី៖ «ក្រុមហ៊ុន​ចិន​នោះ មាន​បញ្ហា​ដី​រួម សម្រាប់​អ្នកភូមិ​ឃ្វាលគោ។ កាល​ចាប់ផ្ដើម​ឈូស​ដំបូង ខាង​អាជ្ញាធរ​បាន​ទុក​ដី​ឱ្យ​ប្រហែល​២០០​ហិកតារ ដែល​បូកសរុប​ទាំង​ដី​ប្លង់​រឹង របស់​ប្រជាពលរដ្ឋ​ដែរ ប៉ុន្តែ​ដល់​ពេល​ដក​ដី​របស់​ប្រជាពលរដ្ឋ​ចេញ​អស់ ក៏​បាន​ទាំង​ដីស្រែ​និង​ដី​ឃ្វាលគោ​អស់​រលីង»

បញ្ហា​ដូចគ្នា​នេះ​ដែរ តំណាង​សហគមន៍​ឃុំ សង្កែ​២ ស្រុក​ឆែប លោក ជុំ សុភឿត មាន​ប្រសាសន៍​ថា ប្រជា​ពលរដ្ឋ​នៅ​ក្នុង​ឃុំ​របស់​លោក​មាន​ប្រជាពលរដ្ឋ​ចំនួន​៤៨​គ្រួសារ បាន​រង​ការ ប៉ះ ពាល់ ដោយសារ​ទំនាស់​ដីធ្លី​ទំហំ​១១០​ហិកតារ ជាមួយ​ក្រុមហ៊ុន​ចិន​ឈ្មោះ ហេង ហ្វូ (Heng Fu)​តាំងពី​ឆ្នាំ​២០១២​មក។ បច្ចុប្បន្ន​នេះ​បើទោះបី​ជា​ក្រុមហ៊ុន​ចិន ដែល​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល បាន​ផ្អាក​ដំណើរ​ហើយក៏​ដោយ ក៏​ប្រជាពលរដ្ឋ​នៅ​ឃុំ​សង្កែ​២ មិនអាច​ចូល​ទៅ​កាប់​គាស់​ដី​ដើម្បី​ធ្វើស្រែ​ចំការ ឡើងវិញ​នៅ​ទីនោះ​បានទេ។

លោក ជុំ សុភឿត មាន​ប្រសាសន៍​ថា ដោយសារតែ​ប្រជាពលរដ្ឋ​ខ្លះ នៅក្នុង​ឃុំ​របស់​លោក អត់​មាន​ដី​ធ្វើ​កសិកម្ម​សម្រាប់​គ្រួសារ ហើយ​ការ​រង់ចាំ​អាជ្ញាធរ​ដោះស្រាយ មិន​មាន​លទ្ធផល គឺ​ក្រុម​ប្រជាពលរដ្ឋ​ខ្លះ ក៏​បង្ខំចិត្ត​ចូល​ទៅ​ធ្វើស្រែ​ចំការ នៅ​លើ​ដី​ទំនាស់​នោះ​ឡើង​វិញ។

លោក សុភឿត មាន​ប្រសាសន៍​បន្ថែម​ថា នៅ​ពេល​ដែល​ប្រជាពលរដ្ឋ​ខ្លះ ចូល​ទៅ​ធ្វើស្រែ​ចំការ លើ​ដី​របស់​ខ្លួន​ដែល​មាន​ទំនាស់​ឡើងវិញ​នោះ ស្រាប់​តែ​មាន​ឈ្មួញ​ខ្លះ បាន​ចេញ​មុខ​មក​រារាំង ឬក៏​មក​តម្រូវ​ឱ្យ​អ្នកភូមិ​បង់លុយ​ជា​ថ្លៃ​ជួល​ដី​ទៅវិញ។

លោក ជុំ សុភឿត៖ «ក្រុមហ៊ុន​ស្ករអំពៅ​ហេង​ហ្វ៊ូ គឹ​ឈប់​ធ្វើ​ហើយ តែ​ដី​ទីនោះ មាន​ឈ្មួញ​គេ​មកកាន់​កាប់​ហើយ​គេ​យក​មក​ជួល​ឱ្យ​ប្រជាពលរដ្ឋ​ធ្វើស្រែ ចំការ​តម្លៃ​ពី​៣០-៤០​ម៉ឺន​រៀល​ក្នុង​១​ហិកតារ។ ប្រជាកសិករ​បាន​ព្យាយាម​ចូល​ទៅ​កាន់កាប់​ដី​នោះ​វិញ តែ​គាត់​មិន​ទទួល​បាន​ប័ណ្ណកម្មសិទ្ធិ​ពី​អាជ្ញាធរ​ទេ ហើយ​ពេលខ្លះ​ពួក​ក្រុម​ហ៊ុន​បាន​ទៅ​គំរាម​អ្នក​ចូល​ទៅ​ធ្វើស្រែ​ចំការ​ទីនោះ​ទៀត​ផង»

ជាមួយ​គ្នា​នេះ​ដែរ តំណាង​សហគមន៍​ជនជាតិ​ដើម​ភាគតិច​កួយ នៅ​ឃុំ​ប្រមេរ ស្រុក​ត្បែងមានជ័យ លោក សិទ្ធិ សាវន មាន​ប្រសាសន៍​ថា នៅ​ក្នុង​សហគមន៍​របស់​លោក ដែល​មាន​ប្រជាពលរដ្ឋ​រស់នៅ​ចំនួន​៣​ភូមិ​គឺ​ភូមិ​ប្រមេរ ភូមិ​ស្រែព្រៀង និង​ភូមិ​បុស្ស​ធំ ចំនួន​៣៦៧​គ្រួសារ បាន​ប៉ះពាល់​ដី​សហគមន៍ និង​ដី​កម្មសិទ្ធិ​ប្រជាពលរដ្ឋ​ទំហំ​ជាង ៨០០០​ហិកតារ​ជាមួយ​ក្រុមហ៊ុន​ចិន ឈ្មោះ ឡានហ្វេង (Lan Feng)

លោក សិទ្ធិ សាវន មានប្រសាសន៍​ទៀត​ថា កន្លងមក​សហគមន៍​ធ្លាប់​ទាមទារ​ឱ្យ​អាជ្ញាធរ​ចុះបញ្ជី​ដីធ្លី​ជា​សមូហភាព​សម្រាប់​ពួកគេ ក៏ប៉ុន្តែ​រហូត​មក​ដល់​បច្ចុប្បន្ន មិន​ត្រឹមតែ​អាជ្ញាធរ​មិន​បាន​ដោះស្រាយ​ប៉ុណ្ណោះ​ទេ បែរ​ជា​មាន​អ្នកមាន​លុយ​និង​មានអំណាច​ខ្លះ មក​ធ្វើ​ជា​ប័ណ្ណកម្មសិទ្ធិ ជាន់​លើ​ដី​ដែល​សហគមន៍​កំពុង​ទាមទារ​នោះ​ថែម​ទៀត​ផង។

លោក សិទ្ធិ សាវន៖ «ព្រួយបារម្ភ​និង​ការបាត់បង់ ដោយសារតែ​មិន​ទាន់​មាន​ការ​ចុះបញ្ជី​ដីធ្លី។ប្រជាពលរដ្ឋ​ខំ​លើកគ្នា​ទៅ​ដល់​សាលាស្រុក សាលាខេត្ត បាន​ត្រឹមតែ​គេ​ថា​ពួក​យើង​មិន​មាន​ប្លង់​មិន​មាន​អី​ជា​សំអាង ដូច្នេះ​អាជ្ញាធរ​ស្រុក​ខេត្ត គេ​បង្ខំ​ឱ្យ​ប្រគល់​ដី​ទៅ​ឱ្យ​អ្នក​ដែល​មាន​ប្លង់​កម្មសិទ្ធិ​ត្រឹមត្រូវ​ទៅ»

ក្រុម​សហគមន៍​ទំនាស់​ដីធ្លី នៅក្នុង​ស្រុក​ទាំង​បី​របស់​ខេត្តព្រះវិហារ បាន​ឱ្យ​ដឹង​ប្រហាក់ប្រហែល​គ្នា​ថា ចាប់​តាំងតែ​ពី​មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ចិន ជា​ច្រើន​ឆ្នាំ​មក​នេះ ពួកគេ​ធ្លាប់​បាន​តវ៉ា​និង​ប្ដឹង​ទាមទារ ឱ្យ​អាជ្ញាធរ​រដ្ឋាភិបាល​ជួយ​ដោះស្រាយ​ជាច្រើនលើក​ច្រើនសា ក៏ប៉ុន្តែ​អាជ្ញាធរ បែរ​ជា​គំរាមកំហែង តាមរយៈ​ពាក្យ​សំដី និង​តាមរយៈ​តុលាការ​ជំនួស​ឱ្យ​ការ​ដោះស្រាយ​ទៅ​វិញ។

ចាប់តាំងពី​អំឡុង​ឆ្នាំ​២០១២​មក មាន​ក្រុមហ៊ុន​ចិន​ចំនួន​៥ បាន​ទទួល​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល​កម្ពុជា​ទំហំ​ប្រមាណ​៤​ម៉ឺន​ហិកតារ នៅ​ខេត្តព្រះវិហារ ដើម្បី​ដាំ​ដើម​អាកាស្យា និង​ដាំ​អំពៅ។

ក្រុមហ៊ុន​ចិន​ទាំងនោះ មាន​ឈ្មោះ​ដូចជា ឡាន ហ្វេង (Lan Feng) រួយ ហ្វេង (RuyFeng) ហេងហ្វូ (Heng Fu) និង ហេងណុង (Heng Nung) ជាដើម។

មន្ត្រី​សម្របសម្រួល​កម្មវិធី​សហគមន៍​ជាន់ខ្ពស់ របស់​សមាគម​ការពារ​សិទ្ធិមនុស្ស ADHOC លោក ប៉ែន ប៊ុណ្ណា មាន​ប្រសាសន៍​ថា បន្ទាប់​ពី​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​តាម​ប្រពៃណី​ខ្មែរ​រួចរាល់ គឺ​លោក​នឹង​ទៅ​ធ្វើ​ការងារ​ផ្នែក​សិទ្ធិមនុស្ស​ប្រចាំ​នៅ​ខេត្ត​ព្រះវិហារ ហើយ​លោក​នឹង​ចុះ​ស្រាវជ្រាវ​ករណី​ទំនាស់​ដីធ្លី រវាង​ប្រជាពលរដ្ឋ​ចំនួន​៣​ស្រុក ជាមួយ​ក្រុមហ៊ុន​ចិន​នេះ​ឡើង​វិញ។

លោក ប៉ែន ប៊ុណ្ណា មានប្រសាសន៍​ទៀត​ថា កន្លងមក រឿង​ទំនាស់​ដីធ្លី រវាង​ប្រជាពលរដ្ឋ​ជាមួយ​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​នេះ គឺ​អាជ្ញាធរ​ខ្លះ មិន​មាន​ឆន្ទៈ​ស្រាយ​ជូន​ប្រជាពលរដ្ឋ​ទេ ដោយ​កន្លែង​ខ្លះ អាជ្ញាធរ​អាច​នឹង​ធ្វើ​របាយ​ការណ៍​កុហក​ភូតភរ ទៅ​ប្រមុខ​រដ្ឋាភិបាល ដែល​ជា​ថ្នាក់លើ​របស់​ខ្លួន ហើយ​បែរជា​នាំគ្នា កាត់​ដី​ពី​ក្រុមហ៊ុន​ធ្វើ​ជា​ប័ណ្ណ​កម្មសិទ្ធិ សម្រាប់​ផ្ទាល់ខ្លួន និង​បក្សពួក​ជាដើម។

លោក ប៉ែន ប៊ុណ្ណា៖ «រដ្ឋាភិបាល មុន​ផ្ដល់​ដី​សម្បទាន​ទៅ​ឱ្យ​ក្រុមហ៊ុន គឺ​តែ​សិក្សា​ឱ្យ​បាន​ច្បាស់លាស់ និង​ត្រូវតែ​កាត់ចេញ​ចំពោះ​ដី របស់​ប្រជាពលរដ្ឋ​ដែល​កំពុងតែ​អាស្រ័យ​ផល។បើ​ទោះ​បីជា​ដី​ដែល​ពលរដ្ឋ​កំពុង​ធ្វើ​នោះ មិន​ទាន់​មាន​កម្មសិទ្ធិ​មែន ក៏ប៉ុន្តែ​ដី​នោះ គឺ​ប្រជាពលរដ្ឋ​បាន​អាស្រ័យ​ផល​រួចហើយ ។ ផ្ទុយទៅវិញ​អាជ្ញាធរ​ដែល​ដោះស្រាយ​បញ្ហា​ទំនាស់​ដីធ្លី មិនដែល​យក​គោលការណ៍​នេះ​មក​ប្រើ​ទេ»

ជាច្រើន​ឆ្នាំ​មកនេះ ក្រុមហ៊ុន​ចិន ដែល​បាន​ទទួល​ដី​សម្បទាន​សេដ្ឋកិច្ច​នៅ​ខេត្ត​ព្រះវិហារ មិន​ត្រឹមតែ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ជីវភាព​ប្រជាពលរដ្ឋ ដោយសារតែ​ទំនាស់​ដីធ្លី​ប៉ុណ្ណោះ​ទេ ។ ក្រុមហ៊ុន​ចិន​ទាំងនោះ ក៏បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ជីវចម្រុះ​ធម្មជាតិ ដោយសារតែ​ការ​ឈូស​ឆាយ​ដី​ព្រៃឈើ ព្រមទាំង​ពេលខ្លះ ក៏​ធ្លាប់​បង្ហូរ​សារធាតុពុល​ទៅតាម​ទឹកអូរ និង​ស្ទឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​បរិស្ថាន​និង​មច្ឆា​ជាតិ ផង​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។