ពលរដ្ឋ​ខេត្តកោះកុង​ជិត ១ពាន់​គ្រួសារ ស្នើសុំ​រដ្ឋាភិបាល​ឱ្យ​ពន្លឿន​ការ​ផ្តល់​ដី​សម្បទាន​សង្គមកិច្ច

0:00 / 0:00

ពលរដ្ឋ​ខេត្តកោះកុង​ជិត ១ពាន់​គ្រួសារ អំពាវនាវ​ជា​ថ្មី​ទៀត ដល់​អាជ្ញាធរ​ខេត្ត​នេះ ឱ្យ​ពន្លឿន​ការ​ផ្តល់​ដី​សម្បទាន​សង្គមកិច្ច ដើម្បី​ឱ្យ​អ្នក​ភូមិ​ទទួល​បាន​ដី​ធ្វើ​កសិកម្ម សម្រាល​ជីវភាព។ ក្រុម​ពលរដ្ឋ​ទាំង​នោះ រស់នៅ​ក្នុង​ឃុំ​ចំនួន ៤ គឺ​ឃុំជីខលើ ឃុំជីខក្រោម ឃុំបឹងព្រាវ និង​ឃុំដងពែង ស្រុកស្រែអំបិល។

តំណាង​ពលរដ្ឋ លោកស្រី ផាវ ញ៉ើង ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី២៦ កក្កដា​ថា អ្នក​ភូមិ​នៅ​តែ​រង់ចាំ​ដី​សម្បទាន​សង្គមកិច្ច​នេះ​ជាង ៤ឆ្នាំមកហើយ អាជ្ញាធរ​មិន​ទាន់​ឆ្លើយតប នៅ​ឡើយ​ទេ ធ្វើ​ឱ្យ​ពលរដ្ឋ​មាន​មន្ទិល​ក្នុង​ចិត្ត និង​ចង់​ឱ្យ​អាជ្ញាធរ​ស្រាយ​បំភ្លឺ​ឱ្យ​ច្បាស់លាស់។ លោកស្រី​ថា ពលរដ្ឋ​ស្នើសុំ​ដី​សម្បទាន​សង្គមកិច្ច ភាគ​ច្រើន​ជា​ពលរដ្ឋ​ក្រីក្រ ខ្វះខាត​ដី​ធ្វើ​កសិកម្ម​ចិញ្ចឹម​ជីវិត ខណៈ​ដែល​កូនចៅ​របស់​ពួក​គាត់​កាន់តែ​កើន ត្រូវ​ការ​ដី​ធ្វើ​ស្រែ​ចម្ការ​ចិញ្ចឹម​ជីវិត។

លោកស្រី​បន្ថែម​ថា កន្លង​ទៅ ពលរដ្ឋ​រាប់​រយ​នាក់ បាន​លើក​គ្នា​តវ៉ា នៅ​សាលា​ស្រុក​ស្រែអំបិល ដើម្បី​ឱ្យ​អាជ្ញាធរ​ផ្តល់​ព័ត៌មាន​ពិស្ដារ ជុំវិញ​រឿង​នេះ ប៉ុន្តែ​អាជ្ញាធរ​ឆ្លើយ​តប​ថា យន្តការ​ដោះ​ស្រាយ​រឿង​នេះ គឺ​ជា​ភារកិច្ច​របស់​អាជ្ញាធរ​ថ្នាក់​ជាតិ៖ «មិន​អស់​ចិត្ត​ចេះ​តែ​សួរ គេ​នៅ​តែ​ឆ្លើយ​ថា ចាំ​ទៅ​ថ្នាក់​នេះ ទៅ​ថ្នាក់​នោះ វា​ពិបាក​ដែល​ប្រជាជន​ដើរ​ទៅ អស់​លុយ​អត់​បាន អត់​ទឹក​ហូប គ្នា​ចេះ​តែ​អត់ ដើរ​ទៅ​អស់​ហើយ​លុយ។ បើ​សម្ដេច គាត់​និយាយ​ថា គាត់​មិន​ឱ្យ​ប្រជាជន​អត់​ទេ ដី​សល់​គគោក​ហ្នឹង គាត់​គួរតែ​កំណត់​ឱ្យ​ច្បាស់ កាល​ណា​បាន​ឱ្យ

វិទ្យុ​អាស៊ី​សេរី​មិន​ទាន់​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​រឿង​នេះ ពី​អភិបាល​ខេត្តកោះកុង អ្នកស្រី មិថុនា ភូថង បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី២៦ កក្កដា។

កាល​ពី​ដើម​សប្ដាហ៍​នេះ (២៥ កក្កដា) ពលរដ្ឋ​ជាង ៣០០នាក់ តំណាង​ឱ្យ​អ្នក​ភូមិ​ជិត ១.០០០គ្រួសារ មក​ពី​ឃុំចំនួន៤ ក្នុង​ស្រុកស្រែអំបិល បាន​ប្រមូល​ផ្ដុំ​គ្នា​មុខ​សាលាស្រុក ដើម្បី​តាមដាន​ញត្តិ​របស់​ពួក​គាត់ ដែល​ស្នើសុំ​ដី​សម្បទាន​សង្គមកិច្ច។

ក្រុម​ពលរដ្ឋ​ទាំង​នោះ​អះអាង​ថា ពួក​គាត់​បាន​ស្នើសុំ​ដី​សម្បទាន​សង្គមកិច្ច ក្នុង​មួយ​គ្រួសារ ២ហិកតារ ប្រភេទ​ដី​កសិកម្ម អាជ្ញាធរ​មិន​ទាន់​សម្រេច​បែប​ណា​នៅ​ឡើយ​ទេ​ជាង ៤ឆ្នាំ​មក​ហើយ។ ក្រុម​ពលរដ្ឋ​ទាំង​នោះ ចង់​ឱ្យ​អាជ្ញាធរ​ផ្តល់​ភាព​ច្បាស់លាស់ ដោះ​ស្រាយ​រឿង​នេះ ដើម្បី​ឱ្យ​ពួក​គាត់​អស់​ចិត្ត៕



កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។