ពលរដ្ឋ​ និង​សង្គម​ស៊ីវិល​រិះគន់​តុលាការ​ខេត្ត​មណ្ឌល​គិរី​ រឿង​ដោះ​លែង​ជន​សង្ស័យ​ករណី​ឈូស ឆាយ​ព្រៃ​សហគមន៍​ទ្រង់ទ្រាយ​ធំ

ដោយ ឡេង ម៉ាលី
2021-04-02
Share
ពលរដ្ឋ​ និង​សង្គម​ស៊ីវិល​រិះគន់​តុលាការ​ខេត្ត​មណ្ឌល​គិរី​ រឿង​ដោះ​លែង​ជន​សង្ស័យ​ករណី​ឈូស ឆាយ​ព្រៃ​សហគមន៍​ទ្រង់ទ្រាយ​ធំ ជនជាតិ​ដើម​ភាគ​តិច​ខេត្ត​មណ្ឌលគិរី​លើក​គ្នា​ឃាត់​គ្រឿង​ចក្រ​ឈូស​ឆាយ​ដី​ព្រៃ​សហគមន៍​ នៅ​ភូមិ​ពូត្រែង កាលពី​ថ្ងៃ​ទី២៥ ខែ​មីនា ឆ្នាំ​២០២១។
រូប៖ សហគមន៍​ផ្ដល់​ឱ្យ

មន្ត្រី​សង្គម​ស៊ីវិល និង​ជន​ជាតិ​ដើម​ភាគ​តិច​ព្នង​ខេត្ត​មណ្ឌលគិរី​រិះគន់ តំណាង​អយ្យការ​ និង​តុលាការ​ខេត្ត​នេះ​ថា មិន​​យក​ចិត្ត​ទុក​ដាក់​ ចាត់​វិធានការ​ច្បាប់​លើ​​ក្រុម​ឧក្រិដ្ឋជន​ និង​អ្នក​មាន​អំណាច​ដែល​ឈូស​ឆាយ​រំលោភ​យក​ដី​ព្រៃ​អភិរក្ស​ខុស​ច្បាប់។ ការ​រិះគន់​នេះ​ធ្វើ​ឡើង ក្រោយ​ពី​តុលាការ​សម្រេច​ដោះ​លែង​មន្ត្រី​យោធា​ម្នាក់ ពាក់ព័ន្ធ​ករណី​ឈូស​ឆាយ​បំពាន​ដី​ព្រៃ​សហគមន៍​ទ្រង់ទ្រាយ​ធំ កាល​ពី​សប្ដាហ៍​មុន។ 

មន្ត្រី​សង្គម​ស៊ីវិល និង​ជន​ជាតិ​ដើម​ភាគ​តិច​ព្នង ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី២ មេសា​ថា មន្ត្រី​យោធា​ពាក់​ស័ក្ដិ ៤កន្លះ ឈ្មោះ ទូច ហឿន ដែល​ជា​មេ​ខ្លោង​យក​គ្រឿង​ច្រក​ឈូស​ឆាយ​រំលោភ​យក​ព្រៃ​សហគមន៍​ភូមិ​ពូ​ត្រែង​ទំហំ ៥៣ហិកតារ ត្រូវ​បាន​តុលាការ​ខេត្ត​មណ្ឌលគិរី ចេញ​ដីកា​សម្រេច​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន។

តំណាង​ជន​ជាតិ​ដើម​ភាគ​តិច​ព្នង ខេត្ត​មណ្ឌលគិរី លោក គ្រើង តុលា ថ្លែង​ថា លោក ទូច ហឿន មាន​រឿង​អាស្រូវ​ជា​ច្រើន ពាក់ព័ន្ធ​នឹង​ការ​រំលោភ​យក​ដី​ព្រៃ​សហគមន៍ និង​ដី​ព្រៃ​សាធារណៈ​របស់​រដ្ឋ​ដោយ​ខុស​ច្បាប់។ លោក​ថា សហគមន៍​មាន​ភស្តុតាង និង​ឯកសារ​ច្បាស់លាស់ ដែល​បញ្ជាក់​ថា ជន​សង្ស័យ​រូប​នេះ ជា​មេ​ខ្លោង​ឈូស​បំផ្លាញ​ដី​ព្រៃ​សហគមន៍​ភូមិ​ពូ​ត្រែង​ធ្វើ​ជា​កម្មសិទ្ធិ​បុគ្គល។ លោក​ចាត់​ទុក​ទង្វើ​របស់​តុលាការ​ថា បង្កើត​ឱ្យ​មាន​អយុត្តិធម៌​សង្គម និង រួម​ចំណែក​បំផ្លាញ​ព្រៃ​ឈើ៖ «លោក ទូច ហឿន ដែល​គាត់​ពាក់​ស័ក្ដិ​បួន​កន្លះ​ហ្នឹង គាត់​ហ្នឹង​ជា​មនុស្ស​ដែល​មាន​រឿង​អាស្រូវ ក្នុង​ខេត្ត​មណ្ឌលគិរី​រាប់​ភ្លេច។ ការ​ដោះលែង​ហ្នឹង​មិន​រក​យុត្តិធម៌​ជូន​ជាតិ​វិញ​ទេ គឺជា​អ្នក​ដែល​ចូលរួម​ក្នុង​ការ​បំផ្លាញ​សម្បត្តិ​ជាតិ»

កាល​ពី​ថ្ងៃ​ទី​២៥ មីនា ជនជាតិ​ដើម​ភាគតិច​ព្នង​ជាង ៤០​នាក់ បាន​លើក​គ្នា​ទៅ​ឃាត់​អេស្កាវើទ័រ​មួយ​គ្រឿង​ដែល​កំពុង​ឈូស​ឆាយ​ហ៊ុមព័ទ្ធ​ដី​ព្រៃ​សហគមន៍​ភូមិ​ពូ​ត្រែង​ទំហំ ៥៣​ហិកតារ ធ្វើ​ជា​សម្បត្តិ​បុគ្គល។ អ្នក​ភូមិ​ចោទ​ថា មន្ត្រី​យោធា ឈ្មោះ ទូច ហឿន បាន​បញ្ជា​ឱ្យ​គ្រឿង​ចក្រ​ឈូស​ឆាយ​ព្រៃ​សហគមន៍​នេះ ហើយ​នៅ​ថ្ងៃ​បន្ទាប់ មន្ត្រី​អាវុធ​ហត្ថ​ខេត្ត​មណ្ឌលគិរី បាន​ឃាត់​ខ្លួន​មន្ត្រី​យោធា​រូប​នេះ និង​បក្ខ​ពួក​ម្នាក់​ទៀត បញ្ជូន​ទៅ​តុលាការ ដោយ​ចោទ​ពី​បទ ក្លែង​ឯកសារ​សាធារណៈ។

អាស៊ី​សេរី​មិន​ទាន់​សុំ​ការ​បំភ្លឺ​រឿង​នេះ ពី​អ្នក​នាំ​ពាក្យ​តំណាង​អយ្យការ​ខេត្ត​មណ្ឌលគិរី លោក ម៉ម វ៉ាន់ដា បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី២ មេសា ព្រោះ​ទូរស័ព្ទ​ហៅ​ចូល តែ​គ្មាន​អ្នក​លើក។ រីឯ​លោក ទូច ហឿន ដែល​រង​ការ​ចោទ​ប្រកាន់​ពី​ក្រុម​ពលរដ្ឋ​នោះ ក៏​អាស៊ី​សេរី​មិន​ទាន់​អាច​ទាក់ទង​បាន​ដែរ។

ប៉ុន្តែ​អ្នក​នាំ​ពាក្យ​សាលា​ដំបូង​ខេត្ត​មណ្ឌលគិរី លោក មាស ប្រុស មានប្រសាសន៍ថា ប្រសិន​បើ​ពលរដ្ឋ​មិន​សុខ​ចិត្ត​នឹង​សេចក្ដី​សម្រេច​នេះ​ទេ ពួក​គាត់​អាច​ប្ដឹង​ទាស់ ទៅ​សាលា​ឧទ្ធរណ៍ ដើម្បី​បន្ត​នីតិវិធី។ លោក​មិន​បកស្រាយ ចំពោះ​ការ​រិះគន់​របស់​ពលរដ្ឋ​ទេ ព្រោះ​លោក​ថា សេចក្ដី​សម្រេច​នេះ​ជា​ឆន្ទានុសិទ្ធិ​របស់​ចៅក្រម​ស៊ើបសួរ និង​តំណាង​អយ្យការ៖ «ដឹង​ថា ការងារ​ដោះ​លែង និង​ឃុំ​ខ្ញុំ​ដឹង បើ​ថា​រឿង​ស្អី​ហ្នឹង​ដោះលែង ឬ​មិន​ដោះលែង​ទាល់​តែ​សួរ​ចៅក្រម ព្រោះ​គាត់​ចាត់ការ ដោយសារ​មូលហេតុ ខ្ញុំ​អត់​បាន​ដឹង​ទេ»

ជុំវិញ​រឿង​នេះ មន្ត្រី​ពង្រឹង​សិទ្ធិ​អំណាច​សហគមន៍​មូលដ្ឋាន​នៃ​សមាគម​អាដហុក (ADHOC) លោក ប៉ែន ប៊ុណ្ណារ៍ រិះគន់​តុលាការ​ថា អនុវត្ត​ស្តង់ដារ​ពីរ និង​ខ្វះ​ភាព​ឯករាជ្យ​ក្នុង​ការ​អនុវត្ត​ច្បាប់ ចំពោះ​បុគ្គល​មាន​លុយ​មាន​អំណាច។ លោក​ថា​ប្រការ​នេះ បង្កើត​ឱ្យ​មាន​វប្បធម៌​និទ្ទណ្ឌភាព ឬ​ទម្លាប់​ឱ្យ​ជន​ល្មើស​រួច​ទោស  ដែល​ជា​មូល​ហេតុ​ធ្វើ​ឱ្យ​ជន​ល្មើស មិន​រាងចាល៖ «វា​ជា​វប្បធម៌​និទ្ទណ្ឌភាព​ធ្វើ​បានតែ​ពលរដ្ឋ​ជន​ខ្សោយ តែ​ចំពោះ​អ្នក​មាន​អំណាច មាន​លុយ​មាន​កាក​ច្រើន​គឺ​ថា កម្រ​ឃើញ​តុលាការ​ចាត់​វិធានការ​លឿន ដើម្បី​ផ្តន្ទាទោស​ជា​គំរូ​ដល់​អ្នក​ផ្សេងៗ ទៀត​យក​គំរូ​តាម។ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ប្ដេជ្ញា ត្រូវធ្វើ​យ៉ាង​ម៉េច​ឱ្យ​ពលរដ្ឋ​មាន​ជំនឿ​ជឿជាក់​ជន​ល្មើស​ប្រព្រឹត្តិ​បទ​ល្មើស​ឧក្រិដ្ឋ​បទ​ល្មើស​ព្រៃ​ឈើ ត្រូវ​មាន​ទោស​ស្មើ​គ្នា បើ​ខុស​ដាក់​ទាំង​អស់​គ្នា​ទៅ»

នេះជាលើកទី២ ហើយ​ដែល​តុលាការ​ខេត្ត​មណ្ឌលគិរី​សម្រេច​ដោះ​លែង​មន្ត្រី​យោធា និង​ជា​ឈ្មួញ​លក់​ដី​លោក ទូច ហឿន។ កាល​ពី​ឆ្នាំ ២០២០ លោក ទូច ហឿន ធ្លាប់​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន បញ្ជូន​ទៅ​តុលាការ​ម្ដង​រួច​ទៅ​ហើយ ដោយ​ចោទ​ពី​បទ​ផ្តល់​សក្ខីកម្ម​ក្លែង​ក្លាយ លួច​លក់​ដី​ធ្លី​អ្នក​ដទៃ និង​សម​គំនិត​ផ្តល់​ឯកសារ​មិន​ប្រក្រតី។ ប៉ុន្តែ​តុលាការ​សម្រេច ដោះ​លែង​ជន​សង្ស័យ​រូប​នេះ​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន។ ក្រុម​ជន​ជាតិ​ដើម​ភាគ​តិច​កំពុង​ពិភាក្សា​គ្នា​អំពី​ការ​ប្ដឹង​ទាស់​ដីកា​សម្រេច​ដោះ​លែង​ជន​សង្ស័យ​ឱ្យ​នៅ​ក្រៅ​ឃុំ​​នេះ ទៅ​សាលា​ឧទ្ធរណ៍ និង​ក្រសួង​យុត្តិធម៌ នៅ​ពេល​ឆាប់ៗ ខាង​មុខ ដើម្បី​ឱ្យ​ស្ថាប័ន​ទាំង​នេះ​ជួយ​រក​យុត្តិធម៌៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល