អាជ្ញាធរ​រារាំង​ពលរដ្ឋ​នៅ​តាម​ផ្លូវ​រថភ្លើង​មិន​ឲ្យ​ដាក់​​​បដា​សុំ​អន្តរាគមន៍​ពី​នាយករដ្ឋមន្ត្រី

ដោយ សាន សែល
2016-04-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ពលរដ្ឋ​នៅ​តាម​ផ្លូវ​រថភ្លើង ក្នុង​ខណ្ឌ​ទួលគោក លើក​បដា​សុំ​អន្តរាគមន៍​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ផ្ដល់​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ជូន​ពួក​គាត់ មុន​អាជ្ញាធរ​ចុះ​រារាំង នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែ​មេសា ឆ្នាំ​២០១៦។
ពលរដ្ឋ​នៅ​តាម​ផ្លូវ​រថភ្លើង ក្នុង​ខណ្ឌ​ទួលគោក លើក​បដា​សុំ​អន្តរាគមន៍​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ផ្ដល់​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ជូន​ពួក​គាត់ មុន​អាជ្ញាធរ​ចុះ​រារាំង នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែ​មេសា ឆ្នាំ​២០១៦។
RFA/San Sel

អាជ្ញាធរ​រារាំង​ប្រជាពលរដ្ឋ​រស់នៅ​តាម​ផ្លូវ​រថភ្លើង មិន​ឲ្យ​ដាក់​បដា​សំណូមពរ​អន្តរាគមន៍​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។ បដា​របស់​ប្រជាពលរដ្ឋ គឺ​ចង់​អរគុណ​នាយករដ្ឋមន្ត្រី​ដែល​បាន​សម្រេច​លុប​គម្រោង​ផ្លូវ​រថភ្លើង​ល្បឿន​លឿន និង​ចង់​អំពាវនាវ​ឲ្យ​លោក ហ៊ុន សែន ផ្ដល់​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី។ ការរារាំង​នេះ​គឺ​ស្រប​ពេល​​ដែល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី​៣០ ខែ​មេសា ធ្វើ​ដំណើរ​ទៅ​ខេត្ត​ព្រះសីហនុ តាម​រថភ្លើង​ជា​លើកដំបូង បន្ទាប់​ប្រកាស​សម្ពោធ។

ប្រជាពលរដ្ឋ​ព្រួយ​បារម្ភ​ថា រដ្ឋាភិបាល​អាច​អនុវត្ត​គម្រោង​សាងសង់​ផ្លូវ​រថភ្លើង ក្រោយ​ការ​បោះឆ្នោត។

កម្លាំង​សមត្ថកិច្ច​អាជ្ញាធរ ប៉ូលិស​សង្កាត់ ខណ្ឌ ដក​ហូត​យក​បដា​របស់​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​តាម​បណ្ដោយ​ផ្លូវ​រថភ្លើង​ក្នុង​សង្កាត់​ទឹកល្អក់១ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ ខណៈ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​តាម​មធ្យោបាយ​ផ្លូវ​ដែក។ ប្រជាពលរដ្ឋ​ដែល​រស់​នៅ​តាម​បណ្ដោយ​ផ្លូវ​ដែក​ទាំង​នេះ អំពាវនាវ​លោក​នាយក​រដ្ឋមន្ត្រី ផ្ដល់​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ជូន​ពួកគាត់។ ក្រៅ​ពី​នេះ ប្រជាពលរដ្ឋ​ក៏​ចង់​បង្ហាញ​ការ​ថ្លែង​អំណរគុណ​ចំពោះ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​លុបចោល​គម្រោង​ផ្លូវ​រថភ្លើង​ល្បឿន​លឿន។

ប្រជាពលរដ្ឋ​មួយ​រូប​ដែល​ត្រូវ​បាន​អាជ្ញាធរ​ហាមឃាត់ លោកស្រី ទិត្យ ស៊ាប បាន​រៀបរាប់​ពី​សកម្មភាព​របស់​អាជ្ញាធរ​ពេល​ចុះ​មក​រឹប​អូស​បដា«មាន​អាជ្ញាធរ​ទៅ​រារាំង​ពួក​ខ្ញុំ​មិន​ឲ្យ​លើក​បដា​ទេ ហើយ​ចៅ​សង្កាត់​ទឹក​ល្អក់​១ ខណ្ឌ​ទួលគោក គាត់​ចូល​ទៅ​ដក​បដា​ខ្ញុំ​ដល់​ក្នុង​ផ្ទះ ហើយ​គាត់​សួរ​ខ្ញុំ​ថា មាន​បដា​អ្វី​ខ្លះ? ខ្ញុំ​ថា​អត់​មាន​អី​ទេ មាន​តែ​បដា​ថ្លែង​អំណរ​គុណ​ដល់​សម្ដេច។ គាត់​ថា មិន​បាច់​លើក​ទេ។ ខ្ញុំ​សុំ​ប្លង់​កម្មសិទ្ធិ​ដីធ្លី ក្រែង​លោ​សម្ដេច​គាត់​អត់​ដឹង។ គាត់​ថា​មិន​បាច់​លើក​ទេ បើ​គេ​ប្រុង​ដេញ​យើង គេ​ដេញ​ហើយ បើ​មិន​ចឹង​ទេ គេ​មិន​បញ្ឈប់​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​ហ្នឹង​ទេ»

​លោកស្រី អ៊ុក គន្ធី ដែល​ជា​ប្រជាពលរដ្ឋ​គ្រោង​យក​បដា​ដាក់​បង្ហាញ​លោក​នាយករដ្ឋមន្ត្រី បាន​ហៅ​សកម្មភាព​របស់​អាជ្ញាធរ​ថា ជា​ការ​រឹតត្បិត​សេរីភាព​ពលរដ្ឋ។ លោកស្រី​បន្ថែម​ថា ក្រៅពី​ដក​ហូត​បដា​របស់​ពលរដ្ឋ អាជ្ញាធរ​បាន​ស្នើ​ឲ្យ​ពលរដ្ឋ​រស់​នៅ​តាម​បណ្ដោយ​ផ្លូវ​រថភ្លើង ផ្អាក​ការ​លក់​ដូរ​បណ្ដោះអាសន្ន ដើម្បី​រៀបចំ​សណ្ដាប់ធ្នាប់​តាម​ផ្លូវ​រថភ្លើង មាន​របៀបរៀបរយ​សម្រាប់​បង្ហាញ​នាយករដ្ឋមន្ត្រី«ខ្ញុំ​យល់​ឃើញ​ថា ដូច​មិន​ល្អ​ដែរ រាំងរា​កន្លែង​ហ្នឹង។ ពួក​ខ្ញុំ​គ្រាន់​តែ​លើក មិន​ទៅ​ប្រឆាំង​អី។ ពួក​ខ្ញុំ​អត់​ប្រឆាំង​ទេ តែ​ត្រង់​ហ្នឹង​ម្ដេច​ពួក​គាត់​មិន​បើក​សិទ្ធិ​ឲ្យ​ពួក​ខ្ញុំ​ទូលំទូលាយ​ផង»

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ឲ្យ​ដឹង​ពី​គម្រោង​កាល​ពី​ខែ​មករា ហើយ​សម្រេច​លុបចោល​វិញ នៅ​ដើម​ខែ​មេសា បន្ទាប់​ពី​ពលរដ្ឋ​ចេញ​តវ៉ា​នឹង​គម្រោង​ជា​ច្រើន​ដង នៅ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន។ ពលរដ្ឋ​ព្រួយ​បារម្ភ​ថា គម្រោង​សាងសង់​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​ពី​ចំណត​រថភ្លើង​ចាស់ (រ៉ា​រទេះភ្លើង) ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នឹង​ធ្វើ​ឲ្យ​ធ្វើ​គាត់​បាត់បង់​លំនៅឋាន ដោយ​ត្រូវ​បង្ខំ​ចេញ​ទៅ​រស់​នៅ​តំបន់​ឆ្ងាយ។ ការ​រស់​នៅ​តំបន់​ឆ្ងាយ​នេះ ពលរដ្ឋ​យល់​ថា កូន​ចៅ​ពួកគាត់​នឹង​បាត់បង់​ឱកាស​រៀន​សូត្រ ខ្វះខាត​សេវា​សុខភាព និង​ពិបាក​ប្រកប​របរ​ចិញ្ចឹម​ជីវិត។

ពលរដ្ឋ​ម្នាក់​ទៀត លោក នាង ផានិត ថ្លែង​ថា លោក​នៅ​មិន​ទាន់​ទុកចិត្ត​សម្ដី​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​ប្រកាស​លុបចោល​គម្រោង​សាងសង់​ផ្លូវ​រថភ្លើង​ល្បឿន​លឿន«ពេល​សម្ដេច​សម្រេច​លុប​គម្រោង​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​នេះ ពួក​ខ្ញុំ​សប្បាយ​ចិត្ត​ដែរ តែ​ព្រួយ​បារម្ភ​ខ្លាច​បោះឆ្នោត​ហើយ (មុន​បោះឆ្នោត​គាត់​និយាយ​ចឹង) ដូច​បឹង​កក់។ ដូច​ម្តេច? ដល់​ពេល​បោះឆ្នោត​ហើយ គាត់​ធ្វើ​ការ​រុះរើ​ដេញ​ប្រជាពលរដ្ឋ​ពួក​ខ្ញុំ»

​ក្រោយ​ពី​ការ​ប្រកាស​គម្រោង​សាងសង់​ផ្លូវ​រថភ្លើង​ល្បឿន​លឿន ប្រជា​សហគមន៍​រស់​នៅ​តាម​បណ្ដោយ​ផ្លូវ​រថភ្លើង ចង់​ឲ្យ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បើក​វេទិកា​សាធារណៈ ដើម្បី​ផ្ដល់​ឱកាស​ឲ្យ​ពួកគេ​សួរ​ដេញដោល​ឲ្យ​បាន​ច្បាស់។ ក៏ប៉ុន្តែ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​កាល​ពី​ដើម​ខែ​មេសា ថា មិន​ចាំបាច់​ធ្វើ​វេទិកា​សាធារណៈ​ទេ ដោយសារ​គម្រោង​នេះ​ត្រូវ​លុបចោល​ហើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល