ពលរដ្ឋ​ខេត្ត​ត្បូងឃ្មុំ​នាំ​គ្នា​ការពារ​ដី​កប់​សព​មិន​ឲ្យ​អាជ្ញាធរ​បែង​ចែក​ជា​ដី​ឯកជន

0:00 / 0:00
ទាញ​យក​កម្មវិធី​វិទ្យុ​អាស៊ីសេរី សម្រាប់​ទូរស័ព្ទ និង TabletOpens in new window

ប្រជាពលរដ្ឋ​នៅ​សង្កាត់​វិហារលួង ក្រុង​សួង ខេត្ត​ត្បូងឃ្មុំ ប្រមាណ ២០០​នាក់ លើក​គ្នា​ទៅ​តវ៉ា​នឹង​អាជ្ញាធរ មិន​ឲ្យ​ធ្វើ​ការ​បែង​ចែក​ដី​តំបន់​កប់​សព​របស់​អ្នក​ភូមិ ឲ្យ​ទៅ​ជា​សម្បត្តិ​ឯកជន។ ការ​តវ៉ា​នេះ ធ្វើ​ឡើង ២​ថ្ងៃ​ហើយ​គិត​ត្រឹម​ថ្ងៃ​ទី​៤ កញ្ញា ដោយ​ពលរដ្ឋ​យល់​ថា បើ​ដី​នោះ​ត្រូវ​បែង​ចែក​ឲ្យ​ឯកជន ពលរដ្ឋ​ក្រីក្រ​នឹង​មិន​មាន​ដី​សម្រាប់​បញ្ចុះ​សព​បន្ត​ទៀត​ឡើយ។

រយៈពេល​ពីរ​ថ្ងៃ​មក​ហើយ​ដែល​ពលរដ្ឋ​នៅ​ភូមិ​ថ្នល់ថ្មី ដាក់​បាយ​កញ្ចប់​ផង និង​សង់​រោង​នៅ​ក្បែរ​ដី​មាន​ជម្លោះ​នៅ​ក្នុង​ភូមិ​ផង ហាម​ឃាត់​អាជ្ញាធរ​មិន​ឲ្យ​បែង​ចែក​ដី​នោះ​ទៅ​ជា​សម្បត្តិ​ឯកជន។ អ្នក​ភូមិ​អះអាង​ថា ក្រុម​អាជ្ញាធរ​ចេះ​តែ​ព្យាយាម​ចង់​បែង​ចែក​ដី​តំបន់​កប់​សព ទៅ​ជា​សម្បត្តិ​ឯកជន​ឲ្យ​ពលរដ្ឋ​បី​គ្រួសារ បើ​ទោះ​បី​ជា​មាន​ប្រជាពលរដ្ឋ​យ៉ាង​ច្រើន​ជំទាស់​ក៏ដោយ ហើយ​ពេល​ខ្លះ ពួក​គេ​ធ្វើ​ហាក់​លួច​លាក់​ទៀត​ផង។

តំណាង​អ្នក​ភូមិ​មួយ​រូប អ្នកស្រី ស៊ុល យាត មាន​ប្រសាសន៍​ថា ប្រជាពលរដ្ឋ​តវ៉ា គឺ​មិន​ចង់​បាន​អ្វី​ក្រៅ​ពី​ចង់​រក្សា​ទុក​ដី​នោះ​ជា​សម្បត្តិ​រួម​ដូច​ដើម សម្រាប់​ជា​កន្លែង​កប់​សព​របស់​អ្នក​ស្រុក​ត​ទៅ​ទៀត ជៀសវាង​បែង​ចែក​ឲ្យ​ពលរដ្ឋ​តែ​បី​គ្រួសារ ហើយ​ធ្វើ​ឲ្យ​ប៉ះពាល់​ប្រជាពលរដ្ឋ​ជាច្រើន​រយ​គ្រួសារ​នោះ៖ «ប្រុង​វាស់​មិន​ឲ្យ​ប្រជាជន​ដឹង​ទេ​លោកគ្រូ! គេ​ថា​គេ​នឹង​ធ្វើ​ឲ្យ​បាន​ដី​ប៉ុណ្ណឹង​ទៅ​ឲ្យ​អ្នក​បី​នាក់​ហ្នឹង ហើយ​ប្រជាជន​ថា​លោក​អើយ លោក​ហេតុ​អី​ក៏​ស្រឡាញ់​តែ​បី​នាក់​ហ្នឹង​ម៉េស ហេតុ​អី​មិន​ស្រឡាញ់​ប្រជាជន​មួយ​ភូមិ​ផង»

ដី​សម្រាប់​កប់​សព​ដែល​ពលរដ្ឋ​ទាមទារ​រក្សា​ទុក​ប្រមាណ​ជិត ៥​ហិកតារ គឺ​ស្ថិត​នៅ​ចំណុច​ភូមិ​ថ្នល់ថ្មី សង្កាត់​វិហារលួង ដែល​រង​ការ​ឈូស​ឆាយ​កាល​ពី​ដើម​ឆ្នាំ​២០១៥ ពី​សំណាក់​ពលរដ្ឋ​នៅ​ទីនោះ ធ្វើ​ឲ្យ​ប៉ះពាល់​សាកសព​មួយ​ចំនួន។ អ្នក​ភូមិ​អះអាង​ថា នឹង​មិន​បញ្ឈប់​ការ​តវ៉ា​ឡើយ ព្រោះ​តែ​ខ្លាច​បាត់បង់​កន្លែង​បញ្ចុះ​សព​រួម​របស់​ពួក​គេ​ទៅ​ថ្ងៃ​មុខ។

ទាក់ទង​បញ្ហា​នេះ ចៅ​សង្កាត់​វិហារលួង លោក អ៊ី ឡៃថេង មាន​ប្រសាសន៍​ថា កាល​ពី​ថ្ងៃ​ទី​៣ និង​នៅ​ថ្ងៃ​ទី​៤ កញ្ញា គណៈកម្មការ​ដោះស្រាយ​ទំនាស់​ខេត្ត បម្រុង​ចុះ​ទៅ​វាស់វែង​ដី​នោះ​ជូន​ពលរដ្ឋ​បី​គ្រួសារ​តាម​ការ​គ្រោង​ទុក ដើម្បី​បញ្ចប់​វិវាទ ប៉ុន្តែ​ត្រូវ​ខកខាន ព្រោះ​មាន​ពលរដ្ឋ​ជាច្រើន​មិន​ពេញ​ចិត្ត ហើយ​អាជ្ញាធរ​ក៏​សម្រេច​ផ្អាក​បណ្ដោះអាសន្ន​សិន។ លោក​បន្ត​ថា តាម​គោលការណ៍ ដី​តំបន់​នោះ​ត្រូវ​បែង​ចែក​ឲ្យ​ពលរដ្ឋ​បី​គ្រួសារ​ចំនួន ៣០​ភាគរយ​នៃ​ចំនួន​ផ្ទៃ​ដី​របស់​ពួក​គេ​ធ្លាប់​កាន់​កាប់ ប៉ុន្តែ​ពលរដ្ឋ​ភាគ​ច្រើន​មិន​យល់ព្រម។ យ៉ាង​ណា​លោក​បញ្ជាក់​ថា ការ​តវ៉ា​របស់​ពលរដ្ឋ គឺ​មិន​មាន​អំពើ​ហិង្សា​កើត​ឡើង​ទេ ប៉ុន្តែ​ពួក​គេ​នៅ​តែ​បន្ត​បណ្ដាក់​គ្នា​រង់ចាំ​នៅ​ចំណុច​ដី​ជម្លោះ​នោះ​ដដែល៖ «ខ្ញុំ​មិន​ដឹង​ទេ​អា​ហ្នឹង ព្រោះ​ទម្លាក់​ដល់​ថ្នាក់​ខេត្ត​ហើយ ហើយ​ខេត្ត​បាន​ចារ​មក​ថា នឹង​សម្រប​សម្រួល​ថា​ឲ្យ​កាត់​ដី​ហ្នឹង​មួយ​ភាគ​ទៅ​ឲ្យ​អ្នក​គ្រប់គ្រង និង​ពីរ​ភាគ​ដក​យក​ទៅ​ជា​ដី​កប់​សព​វិញ»

លោក​បន្ថែម​ថា ក្រុម​អាជ្ញាធរ​មិន​មែន​ធ្វើ​ការងារ​នេះ​ដោយ​ស្ងាត់ៗ​ឡើយ គឺ​អាជ្ញាធរ​បាន​ធ្វើ​លិខិត​ជូន​ដំណឹង​ដល់​តំណាង​ពលរដ្ឋ​ឲ្យ​ចូលរួម​ទៀត​ផង។ លោក​ចៅ​សង្កាត់​ដដែល​ធ្លាប់​មាន​ប្រសាសន៍​ថា ពលរដ្ឋ​បី​គ្រួសារ​ដែល​អាជ្ញាធរ​បម្រុង​បែង​ចែក​ដី​ឲ្យ គឺ​ពួក​គេ​បាន​កាន់​កាប់​ដី​នោះ​ជា​យូរ​មក​ហើយ ដូច​នេះ​ពួក​គេ​អាច​មាន​សិទ្ធិ​ទទួល​បាន​ចំណែក​ដី​ខ្លះ។

យ៉ាង​ណា មន្ត្រី​អង្កេត​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) ខេត្ត​កំពង់ចាម លោក វ៉ន សេងធុយ មាន​ប្រសាសន៍​ថា ការ​សម្រេច​របស់​អាជ្ញាធរ​ដើម្បី​បែង​ចែក​ដី​កប់​សព​ទៅ​ជា​សម្បត្តិ​ឯកជន គឺ​ជា​រឿង​មិន​ត្រឹមត្រូវ​ទេ ព្រោះ​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ មិន​អាច​ប្រែ​ក្លាយ​ជា​សម្បត្តិ​ឯកជន​បាន​ឡើយ ដរាប​ណា​ដី​នោះ​នៅ​តែ​បម្រើ​ប្រយោជន៍​មនុស្ស​ទូទៅ៖ «ដោយឡែក​នៅ​ក្នុង​ច្បាប់​ភូមិបាល​បញ្ជាក់​ថា ដី​ទ្រព្យ​សម្បត្តិ​ទាំងអស់​ហ្នឹង​ស្ថិត​នៅ​ក្នុង​ការ​គ្រប់គ្រង​របស់​គណៈ​ភូមិ ឃុំ ហើយ​បើ​គាត់​ព្យាយាម​បែង​ចែក​ដី​នោះ គឺ​ជា​រឿង​មួយ​មិន​ស្រប​ទៅ​នឹង​ច្បាប់​ភូមិបាល​ទេ»

លោក​បន្ថែម​ថា ប្រសិន​បើ​អាជ្ញាធរ​នៅ​តែ​ព្យាយាម​បែង​ចែក​ដី​នោះ ដោយ​មិន​មាន​ដំណោះស្រាយ​ផ្សេង វា​នឹង​អាច​បង្ក​ជា​រឿង​ហិង្សា​ឡើង ខណៈ​មនុស្ស​ភាគ​ច្រើន​មិន​ពេញ​ចិត្ត។ ចំណែក​ខាង​លោក នឹង​បន្ត​តាម​ដាន​មើល​ពី​យន្តការ​ដោះស្រាយ​របស់​អាជ្ញាធរ​បន្ត​ទៀត ថា​តើ​ការ​ដោះស្រាយ​នោះ ពលរដ្ឋ​ភាគ​ច្រើន​អាច​ស្ងប់​ចិត្ត ឬ​យ៉ាង​ណា? ប្រសិន​បើ​ពលរដ្ឋ​ភាគ​ច្រើន​មិន​ពេញ​ចិត្ត ពួក​គេ​អាច​ដាក់​ពាក្យ​ប្ដឹង​ទៅ​ស្ថាប័ន​កំពូលៗ​បន្ត​ទៀត​បាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។