តំណាងពលរដ្ឋមានទំនាស់ដីធ្លី ចំនួន ៥ភូមិ នៅឃុំកោះខ្ញែរ ស្រុកសំបូរ ខេត្តក្រចេះ ខកចិត្តចំពោះក្រសួងមហាផ្ទៃ ដែលគ្មានដំណោះស្រាយវិវាទដីធ្លីជូនពួកគាត់ ។ ពួកគាត់អះអាងថា ប្រសិនបើអាជ្ញាធរនៅតែពុំមានដំណោះស្រាយសមរម្យ និងអាចទទួលយកបាន ពលរដ្ឋទាំង៥ភូមិ នឹងលើកគ្នាមកតវ៉ាស្វែងរកដំណោះស្រាយនៅរាជធានីភ្នំពេញបន្តទៀត។
តំណាងពលរដ្ឋមានទំនាស់ដីធ្លីចំនួន ៦នាក់ ដែលតំណាងឲ្យពលរដ្ឋជាង ១ពាន់ ៣រយ (១.៣១៨) គ្រួសារ នៅឃុំកោះខ្ញែរ ស្រុកសំបូរ ខេត្តក្រចេះ នាំគ្នាឡើងមករាជធានីភ្នំពេញ ដើម្បីទទួលលទ្ធផលពីក្រសួងមហាផ្ទៃ។
ពួកគាត់ខកចិត្តនឹងក្រសួងមហាផ្ទៃ ដែលពុំអាចដោះស្រាយបញ្ហាវិវាទដីធ្លី ឲ្យពួកគាត់បាន ក្រោមហេតុផលថា ពុំស្ថិតក្រោមដែនសមត្ថកិច្ច និងមិនអាចដោះស្រាយឲ្យបាន។
តំណាងពលរដ្ឋនៅឃុំកោះខ្ញែរ លោកស្រី អែល រ៉ូហ្សា ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២៣ ខែធ្នូ ក្នុងពេលឡើងមកយកលទ្ធផលនៅក្រសួងមហាផ្ទៃក្នុងរាជធានីភ្នំពេញ ថា លោកស្រី ហាក់អស់សង្ឃឹមចំពោះស្ថាប័នរដ្ឋ ដែលរុញដាក់គ្នាទៅវិញទៅមក ហើយមិនដោះស្រាយបញ្ហាជូនពលរដ្ឋ ។ លោកស្រីចង់ឃើញអាជ្ញាធរ ដោះស្រាយវិវាទដីធ្លីថ្នាក់ជាតិ ចុះពិនិត្យដល់មូលដ្ឋាន ដែលមានវិវាទ និងស្វែងរកដំណោះស្រាយជូនពលរដ្ឋ។
លោកស្រី អែល រ៉ូហ្សា៖«បញ្ជូនទៅខាងនេះ បញ្ជូនទៅខាងនោះ អីចឹងពិបាកដែរអីចឹង ពួកខ្ញុំជាប្រជាពលរដ្ឋនៅឃុំកោះខ្ញែរហ្នឹង ខ្ញុំមិនទៅស្គាល់ភ្នំពេញអីប៉ុន្មាន ខ្ញុំមានផលវិបាករបស់ខ្ញុំមិនដឹងថា ត្រូវទៅខាងណាខាងណីទៀត ព្រោះយើងមិនសូវដឹងដែរ ។ ចង់សុំឲ្យពួកគាត់ចុះទៅមើលផ្ទាល់ថា ប្រជាពលរដ្ឋរស់នៅឃុំកោះខ្ញែរហ្នឹង ពិបាកប៉ុណ្ណា ឬក៏ក្រលំបាក កំសត់អត់ឃ្លានយ៉ាងណា ចង់ឲ្យគាត់ពិនិត្យមើលដោយភាពជាក់ស្ដែង»។
ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីតំណាងពលរដ្ឋនៅឃុំកោះខ្ញែរ ឡើងមកទទួលលិខិតឆ្លើយតបសំណើស្នើសុំដំណោះស្រាយវិវាទដីធ្លីពីក្រសួងមហាផ្ទៃ ដែលពលរដ្ឋបានស្នើឱ្យស្ថាប័នជាតិមួយនេះ ជួយដោះស្រាយបញ្ហាដីធ្លីរវាងពលរដ្ឋ ជាមួយក្រុមហ៊ុន កម្មករ យុវជនស្វាយរៀង ស្ថិតនៅឃុំកោះខ្ញែរ ស្រុកសំបូរ ខេត្តក្រចេះ។
លិខិតឆ្លើយតបរបស់ក្រសួងមហាផ្ទៃ ដែលចុះហត្ថលេខារបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា បានឲ្យដឹងថា ក្រសួងបានពិនិត្យឃើញថា ទំនាស់ដីធ្លីនេះ ស្ថិតក្រោមសមត្ថកិច្ចរបស់អាជ្ញាធរជាតិដោះស្រាយវិវាទដីធ្លី ហើយក្រសួងមហាផ្ទៃមិនអាចលើកយកបញ្ហានេះ មកដោះស្រាយបានឡើយ។
ជុំវិញបញ្ហានេះ អនុប្រធានផ្នែកសិទ្ធិមនុស្ស ដីធ្លី និងធនធានធម្មជាតិ នៃសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) លោក យិន ម៉េងលីមានប្រសាសន៍ថា ផ្អែកតាមផ្លូវច្បាប់ក្រសួងមហាផ្ទៃ ពុំមែនជាស្ថាប័នដោះស្រាយពាក្យបណ្ដឹងរឿងវិវាទដីធ្លីឡើយ។ លោកមើលឃើញថា ការស្នើសុំរបស់ពលរដ្ឋនៅក្រសួងមហាផ្ទៃនៅពេលនេះ ហាក់សំដៅដល់ការស្នើសុំកិច្ចអន្តរាគមន៍ពីក្រសួងមហាផ្ទៃ ចំពោះការរារាំងមួយចំនួនរបស់អាជ្ញាធរមូលដ្ឋាន ទៅលើការជួបជុំ ឬប្រមូលផ្ដុំដោយសន្តិវិធីរបស់ពលរដ្ឋ។
លោក យិន ម៉េងលី៖«បើសិនជាការដោះស្រាយហ្នឹង ធ្វើមិនទាន់ដោយសារតែកត្តាពេលវេលា ឬក៏ដោយសារតែមន្ត្រីជាប់រវល់ ត្រូវអនុញ្ញាតឲ្យប្រជាពលរដ្ឋគាត់គ្រប់គ្រងគាត់បង្កបង្កើនផលជាបណ្ដោះអាសន្នសិនលើដី ដែលពួកគាត់ធ្លាប់គ្រប់គ្រងធ្លាប់កាន់កាប់ដើម្បីដោះស្រាយបញ្ហាជីវភាពរបស់ពួកគាត់សិន ទម្រាំតែខាងក្រុមការងាររបស់ក្រសួង ឬមន្ទីរមានពេលវេលាគ្រប់គ្រាន់ក្នុងការចូលរួមដោះស្រាយ ។ ការធ្វើបែបនេះ គឺដើម្បីបញ្ចៀសបញ្ហាការប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ពួកគាត់ ខណៈពួកគាត់ជំពាក់បំណុលធនាគារ ទី២ គឺដើម្បីកាត់បន្ថយកុំឲ្យពួកគាត់បន្តការទាមទារការឡើងមកសុំការអន្តរាគមន៍ថ្នាក់ជាតិទៀត បើមិនអ៊ីចឹងទេ ពួកគាត់នៅអត់ស្ងៀមទេ ព្រោះនេះវាជាឆ្នាំងបាយរបស់ពួកគាត់ ជាអាយុជីវិត»។
កន្លងទៅពលរដ្ឋមានទំនាស់ដីធ្លីនៅឃុំកោះខ្ញែរ បានឡើងមកដាក់ញត្តិស្នើសុំកិច្ចអន្តរាគមន៍ដោះស្រាយវិវាទដីធ្លីជាបន្តបន្ទាប់ នៅរាជធានីភ្នំពេញ ដូចជានៅខុទ្ទកាល័យនាយករដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ក្រសួងកសិកម្ម និងក្រសួងដែនដីជាដើម។
កាលពីថ្ងៃទី២១ ខែវិច្ឆិកា ពលរដ្ឋឱ្យដឹងថា មន្ត្រីក្រសួងកសិកម្ម បានសហការជាមួយអាជ្ញាធរខេត្តក្រចេះ និងអាជ្ញាធរស្រុកសំបូរ បានចុះពិនិត្យដីធ្លី ដែលកំពុងមានជម្លោះស្ថិតនៅក្នុងឃុំកោះខ្ញែរនោះ ប៉ុន្តែពលរដ្ឋបានអះអាងថា ការចុះពិនិត្យរបស់អាជ្ញាធរនៅពេលនោះ ពុំបានជួបសួរនាំពលរដ្ឋ និងអាជ្ញាធរភូមិឃុំ កោះខ្ញែរនោះឡើយ ។ បន្ថែមពីនោះ អភិបាលរងស្រុកសំបូរ លោក ចេង គឹមជប់ បានអះអាងប្រាប់អាស៊ីសេរីថា អាជ្ញាធរពាក់ព័ន្ធគ្មានផែនការផ្ដល់ដីឱ្យទៅពលរដ្ឋវិញនោះទេ ព្រោះពលរដ្ឋចូលអាស្រ័យផលលើដីនោះ ក្រោយក្រុមហ៊ុនវិនិយោគ។
ដោយឡែក កាលពីថ្ងៃទី៤ ខែវិច្ឆិកា រដ្ឋបាលឃុំកោះខ្ញែរ បានទទួលស្គាល់ថា ក្រុមហ៊ុនកាម៉ាដេនូ វេនឈ័រ (Kamdhenu Ventures Cambodia Limited) បានរំលោភលើដីប្រជាពលរដ្ឋ ហើយរដ្ឋបាលឃុំកោះខ្ញែរ ថែមបានទាំងស្នើដល់ថ្នាក់ដឹកនាំខេត្តមេត្តាជួយស្វែងរកយុត្តិធម៌ជូនប្រជាពលរដ្ឋថែមទៀតផង ។ បន្ថែមពីនេះ រដ្ឋបាលឃុំកោះខ្ញែរ បានបញ្ជាក់ថា ពលរដ្ឋបានកាន់កាប់ដីនៅតំបន់នោះចន្លោះពីឆ្នាំ២០១០ ដល់ ២០១២ ហើយបន្តរហូតដល់បច្ចុប្បន្ន ។ ប៉ុន្តែក្នុងឆ្នាំ២០២៣ - ២០២៤ ក្រុមហ៊ុនបានឈូសឆាយដីស្រែចំការ ផលដំណាំរបស់ប្រជាពលរដ្ឋ ហើយក្រុមហ៊ុន ថែមទាំងបានចោទពលរដ្ឋថា បានរំលោភយកដីក្រុមហ៊ុនទៅវិញ។
ទោះជាយ៉ាងណា ពលរដ្ឋមានវិវាទដីធ្លីនៅឃុំកោះខ្ញែរ អះអាងថា ពួកគាត់គ្រោងនឹងឡើងមកជួបជុំគ្នា នៅរាជធានីភ្នំពេញ ជាថ្មីទៀត ដើម្បីស្នើដល់រដ្ឋាភិបាល ឲ្យដោះស្រាយបញ្ហាវិវាទដីធ្លីជូនពួកគាត់ បើមិនដូច្នោះទេពួកគាត់គ្មានដីធ្លីបង្កបង្កើនផលចិញ្ចឹមជីវិតនោះទេ៕
