ក្រុម​ពលរដ្ឋ​រស់​នៅ​តាម​ដង​ទន្លេ​បាសាក់​កំពុង​បារម្ភ​ពី​ការ​បណ្ដេញ​ចេញ​ទាំង​បង្ខំ ក្នុង​គម្រោង​សាងសង់​ស្ពាន​ព្រែកប្រា

ដោយ ទីន ហ្សាការីយ៉ា
2024.02.22
ក្រុម​ពលរដ្ឋ​រស់​នៅ​តាម​ដង​ទន្លេ​បាសាក់​កំពុង​បារម្ភ​ពី​ការ​បណ្ដេញ​ចេញ​ទាំង​បង្ខំ ក្នុង​គម្រោង​សាងសង់​ស្ពាន​ព្រែកប្រា គំនូរប្លង់​ស្ពាន ដែល​រដ្ឋាភិបាល​គ្រោង​សាងសង់​​ឆ្លង​ទន្លេ​បាសាក់​ពី​សង្កាត់​ចាក់​អង្រែ​ក្រោម​ទៅ​កាន់​សង្កាត់​ព្រែកប្រា។
រូប៖ ហ្វេសប៊ុកក្រសួងសារធារណការ និងដឹកជញ្ជូន

ក្រុម​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​រស់​តាម​ដង​ទន្លេបាសាក់​ក្នុង​សង្កាត់​ចាក់​អង្រែ​ក្រោម និង​សង្កាត់​ព្រែកប្រា ក្នុង​រាជធានី​ភ្នំពេញ កំពុង​ព្រួយបារម្ភ​ចំពោះ​ការ​ឈូស​ឆាយ​ផ្ទះ​សម្បែង និង​ការ​បណ្ដេញ​ចេញ​ពី​ដីធ្លី​ទាំង​បង្ខំ បន្ទាប់​ពី​រដ្ឋាភិបាល​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​ចិន​អនុវត្ត​គម្រោង​សាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេបាសាក់។

ក្ដី​បារម្ភ​នេះ កើត​ឡើង​បន្ទាប់​ពី មន្ត្រី​សុរិយោដី​នៃ​ក្រសួង​ដែន​ដី​ចុះ​កំណត់​ទីតាំង​ផ្ទះ​ពលរដ្ឋ​មួយ​ចំនួន​ត្រូវ​ឈូស​ឆាយ ដើម្បី​អនុវត្ត​គម្រោង​សាងសង់​ស្ពាន​ឆ្លង​កាត់​ទន្លេ​បាសាក់។

ពលរដ្ឋ​រស់​នៅ​ភូមិ​តាឡុង សង្កាត់​ចាក់​អង្រែក្រោម លោកស្រី វិន ស្រីរៀង ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា អាជ្ញាធរ​បាន​ចុះ​កំណត់​ទីតាំង​ផ្ទះ​លោកស្រី និង​ផ្ទះ​ពលរដ្ឋ​ក្នុង​សង្កាត់​ចាក់​អង្រែ​ក្រោម ដែល​ជាប់​ផ្លូវជាតិ​លេខ២ និង​ដង​ទន្លេ​បាសាក់​យ៉ាង​ហោច​ជិត ៥០គ្រួសារ​ទៀត​ថា នឹង​រង​ផល​ពី​ការ​សាងសង់​ស្ពាន។ លោកស្រី​និយាយ​ថា ជាង ១ខែ​មក​នេះ លោកស្រី​ពិបាកចិត្ត ដេក​មិន​លក់ ដោយសារ​តែ​បារម្ភ​ត្រូវ​គេ​ឈូស​កម្ទេច​ផ្ទះ ព្រោះ​លោកស្រី​បាន​លក់​ដី​នៅ​ឯ​ស្រុក​កំណើត​ក្នុង​ខេត្តកំពត ដើម្បី​ទិញ​ដី និង​សាងសង់​ផ្ទះ​កំពុង​រស់​នៅ​សព្វថ្ងៃ ដែល​មាន​តម្លៃ​ប្រមាណ​ជិត ៣០ម៉ឺន​ដុល្លារ។

លោកស្រី វិន ស្រីរៀង ឱ្យ​ដឹង​ទៀត​ថា កាល​ពី​ចុង​ខែមករា​កន្លងទៅ មន្ត្រី​សុរិយោដី និង​តំណាង​ក្រុមហ៊ុន​ចិន បាន​ហៅ​តំណាង​ពលរដ្ឋ​ប្រមាណ ៥០នាក់​ជួបជុំ​គ្នា​នៅ​ព្រះវិហារ​ចិន​មួយ​កន្លែង ក្នុង​ក្រុង​តាខ្មៅ​ដែរ ប៉ុន្តែ​លោកស្រី​ថា អាជ្ញាធរ និង​តំណាង​ក្រុមហ៊ុន​បាន​ត្រឹមតែ​បង្ខំ​ឱ្យ​ពលរដ្ឋ​ផ្ដិត​មេដៃ​ទទួល​ស្គាល់​ថា ផ្ទះ និង​ដី​របស់​ខ្លួន​ប្រឈម​រង​ផល​ប៉ះពាល់​ពី​គម្រោង ដោយ​គ្មាន​ប្រាប់​ពី​ដំណោះស្រាយ ឬ​ការ​ផ្ដល់​សំណង​ឱ្យ​ពលរដ្ឋ​សមរម្យ​នោះ​ទេ។

លោកស្រី វិន ស្រីរៀង៖ «ស្នើ​សុំ​ថា សុំ​ឱ្យ​គេ​ខិត​ទៅ​ទី​ស្នាក់ [គណបក្ស​ប្រជាជន​កម្ពុជា] នោះ​ឱ្យ​អស់​ទៅ​វា​គេច​ផុត​ផ្ទះ​ខ្ញុំ ព្រោះ​អី​យើង​ស្ដាយ​ផ្ទះ​យើង អត់​ចង់​ឱ្យ​ប៉ះ​ទេ ហើយ​គេ [មន្ត្រី​សុរិយោដី] ថា ចាំ​ពិភាក្សា​គ្នា​ថ្នាក់​លើ​គាត់​ថា មិន​ថា ពិភាក្សា​ម៉េច​អត់​ឃើញ​មាន​ផ្ដល់​ដំណឹង​អី​ផង»

ពលរដ្ឋ​ឱ្យ​ដឹង​ថា អ្នក​ប្រឈម​រង​ផល​ប៉ះពាល់​បាត់បង់​ដី​ធ្លី និង​ផ្ទះ​សម្បែង​ពី​គម្រោង​សាងសង់​ស្ពាន​ឆ្លង​កាត់​ទន្លេ​បាសាក់​ក្នុង​សង្កាត់​ចាក់​អង្រែ​ក្រោម និង​សង្កាត់​ព្រែកប្រា ប្រមាណ ១៥០គ្រួសារ​នោះ​ទេ។ ពលរដ្ឋ​ប្រឈម​រង​គ្រោះ​ភាគ​ច្រើន បាន​តាំង​ទី​លំនៅឋាន​រស់​នៅ​តំបន់​ដង​ទន្លេ​បាសាក់ ២០ ទៅ ៣០ឆ្នាំ​មក​ហើយ ដោយ​ពលរដ្ឋ​ខ្លះ​ធ្វើ​ជា​វិឡា ផ្ទះ​ល្វែង និង​ផ្ទះ​សម្រាប់​ជួល​ជាដើម។

គម្រោង​សាងសង់​ស្ពាន​ឆ្លង​ទន្លេ​បាសាក់​ពី​សង្កាត់​ចាក់​អង្រែ​ក្រោម​ទៅ​កាន់​សង្កាត់​ព្រែកប្រា មក​ទល់​ពេល​នេះ ក្រុមហ៊ុន​បាន​ចាក់​គ្រឹះ​សរ​បាន​ជិត​ពាក់​កណ្ដាល​នៃ​ផ្ទៃ​ទន្លេ​បាសាក់​ហើយ។

ស្រដៀង​គ្នា​នេះ​ដែរ ពលរដ្ឋ​ម្នាក់​ទៀត​រស់​នៅ​សង្កាត់​ចាក់​អង្រែ​ក្រោម​ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ​លើកឡើង​ថា រដ្ឋាភិបាល​មិន​គួរ​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​អនុវត្ត​គម្រោង មុន​ស្វែង​រក​ដំណោះស្រាយ​សម្រាប់​ពលរដ្ឋ​នោះ​ទេ។ លោក​បញ្ជាក់​ថា ក្រុម​ពលរដ្ឋ​មិន​ប្រឆាំង​នឹង​ការ​អភិវឌ្ឍ​របស់​រដ្ឋាភិបាល​នោះ​ទេ ប៉ុន្តែ​ប្រសិន​បើ​ការ​សាងសង់​ស្ពាន​នេះ​ធ្វើ​ឱ្យ​ប៉ះពាល់​ដី​ធ្លី និង​ផ្ទះ​សម្បែង​ពលរដ្ឋ ពួក​គាត់​ទាមទារ​ឱ្យ​រដ្ឋាភិបាល​មាន​ទំនួល​ខុសត្រូវ​ផ្ដល់​សំណង​ឱ្យ​បាន​ស្នើ​តម្លៃ​ដី និង​ផ្ទះ​ពលរដ្ឋ​កំពុង​តាំង​លំនៅឋាន​រស់នៅ​សព្វថ្ងៃ។

«ឆ្ងល់​ថា យើង​បើក​ការដ្ឋាន​ហើយ​អត់​ទាន់​មាន​ខាងណា មក​ប្រាប់​ថា ត្រូវ​មាន​សំណង​អី​ប៉ុន្មាន​ជូន​យើង បើ​អត់​ទាន់​មាន​ពី​ប្រជាជន​ដែល​ទទួល​យក​បាន​ផង គាត់​បើក​ការដ្ឋាន​អ៊ីចឹង​មាន​ន័យ​ថា រឿង​ហ្នឹង​វា​អាច​នឹង​មាន​បញ្ហា​អី​មួយ បើ​ទោះ​បី​មាន​បញ្ហា​ក៏​ហៅ​ប្រជាជន​ទៅ​ប្រាប់​ណែនាំ​ថា បញ្ហា​នេះ​ត្រូវ​គិត​ពន្យារ​ដល់​ពេលណា ឬ​ដោះស្រាយ​ម៉េចៗ គឺ​អត់​ទាន់​មាន​ទេ គ្រាន់​តែ​ហៅ​យើង​ទៅ​ផ្ដិត​មេដៃ ទទួល​ស្គាល់​ថា ទីតាំង​ផ្ទះ​យើង​គឺ​ចំ​គេ​ធ្វើ​ស្ពាន ប៉ុន្តែ​បើ​ឱ្យ​ប្រាប់​ពី​តម្លៃ​ផ្ទះ​គិតគូរ​ឱ្យ​យើង​ម៉េច​គឺ​អត់​មាន»

ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេ​បាសាក់ កាល​ពី​ថ្ងៃទី១៩ ខែកុម្ភៈ ទាំង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និង​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក ប៉េង ពោធិ៍នា ចាត់​ទុក​គម្រោង​នេះ​ថា ជា​សមិទ្ធផល​ថ្មី​មួយ​ទៀត ក្នុង​ការ​ផ្ដល់​ក្ដី​សង្ឃឹម​បម្រើ​ប្រយោជន៍​របស់​ពលរដ្ឋ​ទូទៅ។ លោក ប៉េង ពោធិ៍នា មិន​បាន​បង្ហាញ​ពី​យន្តការ​ដោះស្រាយ​សម្រាប់​ពលរដ្ឋ ដែល​រង​ផល​ប៉ះពាល់​ពី​គម្រោង​នេះ​ទេ ដោយ​គ្រាន់​តែ​ស្នើ​ឱ្យ​ពលរដ្ឋ​យោគយល់​តែ​ប៉ុណ្ណោះ។

លោក ប៉េង ពោធិ៍នា៖ «ខ្ញុំបាទ​ក៏​សុំ​ផ្ដាំផ្ញើ​ដល់​ក្រុមហ៊ុន​សាងសង់ និង​ក្រុមហ៊ុន​ត្រួត​ពិនិត្យ​បច្ចេកទេស សូម​ឱ្យ​អនុវត្ត​ការងារ​ឱ្យ​បាន​ត្រឹមត្រូវ​ស្រប​តាម​ស្តង់ដារ​បច្ចេកទេស និង​សូម​ស្នើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​មាន​ផ្ទះសម្បែង​នៅ​ជិត​ការដ្ឋាន​សាងសង់ ឬ​ទទួល​រង​ផល​ប៉ះពាល់​ដោយសារ​គម្រោង​អភិវឌ្ឍ​នេះ សូម មេត្តា​យោគយល់ និង​អធ្យាស្រ័យ​ខ្ពស់ ដើម្បី​ជំរុញ​ការដ្ឋាន​សាងសង់​អាច​ដំណើរ​បាន​រលូត និង​បញ្ចប់​តាម​ផែនការ​គ្រោងទុក»

វិទ្យុអាស៊ីសេរី​មិន​អាច​ទាក់ទង រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក ប៉េង ពោធិ៍នា និង​អ្នកនាំពាក្យ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក សេង ចាន់ឡូត ដើម្បី​សាកសួរ​បន្ថែម​ជុំវិញ​រឿង​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី២១ ខែកុម្ភៈ។

រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត បាន​ខ្ចី​បុល​ពី​ប្រទេស​ចិន​កុម្មុយនិស្ត​ជាង ៦០លាន​ដុល្លារ​អាមេរិក ដើម្បី​អនុវត្ត​គម្រោង​សាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេ​បាសាក់​តភ្ជាប់​តំបន់​ចាក់​អង្រែ​ក្រោម​ព្រែកប្រា មាន​ប្រវែង​សរុប​ជាង ១ពាន់ ៦រយម៉ែត្រ (.៦៥០ម៉ែត្រ) និង​មាន​ទទឹង ២៧ម៉ែត្រ។ គម្រោង​នេះ​គ្រប់គ្រង​សាងសង់​ដោយ​ក្រុមហ៊ុន​ចិន​ឈ្មោះ សៀងហៃ ខនស្រ្តាក់សិន គ្រុប (Shanghai Construction Group) ហើយ​រដ្ឋាភិបាល​រំពឹង​ថា គម្រោង​នឹង​សាងសង់​រួចរាល់​នៅ​ឆ្នាំ២០២៧។

ជុំវិញ​រឿង​នេះ អ្នក​សម្របសម្រួល​គម្រោង​ធុរកិច្ច និង​សិទ្ធិមនុស្ស​របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោក វណ្ណ សូផាត មាន​ប្រសាសន៍​ថា មុន​អនុវត្ត​គម្រោង​ធ្វើ​ស្ពាន​នេះ​រដ្ឋាភិបាល​គួរ​ផ្ដល់​ឱកាស​សម្រាប់​គ្រប់​ភាគី​ពាក់ព័ន្ធ ជាពិសេស​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​វាយ​តម្លៃ​ផល​ប៉ះពាល់​បរិស្ថាន និង​សង្គម​ឱ្យ​បាន​ត្រឹមត្រូវ ដើម្បី​ធានា​ថា គម្រោង​នោះ​ធ្វើ​ឡើង​ប្រកប​ដោយ​តម្លាភាព។ លោក​លើកឡើង​ទៀត​ថា ខណៈ​ស្ថានភាព​បញ្ហា​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា​កាន់​តែ​យ៉ាប់យ៉ឺន រដ្ឋាភិបាល​គួរតែ​ពន្លឿន​នីតិវិធី​ស្វែងរក​ដំណោះស្រាយ​សម្រាប់​ពលរដ្ឋ​ឱ្យ​បាន​សមរម្យ និង​ស្រប​តាម​ច្បាប់។

លោក វណ្ណ សូផាត៖ «ប្រសិនបើ​មាន​ការ​ដោះដូរ​ដី ក៏​ត្រូវតែ​ធ្វើ​តាម​នីតិវិធី ដី​កន្លែង​ថ្មី​ហ្នឹង​ត្រូវ​មាន​ធ្វើ​ហេដ្ឋារចនាសម្ពន្ធ​ឱ្យ​បាន​រួច​ជាស្រេច ទី​កន្លែង​នោះ​ក៏​ត្រូវតែ​ជា​កន្លែង​ដែល​ពួកគាត់​អាច​ទៅ​រស់​នៅ​ប្រកប​ដោយ​សុវត្ថិភាព រក​ចំណូល​បាន​ប្រហាក់ប្រហែល​កន្លែង​ដើម​ដែល​គាត់​នៅ ឬ​ប្រសើរ​ជាង​ហ្នឹង។ អា​ហ្នឹង​គឺជា​ដោះស្រាយ។ ប្រជាពលរដ្ឋ​ក៏​មិន​ប្រឆាំង មិន​ជំទាស់​ការ​អភិវឌ្ឍ ប៉ុន្តែ​ធ្វើ​ម៉េច​ឱ្យ​មាន​ដំណោះស្រាយ​សមរម្យ​ដែល​គាត់​អាច​ទទួល​យក​បាន។ ឧទាហរណ៍​ថា ដី​គាត់​តម្លៃ​ទីផ្សារ ៨០ដុល្លារ​មួយ​ការ៉េ ឬ​មួយ​ម៉ែត្រ​ការ៉េ ស្រាប់​តែ​ឱ្យ​គាត់ ២០ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ការ៉េ តើ​គាត់​អាច​យក​ទៅ​ទិញ​ដី​នៅ​កន្លែង​ផ្សេង​ទៀត​បាន​ទេ? ថា​តើ​ឱ្យ​ពលរដ្ឋ​យោគយល់​មាន​ន័យ​ថា ម៉េច?»

ក្រុម​ពលរដ្ឋ​តាម​ដង​ទន្លេ​បាសាក់​លើកឡើង​ថា ពួកគាត់​មិន​អាច​ទទួល​យក​បាន​ឡើយ​ចំពោះ​ការ​លើកឡើង​របស់​រដ្ឋាភិបាល និង​មន្ត្រី​អាជ្ញាធរ​ដែល​ស្នើ​ឱ្យ​ពលរដ្ឋ​យោគយល់​ប្រសិនបើ​ក្រុមហ៊ុន​បង្ក​ផល​ប៉ះពាល់ ឬ​ឈូស​កម្ទេច​ផ្ទះ​សម្បែង​របស់​ពួកគាត់​នោះ។ ក្រុម​ពលរដ្ឋ​រស់​នៅ​ក្នុង​សង្កាត់​ចាក់​អង្រែក្រោម និង​សង្កាត់​ព្រែកប្រា ព្រមាន​តវ៉ា​ទ្រង់ទ្រាយ​ធំ​ក្នុង​ការ​ទាមទារ​រក​យុត្តិធម៌ ប្រសិនបើ​ក្រុមហ៊ុន​កម្ទេច​ផ្ទះ​សម្បែង​ពួកគាត់ ដោយ​គ្មាន​សំណង​សមរម្យ និង​ផ្ដល់​ដំណោះស្រាយ​ស្រប​តាម​ច្បាប់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។