លោក ស ខេង ថា មន្ត្រីធំៗ រំលោភ​យក​ដីធ្លី​ពលរដ្ឋ​ និង​ធ្វើឲ្យ​ពិបាក​​ដោះស្រាយ

ដោយ ទីន ហ្សាការីយ៉ា
2020-07-07
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ
លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ
រូប៖ ហ្វេសប៊ុកលោក ស ខេង

រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ ​លោក ​ស ខេង ​ត្អូញ​ថា​  លោក​រងកម្ម​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​ដីធ្លី​ក្នុង​ខេត្ត​មណ្ឌលគិរី ​ដោយសារ​តែ​មន្ត្រី​ធំៗ ​បាន​ប្រជែង​គ្នា ​ទៅ​ចាប់​ដី​នៅ​ទីនោះ ​និង​មាន​ជម្លោះ ដីធ្លី​ជា​ច្រើន​ទៀត ​មិន​ទាន់​ដោះស្រាយ​រួច​។ ​លោក ស ខេង ​ថ្លែង​បែប​នេះ ​ក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​សុវត្ថិភាព​ចរាចរណ៍ នៅ​ព្រឹក​ថ្ងៃ​ទី៧ ខែ​កក្កដា​។

រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ ​លោក ស ខេង ថ្លែង​នៅ​ចំពោះ​មុខ​អភិបាល​ខេត្ត/ក្រុង​ទាំងអស់​ថា​ ជម្លោះដីធ្លី​ដែល​បាន​កើតឡើង​ជា​ហូរហែ ​ហើយ​ស្មុគស្មាញ​ក្នុង​ការ​ដោះស្រាយ​នោះ​គឺ​ដោយសារ​ តែ​មិន​មាន​ប្លង់​មេ ​ឬ​ប្លង់​គោល​ឲ្យ​បាន​ច្បាស់លាស់​ និង​មានការ​ជាប់​ពាក់ព័ន្ធ​ជាមួយ​នឹង​មន្ត្រី​គ្រាក់ៗ ​របស់​រដ្ឋាភិបាល ​។ ​លោក ​ស ខេង ​បន្ត​ថា​ បច្ចុប្បន្ន​នេះ  ជម្លោះដីធ្លី​នៅ​ខេត្ត​មណ្ឌលគិរី​កំពុង​តែ​កើត​ឡើង​ច្រើន ​ដោយសារ​អ្នក​ធំៗ ​បាន​ប្រជែង​គ្នា​ ទៅ​ចាប់​ដី​នៅ​ទី​នោះ និង​ធ្វើ​ឱ្យ​លោក​រងកម្ម​ក្នុង​ការ​ដោះស្រាយ​។ ​ទោះ​ជា​យ៉ាងណា លោក ​ស ខេង ​មិន​ប្រាប់​ឈ្មោះ ​អ្នក​ធំ​ណា​ខ្លះ​នោះ​ទេ​ ក៏ប៉ុន្តែ​លោក​បង្ហើប​ថា ​មាន​អ្នក​ធំ​ខ្លះ​មាន​ងារ​ជា​ឧបនាយករដ្ឋមន្ត្រី៖ «ឥលូវ​នាំគ្នា​ទៅ​ចាប់​ដី ​កំពុង​មាន​រឿង​កំពុង​ដោះស្រាយ ​ហើយ​សុទ្ធ​តែ​ធំៗ ​ប៉ុណ្ណា​ខ្ញុំ​មិន​ដឹង​ទេ​ តែ​មន្ត្រី​ធំៗ​ទៅ​ប្រជែង​គ្នា​ចាប់​ដី​។ ​ខ្ញុំ​ជា​អ្នក​រងកម្ម ​មែនទែន​ទៅ​ដោះស្រាយ​រឿង​ដី​ហ្នឹង​ ចាំ​ដោះ​ឱ្យ​។ ​មាន​បញ្ហា»

ទោះ​ជា​យ៉ាងណា ​ក្រុម​ជន​ជាតិ​ដើម​ភាគ​តិច ​និង​មន្ត្រី​សង្គម​ស៊ីវិល ​ចាត់​ទុក​ការ​លើក​ឡើង​នេះ​ថា ​ជា​ការ​បើក​ផ្លូវ​ឱ្យ​អាជ្ញាធរ​ជាតិ ​គួរ​ចាត់​វិធានការ​ច្បាប់ ​ចំពោះ​អ្នក​មាន​អំណាច ​និង​មន្ត្រី​គ្រាក់ៗ​ ដែល​ទៅ​ច្បាម​យក​ដី​ព្រៃ​សាធារណ​របស់​រដ្ឋ ​និង​ដី​ព្រៃ​អភិរក្ស​ធ្វើ​ជា​កម្មសិទ្ធិ​ឯកជន​ខុស​ច្បាប់​។

សមាជិក​បណ្ដាញ​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​ព្នង ​ខេត្ត​មណ្ឌលគិរី​ លោក ​គ្រើង តុលា ​សង្កេត​ឃើញ​ថា ​វិបត្តិ​ដីធ្លី​កើត​មាន​ច្រើន​ ដោយសារ​អ្នក​មាន​អំណាច ​និង​មន្ត្រី​ធំៗ​ ទៅ​បំពាន​យក​ដីព្រៃ​របស់​រដ្ឋ ​ហើយ​មន្ត្រី​មូលដ្ឋាន​មិន​ហ៊ាន​អនុវត្ត​ច្បាប់​នោះ​ទេ​។ ​លោក​ថា ​អាជ្ញាធរ​ភូមិ ​មេឃុំ ​រហូត​ដល់​អាជ្ញាធរ​ខេត្ត​ខ្លះ ​និង​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេង​ទៀត ​មាន​ជាប់​ពាក់ព័ន្ធ ​ការ​រំលោភ​ដី​ព្រៃ​របស់​រដ្ឋ​ និង​ដី​ព្រៃ​អភិរក្ស ​តាម​រយៈ​ការ​ធ្វើ​លិខិត​មិន​ប្រក្រតី​ផ្សេងៗ៖ «អ្នក​មាន​លុយ ​ហើយ​មាន​អំណាច​ចង់​បាន​ដី ​ឱ្យ​តែ​ចង្អុល​យក​ ឃើញ​ប៉ុណ្ណា​យក​ប៉ុណ្ណឹង​។ ​ចំណុច​ហ្នឹង ​ខ្ញុំ​ថា ​វា​ស្មុគ​ស្មាញ​ដោយសារ​អ្នក​មាន​អំណាច ​និង​អ្នក​មាន​លុយ​វា​ទៅ​ធ្វើ​។ ​អ៊ីចឹង​ហើយ ​គ្នា​មន្ត្រី​ថ្នាក់​ក្រោម​ជាតិ​ គ្រាន់តែ​ឮ​ថា ​របស់​មេ​មួយៗ ​គឺ​ក្រាប​ដូច ​មាន់​ក្រាប​ពង​អ៊ីចឹង។​ មេ​ធ្វើ​អី​ខុស​ក៏​ខុស​ទៅ ​ឱ្យ​តែ​ខ្ញុំ​រួចខ្លួន​ គាត់​ទៅ​កាង​ ទៅ​ឃាត់​ទៅ​អី ​ធ្វើ​ឱ្យ​មេ​ស្ដី​បន្ទោស ​ឬ​រក​លេស​ទៅ​ធ្វើបាប​គាត់​ គាត់​ខ្លាច​រឿង​ហ្នឹង​ទេ»

ជនជាតិ​ដើម​ភាគ​តិច​ព្នង​រស់​នៅ​ភូមិ​ពូលូង ​សង្កាត់​រមនា ​ក្រុង​សែនមនោរម្យ​ លោកស្រី ​និន​ ចាន់ណា ថ្លែង​ថា  ថ្មីៗ​នេះ​ អ្នកមាន​អំណាច​បាន​យក​គ្រឿងចក្រ​ ឈូស​ឆាយ​រំលោភ​ដី​ភ្នំ​រ៉ាដាង​ទាំងមូល ​ដោយ​មាន​មន្ត្រី​តុលាការ​គំរាម​ពលរដ្ឋ​មិន​ឱ្យ​ងើប​តវ៉ា​។ ​លោក​ស្រី​ថា ​ ព្រៃឈើ​ដុះ​ព័ទ្ធ​ជុំវិញ​ភ្នំ ​ត្រូវ​បាន​គេ​ឈូស​ឆាយ​កម្ទេច​ចោល​ក្លាយ​ជា​វាល​រហោឋាន ​ប៉ះពាល់​ផ្នូរ​កប់​សព​ ព្រៃ​អារក្ស​ កន្លែង​ជំនឿ​សាសនា ​និង​បាត់បង់​ប្រភព​ទឹក​អូរ​ធម្មជាតិ​ជាដើម​។ ​លោក​ស្រី​រិះគន់​ថា ​អ្នកមាន​អំណាច ​បំពាន​យក​ដី​ភ្នំ​ទាំងមូល​ជា​កម្មសិទ្ធិ ​មន្ត្រី​ពាក់ព័ន្ធ​ខេត្ត​នេះ ​មិន​បាន​យកចិត្តទុកដាក់​ដោះស្រាយ​នោះ​ទេ៖ «ទាមទារ​ដែល​តែ​គេ​អត់​ស្តាប់​ទេ ​គេ​ឱ្យ​តែ​អាត្រាក់​ហ្នឹង​ទៅ​វៃ​ទេ ​ដល់​ទៅ​សួរ​តៃកុង​អាអ៊ិច​ហ្នឹង ​គេ​អត់​ប្រាប់​ទេ ​គេ​អត់​ប្រាប់​ថា ​ឈ្មោះ​អី​អ៊ីចឹង?​ ​សល់​សួរ​អាជ្ញាធរ​ឃុំ​គេ​ថា​ ម៉េច​ចង់​ម៉េច​អ៊ីចឹង​? ​អាជ្ញាធរ​គេ​រឹត​បណ្តឹង​ពួក​ខ្ញុំ​មែនទែន​។ ​គេ​បំពាន​យក​បាត់បង់​អស់​ហើយ​ គេ​ឈូស​ឆាយ​អស់​ហើយ ​មាន​អណ្តូង​ទឹក​ ព្រៃ​កប​ខ្មោច ​មាន​ខ្ទម​អ្នកតា ​ហើយ​កន្លែង​ហ្នឹង​កាន់​មែន​ទែន​ឥឡូវ»

កាល​ពី​ថ្ងៃ​ទី៣ កក្កដា​ លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន បាន​បញ្ជា​ឱ្យ ​ក្រសួង​បរិស្ថាន​ ក្រសួង​កសិកម្ម ​និង​ក្រសួង​ដែនដី ​កាត់​ឆ្វៀល​ដី​ជូន​ពលរដ្ឋ​ ដែល​ទៅ​តាំង​ទី​លំ​នៅ​រយៈ​ពេល ​១០​ ទៅ ​២០ឆ្នាំ​  ក្នុង​តំបន់​អភិរក្ស ​និង​តំបន់​ការពារ​ផ្សេង​ទៀត​របស់​រដ្ឋ​។ ​លោក ​ហ៊ុន សែន ​ស្នើ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ រក្សា​ទុក​ព្រៃ​សហគមន៍​ខ្លះៗ ដើម្បី​ជា​ប្រយោជន៍​រួម​ដល់​ពលរដ្ឋ​មូលដ្ឋាន។

មន្ត្រី​សម្រប​សម្រួល​សមាគម​អាដហុក ​ខេត្ត​មណ្ឌលគិរី​ លោក​ អ៊ាង ម៉េងលី  សង្កេត​ឃើញ​​ថា​ ការ​អនុវត្ត​ច្បាប់​លើ​អ្នក​ទន្ទ្រាន​ដី​ព្រៃ​ខុសច្បាប់ ​ខ្វះ​ចន្លោះ​ច្រើន​ និង​មិន​ហ៊ាន​អនុវត្ត​លើ​សាច់ញាតិ​អាជ្ញាធរ​ និង​មន្ត្រី​គ្រាក់ៗ ​ដែល​ឃុប​ឃិត​គ្នា​កាន់​កាប់​ដី​ព្រៃ​របស់​រដ្ឋ​ខុសច្បាប់​។ ​លោក​ផ្ដល់​ទស្សន​ថា​ អាជ្ញាធរ​ជាតិ​គួរ​ចាត់​វិធានការ ​លើ​ក្រុម​ឧកញ៉ា ​អ្នក​មាន​អំណាច ​និង​អាជ្ញាធរ​ខិលខូច​ ឃុបឃិត​គ្នា​កាប់​កាប់​ដី​ព្រៃ​របស់​រដ្ឋ ​ព្រៃ​អភិរក្ស ​និង​ព្រៃ​សហគមន៍ ​ដើម្បី​កាត់​បន្ថយ​វិបត្តិ​ដីធ្លី៖ «គេ​អត់​អនុវត្ត​ចំពោះ​សាច់​ញាតិ​គេ​ទេ ​វា​ជា​រូបភាព​មួយ ​អាជ្ញាធរ​ថ្នាក់​ជាតិ​គួរតែ​ចាត់​វិធានការ​បន្ទាន់​ ហើយ​កុំ​ឱ្យ​មាន​ការរើសអើង​។​ តើ​ខ្លួនឯង​ កូនចៅ​ខ្លួនឯង ​បុគ្គលិក​ខ្លួនឯង ​យើង​រក​ឃើញ​ហើយ​ មិន​អនុវត្ត​ច្បាប់ ​អា​ហ្នឹង​ជា​រូប​ភាព​អយុត្តិធម៌​សម្រាប់​ពលរដ្ឋ ​ក៏ដូចជា​សង្គម​មួយ ​មាន​ច្បាប់​ហើយ ​ការអនុវត្ត​នៅ​មាន​កម្រិត​អ៊ីចឹង»

កាល​ពី​ចុង​ខែ ​មិថុនា​កន្លង​ទៅ ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​ចាប់ខ្លួន​អតីត​អនុរដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌​លោក សេង សុវណ្ណារ៉ា ពាក់ព័ន្ធ​នឹង​ការរំលោភ​យក​ដី​សាធារណ​របស់​រដ្ឋ​ជាង ​១ពាន់​ ​ហិកតារ នៅ​ខេត្ត​មណ្ឌលគិរី។ ​ជន​ជាតិ​ដើម​ភាគ​តិច​ព្នង (ពូនង) ថា  ការ​អនុវត្ត​ច្បាប់​នេះ​ នៅ​មិន​ទាន់​គ្រប់​គ្រាន់​នៅ​ឡើយ​ទេ ​ខណៈ​អ្នកមាន​អំណាច​គ្រាក់ៗ ​អាជ្ញាធរ​ខិលខូច ​និង​ឧកញ៉ា​មួយ​ចំនួន​ បាន​យក​ពលរដ្ឋ​ជា​ខែល ​ច្បាម​យក​ដី​ព្រៃ​អភិរក្ស ​ព្រៃ​សហគមន៍ ​និង​ព្រៃ​សាធារណ​របស់​រដ្ឋ​ អាជ្ញាធរ​មិន​ទាន់​ចាត់​វិធានការ​នៅ​ឡើយ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល