សមត្ថកិច្ច ៧មករា ចាប់​ខ្លួន​អតីត​​អ្នក​​បុរី​កីឡា ៦នាក់​ ជា​ការ​ព្រមាន​មិន​ពលរដ្ឋ​តវ៉ា​នឹង​ការ​វាយ​កម្ទេច​អគារ

0:00 / 0:00

​ជម្លោះ​រ៉ាំរ៉ៃ​ដីធ្លី​នៅ​តំបន់​បុរី​កីឡា សមត្ថកិច្ច​ខណ្ឌ ៧មករា បាន​ចាប់​ខ្លួន​អតីត​ពលរដ្ឋ​បុរី​កីឡា​ចំនួន ៦នាក់ កាល​ពី​ថ្ងៃ​ទី១៥ ខែ​កញ្ញា នៅ​អគារ​បុរី​កីឡា​ចាស់។ សង្គម​ស៊ីវិល​ស្នើសុំ​ទៅ​សាលាក្រុង​ភ្នំពេញ​ឱ្យ​ព្យាយាម​ដោះ​ស្រាយ​បញ្ហា​សន្តិវិធី​ចៀសវាង​ប្រើ​ហិង្សា និង​ចាប់​ខ្លួន​ពលរដ្ឋ​បែប​នេះ។

មន្ត្រី​សង្គម​ស៊ីវិល និង​តំណាង​ពលរដ្ឋ​សហគមន៍​បុរី​កីឡា ហៅ​ការ​ចាប់​ខ្លួន​ពលរដ្ឋ​ពីសំណាក់​អាជ្ញាធរ​ខណ្ឌ ៧មករា​នេះ​ថា ជា​ការ​គំរាម​កំហែង និង​បំពាន​សិទ្ធិ​ពលរដ្ឋ។ ពួក​គេ​យល់​ថា ការ​ចាប់​ខ្លួន​នេះ​ជា​ការ​ព្រមាន​ពលរដ្ឋ​មិន​ឲ្យ​ងើប​តវ៉ា​ទៅ​នឹង​គម្រោង​វាយ​កម្ទេច​អាគារ​បុរី​កីឡា​របស់​អាជ្ញាធរ​ក្រុង​ភ្នំពេញ​នៅ​ថ្ងៃ​ទី១៦ ខែ​កញ្ញា។

តំណាង​សហគមន៍​បុរី​កីឡា​ លោកស្រី ស ស៊ន ប្រាប់​អាស៊ី​សេរី​ថា ​អតីត​ពលរដ្ឋ​បុរី​កីឡា​ទាំង ៦នាក់ ដែល​ត្រូវ​ចាប់​ខ្លួន​នោះ គឺ​មាន​ក្មេង​ម្នាក់​ផង។ ក្នុង​ចំណោម​អ្នក​ត្រូវ​ចាប់​ខ្លួន​ទាំង​នោះ លោកស្រី ស៊ន ដឹង​ឈ្មោះ​បាន​បី​នាក់ គឺ​លោកស្រី ង៉ូវ ណារី លោកស្រី ស៊ិន ទូច និង​លោកស្រី ប៉េង អាន។ លោកស្រី​មិន​ទាន់​បាន​ដឹង​មូលហេតុ​នៃ​ការ​ចាប់​ខ្លួន​ពលរដ្ឋ​ទាំង​នេះ​នៅ​ឡើយ​ទេ ប៉ុន្តែ​លោក​ថា ប៉ុន្មាន​ថ្ងៃ​មក​នេះ អតីត​ពលរដ្ឋ​សហគមន៍​បុរី​កីឡា​ទាំង​នោះ​បាន​មក​ជួយ​តវ៉ា​ជាមួយ​ពលរដ្ឋ​បុរី​កីឡា ដែល​មិន​ទាន់​យល់​ព្រម​ទទួល​សំណង​ពី​សាលា​ក្រុង​ភ្នំពេញ៖ «»

ពលរដ្ឋ​បុរី​កីឡា​ម្នាក់​ទៀត គឺ​លោកស្រី ដាញ់ គង្គា ឲ្យ​ដឹង​ថា សមត្ថកិច្ចខណ្ឌ៧មករា បាន​ម្នាក់​ប្រាប់​លោកស្រី​ថា សមត្ថកិច្ច​នឹង​បន្ត​ឃុំ​ខ្លួន​ពលរដ្ឋ​ទាំង​រហូត​ដល់​សមត្ថកិច្ច​វាយ​កម្ទេច​អាគារ​រួចរាល់​ទើប​សមត្ថកិច្ច​ដោះ​លែង​អ្នក​ទាំង​នោះ​មក​វិញ។ លោកស្រី ដាញ់ គង្គា ប្រាប់​អាស៊ី​សេរី​ទាំង​ភ័យ​ខ្លាច​ថា ពេល​នេះ​លោក​ស្រី​យល់​​ព្រម​ទទួល​សំណង​ពី​សាលា​ក្រុង​ភ្នំពេញ​ជា​ទឹក​ប្រាក់​ជាង​មួយ​ម៉ឺន​ដុល្លារ ដោយ​មិន​ហ៊ាន​បន្ត​ទាមទារ​ទៀត​ ព្រោះ​ខ្លាច​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន។ លោក​ស្រី​រអ៊ូរទាំ​ថា លុយ​នេះ​មិន​គ្រប់​គ្រាន់​សម្រាប់​ទិញ​បន្ទប់​ស្នាក់​នៅ​ក្នុង​តំបន់​បុរី​កីឡា​នោះ​ទេ ប៉ុន្តែ​លោកស្រី​គ្មាន​ជម្រើស​ឡើយ៖ «»

ទាក់ទង​បញ្ហា​នេះ អាស៊ី​សេរី​មិន​អាច​សុំ​ការ​បំភ្លឺ​រឿង ពី​អភិបាល​រង​រាជធានី​ភ្នំពេញ លោក មាន ច័ន្ទយ៉ាដា ដែល​ទទួល​បន្ទុក​ដោះ​ស្រាយ​បញ្ហា​ដីធ្លី​នៅ​តំបន់​បុរី​កីឡា​នេះ​បាន​ទេ។ ចំណែក អភិបាលខណ្ឌ៧មករា លោក លឹម សុភា ក៏​មិន​អាច​សុំ​ពន្យល់​បាន​ដែរ ដោយ​ប្រព័ន្ទ​ទូរស័ព្ទ​របស់​លោក​មិន​ទទួល​ការ​ហៅ​ចូល។

អ្នក​សម្របសម្រួល​គម្រោង​ធុរកិច្ច និង​សិទ្ធិមនុស្ស​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR) លោក វណ្ណ សូផាត ដែល​តាម​ដាន​ករណី​ជម្លោះ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​នៅ​បុរី​កីឡា​នេះ ប្រាប់​ថា ការ​ចាប់​ខ្លួន​ពលរដ្ឋ ព្រោះ​ក្រោយ​ពី​មាន​ការ​ប៉ះ​ទង្គិច​គ្នា​ខ្លះ ដោយ​ពលរដ្ឋ​រារាំង​អាជ្ញាធរ​ខណ្ឌ​មិន​ឲ្យ​ចុះ​រុះរើ​ឥវ៉ាន់​របស់​ពួក​គេ​នៅ​ក្នុង​អាគារ​បុរី​កីឡា។ លោក​ថា តាម​ព័ត៌មាន​ដែល​លោក​ទទួល​បាន អាជ្ញាធរ​ក្រុង​ភ្នំពេញ​នឹង​ប្រើ​វិធានការ​វាយ​កម្ទេច​អគារ​បុរី​កីឡា​ចាស់​ចោល នៅ​ថ្ងៃ​ទី១៦ ខែ​កញ្ញា​នេះ៖ «»

កាល​ពី​ថ្ងៃ​ទី១៥ ខែ​សីហា កន្លងទៅ សាលា​រាជធានី​ភ្នំពេញ​បាន​ព្រមាន​តាម​លិខិត​ឱ្យ​អ្នក​បុរី​កីឡា​ទាំង​អស់​​​ដែល​រស់​នៅ​ក្នុង​អគារ​ចាស់ ត្រូវ​រួសរាន់​ទៅ​ជួប​មន្ត្រី​រដ្ឋបាល​សាលា​ក្រុង ដើម្បី​ពិភាក្សា​គ្នា​អំពី​រឿង​សំណង​ ជា​ថ្នូរ​នឹង​ការ​ចាកចេញ។

តំណាង​សហគមន៍​បុរី​កីឡា លោកស្រី ស ស៊ន ឲ្យ​ដឹង​ថា គិត​មក​ដល់​ពេល​នេះ នៅ​សល់ តែ​ពលរដ្ឋ​ជាង ១០គ្រួសារ​ទៀត​ទេ ដែល​មិន​ទាន់​យល់​ព្រម​ទទួល​សំណង។

កាល​ពី​​ឆ្នាំ២០១២ អាជ្ញាធរ​ក្រុង​​ភ្នំពេញ​បាន​ប្រើ​គ្រឿង​ចក្រ​ឈូស​កម្ទេច​ផ្ទះ​សម្បែង និង​ទ្រព្យ​សម្បត្តិ​របស់​ពលរដ្ឋ​ទាំង ៣៨០​គ្រួសារ​នៃ​សហគមន៍​​បុរី​កីឡា ដែល​មិន​ព្រម​ចាក​ចេញ​ ។ ការ​បណ្ដេញ​ចេញ​ដោយ​បង្ខំ​នេះ ធ្វើ​ឱ្យ​ពលរដ្ឋ​រងគ្រោះ​មួយ​ចំនួន​ធ្លាក់​ខ្លួន​ដើរ​សុំទាន ដើរ​រើស​អេតចាយ និង​ធ្វើ​ជា​ស្ត្រី​បម្រើ​ផ្លូវ​ភេទ។

ក្រុម​ពលរដ្ឋ​មិន​ទាន់​ទទួល​សំណង​ស្នើសុំ​ទៅ​សាលាក្រុង​ឲ្យ​ផ្ដល់​ថវិកា​សមរម្យ​ដល់​ពួក​គេ ដើម្បី​អាច​ទិញ​បន្ទប់​អាគារ​នៅ​តំបន់​បុរី​កីឡា​រស់​នៅ​បាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។