អតិថិជនបុរីពិភពថ្មីអះអាងថា ពួកគាត់នឹងនាំគ្នា ឡើងទៅដល់ផ្ទះនាយករដ្ឋមន្ត្រី បើខាងខុទ្ទកាល័យនាយករដ្ឋមន្ត្រីទទួលញត្តិហើយ មិនមានដំណោះស្រាយ ហើយក្រុមហ៊ុនបុរីពិភពថ្មីរបស់ឧកញ៉ា ហុង ពីវ នៅបន្តរឹបអូសផ្ទះ និងចាក់សោផ្ទះពួកគាត់នោះ។ ការអះអាងនេះ ក្រោយពីមន្ត្រីជាន់ខ្ពស់ខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានចុះទៅយកញត្តិអតិថិជនបុរីពិភពថ្មីទាំងយប់កាលពីម្សិលមិញ។
អតិថិជនបង់រំលស់បុរីពិភពថ្មី អះអាងថា ពួកគាត់នឹងនាំគ្នាឡើងទៅដល់ផ្ទះនាយករដ្ឋមន្ត្រី ប្រសិនបើខាងខុទ្ទកាល័យនាយករដ្ឋមន្ត្រីទទួលញត្តិហើយ គ្មានដំណោះស្រាយ បណ្ដាលឱ្យក្រុមហ៊ុនបុរីពិភពថ្មី បន្តរឹបអូស និងចាក់សោផ្ទះរបស់ពួកគាត់ទៀត។
ការអះអាងនេះ បន្ទាប់ពីមន្ត្រីជាន់ខ្ពស់ខុទ្ទកាល័យនាយករដ្ឋមន្ត្រី លោក គង់ ចំរើន នៅល្ងាចថ្ងៃទី១៥ កុម្ភៈ បានចុះទៅទទួលយកញត្តិពីអតិថិជនបុរីពិភពថ្មីនៅពាក់កណ្ដាលផ្លូវ ស្របពេលក្រុមអតិថិជនបុរីពិភពថ្មី គ្រោងនឹងគ្នាដង្ហែញត្តិនេះ យកទៅដាក់នៅខុទ្ទកាល័យនាយកមន្ត្រីផ្ទាល់។
អតិថិជនបង់រំលស់បុរីពិភពថ្មីនៅខណ្ឌកំបូល៣ លោកស្រី អនស៊ាន បូរី ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១៦ កុម្ភៈថា គោលបំណងរបស់ពួកគាត់កាលពីថ្ងៃទី១៥ កុម្ភៈ គ្រោងយកញត្តិនេះ ទៅដាក់ដល់ខុទ្ទកាល័យនាយករដ្ឋមន្ត្រីដោយផ្ទាល់ ប៉ុន្តែត្រូវបានអាជ្ញាធររារាំង ដោយឱ្យរង់ចាំមន្ត្រីខុទ្ទកាល័យចុះយកមកញត្តិពីពួកគាត់វិញ។
លោកស្រីថា មន្ត្រីខុទ្ទកាល័យបានទទួលញត្តិពីពួកគាត់ហើយក៏ដោយ ប៉ុន្តែមិនបានសន្យាអ្វីទេ ហើយក៏មិនឱ្យពួកគាត់សួរនាំដែរ។
លោកស្រី អនស៊ាន បូរី ថ្លែងថា បើខាងខុទ្ទកាល័យទទួលយកញត្តិហើយ ប៉ុន្តែមិនមានដំណោះស្រាយ ហើយក្រុមហ៊ុនបុរីពិភពថ្មីនៅតែគំរាមកំហែង និងបន្តដើរកិបសោផ្ទះ រឹបអូសផ្ទះទៀតនោះ លោកស្រីថា ពួកគាត់នឹងមិននៅរង់ចាំចម្លើយពីខាងខុទ្ទកាល័យទៀតទេ ដោយពួកគាត់នឹងនាំគ្នាហែក្បួនទៅកាន់ផ្ទះនាយករដ្ឋមន្ត្រីទាំងចាស់ និងនាយករដ្ឋមន្ត្រីថ្មី។
លោកស្រី អនស៊ាន បូរី៖ «បើសិនជាមិនបង្អង់ក្នុងការអនុវត្តគោលការណ៍នៅតែបន្តកិបសោ រឹបអូសបន្តទៀត គឺពួកខ្ញុំមិនរងចាំទៀតទេ ពីព្រោះការរងចាំពីក្រសួងផ្សេងៗ ដែលសន្យារំងាប់អារម្មណ៍ហ្នឹង វាច្រើនតង់ហើយ វាអស់នៅកន្លែងដែលយើងត្រូវទុកចិត្ត។ ខ្ញុំមិនទាន់មានភាពជឿជាក់ទេ និយាយចេញពីចិត្តតែម្ដង ខ្ញុំអត់ទាន់មានភាពជឿជាក់ថា នឹងមានដំណោះស្រាយ ហើយគាត់នឹងពិតជាជួយដោះស្រាយក្នុងរឿងហ្នឹង ពេលខ្លះអាចចុះមកទទួលញត្តិហ្នឹង ដើម្បីឱ្យស្ថានភាពតានតឹងហ្នឹង រសាយទៅវិញ ដើម្បីរំងាប់ចិត្តពួកខ្ញុំ ក្នុងមួយគ្រាខ្លីហើយឱ្យក្រុមហ៊ុនបន្តអនុវត្តគោលការណ៍ហ្នឹងដដែល»។
អតិថិជនបង់រំលស់បុរីពិភពថ្មីម្នាក់ទៀត លោកស្រី កៅ សុធារី លើកឡើងថា ពួកគាត់មិនចង់តវ៉ាដូច្នេះឡើយ ប៉ុន្តែមកពីគ្មានដំណោះស្រាយ ខណៈបុរីនៅតែបន្តដើរកិបសោផ្ទះរបស់ពួកគាត់។
លោកស្រី កៅ សុធារី៖ «ពួកខ្ញុំ គឺរងចាំតែដំណោះស្រាយទេ ប៉ុន្តែជាក់ស្ដែងខាងបុរីគាត់ធ្វើខ្លាំង។ គាត់នៅតែអនុវត្តរហូតអ៊ីចឹង តាំងពីផ្ទះខ្ញុំមិនទាន់រឹបអូសរហូតរឹបអូសបាត់ក្នុងបញ្ជីអីក៏មានដែរ។ ជាក់ស្ដែងដូចផ្ទះខ្ញុំ បើគាត់ចាក់សោ ហើយគាត់ដាក់អ៊ីចឹង លក្ខណៈរឹបអូសហើយ។ ខ្ញុំតវ៉ាតាំងពីមិនទាន់រឹបអូសរហូតដល់លក្ខណៈរឹបអូស»។
អតិថិជនបង់រំលស់បុរីពិភពថ្មី អះអាងថា ការដាក់ញត្តិទៅខុទ្ទកាល័យនេះ ដើម្បីសុំឱ្យនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អន្តរាគមន៍ឱ្យក្រុមហ៊ុនព្រមទទួលទិញផ្ទះវិញក្នុងតម្លៃ ៥០ភាគរយនៃតម្លៃដើម និងបញ្ឈប់ការចាក់សោផ្ទះរបស់ពួកគាត់បន្តទៀត។
វិទ្យុអាស៊ីសេរីនៅថ្ងៃទី១៦ កុម្ភៈ មិនសុំការអត្ថាធិប្បាយពីមន្ត្រីខុទ្ទកាល័យនាយករដ្ឋមន្ត្រី លោក គង់ ចំរើន ដែលចុះទៅទទួលញត្តិពីប្រជាពលរដ្ឋ កាលពីល្ងាចថ្ងៃទី១៥ កុម្ភៈនោះបានទេ។ រីឯទូរស័ព្ទអ្នកនាំពាក្យនាយករដ្ឋមន្ត្រី លោក មាស សុភ័ណ្ឌ ចូលគ្មានអ្នកទទួល។
កាលពីខែមិថុនា ឆ្នាំ២០២៣ អតីតនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើដល់ម្ចាស់បុរីទាំងអស់យោគយល់ដល់អ្នក ដែលបានទិញផ្ទះបង់រំលស់ ដោយសារតែជួបបញ្ហាប្រាក់ចំណូលនាំឱ្យគ្មានលទ្ធភាពបង់ប្រាក់តាមកិច្ចសន្យាកំណត់។ លោកបញ្ជាក់ថា បើបណ្ដោយឱ្យម្ចាស់បុរីរឹបអូសយកផ្ទះពីអ្នកបង់រំលស់ណាមួយនោះនឹងធ្វើឱ្យពលរដ្ឋរងការឈឺចាប់ ហើយសេដ្ឋកិច្ចកម្ពុជានឹងដើរដល់ដំណាក់កាលគ្រោះថ្នាក់។
លោក ហ៊ុន សែន៖ «គ្នាបង់អស់ ១០ម៉ឺនហើយ ស្រាប់តែឥឡូវរឹបអូសយកទៅបានអ៊ីចឹង ឱ្យមកវិញ ៥ម៉ឺនបានទេ ឬក៏រឹបអូសថ្មីៗ អញ្ជើញគាត់ត្រឡប់មកវិញ។ ឥឡូវខ្ញុំរៀបចំឥណទានឡើងឱ្យអ្នកឯងមកនៅវិញ ធ្វើបុណ្យទាន់ជាតិនេះ កុំចាំជាតិក្រោយ។ អាហ្នឹងធ្វើបុណ្យអ៊ីចឹង អាហ្នឹងបានបុណ្យ បើមិននៅឋានមនុស្សទេ គឺទៅឋានទេវតា ឬឋាននិព្វាន។ អ៊ីចឹងទេ ខ្ញុំអំពាវនាវសារជាថ្មី ចំពោះម្ចាស់លក់ផ្ទះទាំងអស់ ដែលត្រៀមរឹបអូសផ្ទះអ្នកណាឈប់និយាយគ្នាសិន!ផ្អាកត្រឹមប៉ុណ្ណឹង»។
ទោះបីជាលោក ហ៊ុន សែន ធ្លាប់អះអាង និងស្នើដូច្នេះក៏ដោយ ប៉ុន្តែគ្មានប្រសិទ្ធភាព ឬដំណោះស្រាយឡើយ។ ផ្ទុយទៅវិញ ក្រុមអតិថិជនអះអាងថា ទាំងអាជ្ញាធរ និងក្រសួង ដែលពួកគាត់ធ្លាប់រកអន្តរាគមន៍កន្លងមក បានត្រឹមតែសន្យា ហើយការដោះស្រាយបែរជាលំអៀងទៅក្រុមហ៊ុនបុរីពិភពថ្មី ដែលករណីនេះ ធ្វើឱ្យពួកគាត់បាត់បង់ទំនុកចិត្ត។
លើសពីនេះ ក្រុមហ៊ុនបុរីពិភពថ្មី និងមេធាវីរបស់ម្ចាស់បុរី កាលពីពេលថ្មីៗ បានចេញលិខិតព្រមានរឹបអូសផ្ទះ ប្រសិនបើអតិថិជនទាំងអស់ ដែលខកខានបង់ជូនក្រុមហ៊ុន ហើយករណីអតិថិជនមិនបានបង់ប្រាក់តាមការជូនដំណឹងនេះទេ ភាគីក្រុមហ៊ុននឹងរឹបអូសយកផ្ទះវិញតាមកិច្ចសន្យាទិញលក់ជាដើម។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងតំណាងក្រុមហ៊ុនបុរីពិភពថ្មី ដើម្បីសុំការបកស្រាយបញ្ហានេះបានទេ នៅថ្ងៃទី១៦ ខែកុម្ភៈ។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត សង្ឃឹមថា បញ្ហានេះ នឹងត្រូវបានដោះស្រាយនៅពេលមន្ត្រីខុទ្ទកាល័យនាយករដ្ឋមន្ត្រីទទួលបានញត្តិពីប្រជាពលរដ្ឋហើយ។
លោក អំ សំអាត៖ «យើងគ្រាន់តែសង្ឃឹមថា ក្រោយមានការទទួលយកញត្តិ ហើយពីបងប្អូនប្រជាពលរដ្ឋ។ រដ្ឋាភិបាលនឹងពិនិត្យមើលទៅលើសំណើបងប្អូនប្រជាពលរដ្ឋហ្នឹង ហើយស្វែងរកដំណោះស្រាយណាមួយសមស្របរវាងក្រុមហ៊ុន និងអតិថិជនដែលទិញផ្ទះហ្នឹង ដើម្បីឱ្យដំណោះស្រាយហ្នឹងទទួលយកបានទាំងអស់គ្នា ដូចរាជរដ្ឋាភិបាលធ្លាប់ធ្វើមុន គឺដំណោះស្រាយឈ្នះៗ ទាំងអស់គ្នា។ អ៊ីចឹងឃើញថា ដំណោះស្រាយហ្នឹង ជារឿងចាំបាច់ហើយ ក្នុងការដែលអាចឱ្យភាគីទាំងពីរ អាចទទួលយកបានទាំងអស់គ្នា»។
លោក អំ សំអាត ថា លោកនឹងធ្វើការតាមដានមើលការជួយសម្របសម្រួលពីរបស់អាជ្ញាធរ ក៏ដូចជា រដ្ឋាភិបាល ក្នុងការស្វែងរកដំណោះស្រាយប្រកបដោយប្រសិទ្ធភាព ហើយអាចទទួលយកបានទាំងអស់គ្នា ទើបអាចបញ្ចប់នូវបញ្ហារវាងម្ចាស់បុរី និងប្រជាពលរដ្ឋ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។