ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី មិន​រំពឹង​ក្រុម​ការងារ​រដ្ឋាភិបាល​ចុះ​មូលដ្ឋាន​អាច​ជួយ​ដោះស្រាយ​បញ្ហា​ឲ្យ​ពួកគេ

ដោយ មាន ឫទ្ធិ
2023.12.04
ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី មិន​រំពឹង​ក្រុម​ការងារ​រដ្ឋាភិបាល​ចុះ​មូលដ្ឋាន​អាច​ជួយ​ដោះស្រាយ​បញ្ហា​ឲ្យ​ពួកគេ កូនប្រុសពៅលោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ានី កាន់តួនាទីរដ្ឋមន្ត្រី​ក្រសួងមុខងារសាធារណៈ។
រូប៖ ហ្វេស​ប៊ុកលោក ហ៊ុន ម៉ានី

តំណាង​ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី និង​តំណាង​កូដ​ករ​ណាហ្គាវើលដ៍ (NagaWorld) លើកឡើង​ដូចៗ​គ្នា​ថា ពួកគេ​មិនសូវ​មាន​ក្ដី​រំពឹង​ទៅលើ​ក្រុមការងារ​រដ្ឋាភិបាល​ចុះ​មូលដ្ឋាន ថា​អាច​ជួយ​ដោះស្រាយ​បញ្ហា​របស់​ប្រជាពលរដ្ឋ​បាន​នោះ​ឡើយ​។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​យល់​ឃើញ​ថា ការ​បង្កើត​ក្រុមការងារ​រដ្ឋាភិបាល​ចុះ​មូលដ្ឋាន មិន​ត្រឹមតែ​បង្កើន​បន្ទុក​ចំណាយ​ថវិកាជាតិ​តែប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​អាច​បង្ក​ទំនាស់​ការងារ​ជាមួយ​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ​ទៀត​ផង។

តំណាង​ប្រជាពលរដ្ឋ​មាន​ទំនាស់​ដីធ្លី និង​វិវាទ​ការងារ​លើកឡើង​ស្រដៀងៗ​គ្នា​ថា មូលហេតុ​សំខាន់​ដែល​រដ្ឋាភិបាល​មិនអាច​ដោះស្រាយ​បញ្ហា​ឱ្យ​ពួកគាត់​បាន គឺ​ដោយសារតែ​រដ្ឋាភិបាល​មិន​មាន​ឆន្ទៈ​ពិតប្រាកដ​គាំទ្រ​ប្រជាពលរដ្ឋ​ដែល​ជា​ជនរងគ្រោះ ពោល​គឺ​មិនមែន​បណ្ដាលមកពី​ខ្វះខាត​មន្ត្រី​ចុះ​ស្វែងយល់​អំពី​បញ្ហា​របស់​ពួកគាត់​នោះ​ឡើយ។

តំណាង​សហគមន៍​សាលា​ខ្មែរ ឃុំ​អូរបីជាន់ ខេត្ត​បន្ទាយមានជ័យ លោក សៀន វី ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ដោយសារ​ភាគី​ទំនាស់​ដីធ្លី​របស់​សហគមន៍​លោក​ប្រមាណ ១៧០​ហិកតារ ភាគច្រើន​គឺជា​មន្ត្រីជាន់ខ្ពស់​របស់​រដ្ឋាភិបាល ដូច្នេះហើយ​សហគមន៍​លោក​មិនសូវ​រំពឹង​ថា ក្រុមការងារ​រដ្ឋាភិបាល​ចុះ​មូលដ្ឋាន​អាច​ជួយ​ដោះស្រាយ​បញ្ហា​ដីធ្លី​របស់​សហគមន៍​លោក​បាន​នោះ​ឡើយ។ លោក​បន្ថែម​ថា បើសិនជា​រដ្ឋាភិបាល​ពិត​ជា​មាន​ឆន្ទៈ​ចង់​ដោះស្រាយ​បញ្ហា​ដីធ្លី​ឱ្យ​សហគមន៍​របស់​លោក​ពិត​ប្រាកដ​មែន​នោះ គឺ​មិន​ចាំបាច់​មាន​ក្រុមការងារ​រដ្ឋាភិបាល​ចុះ​មូលដ្ឋាន​នោះ​ឡើយ ពោល​គឺ​អភិបាលខេត្ត​ក៏​មាន​អំណាច​គ្រប់គ្រាន់ ដើម្បី​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​បាន​ដែរ។

លោក សៀន វី៖ «ហើយ​ខ្ញុំ​ក៏​សុំ​សំណូមពរ បើ​គាត់​បង្កើត​ហើយ​កុំឱ្យ​ដូច​មុនៗ​ទៀត មុនៗ​ខ្ញុំ​ជួប​អស់ហើយ ដូច​គាត់​អត់​មាន​បាន​ធ្វើ​អ្វី​អ៊ីចឹង ដូច​គាត់​មក​រំខាន​ដដែលៗ លើក​នេះ​ខ្ញុំ​មិនទាន់​ហ៊ាន​ថា​គាត់​ទេ គ្រាន់តែ​សំណូមពរ​ថា​គាត់​បង្កើត​ហើយ សុំ​ឱ្យ​អស់លោក​ដែល​គាត់​មានបុណ្យ​ស័ក្ដិ មាន​តួនាទី​គាត់​ជួយ​ប្រជាពលរដ្ឋ​ផង​ទៅ ហើយ​ប្រជាពលរដ្ឋ​ខ្សត់​ណាស់ ឯ​ពួកគាត់​មាន​វិឡា​សុទ្ធតែ​គ្រប់ៗ​គ្នា​ហើយ​ហ្នឹង»

ស្រដៀង​គ្នា​នេះ​ដែរ តំណាង​កូដ​ករ​ណាហ្គាវើលដ៍ លោកស្រី ម៉ម សុវឌ្ឍិន ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី​៣ ខែធ្នូ ថា បើ​ទោះបី​ជា​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​រដ្ឋាភិបាល​ចុះ​មូលដ្ឋាន​យ៉ាងណាក៏ដោយ ក៏​លោកស្រី​មិន​រំពឹង​ថា ក្រុម​កូដករ​ណាហ្គាវើលដ៍​អាច​ទទួល​បាន​ដំណោះស្រាយ​ទំនាស់​ការងារ តាមរយៈ​ក្រុមការងារ​នេះ​ទេ។ លោកស្រី​បន្ត​ថា បើ​ក្រសួង​ការងារ​ជំរុញ​ឱ្យ​អនុវត្ត​ច្បាប់​ស្ដីពី​ការងារ​បាន​ត្រឹមត្រូវ នោះ​បញ្ហា​ទំនាស់​ការងារ​របស់​បុគ្គលិក​ណាហ្គាវើលដ៍ ក៏​នឹង​អាច​ដោះស្រាយ​បាន​យ៉ាង​រលូន ដោយ​មិន​ចាំបាច់​មាន​ភាគី​ពាក់ព័ន្ធ​ដទៃទៀត​ជួយ​នោះ​ឡើយ។

លោកស្រី ម៉ម សុវឌ្ឍិន៖ «អ្នក​កាន់​កូនសោ​គឺ​នៅ​ថ្នាក់ដឹកនាំ​របស់​ប្រទេស​កម្ពុជា គឺ​រដ្ឋាភិបាល​ថ្មី​ដែល​មាន​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ាណែត ហ្នឹងហើយ ដែល​គាត់​ជា​អ្នក​កាន់​កូនសោ​ហើយ​ចាក់សោ​ហ្នឹង រក​យុត្តិធម៌​ឱ្យ​ប្រជាជន​ខ្លួនឯង ប៉ុន្តែ​បើសិនជា​គាត់​ធ្វើ​នៅ​ស្ងៀម​ដូច​ឪពុក​គាត់ ខ្ញុំ​ជឿ​ថា ប្រជាជន​ខ្លួនឯង​នឹង​មិនបាន​យុត្តិធម៌​ពី​សំណាក់​អ្នក​មាន​អំណាច អ្នកមាន​លុយ​ទេ»

បន្ថែម​ពី​ការបង្កើត​ក្រុមការងារ​រដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ចំនួន ៤​ខេត្ត​ក្រុង កាលពី​ថ្ងៃទី​២ ខែធ្នូ ប្រព័ន្ធ​ផ្សព្វផ្សាយ​ស្និទ្ធ​នឹង​រដ្ឋាភិបាល​បាន​ឱ្យ​ដឹង​ថា លោក ហ៊ុន ម៉ាណែត បាន​បង្កើត​ក្រុមការងារ​រដ្ឋាភិបាល​ចំនួន​១០​ផ្សេង​ទៀត កាល​ពី​ថ្ងៃទី​៣០ ខែ​វិច្ឆិកា។ ក្រុម​ការងារ​រដ្ឋាភិបាល​ទាំងនោះ​រួមមាន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខ​ប្រមាញ់ និង​នេសាទ លោក ឌិត ទីណា ជា​ប្រធាន​ក្រុមការងារ​រដ្ឋាភិបាល ចុះ​មូលដ្ឋាន​ខេត្ត​បន្ទាយមានជ័យ រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ លោក ទៀ សីហា ជា​ប្រធាន​ក្រុម​ការងារ​រដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្តកោះកុង និង​ខេត្ត​សៀមរាប និង​រដ្ឋមន្ត្រីក្រសួង​មុខងារ​សាធារណៈ លោក ហ៊ុន ម៉ានី ជា​ប្រធាន​ក្រុមការងារ​រដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​កំពង់ស្ពឺ​ជាដើម​។​

សេចក្ដីណែនាំ ស្ដីពី​តួនាទី​របស់​ក្រុមការងារ​រដ្ឋាភិបាល​ចុះ​មូលដ្ឋាន​បង្ហាញថា ក្រុមការងារ​ថ្មី​របស់​រដ្ឋាភិបាល​នេះ មាន​តួនាទី​សំខាន់ៗ​ចំនួន​៦ ក្នុង​នោះ​រួមមាន​ការ​លើកកម្ពស់​ទំ​នាក់​ទំនង​រវាង​រដ្ឋា​ភិ​បាល និង​ប្រជាពលរដ្ឋ ជំរុញ​ដល់​ការ​ដោះស្រាយ​បញ្ហា​ផ្សេងៗ​របស់​ប្រជាពលរដ្ឋ និង​រៀបចំ​វេទិកាសាធារណៈ ដើម្បី​ស្វែងយល់​ពី​ទុក្ខ​កង្វល់ និង​សំណើ​របស់​ប្រជាពលរដ្ឋ​។​

វិទ្យុ​អាស៊ីសេរី​មិនអាច​ទាក់ទង​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូ​ណា ដើម្បី​បកស្រាយ​ជុំវិញ​រឿង​នេះ​បាន​នៅឡើយ​ទេ​នៅ​ថ្ងៃទី​៣ ខែធ្នូ។

រីឯ​អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស អាដហុក (ADHOC) លោក ស៊ឹង សែនករុណា មាន​ប្រសាសន៍​ថា ការ​បង្កើត​ក្រុម​ការងារ​រដ្ឋាភិបាល​ចុះ​មូលដ្ឋាន មិន​ត្រឹមតែ​បង្កើន​បន្ទុក​ចំណាយ​ថវិកាជាតិ​តែប៉ុណ្ណោះ​ទេ តែ​ថែមទាំង​អាច​បង្កទំនាស់​ការងារ​ជាមួយ​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ​ទៀត​ផង។ លោក​បន្ត​ថា រដ្ឋាភិបាល​គួរ​ចំណាយ​ថវិកាជាតិ​គាំទ្រ​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ ជាជាង​ដាក់បន្ទុក​ការងារ​បន្ថែម​ឱ្យ​មន្ត្រីជាន់ខ្ពស់ ដែល​មិន​ធ្វើការ​ផ្ទាល់​ជាមួយ​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ផង​នោះ។

លោក ស៊ឹង សែនករុណា៖ «កន្លងមក​រឿងរ៉ាវ​ពួកគាត់​បាន​កើត​ជា​ហូរហែ បានដឹង​បានឮ​ហើយ​នៅតែ​មិនអាច​មានការ​ដោះស្រាយ​បាន អ៊ីចឹង​ខ្ញុំ​យល់ថា គួរតែ​មាន​ការ​ឆ្លើយតប​រឿងរ៉ាវ​ហ្នឹង​ទៅ ដោយ​ប្រើប្រាស់​ស្ថាប័ន​មាន​ស្រាប់​ហ្នឹង​ធ្វើ​ទៅ មិន​ចាំបាច់​ឱ្យ​មាន​គណៈកម្មការ​ចុះទៅ​ពង្រឹង​ថែម​អ៊ីចឹង​ទៀត​ទេ គឺ​គ្រាន់តែ​ថា​មាន​ការ​ឆ្លើយតប ដោះស្រាយ​ជូន​ពួកគាត់​ទៅ វា​ជា​ការ​ស្រេច​បាត់​ទៅ​ហើយ»

ក្រៅពី​មើល​ឃើញ​ថា ការបង្កើត​ក្រុមការងារ​រដ្ឋាភិបាល​ចុះ​មូលដ្ឋាន គឺជា​ការអនុវត្ត​ផ្ទុយ​ទៅ​នឹង​គោលនយោបាយ​វិមជ្ឈការ ដែល​កាត់បន្ថយ​អំណាច​រដ្ឋាភិបាល​កណ្ដាល ទៅ​ឱ្យ​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ​ហើយ​នោះ អ្នក​សិក្សា​ផ្នែក​ច្បាប់​លើកឡើង​ថា ការបង្កើត​ក្រុមការងារ​ថ្មី​នេះ គឺ​ដូចគ្នា​ទៅ​នឹង​ការ​ចាត់តាំង​គណៈ​ពង្រឹង​គណបក្ស​នៅ​តាម​មូលដ្ឋាន​ដែរ ដោយ​ខុសគ្នា​តែ​ការ​ចំណាយ និង​ការ​ប្រើប្រាស់​សម្ភារៈ គឺជា​បន្ទុក​ចំណាយ​ថវិកាជាតិ​វិញ​តែប៉ុណ្ណោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។