សកម្មជនដីធ្លីខេត្តកោះកុង លោក មិន អាន់ ស្នើដល់តុលាការកំពូលឱ្យទម្លាក់បទចោទប្រកាន់ ហើយលោកនៅតែអះអាងថា លោកមិនបានក្លែងបន្លំឯកសារ ដូចការចោទប្រកាន់របស់ភាគីម្ខាងទៀតនោះទេ។ ការស្នើសុំនេះ បន្ទាប់ពីតុលាការកំពូលបើកសវនាការ នៅព្រឹកថ្ងៃទី២៩ ធ្នូ ហើយគ្រោងប្រកាសសាលដីកា នៅថ្ងៃទី៨ ខែមករាខាងមុខ។ មន្ត្រីសង្គមស៊ីវិលស្នើដល់តុលាការកំពូលថា គួរពិនិត្យមើលឯកសារដើម ដែលអាចមានកំហុសពីអាជ្ញាធរមូលដ្ឋាន។
សកម្មជនដីធ្លីនៅឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង លោក មិន អាន់ សង្ឃឹមថា តុលាការកំពូល នឹងសម្រេចលុបចោលការចោទប្រកាន់របស់តុលាការជាន់ទាប ដែលប្ដឹងដោយ អតីតតំណាងសហគមន៍ អ្នកស្រី ឆាយ វី។
ក្នុងពេលតុលាការបើកសវនាការលើបណ្ដឹងទាស់របស់លោក មិន អាន់ នេះ តំណាងសហគមន៍រងគ្រោះដីធ្លី មកពីក្រុម ១៧៥ ក្រុម ៩៥៥ និងក្រុម ១៩៧ ជិត ២០នាក់ ក៏បានធ្វើដំណើរពីខេត្តកោះកុង ដើម្បីមកគាំទ្រលោក មិន អាន់ នៅខាងមុខតុលាការផងដែរ។ ពួកគាត់លើកបដាថា សូមឱ្យគោរពសិទ្ធិមនុស្ស និងសុំតុលាការកំពូលឱ្យទម្លាក់ចោលការចោទប្រកាន់លើសមាជិកពួកគាត់ជាដើម។
ក្រោយចេញពីសវនាការ លោក មិន អាន់ លើកឡើងថា លោកបានលក់ដីរបស់លោក កាលពីឆ្នាំ២០១៩ ហើយក្រោយមកលោកត្រូវបានអ្នកស្រី ឆាយ វី ដែលជាអតីតតំណាងពលរដ្ឋ ១៧៥គ្រួសារ និងបុគ្គលផ្សេងទៀត បានក្លែងឯកសារថា លោកជាអ្នកលក់ដីរដ្ឋជាង ១រយហិកតារ។ លោក មិន អាន់ ថា ការសម្រេចសេចក្ដីដោយតុលាការជាន់ទាប មិនបានចុះទៅពិនិត្យផ្ទាល់នោះទេ គឺយកតែតាមភាគីម្ខាងទៀត ដូច្នេះ លោកស្នើដល់តុលាការកំពូលឱ្យផ្ដល់យុត្តិធម៌ដល់រូបលោក។
លោក មិន អាន់៖«តុលាការកំពូលនេះ កាត់តាមភាគី ឆាយ វី គឺរំលោភលើប្រជាពលរដ្ឋ ដែលស្លូតត្រង់ អត់បានដឹងរឿងអីទាំងអស់ គេចោទប្រកាន់ទាំងអស់ គេទិញដីហើយ គេយកទៅលក់ ហើយគេធ្វើក្រដាសចោទប្រកាន់យើង យើងអត់ទាំងដឹងផង ខ្ញុំចាំមើលតែថ្ងៃទី៨ ខែមករា ប្រកាសលទ្ធផល ខ្ញុំយុត្តិធម៌ ឬក៏គេឈ្នះក្ដីដោយបំពាន»។
សមាជិកក្រុម១៩៧ លោកស្រី ដេត ហួរ ដែលមកគាំទ្រលោក មិន អាន់ លើកឡើងថា លោក មិន អាន់ មិនបានក្លែងឯកសារ ដូចការចោទប្រកាន់របស់ភាគីម្ខាងទៀតនោះទេ ព្រោះថា លោក មិន អាន់ មិនចេះអក្សរ និងមិនមានលទ្ធភាពក្លែងបន្លំឯកសារបាននោះទេ។ អ្នកស្រី ដេត ហួរ រំពឹងថា តុលាការកំពូលនឹងស្វែងរកការពិត និងផ្ដល់យុត្តិធម៌ដល់ពលរដ្ឋស្លូតត្រង់។
អ្នកស្រី ដេត ហួរ៖«ដូចថ្ងៃនេះអ៊ីចឹងដែរ ខ្ញុំមកនេះមិនមែនមកបាតុកម្ម ឬមកប្រមូលផ្ដុំអីទេ គឺខ្ញុំចង់ដឹងថា តុលាការកំពូលផ្ដល់ភាពយុត្តិធម៌ដែរ ឬទេ តែខ្ញុំនៅតែជឿជាក់ថា តុលាការកំពូល គាត់ជាឯកឧត្ដមចៅក្រមល្អ គាត់នឹងទម្លាក់ការចោទប្រកាន់ដល់លោក មិន អាន់ បើតុលាការខេត្តកោះកុងមិនដែលមានការទម្លាក់ការចោទប្រកាន់ មានតែការចោទ»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងភាគីដើមបណ្ដឹង លោកស្រី ឆាយ វី និងអ្នកនាំពាក្យតុលាការកំពូល អ្នកស្រី ម៉ៅ ធីតា ដើម្បីសុំសេចក្ដីអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី២៩ ខែធ្នូ ។
តុលាការការកំពូលគ្រោងប្រកាសសាលដីកាលោក មិន អាន នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ ខាងមុខ។
មន្ត្រីសមាគមការពារសិទ្ធិមនុស្សអាដហុក លោក យី សុខសាន្ត ដែលឃ្លាំមើលក្នុងសវនាការមានប្រសាសន៍ថា អាជ្ញាធរមូលដ្ឋានមិនបានស្រាវជ្រាវឱ្យបានច្បាស់លាស់លើឯកសារទិញលក់ទាំងនោះ ព្រោះថា ភស្តុតាង ដែលភាគីម្ខាងទៀតលើកឡើងនៅមិនទាន់អាចឱ្យតុលាការដាក់បន្ទុកលើលោក មិន អាន់ បានទេ។
លោក យីសុខសាន្ត ៖«ខ្ញុំយល់ថា ដោយសារតែរឿងហ្នឹង វាមានការសង្ស័យស្រពេចស្រពិលហ្នឹងហើយ បានជាការចោទប្រកាន់របស់សាលាដំបូងរហូតដល់សាលាឧទ្ធរណ៍អត់បានឃុំខ្លួនគាត់ទេ គាត់មានសេរីភាពដដែល ប្រហែលជាភស្តុតាងមិនគ្រប់គ្រាន់ បានជាមិនអាចឃុំខ្លួនគាត់បាន នេះការគិតរបស់ខ្ញុំ»។
សាលាដំបូងខេត្តកោះកុងប្រកាសសាលក្រមផ្ដន្ទាទោសឱ្យលោក មិន អាន់ ជាប់ពន្ធនាគារមួយឆ្នាំ និងពិន័យ ១០លានរៀល ប៉ុន្តែតុលាការសម្រេចឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន។ សាលាឧទ្ធរណ៍ព្រះសីហនុបានតម្កល់សាលក្រមកំបាំងមុខសាលាដំបូងខេត្តកោះកុង ទុកជាបានការ ទើបលោកប្ដឹងបន្តទៅតុលាការកំពូល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។