សាលាឧទ្ធរណ៍ត្បូងឃ្មុំ បានបើកសវនាការក្នុងសំណុំរឿង ជនជាតិភាគតិចកួយ ៥រូប ដែលបានប្ដឹងទាស់នឹងសាលក្រមសាលាដំបូងខេត្តព្រះវិហារ ដែលសម្រេចឱ្យពួកគេជាប់ពន្ធនាគារម្នាក់មួយឆ្នាំកន្លះ កាលពីខែមីនា ឆ្នាំ២០២១ ពាក់ព័ន្ធនឹងរឿងក្ដីជាមួយក្រុមហ៊ុនស្ករអំពៅចិនហេងហ្វូ (Hengfu Group Sugar Industry) ដែលបានចោទពួកគាត់ថា បានឱ្យអ្នកភូមិជាង១០០នាក់ កំហែងយកគ្រឿងចក្រដែលចាប់ឃាត់គ្រឿងចក្រក្រុមហ៊ុនមិនឱ្យឈូសឆាយយកដីព្រៃប្រពៃណីជនជាតិដើមភាគតិចកួយ។
ពលរដ្ឋជនជាតិកួយ៥នាក់ដែលមានវិវាទដីធ្លីជាមួយក្រុមហ៊ុនស្ករអំពៅចិនហេងហ្វូ នោះបានចូលរួមសវនាការនៅសាលាឧទ្ធរណ៍ត្បូងឃ្មុំនៅព្រឹកថ្ងៃទី១៩ មករា។
ពលរដ្ឋជនជាតិកួយម្នាក់ក្នុងចំណោម៥នាក់ លោក កឿន វង ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១៩ មករាថា សាលាឧទ្ធរណ៍នៅមិនទាន់សម្រេចបែបណានៅឡើយទេចំពោះរឿងនេះដោយលើកពេលទៅប្រកាសសាលដីកានៅថ្ងៃទី២៨ ខែកុម្ភៈ ខាងមុខ។ លោកបានឆ្លើយក្នុងអង្គសវនាការថា ក្នុងការប្ដឹងសាលាឧទ្ធរណ៍នេះ ដោយសារសាលាដំបូងខេត្តព្រះវិហារកាត់ក្ដីដោយអយុត្តិធម៌ និងគ្មានភស្តុតាងដាក់បន្ទុកពួកលោកឱ្យប្រឈមក្នុងរឿងក្ដីព្រហ្មទណ្ឌ ពាក់ព័ន្ធនឹងពលរដ្ឋបានហាមឃាត់គ្រឿងចក្រក្រុមហ៊ុនចិនហេងហ្វូឈូសឆាយដីស្រែ និងកន្លែងប្រតិបត្តិជំនឿទំនៀមទម្លាប់ជនជាតិភាគកួយ៖ «វាអយុត្តិធម៌ពេក ដែលពលរដ្ឋទាមទារលក្ខណៈខ្នាតតូចដើម្បីគ្រួសារជនជាតិដើមភាគតិច គោលបំណងទាមទារដើម្បីកុំឱ្យក្រុមហ៊ុនយកដីកន្លែងអាស្រ័យផលរបស់ពួកយើង»។
ជនជាតិភាគតិចកួយរូបនេះ បន្តថា ការហាមឃាត់គ្រឿងចក្រក្រុមហ៊ុនក្នុងបំណងអភិរក្សដីព្រៃជនជាតិភាគតិច ៣០០ហិកតារ ដើម្បីការពារដីមិនឱ្យក្រុមហ៊ុនឈូសឆាយកន្លែងដែលពួកគេធ្លាប់អាស្រ័យផលតាមបែបទំនៀមទម្លាប់របស់ជនជាតិភាគតិចកួយ។ លោកបន្តថា ចាប់តាំងមានវត្តមានក្រុមហ៊ុនមួយនេះមក បានរំលោភបំពានដីធ្លីប្រជាពលរដ្ឋ ឈូសឆាយផលដំណាំអ្នកភូមិ គំរាមកំហែងបំបាក់ស្មារតីលើពលរដ្ឋដែលហ៊ានងើបតវ៉ា ស្របពេលដែលពលរដ្ឋជនជាតិកួយរាប់ម៉ឺនគ្រួសារក្នុងស្រុកចំនួនបីក្នុងខេត្តព្រះវិហារ រងគ្រោះបាត់បង់ដីធ្លី ព្រៃសមូហភាព និងរំលោភបំពានដីស្រែចម្ការអ្នកភូមិ។ លោកក៏សង្ឃឹមថា តុលាការជាន់ខ្ពស់មួយនេះនឹងផ្តល់យុត្តិធម៌ដល់ពួកលោកទាំង៥នាក់។
វិទ្យុអាស៊ីសេរី មិនទាន់អាចទាក់ទងសុំការឆ្លើយតបជុំរឿងនេះពីប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃសាលាឧទ្ធរណ៍ត្បូងឃ្មុំ អ្នកស្រី ខៀវ ផាន់ណា និងតំណាងមហាអយ្យការ លោក កុល បុន នេះបានទេនៅថ្ងៃទី១៩ មករា។
ប៉ុន្តែ អ្នកស្រី ខៀវ ផាន់ណា ថ្លែងក្នុងអង្គសវនាការបង្គាប់ឱ្យជនជាប់ចោទបង្ហាញពីសិទ្ធិកាន់កាប់ដីធ្លី រៀបរាប់សាវតាររឿងពលរដ្ឋដែលនាំគ្នាទាមទារដីធ្លីការហាមឃាត់គ្រឿងចក្រក្រុមហ៊ុន និងមូលហេតុមិនព្រមក្នុងការផ្ដល់សំណងដល់ដើមបណ្ដឹង។
លោក លោក កឿន វង និងជនជាតិកួយ៤នាក់ទៀតបានប្ដឹងជំទាស់ទៅសាលាឧទ្ធរណ៍ត្បូងឃ្មុំ ក្រោយពេលសាលាដំបូងខេត្តព្រះវិហារកាលពីខែមីនា ឆ្នាំ២០២១ បានប្រកាសសាលក្រមឱ្យពួកលោកចាញ់ក្ដីក្នុងសំណុំរឿងវិវាទដីធ្លីជាមួយក្រុមហ៊ុនស្ករអំពៅចិនប្ដឹងពួកគេពីបទកំហែងយកគ្រឿងចក្រ និងធ្វើឱ្យខូចខាតដោយចេតនា។ តុលាការខេត្តព្រះវិហារក៏បានបង្គាប់ឱ្យពួកគេបង់សំណង ៥លានរៀល ក្នុងម្នាក់ទៅក្រុមហ៊ុន និងផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារ ១ឆ្នាំ ៦ខែ ប៉ុន្តែទោសនេះត្រូវព្យួរ។ លោក កឿន វង ចាត់ទុកសេចក្ដីសម្រេចនេះថា ជារឿងអយុត្តិធម៌ និងលើកទឹកចិត្តឱ្យក្រុមហ៊ុនចិនរំលោភបំពានដីធ្លីប្រជាសហគមន៍ជនជាតិភាគតិចកួយ និងឈូសឆាយធនធានព្រៃឈើបំផ្លាញផលដំណាំអ្នកភូមិ។
ជុំវិញរឿងនេះ មេធាវីការពារក្ដីជនជាតិភាគតិចកួយ លោក សេក សុភ័ណ មានប្រសាសន៍ថា ការចោទប្រកាន់របស់តំណាងអយ្យការខេត្តព្រះវិហារកន្លងទៅជារឿងអយុត្តិធម៌ ក្នុងសន្និដ្ឋានពីបទកំហែងយកគ្រឿងចក្រ និងធ្វើឱ្យខូចខាតដោយចេតនា។ លោកបន្តថា សកម្មជនបែបនេះមិនមានអង្គហេតុត្រឹមត្រូវក្នុងការដាក់បន្ទុកឱ្យកូនក្ដីរបស់លោកប្រឈមមុខរឿងក្ដីព្រហ្មទណ្ឌ និងផ្តល់សំណងរដ្ឋប្បវេណីដល់ដើមបណ្ដឹងព្រោះពួកគាត់ជាជនរងគ្រោះដែលបានបាត់បង់ដីធ្លី៖ «មិនមែនតែរឿងគាត់បី បួននាក់ហ្នឹងទេ ការផ្តល់យុត្តិធម៌ជូនគាត់ជាជនរងគ្រោះទៅវិញត្រូវសងដីគាត់វិញ។ ការដាក់បន្ទុកឱ្យពួកគាត់ទទួលខុសត្រូវក្រមព្រហ្មទណ្ឌហើយត្រូវសងរដ្ឋប្បវេណីទៅដើមបណ្ដឹងទៀតជារឿងអយុត្តិធម៌សម្រាប់កូនក្ដី»។
ជុំវិញរឿងនេះ នាយកប្រតិបត្តិអង្គការពន្លកខ្មែរ លោក ប៉ឹក សោភ័ណ មានប្រសាសន៍ថាការហាមឃាត់គ្រឿងចក្ររបស់ក្រុមហ៊ុនដែលរំលោភបំពានដីប្រជាសហគមន៍អ្នកភូមិបានហាមឃាត់ជាច្រើនលើកច្រើនសាមកហើយ ប៉ុន្តែអាជ្ញាធរខ្វះនីតិវិធីក្នុងការរកដំណោះប្រកបដោយតម្លាភាព។ លោកបន្តថា ការចោទប្រកាន់របស់តុលាការខេត្តព្រះវិហារលើជនជាតិកួយទាំង៥នាក់កន្លងទៅគ្មានមូលដ្ឋានច្បាស់លាស់ ព្រោះពួកគាត់មិនបានប្រព្រឹត្តបង្កការខូចខាតប្រើហិង្សាលើតំណាងក្រុមហ៊ុនឡើយ៖ «ធ្វើឱ្យពួកគាត់ទទួលអយុត្តិធម៌ទាំងពីរដំណាក់កាល។ ដំណាក់កាលទី១ពួកគាត់ត្រូវបាត់បង់ដីធ្លី។ ដំណាក់កាលទី២ គឺគាត់ត្រូវតុលាការព្រះវិហារដាក់ទោសហើយពិន័យ។ ខ្ញុំយល់ថាតុលាការឧទ្ធរណ៍គួរតែទម្លាក់បទចោទ ដោយកុំយកតាមការសម្រេចសាលក្រមរបស់តុលាការខេត្តព្រះវិហារ»។
ក្រុមហ៊ុនសម្បទានសេដ្ឋកិច្ច ហេងហ្វូ ទទួលសិទ្ធិវិនិយោគពីរដ្ឋាភិបាលលើផ្ទៃដីទំហំ ៤២.០០០ម៉ឺនហិកតារ តាំងពីឆ្នាំ២០១១ ដើម្បីវិនិយោគដាំអំពៅ និងកៅស៊ូ។ ក្រុមហ៊ុននេះជាក្រុមហ៊ុនមេ និងមានបុត្រសម្ព័ន្ធក្រុមហ៊ុនចំនួន៥ ទៀត។ ការវិនិយោគរបស់ក្រុមហ៊ុននេះ បានធ្វើឱ្យប៉ះពាល់ដល់ជនជាតិដើមភាគតិចប្រមាណ ២ពាន់គ្រួសារ ដែលមានប្រជាពលរដ្ឋប្រមាណ ១ម៉ឺននាក់ ស្ថិតនៅក្នុងភូមិចំនួន២៥ ឃុំចំនួន១០ និងស្រុកចំនួន៣ គឺស្រុកជ័យសែន ស្រុកឆែប និងស្រុកត្បែងមានជ័យ។ វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្ដីពីកម្ពុជា និងអង្គការដៃគូមួយចំនួនទៀត បានរកឃើញថា ក្រុមហ៊ុនបានឈូសឆាយប៉ះពាល់ដីស្រែពលរដ្ឋ ឈូសឆាយលុបប្រភពទឹក ដែលជាផ្លូវទឹកធម្មជាតិសម្បូរដោយមច្ឆជាតិ និងបានឈូសឆាយទៅលើដីទួលប្រាសាទបុរាណ ៤កន្លែង និងស្ថានីយបុរាណផ្សេងៗទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។