ស្ត្រី​ទុរគត​ម្នាក់​នៅ​ស្រុក​ថ្មគោល ខេត្ត​បាត់ដំបង ត្រូវ​អាជ្ញាធរ​បំពាន​យក​ដីធ្លី និង​គំរាមកំហែង

ដោយ ហ៊ុំ ចំរើន
2024.08.31

ស្ត្រី​ទុរគត​ដែល​ផ្ទុក​ជំងឺ​អេដស៍​ម្នាក់ នៅ​ស្រុក​ថ្មគោល ខេត្ត​បាត់ដំបង អះអាង​ថា អាជ្ញាធរ​បាន​ជីក​កាយ​យក​អាចម៍ដី​លក់​ក្រោម​លេស​ស្ដារ​ប្រឡាយ ដែល​បណ្ដាល​ឱ្យ​ប៉ះពាល់​ដល់​ដី​លំនៅឋាន​ស្ទើរ​ទាំងស្រុង ខណៈ​ពួកគេ​ថែមទាំង​គំរាមកំហែង​មិន​ឱ្យ​គាត់​តវ៉ា​ទាមទារ​រក​យុត្តិធម៌​ទៀត​ផង។ ស្ត្រី​រូប​នេះ ស្នើ​ឱ្យ​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល បញ្ជូន​មន្ត្រី​តំណាង​ឱ្យ​ចុះ​មក​ស្រាវជ្រាវ​រឿង​នេះ ដើម្បី​រក​យុត្តិធម៌​សម្រាប់​គាត់​នៅ​ជីវិត​ចុង​ក្រោយ។

ស្ត្រី​មេម៉ាយ​ទុរគត​ដែល​ផ្ទុក​ជំងឺអេដស៍​ម្នាក់ រស់នៅ​ភូមិ​ត្រស់ ឃុំ​អូរតាគី ស្រុក​ថ្មគោល ស្រក់​ទឹកភ្នែក ដោយសារ​ដី​លំនៅឋាន​របស់​លោក​ស្រី ត្រូវ​អាជ្ញាធរ​កាយ​យក​អាចម៍ដី​លក់ ស្ទើរតែ​ដល់​សសរផ្ទះ​ទៅ​ហើយ ប៉ុន្តែ​លោកស្រី​មិនអាច​ទាមទារ​រក​យុត្តិធម៌ ហើយ​ថែមទាំង​ទទួលរង​ការ​គំរាមកំហែង និង​ការ​ជេរ​ប្រមាថ​សព្វបែបយ៉ាង ពី​សំណាក់​មន្ត្រី​មូលដ្ឋាន ដែល​ជា​អ្នក​អនុវត្ត​ច្បាប់។

ពលរដ្ឋ​នៅ​ឃុំ​អូរតាគី ស្រុក​ថ្មគោល លោកស្រី ប៊ិត ពៅ ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី​៣០ ខែ​សីហា ថា កាល​ពី​ដើម​ឆ្នាំ​២០២៣ អាជ្ញាធរ​ឃុំ​អូរតាគី និង​មន្ត្រី​របស់​មន្ទីរ​ធនធាន​ទឹក បាន​កាយ​យក​អាចម៍ដី និង​បំផ្លាញ​ផលដំណាំ​នៅ​ខាងក្រោយ​ផ្ទះ​លោកស្រី អស់​ជាង​ពាក់កណ្ដាល ក្រោម​លេស​ថា ដើម្បី​ស្ដារ​អូរ​។ ក៏ប៉ុន្តែ លោកស្រី អះអាង​ថា អាជ្ញាធរ​មិនមែន​កាយ​ដី​ដើម្បី​ស្ដារ​អូរ​នោះ​ទេ ដោយ​អាជ្ញាធរ​ភូមិ និង​ឃុំ បាន​ឃុបឃិត​គ្នា​កាយ យក​អាចម៍ដី​នោះ យក​ទៅ​លក់​ឱ្យ​អ្នកដទៃ រហូត​ធ្វើ​ឱ្យ​ដី​លំនៅឋាន​របស់​លោក​ស្រី​ក្លាយ​ទៅជា​បឹង​មួយ។

លោកស្រី ប៊ិត ពៅ៖ «និយាយ​ឱ្យ​ចំ​ទៅ​រស់នៅ​គ្មាន​មេ​គ្មាន​បា រស់​ឯកោ។ នឹង​ឃើញ​កាលណា គឺ​ទឹកភ្នែក ដល់​ថ្នាក់​តោង​អេស្កា​ទៀត​ក៏​មាន​។ យក​អេស្កា​មក​បុក​រើ​របង បួន​ដប់​ម្ភៃ​នាក់​។ យក​អេស្កា​មក​ដក​បង្គោលរបង​ប៉ុន​បង្គោល​ភ្លើង។ ខ្ញុំ​តោង​អេស្កា កាយ​ជិត​ដល់​ផ្ទះ​ខ្ញុំ ខ្ញុំ​រត់​ចូល​អេស្កា បាន​គេ​កាយ​យក​ត្រឹមហ្នឹង»

លោកស្រី ប៊ិត ពៅ បញ្ជាក់​ថា កាលពី​ដំបូង​ឡើយ ដី​របស់​លោកស្រី មាន​ទំហំ ក្បាល​៨០​ម៉ែត្រ និង​ជម្រៅ​២៧​ម៉ែត្រ​។ ប៉ុន្តែ​ក្រោយ​ពី​អាជ្ញាធរ កាយ​យក​អាចម៍ដី​លក់​មក គឺ​នៅសល់​ជម្រៅ​១០​ម៉ែត្រ ខណៈ​ពលរដ្ឋ​ផ្សេងទៀត ដែល​រស់នៅ​សងខាង​ជាប់មាត់​អូរ​ក្បែរ​នោះ ទទួលរង​ផល​ប៉ះពាល់ ដូច​លោកស្រី​ដែរ ប៉ុន្តែ​ពួកគេ​មិន​ហ៊ាន​តវ៉ា​នោះ​ទេ ព្រោះ​មាន​អាជ្ញាធរ​មក​គំរាម។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង មេភូមិ​ត្រស់ លោក ហឿន សាលួត និង​មេឃុំ​អូរតាគី លោក ពេក គុំ ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃទី​៣០ ខែ​សីហា។

ជុំវិញ​រឿង​នេះ ប្រធាន​ការិយាល័យ​អង្គការ​លីកាដូ (Licadho) ប្រចាំ​នៅ​ខេត្តបន្ទាយមានជ័យ លោក អ៊ិន គង់ជិត មាន​ប្រសាសន៍​ថា លោកស្រី ប៊ិត ពៅ ពិតជា​រង​ភាព​អយុត្តិធម៌​ដោយសារ​ការរំលោភ​យក​ដី និង​ការ​គំរាមកំហែង ដល់​ការរស់នៅ និង​សុវត្ថិភាព​ពិតប្រាកដ​មែន​។ លោក​ស្នើ​ឱ្យ​អាជ្ញាធរ​ពិចារណា​លើ​ទង្វើ​របស់​ខ្លួន​ឡើងវិញ និង​បញ្ឈប់​ការបំពាន​លើ​ដី​ពលរដ្ឋ ដើម្បី​ឱ្យ​គាត់​អាច​រស់នៅ​ដោយ​ភាពសមរម្យ​លើ​ដី​របស់​ខ្លួន។

លោក អ៊ិន គង់ជិត៖ «គួរតែ​ចុះទៅ​ពិនិត្យមើល​ជាក់ស្ដែង អំពី​ស្ថានភាព​គ្រួសារ​របស់​គាត់ ដែល​បាន​បាត់បង់​ដី​ម្ដង​ហើយ​ម្ដងទៀត ហើយ​នៅពេល​យក​អាចម៍ដី​លក់​ហ្នឹង គឺ​គ្មាន​បាន​ផ្ដល់​ឱ្យ​គាត់​មួយ​កាក់​មួយ​សេន មួយ​រៀល​ទេ​។ ជា​ការ​ធ្វើបាប​គាត់ ហើយ​គួរតែ​បញ្ឈប់​អំពី​ហ្នឹង​ទៅលើ​ស្ត្រី​រងគ្រោះ​បែប​ហ្នឹង​ទៀត​ទៅ។ ងាក​មក​គិតគូរ​រឿង​មនុស្សធម៌​យោគយល់ ហើយ​អនុគ្រោះ​ឱ្យ​គាត់​រស់នៅ​ក្នុង​ជីវិត​ចុងក្រោយ​របស់​គាត់ ដែល​គាត់​មាន​ជំងឺ​ក្នុង​ខ្លួន​ផង ហើយ​និង​ជា​ស្ត្រី​កម្សត់​ទុរគត​ផង»

បច្ចុប្បន្ន លោកស្រី ប៊ិត ពៅ អាយុ​៦០​ឆ្នាំ កំពុង​មាន​ជំងឺអេដស៍ និង​រស់នៅ​ជាមួយ​កូនប្រុស​ម្នាក់ ដែល​មាន​សតិ​មិន​គ្រប់គ្រាន់​។ លោកស្រី​ស្នើឱ្យ​លោក ហ៊ុន ម៉ា​ណែ​ត ចាត់​មន្ត្រី​តំណាង​ឱ្យ​ចុះ​មក​ស្រាវជ្រាវ​រឿង​នេះ ដើម្បី​រក​យុត្តិធម៌​ឱ្យ​លោកស្រី ព្រោះ​លោកស្រី​នៅ​សល់​តែ​ដី​លំនៅឋាន​នេះ​ប៉ុណ្ណោះ ទុក​សម្រាប់​ឱ្យ​កូន​រស់នៅ និង​អាស្រ័យ​ជីវិត នៅ​ពេល​លោកស្រី​ចែក​ឋាន​ទៅ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​គ្រោង​ធ្វើ​បេសកកម្ម​ដើរ​គោះ​ទ្វារ​រក​វិនិយោគិន​នៅ​អាមេរិក​ជា​ថ្មី
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។