ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​នៅ​ខេត្ត​កោះកុង​ថា​ស៊ូ​ស្លាប់​នៅ​ភ្នំពេញ​បើ​គ្មាន​ដំណោះស្រាយ

ដោយ ថា កិត្យា
2016-12-26
Share
ជម្លោះ​ដីធ្លី កោះកុង ២០១៦ ៨៥៥ ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ភាគី​ក្រុមហ៊ុន​មក​ពី​ខេត្ត​កោះកុង តវ៉ា​នៅ​ខាង​មុខ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ នៅ​រសៀល​ថ្ងៃ​ទី​២១ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Tha Kitya
RFA/Tha Kitya

ពលរដ្ឋ​ជាង ១០០​នាក់​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ភាគី​ក្រុមហ៊ុន​លោក​ឧកញ៉ា ហេង ហ៊ុយ ក្រុមហ៊ុន​ស្ករ​អំពៅ​ឈ្មោះ កោះកុង ស៊ូហ្គើ (Koh Kong Sugar) និង​ក្រុមហ៊ុន​កោះកុង ផ្លេនថេសិន (Koh Kong Plantation) មក​ពី​ខេត្ត​កោះកុង នាំ​គ្នា​រៀបចំ​សន្និសីទ​កាសែត​នៅ​ក្នុង​វត្ត​សាមគ្គីរង្សី ក្នុង​ក្រុង​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែ​ធ្នូ ដើម្បី​តវ៉ា​ទាមទារ​ដំណោះស្រាយ។ ពលរដ្ឋ​រងគ្រោះ​ដីធ្លី​បញ្ជាក់​ថា ពួក​គាត់​នឹង​បន្ត​តវ៉ា​រហូត​ដល់​ស្លាប់​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ បើ​គ្មាន​ដំណោះស្រាយ​ដីធ្លី។

ក្រុម​អ្នក​ភូមិ​ដែល​រងគ្រោះ​ដីធ្លី​ទាំងនេះ បាន​ឡើង​មក​តវ៉ា​នៅ​ភ្នំពេញ​ជិត​មួយ​សប្ដាហ៍​ទៅ​ហើយ​តាំង​ពី​ថ្ងៃ​ទី​២០ ខែ​ធ្នូ មក ដើម្បី​ទាមទារ​ឲ្យ​រដ្ឋសភា និង​ស្ថាប័ន​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត ជួយ​អន្តរាគមន៍​ធ្វើ​យ៉ាង​ណា​ឲ្យ​ពួក​គេ​ទទួល​បាន​ដីធ្លី​មក​អាស្រ័យ​ផល​ឡើង​វិញ នៅ​ក្រោយ​ពេល​ដែល​ក្រុមហ៊ុន​បាន​ឈូស​ឆាយ​រំលោភ​យក។

បច្ចុប្បន្ន ពួក​គេ​កំពុង​ស្នាក់នៅ​ក្នុង​វត្ត​សាមគ្គីរង្សី ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ដំណោះស្រាយ​ទាំង​ស្ថានភាព​ត្រដាបត្រដួស​ដាច់​បាយ​ដាច់​ទឹក គ្មាន​កន្លែង​សម្រាក​ត្រឹមត្រូវ ដែល​បណ្ដាល​ឲ្យ​កូន​តូចៗ​ត្រូវ​មូស​ខាំ ហើយ​កំពុង​មាន​ជំងឺ​គ្រុន​ឈាម​ទៀត​ផង។

ពលរដ្ឋ​រងគ្រោះ​ដីធ្លី​ម្នាក់ គឺ​លោកស្រី ខន ផុន រៀបរាប់​ទាំង​ទឹក​មុខ​ក្រៀមក្រំ​លាយ​ឡំ​ទឹក​ភ្នែក​ថា ក្រុម​ប្រជាពលរដ្ឋ​បាន​ប្ដេជ្ញា​ហើយ​ថា មិន​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ​ទេ ប្រសិន​បើ​គ្មាន​ដំណោះស្រាយ ព្រោះ​ថា ទោះ​ត្រឡប់​ទៅ​ផ្ទះ​វិញ ក៏​គ្មាន​ដី​ស្រែ​ចម្ការ និង​លំនៅឋាន​សម្រាប់​ស្នាក់នៅ និង​ចិញ្ចឹម​ជីវិត​ឡើយ៖ «បើ​ដោះស្រាយ​មិន​បាន គឺ​ខ្ញុំ​អត់​ទៅ​វិញ​ទេ ខ្ញុំ​នៅ​ទីនេះ»

ការ​លើក​ឡើង​នេះ ធ្វើ​ឡើង​ក្នុង​សន្និសីទ​កាសែត​ក្នុង​វត្ត​សាមគ្គីរង្សី នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែ​ធ្នូ ដោយ​មាន​ប្រជាពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ជាង ១០០​នាក់ តំណាង​ឲ្យ​ពលរដ្ឋ​សរុប​ចំនួន ១៦២​គ្រួសារ​មក​ពី​ភូមិ​ចំនួន​៧ នៅ​ក្នុង​ស្រុក​ចំនួន​ពីរ គឺ​ស្រុក​បុទុមសាគរ និង​ស្រុក​ស្រែអំបិល ខេត្ត​កោះកុង។ ពួក​គេ​ឈរ​នៅ​ក្រោម​កម្តៅ​ថ្ងៃ ខ្លះ​កាន់​ទង់​ជាតិ និង​ទង់​សាសនា ខ្លះ​ទៀត​លើក​បដា​សុំ​ដោះស្រាយ​ដីធ្លី និង​ខ្លះ​ទៀត បង្ហាញ​រូបថត​ដែល​ក្រុមហ៊ុន​ឈូស​ឆាយ​កម្ទេច​ផ្ទះ ដំណាំ និង​ដី​របស់​ពួក​គាត់ និង​អ្នក​ខ្លះ​ទៀត​កាន់​រូបថត​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​អ្នកស្រី ប៊ុន រ៉ានី ហ៊ុន សែន។

ស្ត្រី​រងគ្រោះ​ដីធ្លី​ម្នាក់​ទៀត​ដែល​កំពុង​បី​កូន​ដែល​មាន​ជំងឺ​គ្រុន​ឈាម ហើយ​កំពុង​ព្យួរ​សេរ៉ូម ដេក​លង់​លក់​លើ​ភ្លៅ​ម្តាយ​កំពុង​ស្រែក​តវ៉ា​នោះ រៀបរាប់​ថា ពួក​គាត់​ត្រូវ​រងគ្រោះ​ផ្ទួនៗ​ដោយ​ពុំ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ពី​ថ្នាក់​ដឹកនាំ​ប្រទេស​ឡើយ៖ «មក​តវ៉ា​នេះ យើង​នាំ​គ្នា​ចង​ការប្រាក់​គេ​មក​ក្នុង​ម្នាក់ ២០ ទៅ ៣០​ម៉ឺន ហើយ​យើង​ត្រូវ​ហូប និង​កូន​ឈឺ​ទៀត។ ដូច្នេះ​អស់​ហើយ! ប៉ុន្តែ​យើង​អត់​មាន​ជម្រើស​អី​ផ្សេង​ទេ បើ​ទៅ​ផ្ទះ​វិញ​ក៏​អត់​មាន​ដី​ធ្វើ ហើយ​នៅ​តែ​ពិបាក​ដដែល។ អ៊ីចឹង​ហើយ​បាន​តស៊ូ​នៅ​ទីនេះ។ សូម​ឲ្យ​សម្ដេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួយ​ដោះស្រាយ​ផង។ ពួក​ខ្ញុំ​ចង់​បាន​ដី​ពួក​ខ្ញុំ​មក​ធ្វើ​វិញ»

ប្រជាពលរដ្ឋ​អះអាង​ថា ដីធ្លី​ពួក​គេ​មាន​ទាំង​ដី​លំនៅឋាន និង​ដី​ចម្ការ ត្រូវ​ក្រុមហ៊ុន​លោក​ឧកញ៉ា ហេង ហ៊ុយ និង​ក្រុមហ៊ុន​ស្ករ​អំពៅ​ឈ្មោះ កោះកុង ស៊ូហ្គើ និង​ក្រុមហ៊ុន​កោះកុង ផ្លេនថេសិន បាន​ឈូស​ឆាយ​រំលោភ​យក​ជា​ហូរហែ​ចាប់​តាំង​ពី​ឆ្នាំ​២០០៦។

កាល​ពី​ថ្ងៃ​ទី​២០ ខែ​ធ្នូ ប្រជាពលរដ្ឋ​ទាំងនេះ​បាន​ទៅ​ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​ខាង​រដ្ឋសភា និង​ក្រសួង​បរិស្ថាន ដែរ ប៉ុន្តែ​ពុំ​មាន​ដំណោះស្រាយ​ឡើយ ហើយ​បាន​បន្ត​ដំណើរ​ស្វែងរក​ដំណោះស្រាយ​នៅ​ខាង​មុខ​ក្រសួង​រៀបចំ​ដែនដី ប៉ុន្តែ​ពួក​គេ​បាន​ឮ​ត្រឹម​តែ​ការ​សន្យា​ថា ខាង​ក្រសួង​នឹង​ផ្តល់​ដំណឹង​ជូន​ពលរដ្ឋ​វិញ​ក្នុង​រយៈពេល ៣​ថ្ងៃ​ខាង​មុខ​ទៀត បន្ទាប់​ពី​ក្រសួង​ណាត់​ជួប​ជជែក​ជាមួយ​ក្រុមហ៊ុន​ទាំង​ពីរ។

អាស៊ីសេរី មិន​អាច​សុំ​ការ​ឆ្លើយតប​ពី​អ្នក​នាំ​ពាក្យ​ក្រសួង​រៀបចំ​ដែនដី ទាំង ៣​រូប គឺ​លោក សារុន ឬទ្ធា លោក សេង ឡូត និង​លោក ជៀម សុផលមករា បាន​ទេ​នៅ​ថ្ងៃ​ទី​២៦ ខែ​ធ្នូ ដោយ​មិន​លើក​ទូរស័ព្ទ។

អ្នក​សម្របសម្រួល​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) ប្រចាំ​ខេត្ត​កោះកុង លោក អ៊ិន គង់ជិត មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​គួរ​តែ​បង្ហាញ​ឆន្ទៈ​ពិត​ប្រាកដ ដើម្បី​ដោះស្រាយ​វិវាទ​ដីធ្លី​រ៉ាំរ៉ៃ​នេះ​ឲ្យ​បាន​ឆាប់ ព្រោះ​ថា​បើ​បន្ត​អូស​បន្លាយ​ទៀត​នោះ នឹង​បណ្ដាល​ឲ្យ​ប៉ះពាល់​កាន់​តែ​ធ្ងន់ធ្ងរ​ដល់​សិទ្ធិ និង​ជីវភាព​ប្រជាពលរដ្ឋ​កាន់​តែ​ធ្ងន់ធ្ងរ៖ «ពលរដ្ឋ​នឹង​ចេះ​តែ​រងគ្រោះ​បន្ត​ទៀត ហើយ​ពួក​គាត់​អស់​សង្ឃឹម ហើយ​មិន​មាន​អ្វី​ជា​មុខ​របរ​សម្រាប់​ទ្រទ្រង់​ជីវភាព»

ប្រជាពលរដ្ឋ​បន្ត​ថា បើ​ស្ថាប័ន​ពាក់ព័ន្ធ​ព្រងើយ​កន្តើយ​ក្នុង​រឿង​ដីធ្លី​ពួក​គាត់​បន្ត​ទៀត​នោះ ពួក​គាត់​គ្មាន​ជម្រើស​អ្វី​ផ្សេង​ក្រៅ​តែ​ពី​នាំ​គ្នា​ទៅ​ប្រមូល​ផ្តុំ​តវ៉ា​នៅ​មុខ​ផ្ទះ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ផ្តល់​ដំណោះស្រាយ​ជូន​ពួក​គាត់​ឡើយ ទោះ​បី​ជា​មាន​ការ​រារាំង និង​វាយ​ធ្វើ​បាប​យ៉ាង​ណា​ក្តី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល