ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី​ជិត ១.០០០នាក់​មក​ពី​សហគមន៍​ដីធ្លី ៤ខេត្ត​ផ្សេង​គ្នា តវ៉ា​នៅ​មុខ​ក្រសួង​ដែនដី

ដោយ អាស៊ីសេរី
2020-01-13
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ពលរដ្ឋ​ដែល​កំពុង​កើត​ទុក្ខ​រឿង​បញ្ហា​បាត់​ដីធ្លី​មក​ពី​សហគមន៍​ដីធ្លី ៤ខេត្ត នាំ​គ្នា​អង្គុយ​តវ៉ា​នៅ​ក្រសួង​ដែនដី ក្រោម​ស្លាក​ពាក្យ​ស្លោក "អរគុណ​សន្តិភាព" និង "គ្មាន​ម្លប់​ណា​ត្រជាក់​ជាង​សន្តិភាព"។
ពលរដ្ឋ​ដែល​កំពុង​កើត​ទុក្ខ​រឿង​បញ្ហា​បាត់​ដីធ្លី​មក​ពី​សហគមន៍​ដីធ្លី ៤ខេត្ត នាំ​គ្នា​អង្គុយ​តវ៉ា​នៅ​ក្រសួង​ដែនដី ក្រោម​ស្លាក​ពាក្យ​ស្លោក "អរគុណ​សន្តិភាព" និង "គ្មាន​ម្លប់​ណា​ត្រជាក់​ជាង​សន្តិភាព"។
រូប៖ ពលរដ្ឋ

ប្រជា​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ជិត ១​ពាន់​នាក់ មក​ពី​ខេត្ត​ចំនួន​៤ ប្រមូល​ផ្ដុំ​គ្នា​មុខ​ក្រសួង​ដែនដី ក្នុង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​មករា ស្នើ​សុំ​លោក ជា សុផារ៉ា ពន្លឿន​ដំណោះស្រាយ​ឲ្យ​ពួកគេ​ឲ្យ​បាន​ឆាប់។ ពលរដ្ឋ​ដែល​មក​ពី​ខេត្ត​កោះកុង ខេត្ត​កំពង់​ស្ពឺ ខេត្ត​ព្រះ​វិហារ​ និង​ខេត្ត​ឧត្តរមានជ័យ ភាគ​ច្រើន​មាន​ទំនាស់​ដីធ្លី​រ៉ាំរ៉ៃ ​ជាមួយ​ក្រុមហ៊ុន​ស្ករ​អំពៅ​របស់​ឧកញ៉ា​ លី យ៉ុងផាត់ ក្រុមហ៊ុន​ស្ករ​អំពៅ​ចិន ក្រុមហ៊ុន​ហេង​អភិវឌ្ឍន៍​របស់​ឧកញ៉ា ហេង ហ៊ុយ និង​ក្រុមហ៊ុន​ចិន​យូញៀន ច្រើន​ឆ្នាំ​មក​ហើយ។

«​ពួក​យើង​មិន​ត្រូវ​ការអភិវឌ្ឍន៍​យក​ផ្ទះ ដីធ្លី ប្រជាពលរដ្ឋ​ទេ​» «​គ្មាន​ដី គ្មាន​ជីវិត​» «​អភិវឌ្ឍន៍​មិន​គោរព​សិទ្ធិមនុស្ស សិទ្ធិ​ក្លែងក្លាយ»។ ទាំង​អស់​នេះ​ គឺ​ជា​ ឃ្លា​ពាក្យ​ស្លោក​ ដែល​ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី ​មក​ពី​ខេត្ត​កោះកុង កំពង់ស្ពឺ ព្រះវិហារ និង​ឧត្តរមានជ័យ ប្រមាណ ​១​ពាន់​នាំ​គ្នា​ឈរ​លើក​ឡើង​ និង​ស្រែក​ទាមទារ​ឲ្យ​ក្រសួង​ដែនដី​ ចេញ​មុខ​ដោះស្រាយ​បញ្ចប់​បញ្ហា​រឿង​ដីធ្លី ​ពួក​គាត់​ជាមួយ​ក្រុមហ៊ុន​ចិន​ និង​ក្រុម​អ្នក​មាន​អំណាច បន្ទាប់ពី​ពួក​គាត់​អស់​ជំនឿ​លើ​ចំណាត់​ការ​ថ្នាក់​ខេត្ត។

តំណាង​ពលរដ្ឋ​មក​ពី​ខេត្ត​កោះកុង​ដែល​មាន​ទំនាស់​ជាមួយ​ក្រុមហ៊ុន​ ចិន​យូញៀន លោកស្រី សាំង​ ពុយ ស្នើ​ដល់​ក្រសួង​ដែន​ដី​ចាត់​មន្ត្រី​ជំនាញ​ចុះ​ដល់​មូលដ្ឋាន​ពួកគាត់​មាន​ជម្លោះ​ ដើម្បី​ផ្ដល់​ដំណោះ​ស្រាយ​ជាក់​ស្ដែង​ដល់​ពលរដ្ឋ ប៉ុន្តែ​ក្រសួង​បែរ​ជា​តម្រូវ​ឲ្យ​ពួក​គាត់​ទៅ​រក​ដំណោះ​ស្រាយ​ពី​អាជ្ញាធរ​ខេត្ត​ដដែល​ទៅ​វិញ។

លោក​ស្រី សាំង ពុយ ថា ពួក​គាត់​ទៅ​រក​ដំណោះ​ស្រាយ​ពី​អភិបាល​រង​ខេត្ត​កោះកុង លោក សុខ សុធី ជា​ច្រើន​ដង​មក​ហើយ ប៉ុន្តែ​គ្មាន​បាន​អ្វី​ក្រៅ​ពី​ការ​សន្យា​ពី​មួយ​ពេល​ទៅ​មួយ​ពេល​នោះ​ឡើយ។ តំណាង​ពលរដ្ឋ​រូប​នេះ ទទូច​ស្នើ​ដល់​លោក ជា សុផារ៉ា ចាត់​ក្រុម​ការងារ​ចុះ​ពិនិត្យ​វិវាទ​ជាមួយ​ក្រុមហ៊ុន​ចិន​យូញៀន ដើម្បី​កុំ​ឲ្យ​ទំនាស់​បន្ត​អូស​បន្លាយ​តទៅ​ទៀត៖ «ក្រុម​បង​សំណូមពរ​ឲ្យ​ខាង​ក្រសួង​ហ្នឹង ចុះ​ទៅ​ធ្វើការ​នៅ​ក្នុង​មូលដ្ឋាន​ពួក​ខ្ញុំ​រស់នៅ​តែ​ម្ដង បាន​ដោះស្រាយ​រឿង​ហ្នឹង​បាន​ចប់​ ប៉ុន្តែ​បើ​ខេត្ត​រុញ​ទៅ​ក្រសួង ក្រសួង​រុញ​ទៅ​ខេត្ត​រឿង​អត់​ចប់​ទេ។ ពួក​បង​ទាំង​គ្នា​សំណូមពរ​ថា ចង់​ឲ្យ​មាន​ការ​កោះ​អញ្ជើញ​ក្រុមហ៊ុន​ចេញ​មក​ដោះស្រាយ​ឲ្យ​ម្ចាស់​ដី​នៅ​សេស​សល់​ហ្នឹង ព្រោះ​កន្លង​មក​អត់​ដែល​មាន​ការ​កោះ​អញ្ជើញ​ទេ។ យើង​ចង់​បាន​ដំណោះ​ស្រាយ​ឲ្យ​ឆាប់​បាទ»

កាល​ពី​ឆ្នាំ២០០៨ ក្រុមហ៊ុន​ចិន យូញៀន ឌីវេឡុបមិន គ្រុប (Union Development Group Co.,Ltd) បាន​ទទួល​ដី​សម្បទាន​សេដ្ឋកិច្ច​សរុប​ចំនួន​ជាង ៤ម៉ឺន ៥ពាន់​ហិកតារ (៤៥.១០០) ​ពី​របប​ក្រុង​ភ្នំពេញ ដើម្បី​សាងសង់​ទី​ក្រុង​ទេសចរណ៍​ដ៏​ធំ​មួយ ក្នុង​រយៈ​ពេល ៥០ឆ្នាំ ដែល​ត្រូវ​ចំណាយ​ទឹក​ប្រាក់​ជិត​ ៤ពាន់​លាន​ដុល្លារ (,៨ពាន់​លាន​ដុល្លារ)

គម្រោង​ទីក្រុង​ទេសចរណ៍​ដ៏​ធំ​សម្បើម​មួយ​នេះ​ បាន​បណ្ដាល​ឲ្យ​ប្រជា​ពលរដ្ឋ​ជាង ១ពាន់​គ្រួសារ​ ចាក​ចេញ​ពី​លំនៅឋាន ប៉ុន្តែ​នៅ​មាន​ប្រជា​ពលរដ្ឋ​ជា​ច្រើន​គ្រួសារ​ទៀត​នៅ​មិន​ទាន់​ទទួល​បាន​ដំណោះ​​ស្រាយ​នៅ​ឡើយ​មក​ដល់​ពេល​នេះ។

ទន្ទឹម​គ្នា​នេះ​ដែរ សហគមន៍​ដីធ្លី​ចំនួន ៤ទៀត មកពី​ស្រុក​ស្រែ​អំបិល ស្រុក​បុទុមសាគរ និង​ស្រុក​គីរីសាគរ ក្នុង​ខេត្ត​កោះកុង ដែល​មាន​ទំនាស់​ជាមួយ​ក្រុមហ៊ុន​ស្ករ​អំពៅ​របស់​ឧកញ៉ា លី យ៉ុង​ផាត់ និង​ក្រុមហ៊ុន​ហេង​អភិវឌ្ឍន៍​របស់​ឧកញ៉ា ហេង​ ហ៊ុយ ក៏​នាំ​គ្នា​ស្វែង​រក​ដំណោះស្រាយ​ពី​ក្រសួង​ដែនដី​ដែរ។ ពួកគេ​ស្នើ​ដល់​ក្រសួង​ដែនដី ​ចុះ​ស៊ើប​អង្កេត​ករណី​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​អ្នក​មាន​អំណាច​ និង​ពន្លឿន​ដំណោះ​ស្រាយ​រឿង​ដីធ្លី​ឲ្យ​បាន​ឆាប់។

តំណាង​ពលរដ្ឋ​មក​ពី​ខេត្ត​ឧត្តរមានជ័យ លោក ម៉ា អ៊ុកជឿន ដែល​មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ស្ករ​អំពៅ​របស់​លោក លី យ៉ុងផាត់ ជា​សមាជិក​ព្រឹទ្ធសភា​បក្ស​ប្រជាជន​កម្ពុជា ឲ្យ​ដឹង​ថា មាន​ប្រជាពលរដ្ឋ​ជិត​ ៤រយ​គ្រួសារ​ទៀត ​នៅ​មិន​ទាន់​ទទួល​បាន​ដំណោះស្រាយ​ពី​ក្រុមហ៊ុន និង​អាជ្ញាធរ​នៅ​ឡើយ​ទេ។ លោក​ស្នើ​ដល់​រដ្ឋមន្ត្រី​ក្រសួង​ដែនដី លោក ជា សុផារ៉ា ពន្លឿន​ចំណាត់​ការ​ដោះ​ស្រាយ​បញ្ចប់​វិវាទ​ឲ្យ​ពលរដ្ឋ៖ «ខ្ញុំ​មើល​ឃើញ​ការ​ដោះស្រាយ​របស់​ថ្នាក់​មូលដ្ឋាន អត់​មាន​ចេញ​ជា​ផ្លែ​ផ្កា​អី​សម្រាប់​បង​ប្អូន​ប្រជាពលរដ្ឋ​ទេ បាន​យើង​សុខ​ចិត្ត​ឡើង​មក​ក្រសួង​នេះ ដើម្បី​រាយការណ៍​រឿង​អស់​ទាំង​នេះ មក​ក្រសួង​ ក៏​ដូចជា​រដ្ឋាភិបាល​ឲ្យ​បាន​ដឹង។ កុំ​ឲ្យ​ថ្នាក់ក្រោម​គាត់​រុញ​ដាក់​គ្នា ធ្វើ​ឲ្យ​មាន​ផល​វិបាក​ដល់​ប្រជាពលរដ្ឋ។ រឿង​ទាំងអស់​នេះ​ហើយ បាន​យើង​ឡើង​មក​ជួប​ក្រសួង​ថ្ងៃ​នេះ ដើម្បី​ជំរុញ​ឲ្យ​ថ្នាក់​ខេត្ត​និង​ក្រុង​ដោះស្រាយ​ឲ្យ​ពលរដ្ឋ។ ឥឡូវ​ហ្នឹង​មក​ដល់​ក្រសួង​ហើយ ក្រសួង​បង្វែរ​រឿង​ហ្នឹង ឲ្យ​ខ្ញុំ​ទៅ​ជួប​ខត្ត​ទៀត។ ឥឡូវ​យើង​ខ្ញុំ​ហាក់​ដូច​ជា​ទ័ល​ច្រក​ដែរ​ ដល់​អ៊ីចឹង»

ចំណែក​តំណាង​ពលរដ្ឋ​មក​ពី​ខេត្ត​ព្រះវិហារ​វិញ គឺ​លោក សុ ភឿត ថ្លែង​ថា ជាង ១០ឆ្នាំ​មក​ហើយ ដែល​អាជ្ញាធរ​ខេត្ត​ មិន​អាច​ដោះ​ស្រាយ​បញ្ចប់​វិវាទ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ស្ករ​អំពៅ​ចិន ឡាន​ ហ្វេ​ង និង រ៉ូយ ហ្វេង។

តំណាង​ពលរដ្ឋ​រូប​នេះ ស្នើ​សុំ​ក្រសួង​ដែនដី​ដោះ​ស្រាយ​ជម្លោះ​ដីធ្លី ដោយ​ពន្លឿន​ចុះ​បញ្ជី​ដី​សមូហភាព​សហគមន៍ និង​កាត់​ឆ្វៀល​ដីធ្លី​ព្រៃ​សហគមន៍ ចេញ​ពី​គម្រោង​ដី​សម្បទាន​សេដ្ឋកិច្ច​ទៅ​ឲ្យ​ក្រុមហ៊ុន ព្រោះ​អ្នក​ភូមិ​ភាគច្រើន​ទទួល​ផល​ពី​ការ​បោច​វល្លិ៍ បោច​ស្លឹក ដង​ជ័រ​ទឹក​ក្នុង​ព្រៃ​សហគមន៍៖ «ខ្ញុំ​មក​នេះ​ ចង់​ឲ្យ​ក្រសួង​ដែនដី​ទទួល​ស្គាល់​ព្រៃ​សហគមន៍ និង​សុំ​ឆ្វៀល​ដី​ជូន​ប្រជាពលរដ្ឋ​សម្រាប់​ពលរដ្ឋ​រស់​នៅ​ក្នុង​សហគមន៍​ព្រៃឈើ។ សហគមន៍​មាន​ការ​ខ្វះខាត​ច្រើន​ណាស់ បាត់​បង់​ដីធ្លី​ គោ​ក្របី ធ្វើ​ឲ្យ​សហគមន៍​យើង​លំបាក​ទៀត»

ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ ហេង​ ហ្វូ​ ទទួល​សិទ្ធិ​វិនិយោគ​ពី​រដ្ឋាភិបាល​លើ​ផ្ទៃដី​ទំហំ​ជាង ៤២.០០០​ហិកតារ តាំង​ពី​ឆ្នាំ២០១១​ វិនិយោគ​ដាំ​អំពៅ​ និង​កៅស៊ូ។ ក្រុមហ៊ុន​នេះ​ ជា​ក្រុមហ៊ុន​មេ​ និង​មាន​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ចំនួន​ ៥ទៀត​ ដូចជា​ ក្រុមហ៊ុន ឡាន ហ្វេង រួយ ហ្វេង ក្រុមហ៊ុន ហេង​ ណុង​ ក្រុមហ៊ុន​ ហេង​ រួយ​ និង​ក្រុមហ៊ុន ហេង យូ។

សហគមន៍​ថា​ ប្រភព​ចម្បង​ ដែល​នាំ​ឲ្យ​កើត​មាន​ជម្លោះ​ដីធ្លី​ធំធេង​ ក្រោយ​ពី​របប​ក្រុង​ភ្នំពេញ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ឱ្យ​ក្រុមហ៊ុន​ស្ករ​អំពៅ​ចិន​ ឡាន​ ហ្វេ​ង និង រ៉ូយ ហ្វេ​ង រាប់​ម៉ឺន​ហិកតារ​ បង្ក​វិនាសកម្ម​ធំធេង​ ដល់​ធនធាន​ធម្មជាតិ​ និង​ប្រព័ន្ធ​សេដ្ឋកិច្ច​ជន​ជាតិ​ដើម​ភាគ​តិច​មូលដ្ឋាន។

រីឯ​តំណាង​ពលរដ្ឋ​មក​ពី​​កំពង់​ស្ពឺ លោក សឹង សុខុម ប្រាប់​អាស៊ី​សេរី​ថា ពលរដ្ឋ​ជាង ១ពាន់ ២រយ​គ្រួសារ នៅ​ស្រុក​ថ្ពង និង​ស្រុក​ឱរ៉ាល់ នៅ​មិន​ទាន់​ទទួល​បាន​ដំណោះ​ស្រាយ​សមរម្យ​ណា​មួយ​ពី​អាជ្ញាធរ និង​ភាគី​ក្រុមហ៊ុន​ស្ករ​អំពៅ​របស់​លោក​ឧកញ៉ា លី​ យ៉ុងផាត់​ នៅ​ឡើយ​ទេ ចាប់​តាំង​ពី​មាន​ជម្លោះ​ដីធ្លី​នៅ​ឆ្នាំ២០១០។

លោក សឹង សុខុម ថា ក្រសួង​រង់​ចាំ​មើល​លទ្ធផល​នៃ​ការ​អនុគ្រោះ EBA ពី​សហភាព​អឺរ៉ុប​សិន​ មុន​នឹង​សម្រេច​ចុះ​ដោះ​ស្រាយ​ឲ្យ​ពួក​គាត់​ នៅ​ខែ​មីនា​ខាង​មុខ។ លោក​បន្ត​ថា ការ​សន្យា​នេះ​ច្រើន​លើក​ច្រើន​សារ​មក​ហើយ។ តំណាង​ពលរដ្ឋ​រូប​នេះ ស្នើសុំ​រដ្ឋមន្ត្រី​ក្រសួង​ដែនដី លោក ជា សុផារ៉ា ឱ្យ​ជួយ​អន្តរាគមន៍​ពន្លឿន​ការ​ដោះ​ស្រាយ​ដល់​ពលរដ្ឋ​ឲ្យ​បាន​ឆាប់៖ «គាត់​ថា​គាត់​ផ្អាក​ដោះស្រាយ​សិន រង់ចាំ EBA ប្រកាស​ហើយ​សិន។ ខ្ញុំ​មិន​គិត​យ៉ាង​មិច​ដែរ បើ​គាត់​និយាយ​អ៊ីចឹង។ គាត់​និយាយ​ភាសា​ហ្នឹង ដូច​និយាយ​បញ្ចប់​ចឹង មិន​ដោះ​ទេ ចាំ EBA តាម​ពិត​គាត់​មិន​ដោះ​យូរ​ហើយ។ ដល់​អ៊ីចឹង​! ខ្ញុំ​ពិបាក​មែន​ទែន។ ​ពេល​ខ្លះ​គាត់​និយាយ​ផ្សេង ដល់​ពេល​នេះ គាត់​ទម្លាក់​ទៅ EBA ណា​ទៀត​ហើយ។ ពួក​យើង​មក​ច្រើន​ដង​ហើយ។ គាត់​សន្យា​ថា​ ខែ​៣​បាន​ចុះ​ទៅ»

ការ​ស្រាវជ្រាវ​ដោយ​អង្គការ​សមធម៌​កម្ពុជា បាន​រក​ឃើញ​ថា សមាជិក​ព្រឹទ្ធសភា​មក​ពី​គណបក្ស ប្រជាជន​កម្ពុជា លោក លី យ៉ុងផាត់ បាន​ទទួល​សិទ្ធិ​អនុញ្ញាត​ពី​រដ្ឋាភិបាល​កម្ពុជា លើ​ការ​អភិវឌ្ឍ​ដី​សម្បទាន​សេដ្ឋកិច្ច​ដាំ​អំពៅ​ចំនួន ៩ពាន់​ហិកតារ​នៅ​ស្រុក​ថ្ពង ក្នុង​ខេត្ត​កំពង់ស្ពឺ កាល​ពី​ឆ្នាំ២០១០។ ស្រប​ពេល​ជាមួយ​គ្នា​នេះ ក្រុមហ៊ុន​ភ្នំពេញ​ស៊ូហ្គើរ ក៏​បាន​ទទួល​ដី​សម្បទាន​សេដ្ឋកិច្ច​ចំនួន​ជាង ៩ពាន់​ហិកតារ​នៅ​ស្រុក​ឱរ៉ាល់ និង​ផ្ទៃដី​អភិវឌ្ឍន៍​សត្វ​ព្រៃ​ចំនួន ៤.៧០០ហិកតារ​បន្ថែម​ទៀត។ បច្ចុប្បន្ន ក្រុមហ៊ុន​នេះ​មាន​ផ្ទៃ​ដី​សរុប​ចំនួន ២ម៉ឺន ៣ពាន់​ហិកតារ ដែល​ជា​ទំហំ​លើស​ពី​ច្បាប់​អនុញ្ញាត។

ក្រោយ​ចូល​ជួប​មន្ត្រី​តំណាង​ក្រសួង​ដែនដី​ នៅ​ព្រឹក​ថ្ងៃ​ទី១៣ មករា ក្រុម​តំណាង​ពលរដ្ឋ ៤០នាក់​ មក​ពី​ខេត្ត​ទាំង​បួន ខក​ចិត្ត​ ចំពោះ​មន្ត្រី​ក្រសួង​ដែនដី ដែល​តម្រូវ​ឲ្យ​ពួក​គាត់​វិល​ត្រឡប់​ទៅ​រក​ដំណោះ​ស្រាយ​ពី​អាជ្ញាធរ​ថ្នាក់​ខេត្ត​វិញ ដោយ​យក​ហេតុផល​ថា ក្រសួង​បាន​ត្រឹម​តែ​ពិនិត្យ​ឯកសារ និង​បញ្ជូន​ទៅ​ឲ្យ​ថ្នាក់​ក្រោម​ជាតិ​ដោះ​ស្រាយ​ប៉ុណ្ណោះ។

អាស៊ី​សេរី មិន​អាច​សុំ​ការ​បំភ្លឺ​រឿង​ទាំង​អស់​នេះ ពី​អ្នកនាំពាក្យ​ក្រសួង​ដែនដី លោក សេង ឡូត បាន​នៅ​ឡើយ​ទេ ដោយ​សារ​គ្មាន​ទទួល​ទូរស័ព្ទ។

ក្រុម​ពលរដ្ឋ​ទាំង ៤ខេត្ត សម្រេច​វិល​ត្រឡប់​ទៅ​ខេត្ត​រៀង​ខ្លួន​វិញ នៅ​រៀល​ថ្ងៃ​ដដែល​ ប៉ុន្តែ​ពួក​គាត់ បញ្ជាក់​ថា ​នឹង​នាំ​គ្នា​ឡើង​មក​តវ៉ា​ពី​ក្រសួង​ដែនដី​នៅ​រាជធានី​ភ្នំពេញ​ជាថ្មី​ទៀត បើ​នៅ​តែ​គ្មាន​ដំណោះ​ស្រាយ​ពី​អាជ្ញាធរ​ខេត្ត។

នាយករង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត លើកឡើង​ថា បញ្ហា​ដីធ្លី​នៅ​ក្នុង​ប្រទេស​កម្ពុជា​ បន្ត​អូស​បន្លាយ​ដល់​បច្ចុប្បន្ន​នេះ ភាគ​ច្រើន​ជា​ដី​សម្បទាន​សេដ្ឋកិច្ច​ដែល​រដ្ឋាភិបាល​ផ្ដល់​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន និង​ឧកញ៉ា​មួយ​ចំនួន​។ លោក អំ សំអាត យល់​ថា ​ វិវាទ​ដីធ្លី​នេះ នឹង​ដោះស្រាយ​បញ្ចប់​ទៅ​បាន លុះត្រាតែ​រដ្ឋាភិបាលមាន​ឆន្ទៈ​ពិត​ប្រាកដ និង​យន្តការ​ច្បាស់​លាស់៖ «ការ​ដោះស្រាយ​ទាល់​តែ​មាន​ឆន្ទៈ​ពិតប្រាកដ។ មិន​មែន​ការ​ដោះស្រាយ​ហ្នឹង ស្ថិត​នៅ​លើ​លិខិត​ស្នាម ដែល​ថា​ចេញ​ទៅ​ ឲ្យ​តែ​ថា​បាន​ចេញ។អ៊ីចឹង! កាល​ណា​ថ្នាក់​ជាតិ ឬ​ក៏​រដ្ឋាភិបាល​ដែល​ចេញ​ទៅ​ហើយ ត្រូវ​តែ​តាមដាន​ទៅ​ដល់​អាជ្ញាធរ​មូលដ្ឋាន ហ្នឹង បាន​ដោះស្រាយ​ហើយ​ ឬ​ក៏​អត់​ទេ។ ឬមួយ​ក៏​បង្កើត​គណៈកម្មការ​ដោះស្រាយ​ ដូច​នៅ​កោះកុង អី​ពីមុន យើង​ឃើញ​ថា​បង្កើត​គណៈកម្មការ​ដើម្បី​ដោះស្រាយ វា​មាន​លទ្ធផល​ដែរ។ អ៊ីចឹង! សំខាន់​បំផុត ទៅ​លើ​ឆន្ទៈ ហើយ​ដោះស្រាយ​ឲ្យ​ប្រាកដ​ប្រជា​ អ៊ីចឹង​បាន​អាច​ដោះស្រាយ​ទៅ​បាន»

លោក អំ សំអាត ថា បញ្ហា​ដីធ្លី​នេះ ក៏​ជា​ចំណុច​មួយ​ក្នុង​ចំណោម​ចំណុច​ផ្សេង​ទៀត សម្រាប់​សហភាព​អឺរ៉ុប ក្នុង​ការ​វាយតម្លៃ​អំពី​ស្ថានការណ៍​សិទ្ធិ​មនុស្ស​ និង​លទ្ធិ​ប្រជាធិបតេយ្យ​ក្នុង​ប្រទេស​កម្ពុជា។ ហេតុ​នេះ ប្រមុខ​រដ្ឋាភិបាល​ គួរ​ដាក់​ចេញ​វិធានការ​ដែល​មាន​ប្រសិទ្ធភាព​ឲ្យ​បាន​ឆាប់​ ដើម្បី​ដោះស្រាយ​វិវាទ​ដីធ្លី​នៅ​គ្រប់​បណ្ដា​​ខេត្ត​ក្រុង​ទាំង​អស់ ​ឲ្យ​បាន​ឆាប់​ តាម​តែ​អាច​ធ្វើ​ទៅ​បាន ដើម្បី​រក្សា​បាន​ការ​អនុគ្រោះ​ពន្ធ​ពី​សហភាព​អឺរ៉ុប៕