ពលរដ្ឋ​អះអាង​ថា ក្រសួង​រ៉ែ​សន្យា​ដោះស្រាយ​បញ្ហា​ក្រុមហ៊ុន​រារាំង និង​គំរាម​សហគមន៍​មិន​ឱ្យ​ប្រកប​របរ​រុករក​រ៉ែ​មាស​នៅ​ខេត្តព្រះវិហារ

0:00 / 0:00

ពលរដ្ឋ​អះអាង​ថា ក្រសួង​រ៉ែ​សន្យា​ថា នឹង​ចុះ​ទៅ​ពិនិត្យ​ និង​ដោះស្រាយ​បញ្ហា​តវ៉ា​របស់​ប្រជា​សហគមន៍​ជាង ២០០ នាក់ ដែល​ទាមទារ​ឱ្យ​ក្រុមហ៊ុន​ ឌែល​ខម​កម្ពុជា (Delcom Cambodia) បញ្ឈប់​ការ​រារាំង និង​គំរាម​កំហែង​ពួកគាត់​មិន​ឱ្យ​ប្រកប​របរ​ រុករក​រ៉ែ​មាស​លក្ខណៈ​គ្រួសារ​បែប​ប្រពៃណី​ជន​ជាតិ​ដើម​ភាគ​តិច​កួយ។

ពលរដ្ឋ​ទាំង​នោះ​ភាគច្រើន​ជា​ជនជាតិ​ដើម​ភាគ​តិច​កួយ រស់​នៅ​ក្នុង​ឃុំ​រមណីយ និង​ឃុំ​រមទម ស្រុក​រវៀង ខេត្ត​ព្រះវិហារ នឹង​ត្រៀម​តស៊ូ​មតិ​ជា​ថ្មី​ទៀត ដើម្បី​ទាមទារ​ឱ្យ​អាជ្ញាធរ និង​ក្រសួង​រ៉ែ​ ផ្តល់​សិទ្ធិ​ឱ្យ​ពលរដ្ឋ រស់​នៅ​តំបន់​នោះ​ អាច​ប្រកប​របរ​រុក​រក រ៉ែ​មាស​ជា​លក្ខណៈ​គ្រួសារ​បែប​ប្រពៃណី​ឡើង​វិញ។

ការ​ទាមទារ​នេះ​ធ្វើ​ឡើង ក្រោយ​ពី​អាជ្ញាធរ និង​ក្រសួង​រ៉ែ​ថ្មីៗ​នេះ បាន​ចុះ​បិទ​អាជីវកម្ម​រ៉ែ​មាស​ បែប​ប្រពៃណី​របស់​សហគមន៍​រាប់​សិប​កន្លែង​ក្នុង​តំបន់​នោះ បង្ក​ឱ្យ​ប៉ះពាល់​ដល់​មុខ​របរ​ និង​ជីវភាព​រស់​នៅ​របស់​ពលរដ្ឋ។

តំណាង​សហគមន៍​រស់​នៅ​តំបន់​រំដេង នៃ​ឃុំ​រមទម្យ ស្រុក​រវៀង លោក ទុយ ឆេង ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី១៦ ធ្នូ ថា អ្នកភូមិ​ជាង ២០០​នាក់ ដែល​លើក​គ្នា​តវ៉ា​នេះ​ ដើម្បី​ទាមទារ​ទី​កន្លែង​អាស្រ័យផល​ចិញ្ចឹម​ជីវិត​លក្ខណៈ​គ្រួសារ ព្រោះ​ដី​ព្រៃ​រាប់​ពាន់​ហិកតារ​មាន​សក្ដានុពល​រ៉ែ​មាស​ នៅ​តំបន់​ភ្នំលុង ត្រូវ​ក្រុមហ៊ុន ឌែលខម កម្ពុជា ហ៊ុមព័ទ្ធ​យក​ទាំង​មូល​ ធ្វើ​ឱ្យ​អ្នកភូមិ​គ្មាន​កន្លែង​រក​រ៉ែមាស។

លោក​ថា បច្ចុប្បន្ន​អ្នកភូមិ​មាន​ទម្លាប់​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​ដោយ​ខ្លួន​ឯង​នៅ​តាម​ផ្ទះ ទ្រង់​ទ្រាយ​តូចៗ​ រែង​ដោយ​ដៃ គ្មាន​ការ​ប្រើ​ប្រាស់​ម៉ាស៊ីន និង​សារធាតុ​គីមី​នោះ​ឡើយ​ ក៏​ប៉ុន្តែ​បែរ​ជា​អាជ្ញាធរ​ចុះ​ហាម​ឃាត់ ដោយ​ចោទ​ថា ជា​អាជីវកម្ម​ខុសច្បាប់៖

លោក ទុយ ឆេង៖«ពួកគាត់​យក​ដី​ប្រជាជន​គ្រប់គ្រង​ថា​ជា​ដី​ក្រុមហ៊ុន​ ទាមទារ​មិន​ឱ្យ​ប្រជាជន​បាន​រស់​ស្រួល​ទេ។ ពួក​ខ្ញុំ​មិន​បាន​ចង់​ទាមទារ​អ្វី​សុំ​ត្រឹម​កុំ​ធ្វើ​ទុក្ខបុកម្នេញ​មិន​ទាមទារ​អ្វី​ច្រើន​ទេ។ ប៉ុន្តែ​ក្រុម​សន្តិសុខ​និង​ទាហាន​ទាំង​នោះ ដើរ​រាតត្បាត​គំរាម​វ៉ៃ​ប្រជាជន​ ធ្វើ​ខ្លាំង​មិន​មែន​លេង​ទេ»។

កាល​ពី​ថ្ងៃ​ទី១៥ ធ្នូ ពលរដ្ឋ​ជាង ២០០នាក់​ បាន​លើក​បដា​តវ៉ា​ទាមទារ​សិទ្ធិ​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​បែប​ប្រពៃណី ដែល​សហគមន៍​មាន​ទម្លាប់​រែង​រ៉ែ​មាស​ លក្ខណៈ​គ្រួសារ​ជាច្រើន​ជំនាន់​មក​ហើយ។ ក្នុង​ពេល​តវ៉ា ពួកគាត់​បាន​ស្រែក​តាម​ឧបករណ៍​បំពង​សំឡេង ដោយ​អំពាវ​នាវ​ឱ្យ ប្រធាន​ព្រឹទ្ធសភា​ លោក ហ៊ុន សែន និង​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន ម៉ាណែត ជួយ​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​ពួកគាត់​ ស្របពេល​ដែល​ក្រុមហ៊ុន ឌែលខម​កម្ពុជា បាន​ប្រើប្រាស់​ទាហាន​ប្រដាប់​អាវុធ គំរាម​កំហែង​អ្នកភូមិ មិន​ឱ្យ​ចូល​ទៅ​រែង​រ៉ែមាស តាម​តំបន់​ព្រៃ និង​តំបន់​អូរ​ជើង​ភ្នំលុង ៖

សំឡេងពលរដ្ឋតវ៉ា៖ «សូម​សម្តេច​មេត្តា​ដល់​ប្រជា​ពលរដ្ឋ​ដែល​រង​គ្រោះ​ពី​ការ​គំរាម​កំហែង​ដល់​ពួក​ខ្ញុំ​ពី​អ្នក​មាន​អំណាច»។

ពលរដ្ឋ​ដែល​ចូល​រួម​តវ៉ា រស់​នៅ​ភូមិ​ត្រពាំង​ទន្ទឹម លោក ម៉ៅ សាគុណ ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ក្រោយ​ពី​អាជ្ញាធរ​ប្រកាស​ចុះ​បិទ​អាជីវកម្ម​រែង​រ៉ែ​មាស​លក្ខណៈ​គ្រួសារ​នៅ​រយៈ​ពេល​ជាង​ ១សប្តាហ៍​កន្លង​ទៅ​នេះ គឺ​គ្មាន​ពលរដ្ឋ​ណា​ហ៊ាន​ប្រកប​របរ​នេះ​ទៀត​ទេ ព្រោះ​ខ្លាច​អាជ្ញាធរ​អនុវត្ត​ច្បាប់​ឬ​ចាប់​ដាក់​គុក។

លោក​ថា ប្រសិន​បើ​អាជ្ញាធរ​បិទ​មិន​ឱ្យ​ពលរដ្ឋ​ធ្វើ​អាជីវកម្ម​រ៉ែ​លក្ខណៈ​គ្រួសារ​ ហើយ​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន និង​អ្នក​មាន​អំណាច​អាច​ធ្វើ​អាជីវកម្ម​នេះ​បាន ពលរដ្ឋ​នឹង​លំបាក​វេទនា​ ធ្វើ​ចំណាក​ស្រុក​កាន់​តែ​ច្រើន។

លោក ម៉ៅ សាគុណ៖«សូម​ឱ្យ​ប្រកប​មុខ​របរ​បាន​ផង។ ហើយ​សុំ​ចែង​ឱ្យ​ច្បាស់​ថា​គាត់​ទិញ​ត្រឹម​ណា?កុំ​ឱ្យ​យក​ទាហាន​មុខ​ការពារ​ដូច​ជា​ខ្មាំង​មិន​ត្រូវ​ទេ​ ព្រោះ​គាត់​មក​ច្រងេងច្រងាង​គំរាម​ប្រជាជន គ្រាន់​តែ​ឃើញ​កង​ប្រដាប់​អាវុធ​ស្អប់​មែន​ទែន​បណ្ដោយ»។

វិទ្យុ​អាស៊ីសេរី​មិន​ទាន់​អាច​ទាក់ទង​សុំ​ការ​បកស្រាយ ជុំវិញ​រឿង​នេះ ពី​អ្នកនាំពាក្យ​ក្រសួង​រ៉ែ​ និង​ថាមពល លោក អ៊ឹង ឌីប៉ូឡា និង​អភិបាល​ខេត្ត​ព្រះវិហារ លោក គីម រិទ្ធី បាន​នៅ​ឡើយ​ទេ​នៅ​ថ្ងៃ​ទី ១៦ ធ្នូ ដោយ​ទូរស័ព្ទ​ហៅ​ចូល តែ​គ្មាន​អ្នក​លើក។ ចំណែក​មេការ​ក្រុមហ៊ុន​ឌែលខម កម្ពុជា​លោក សរ សិរីវិចិត្រ ក៏​មិន​ទាន់​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​បាន​ដែរ នៅ​ថ្ងៃ​ដដែល​នេះ។

ក៏​ប៉ុន្តែ​មេភូមិ​ត្រពាំង​ទន្ទឹម ឃុំរមទម្យ លោក អ៊ុក ង៉ា មាន​ប្រសាសន៍​ថា ក្នុង​ភូមិ​របស់​លោក​គ្រប់គ្រង មាន​ពលរដ្ឋ​ជិត ៣រយគ្រួសារ ប្រកប​របរ​រែង​រ៉ែ​មាស​លក្ខណៈ​គ្រួសារ។ លោកថា ក្រុមហ៊ុន​ឌែលខម បាន​ហាម​ពលរដ្ឋ​មិន​ឱ្យ​ជីក​រណ្តៅ​ជ្រៅៗ​ បំផ្ទុះ​គ្រាប់​បែក និង​ប្រើ​គ្រឿង​ចក្រ​ជាដើម​ ដើម្បី​ទាញ​យក​មាស​ក្នុង​តំបន់​ភ្នំលុង ក៏ប៉ុន្តែ​លោក​សង្កេត​ឃើញ​ថា​ ពលរដ្ឋ​ភាគ​ច្រើន​ប្រកប​របរ​នេះ​ជា​លក្ខណៈ​សហគមន៍​បែប​ប្រពៃណី​ទ្រង់​ទ្រាយ​តូចៗ។

លោក អ៊ុក ង៉ា៖«បងប្អូន​គាត់​មិន​មែន​ប្រតិកម្ម​អ្វី​មួយ​ទេ គ្រាន់​តែ​នាំគ្នា​សំណូមពរ​ ជួយ​សម្រួល​ដល់​ពួកគាត់​ឱ្យ​មាន​តែ​បន្តិច​បន្តួច​ប៉ុណ្ណោះ​ទេ តែ​បើ​បិទ​ទៀត​ដាច់​បាយ​មែន​ទែន​ហើយ»។

ជុំវិញ​រឿង​នេះ នាយក​ប្រតិបត្តិ​អង្គការ​ពន្លក​ខ្មែរ លោក ប៉ឹក សោភ័ណ មើល​ឃើញ​ថា​ បញ្ហា​នេះ​កើត​មាន​ច្រើន​ឆ្នាំ​មក​ហើយ ពលរដ្ឋ​នៅ​តែ​លំបាក​វេទនា​ និង​រង​ផល​ប៉ះពាល់​ដោយ​សារ​បាត់បង់​ធនធាន​ធម្មជាតិ​ដដែលៗ ពី​អាជីវកម្ម​រ៉ែ​មាស​ក្នុង​តំបន់​នោះ។ លោក​ស្នើ​ឱ្យ​អាជ្ញាធរ​គួរតែ​ចុះ​ពិនិត្យ និង​ដោះស្រាយ​ការ​តវ៉ា​របស់​ពលរដ្ឋ​ឱ្យ​ជ្រះស្រឡះ។

លោក ប៉ឹក សោភ័ណ៖«តាម​ពិត​រឿង​ហ្នឹង​នៅតែ​បន្ត​វេទនា​ដដែល​កាល​ណា​បើ​អាជ្ញាធរ រដ្ឋាភិបាល​គាត់​ដឹង​ឮ​ព័ត៌មាន​នឹង​ដែរ ប៉ុន្តែ​មិន​បាន​ដោះស្រាយ។ អ៊ីចឹង​បញ្ហា​នោះ​ចេះ​តែ​បន្ត​មាន​រហូត មិន​អាច​អ្នក​ណា​ចូល​តំបន់​នោះ​បាន​ទៅ​ទៀត​ទេ»។

ព្រះវិហារ គឺ​ជា​ខេត្ត​សំបូរ​ទៅ​ដោយ រ៉ែដែក រ៉ែស្ពាន់ រ៉ែមាស រ៉ែ​ប្រេង​កាតនិង​រ៉ែ​លោហៈ​ជា​ដើម។អភិបាល​ខេត្ត​ព្រះវិហារ​លោកគីម រិទ្ធីធ្លាប់​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថាបច្ចុប្បន្ន​ខេត្ត​ព្រះវិហារ​មាន​ក្រុមហ៊ុន​ចំនួន២២កំពុង​ធ្វើ​អាជីវកម្មនិង​សិក្សា​ស្រាវជ្រាវ​រ៉ែ ។

អ្នកភូមិ​ថា បច្ចុប្បន្ន​មាន​មន្ត្រី​យោធា​ជា​ច្រើន​នាក់​ បាន​ឈរ​ជើង​ដើម្បី​កាង​ការពារ​អាជីវកម្ម​ឱ្យ​ក្រុមហ៊ុន​ឌែលខម​កម្ពុជា ហើយ​មន្ត្រី​យោធា​ទាំង​នោះ ជា​កូនចៅ​របស់ មេបញ្ជាការ​កង​អង្គរក្ស​លោក ហ៊ុន សែន គឺលោក ហ៊ីង ប៊ុនហៀង។

ជាមួយ​គ្នា​នេះ ក្រុមហ៊ុន​នេះ ក៏​មាន​អ្នក​វិនិយោគ​ជន​ជាតិ​ចិន និង​វៀតណាម ធ្វើ​អាជីវកម្ម​រ៉ែ​មាស​ទ្រង់ទ្រាយ​ធំ​ជា​ច្រើន​ឆ្នាំ​មក​ហើយ ដោយ​ពង្រីក​ផ្ទៃ​ដី​អាជីវកម្ម​រ៉ែ​មាស​ជិត ២​ពាន់​ហិកតារ​បន្ថែម​ទៀត ចាប់​តាំង​ពី​២០២២ ក្នុង​នោះ​មាន​ផ្នែក​ខ្លះ ក្រុមហ៊ុន​បាន​ឱ្យ​មន្ត្រី​យោធា ​បណ្តេញ​ពលរដ្ឋ​ជា​ច្រើន​គ្រួសារ​ចេញ បង្កើត​ឱ្យ​មាន​ជម្លោះ​ដីធ្លី​រ៉ាំរ៉ៃ។

ពលរដ្ឋ​ទទូច​ឱ្យ​រដ្ឋាភិបាល​អនុវត្ត​ច្បាប់​ដោយ​តម្លាភាព​ និង​ផ្តល់​សិទ្ធិ​ឱ្យ​សហគមន៍​អាច​រែង​រ៉ែ​មាស​លក្ខណៈ​គ្រួសារ បែប​ប្រពៃណី​ឡើង​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។