មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃបានច្រានចោលសំណើរបស់អង្គការសមាគមចំនួន ១០០ស្ថាប័នដែលទាមទារឱ្យរាជរដ្ឋាភិបាលលុបចោលច្បាប់ស្ដីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលដោយចាត់ទុកថា ការស្នើសុំនេះបំពានទៅច្បាប់រដ្ឋធម្មនុញ្ញ។
មន្ត្រីសង្គមស៊ីវិលបញ្ជាក់ថា រដ្ឋាភិបាលគួរតែទទួលយកសំណូមពររបស់អង្គការសង្គមស៊ីវិលទាំងនោះមិនត្រូវបដិសេធទេ និងស្នើឲ្យរបបក្រុងភ្នំពេញគួរតែធ្វើការអោយមានតម្លាភាពជុំវិញករណីនេះ។
រដ្ឋលេខាធិការក្រសួងមហាផ្ទៃលោក ប៊ុន ហុន មានប្រសាសន៍ថា រដ្ឋាភិបាលមិនអាចធ្វើតាមការចង់បានរបស់មន្ត្រីអង្គការសង្គមស៊ីវិលទាំង ១០០ស្ថាប័ននោះបានទេ។ លោកមានប្រសាសន៍ថាក្រសួងមហាផ្ទៃបានពិភាក្សាចំនួន ៤លើករួចមកហើយ ពាក់ព័ន្ធនឹងច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ហើយមាត្រា១១ នៃច្បាប់នេះ ក៏បានពិភាក្សាគ្នាចប់ហើយដែរ តែមន្ត្រីសង្គមស៊ីវិលទាំងនោះនៅតែទាមទារដាក់ចំណុចបន្ថែមទៀត ដែលក្រសួងមិនអាចធ្វើបានទេ៖ « ការស្នើសុំនិរាករណ៍ច្បាប់នេះគឺទី១ បំពានទៅលើរដ្ឋធម្មនុញ្ញ។ ទី២ ខាងយើងខ្ញុំនេះមិនមានសិទ្ធិអំណាចណានៅក្នុងនិរាករណ៍ច្បាប់ទេគឺថាបំពានទៅលើអង្គការនីតិបញ្ញត្តិ។ ទី៣ យើងខ្ញុំនៅតែមានឆន្ទៈធ្វើកិច្ចការជាមួយពួកគាត់ប៉ុន្តែសុំឱ្យគាត់មានភាពស្មោះត្រង់នឹងគ្នាកុំអោយជជែកគ្នាស្រុះស្រួលគ្នាជាមួយគ្នាស្រាប់តែចេញមកធ្វើសេចក្ដីថ្លែងការណ៍ឯណាឆ្កុយខ្ញុំអត់យល់ថាគាត់ចង់បានស្អី » ។
ការឆ្លើយតបរបស់មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃនេះបានកើតមានឡើងក្រោយពីក្រុមអង្គការ សមាគម និងសហគមន៍ចំនួន១០០ស្ថាប័នបានចេញសេចក្ដីថ្លែងការណ៍មួយទាមទារឱ្យរាជរដ្ឋាភិបាលនិរាករណ៍ ឬលុបចោល ច្បាប់ស្ដីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល។
សេចក្ដីថ្លែងការណ៍របស់ក្រុមបណ្ដាញអង្គការទាំង ១០០ កាលពីថ្ងៃទី១០ ខែកុម្ភៈ បានចេញផ្សាយក្រោយកិច្ចប្រជុំលើកទី៤រវាងក្រសួងមហាផ្ទៃ និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកមួយចំនួន។ ក្រុមអង្គការទាំងនេះលើកឡើងថាកិច្ចប្រជុំនោះបានបញ្ចប់ទៅដោយមិនមានលទ្ធផលជាវិជ្ជមានចំពោះការធ្វើវិសោធនកម្មច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដើម្បីអោយច្បាប់នេះមានភាពល្អប្រសើរទេ ពោលគឺរដ្ឋាភិបាលខ្វះឆន្ទៈក្នុងការធ្វើវិសោធនកម្មច្បាប់នេះតែម្ដង។
អនុប្រធានផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា មានអង្គការសង្គមស៊ីវិលមួយចំនួនយល់ថា ច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលអាចមានផលប៉ះពាល់ដល់ សមាគម ឬសហគមន៍ដែលមិនបានចុះបញ្ជីដោយសារអាជ្ញាធរមូលដ្ឋានតែងតែយកច្បាប់នេះទៅបន្ទច់បង្អាក់ ឬគំរាមកំហែង និង បំភិតបំភ័យទៅលើសហគមន៍ទាំងនោះ។
លោកបញ្ជាក់ថា រដ្ឋាភិបាលគួរតែទទួលយកសំណូមពររបស់អង្គការសង្គមស៊ីវិលទាំងនោះមិនត្រូវបដិសេធទេ៖ « តាមការពិតអានេះវាជាសំណូមពរដែលពិនិត្យទៅលើបញ្ហាទាំងអស់ហ្នឹង។ ប៉ុន្តែអ្នកដែលមានសិទ្ធិសម្រេចតាមការស្នើសុំគឺរដ្ឋាភិបាល ក្នុងការសម្រេចថាតើធ្វើវិសោធនកម្ម ឬនិរាករណ៍ស្អី គឺជាការស្នើសុំរបស់រដ្ឋាភិបាល ហើយរដ្ឋសភាជាអ្នកអនុម័ត។ ប៉ុន្តែ អង្គការសង្គមស៊ីវិលអ្នកដែលពាក់ព័ន្ធហ្នឹង គឺការស្នើសុំជាសិទ្ធិសេរីភាព តែការស្នើសុំហើយការអនុវត្តយ៉ាងណានោះ គឺអាស្រ័យទៅលើអ្នកដែលពាក់ព័ន្ធនោះហើយបាទ » ។
សេចក្ដីថ្លែងការណ៍របស់ក្រុមបណ្ដាញអង្គការទាំង ១០០ ក៏បានមើលឃើញផងដែរថា ការបន្តរក្សាទុកច្បាប់នេះឱ្យនៅដដែល ឬការធ្វើវិសោធនកម្ម ដោយមិនបានកែប្រែឱ្យបានត្រឹមត្រូវនោះការអនុវត្តច្បាប់នេះនឹងមិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់អង្គការមិនមែនរដ្ឋាភិបាលប៉ុណ្ណោះទេ គឺថែមទាំងប៉ះពាល់ដល់សមាគម និងក្រុមសហគមន៍មូលដ្ឋានទៀតផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។